២ ពេត្រុស 1:6-11
២ ពេត្រុស 1:6-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ថែមការគ្រប់គ្រងចិត្តពីលើការស្គាល់ព្រះ បន្ថែមសេចក្ដីខ្ជាប់ខ្ជួនពីលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពប្រតិបត្តិដល់ព្រះពីលើសេចក្ដីខ្ជាប់ខ្ជួន បន្ថែមការរាប់អានជាបងប្អូនពីលើការគោរពប្រតិបត្តិដល់ព្រះ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើការរាប់អានគ្នាជាបងប្អូន។ ដ្បិតបើគុណសម្បត្តិទាំងនេះមានក្នុងចិត្តអ្នករាល់គ្នា ហើយចម្រើនឡើង គុណសម្បត្តិទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាមានសកម្មភាព និងបង្កើតផលខាងឯការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងជាពិត។ ប៉ុន្ដែ បើអ្នកណាដែលគ្មានគុណសម្បត្តិទាំងនេះ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនឆ្ងាយទេ ទាំងភ្លេចថា ព្រះបានសម្អាតអំពើបាបរបស់ខ្លួនកាលពីដើមទៀតផង។ ដូច្នេះ បងប្អូនអើយ ចូរមានចិត្តសង្វាតថែមទៀត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការដែលព្រះរើសតាំងអ្នករាល់គ្នាបានពិតប្រាកដឡើង ព្រោះបើអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ នោះអ្នករាល់គ្នានឹងមិនដែលជំពប់ដួលឡើយ។ ដ្បិតយ៉ាងនេះនឹងមានផ្លូវបើកចំហឲ្យអ្នករាល់គ្នា ចូលទៅក្នុងព្រះរាជ្យដ៏នៅអស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះនៃយើង។
២ ពេត្រុស 1:6-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ថែមការចេះទប់ចិត្តពីលើការស្គាល់ព្រះអង្គ បន្ថែមការព្យាយាមតស៊ូពីលើការចេះទប់ចិត្ត បន្ថែមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពីលើការព្យាយាមតស៊ូ បន្ថែមភាតរភាពពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើភាតរភាព។ ប្រសិនបើបងប្អូនមានគុណសម្បត្តិទាំងនេះពេញបរិបូណ៌ក្នុងខ្លួនហើយ គុណសម្បត្តិទាំងនេះមុខជានាំបងប្អូនឲ្យមានសកម្មភាព និងបង្កើតផល ដើម្បីបានស្គាល់ព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់របស់យើងយ៉ាងច្បាស់។ ផ្ទុយទៅវិញ បើអ្នកណាគ្មានគុណសម្បត្តិទាំងនេះទេ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនបានវែងឆ្ងាយ គេភ្លេចថាព្រះជាម្ចាស់បានលាងជម្រះគេពីអំពើបាប ដែលគេប្រព្រឹត្តពីអតីតកាល។ ហេតុនេះ បងប្អូនអើយ ចូរខំប្រឹងយកចិត្តទុកដាក់ធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់ព្រះជាម្ចាស់ បានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។ ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងព្រះរាជ្យ* ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។
២ ពេត្រុស 1:6-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឲ្យដំរិះបានចេះអត់សង្កត់ ឲ្យសេចក្ដីអត់សង្កត់បានខ្ជាប់ខ្ជួន ឲ្យសេចក្ដីខ្ជាប់ខ្ជួនបានចេះគោរពប្រតិបត្តិដល់ព្រះ ឲ្យសេចក្ដីគោរពប្រតិបត្តិ បានចេះរាប់អានគ្នាជាបងប្អូន ហើយឲ្យសេចក្ដីរាប់អានគ្នាបានសេចក្ដីស្រឡាញ់ថែមទៀត ដ្បិតបើមានសេចក្ដីទាំងនោះចំរើនឡើង ក្នុងចិត្តអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាមិននៅទំនេរ ឬឥតផលខាងឯដំណើរស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាឡើយ ពីព្រោះអ្នកណាដែលគ្មានសេចក្ដីទាំងនោះ គឺឈ្មោះថាជាអ្នកខ្វាក់ មើលទៅឆ្ងាយមិនឃើញ ព្រមទាំងភ្លេចថា ព្រះបានសំអាតបាបដែលខ្លួនធ្វើពីដើមផង ដូច្នេះ បងប្អូនអើយ គួរឲ្យអ្នករាល់គ្នាមានចិត្តឧស្សាហ៍វិញ ដើម្បីនឹងធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង បើប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាមិនដែលជំពប់ឡើយ ដ្បិតយ៉ាងនោះនឹងមានផ្លូវបើកចំហ ឲ្យអ្នករាល់គ្នាចូលទៅក្នុងនគរដ៏នៅអស់កល្បជានិច្ច របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។