២ ពេត្រុស 1:16-21
២ ពេត្រុស 1:16-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតយើងខ្ញុំមិនបានយករឿងព្រេងប្រឌិត មកប្រាប់ឲ្យអ្នករាល់គ្នាស្គាល់អំពីព្រះចេស្តា និងការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញព្រះចេស្ដារបស់ព្រះអង្គផ្ទាល់នឹងភ្នែក។ ដ្បិតព្រះអង្គបានទទួលកិត្តិនាម និងសិរីល្អពីព្រះ ជាព្រះវរបិតា នៅពេលមានសំឡេងចេញពីសិរីល្អដ៏ប្រសើរឧត្តម មកកាន់ព្រះអង្គថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់»។ យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃដោយផ្ទាល់ កាលយើងនៅលើភ្នំបរិសុទ្ធ ជាមួយព្រះអង្គ។ យើងខ្ញុំមានពាក្យទំនាយដែលពិតប្រាកដ ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមឲ្យបានល្អ ទុកដូចជាចង្កៀងដែលភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះក្នុងចិត្តអ្នករាល់គ្នា ដោយដឹងសេចក្ដីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលបកស្រាយបានតាមតែគំនិតរបស់មនុស្សឡើយ ដ្បិតសេចក្ដីទំនាយមិនដែលចេញមកពីបំណងរបស់មនុស្សទេ គឺមនុស្សថ្លែងព្រះបន្ទូលរបស់ព្រះ តាមដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាល។
២ ពេត្រុស 1:16-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងពុំបានយករឿងប្រឌិតផ្សេងៗមកណែនាំបងប្អូន ឲ្យស្គាល់ឫទ្ធានុភាពរបស់ព្រះយេស៊ូគ្រិស្ត*ជាព្រះអម្ចាស់នៃយើង និងឲ្យដឹងថា ព្រះអង្គត្រូវយាងមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គផ្ទាល់នឹងភ្នែកតែម្ដង ដ្បិតព្រះអង្គបានទទួលកិត្តិនាម និងសិរីរុងរឿងពីព្រះជាម្ចាស់ជាព្រះបិតាមក នៅពេលដែលមានព្រះសូរសៀងលាន់ឮ ចេញពីសិរីរុងរឿងដ៏ឧត្តុង្គឧត្ដមមកកាន់ព្រះអង្គថា: “នេះជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!”។ យើងបានឮព្រះសូរសៀងនេះពីលើមេឃមក កាលយើងនៅជាមួយព្រះអង្គនៅលើភ្នំដ៏វិសុទ្ធ។ យើងក៏មានពាក្យព្យាការី*បានថ្លែងទុកមកផងដែរ ដែលជាគោលមួយដ៏មាំមួន។ បើបងប្អូនផ្ចង់ចិត្តទៅកាន់ពាក្យនេះ ពិតជាត្រឹមត្រូវហើយ ព្រោះពាក្យនេះប្រៀបបាននឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើង ក្នុងចិត្តបងប្អូន។ ជាបឋម សូមបងប្អូនជ្រាបថា គ្មាននរណាម្នាក់អាចបកស្រាយពាក្យរបស់ព្យាការី ដែលមានចែងទុកមកក្នុងគម្ពីរ តាមគំនិតរបស់ខ្លួនឡើយ ដ្បិតព្រះបន្ទូលដែលព្យាការីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្តរបស់មនុស្សទេ គឺព្រះវិញ្ញាណដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្តលោកទាំងនោះឲ្យថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះជាម្ចាស់។
២ ពេត្រុស 1:16-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតដែលយើងខ្ញុំបានឲ្យអ្នករាល់គ្នាស្គាល់ដល់ព្រះចេស្តានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងដំណើរដែលទ្រង់យាងមក នោះមិនមែនតាមរឿងព្រេងប្រឌិតដោយដំរិះនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញឫទ្ធានុភាពរបស់ទ្រង់ជាក់នឹងភ្នែកវិញ ដ្បិតទ្រង់បានល្បីព្រះនាម នឹងសិរីល្អពីព្រះដ៏ជាព្រះវរបិតា ក្នុងកាលដែលមានឮសំឡេងពីសិរីល្អដ៏ប្រសើរឧត្តម មានបន្ទូលមកទ្រង់ថា «នេះជាកូនស្ងួនភ្ងាអញ ជាទីគាប់ចិត្តអញណាស់» យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃ ក្នុងកាលដែលនៅលើភ្នំបរិសុទ្ធជាមួយនឹងទ្រង់ ហើយយើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាម ដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹត ទាល់តែថ្ងៃភ្លឺឡើង ហើយផ្កាយព្រឹករះឡើងក្នុងចិត្តអ្នករាល់គ្នា ដោយដឹងសេចក្ដីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលស្រាយបានតាមតែចិត្តនោះឡើយ ដ្បិតសេចក្ដីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្តាលវិញ។