២ ពេត្រុស 1:12-18
២ ពេត្រុស 1:12-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ខ្ញុំនឹងរំឭកដាស់តឿនអ្នករាល់គ្នាអំពីគុណសម្បត្តិទាំងនេះជានិច្ច ទោះបើអ្នករាល់គ្នាដឹង ហើយបានតាំងយ៉ាងខ្ជាប់ខ្ជួន តាមសេចក្ដីពិតដែលអ្នករាល់គ្នាមានហើយក៏ដោយ។ ដរាបណាខ្ញុំនៅក្នុងរូបកាយនេះនៅឡើយ ខ្ញុំគិតថា ជាការត្រឹមត្រូវណាស់ដែលត្រូវរំឭកដាស់តឿនអ្នករាល់គ្នាឲ្យភ្ញាក់ឡើង ដោយដឹងថា វេលាដែលខ្ញុំត្រូវដោះរូបកាយរបស់ខ្ញុំចេញ គឺនៅពេលឆាប់ៗនេះហើយ ដូចព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងបានបង្ហាញខ្ញុំ។ ខ្ញុំនឹងខំប្រឹងយ៉ាងអស់ពីចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបាននឹកឃើញសេចក្ដីទាំងនេះរាល់ពេលវេលា ក្រោយពីខ្ញុំលាចាកលោកនេះទៅ។ ដ្បិតយើងខ្ញុំមិនបានយករឿងព្រេងប្រឌិត មកប្រាប់ឲ្យអ្នករាល់គ្នាស្គាល់អំពីព្រះចេស្តា និងការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញព្រះចេស្ដារបស់ព្រះអង្គផ្ទាល់នឹងភ្នែក។ ដ្បិតព្រះអង្គបានទទួលកិត្តិនាម និងសិរីល្អពីព្រះ ជាព្រះវរបិតា នៅពេលមានសំឡេងចេញពីសិរីល្អដ៏ប្រសើរឧត្តម មកកាន់ព្រះអង្គថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់»។ យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃដោយផ្ទាល់ កាលយើងនៅលើភ្នំបរិសុទ្ធ ជាមួយព្រះអង្គ។
២ ពេត្រុស 1:12-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ ខ្ញុំនឹងរំឭកដាស់តឿនបងប្អូនអំពីសេចក្ដីទាំងនោះជានិច្ច ទោះបីបងប្អូនបានដឹង និងនៅតែកាន់តាមសេចក្ដីពិត ដែលបងប្អូនបានទទួលយ៉ាងខ្ជាប់ខ្ជួនហើយក៏ដោយ។ ដរាបណាខ្ញុំនៅមានជីវិតរស់ក្នុងលោកីយ៍នេះនៅឡើយ ខ្ញុំយល់ឃើញថា ត្រូវតែរំឭកបងប្អូនឲ្យភ្ញាក់ស្មារតី។ ខ្ញុំដឹងថា ខ្ញុំនឹងត្រូវលាចាកលោកនេះក្នុងពេលឆាប់ៗខាងមុខ ដូចព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើងបានសម្តែងឲ្យខ្ញុំដឹងស្រាប់។ ប៉ុន្តែ ខ្ញុំនឹងខ្នះខ្នែងធ្វើយ៉ាងណាឲ្យបងប្អូនអាចនឹកឃើញសេចក្ដីទាំងនោះ គ្រប់កាលៈទេសៈទាំងអស់ ក្រោយពេលខ្ញុំចាកលោកនេះទៅ។ យើងពុំបានយករឿងប្រឌិតផ្សេងៗមកណែនាំបងប្អូន ឲ្យស្គាល់ឫទ្ធានុភាពរបស់ព្រះយេស៊ូគ្រិស្ត*ជាព្រះអម្ចាស់នៃយើង និងឲ្យដឹងថា ព្រះអង្គត្រូវយាងមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គផ្ទាល់នឹងភ្នែកតែម្ដង ដ្បិតព្រះអង្គបានទទួលកិត្តិនាម និងសិរីរុងរឿងពីព្រះជាម្ចាស់ជាព្រះបិតាមក នៅពេលដែលមានព្រះសូរសៀងលាន់ឮ ចេញពីសិរីរុងរឿងដ៏ឧត្តុង្គឧត្ដមមកកាន់ព្រះអង្គថា: “នេះជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!”។ យើងបានឮព្រះសូរសៀងនេះពីលើមេឃមក កាលយើងនៅជាមួយព្រះអង្គនៅលើភ្នំដ៏វិសុទ្ធ។
២ ពេត្រុស 1:12-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ខ្ញុំប្រុងប្រៀបនឹងរំឭក ដល់អ្នករាល់គ្នា អំពីសេចក្ដីទាំងនេះជានិច្ច ទោះបើអ្នករាល់គ្នាស្គាល់ ហើយបានតាំងខ្ជាប់ខ្ជួន ក្នុងសេចក្ដីពិត ដែលមានហើយក៏ដោយ ហើយកាលខ្ញុំនៅក្នុងត្រសាលនេះនៅឡើយ នោះខ្ញុំគិតថា ត្រូវឲ្យខ្ញុំដាស់តឿនរំឭកដល់អ្នករាល់គ្នាជាដរាប ដោយដឹងថា វេលាដែលខ្ញុំត្រូវដោះត្រសាលនេះចេញ នោះដល់ឆាប់ហើយ ដូចជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់បានបង្ហាញខ្ញុំ មួយទៀត ខ្ញុំនឹងខំប្រឹងរំឭករាល់ពេលវេលា ឲ្យអ្នករាល់គ្នាបាននឹកចាំពីសេចក្ដីទាំងនេះ ក្រោយដែលខ្ញុំទៅបាត់ដែរ ដ្បិតដែលយើងខ្ញុំបានឲ្យអ្នករាល់គ្នាស្គាល់ដល់ព្រះចេស្តានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងដំណើរដែលទ្រង់យាងមក នោះមិនមែនតាមរឿងព្រេងប្រឌិតដោយដំរិះនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញឫទ្ធានុភាពរបស់ទ្រង់ជាក់នឹងភ្នែកវិញ ដ្បិតទ្រង់បានល្បីព្រះនាម នឹងសិរីល្អពីព្រះដ៏ជាព្រះវរបិតា ក្នុងកាលដែលមានឮសំឡេងពីសិរីល្អដ៏ប្រសើរឧត្តម មានបន្ទូលមកទ្រង់ថា «នេះជាកូនស្ងួនភ្ងាអញ ជាទីគាប់ចិត្តអញណាស់» យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃ ក្នុងកាលដែលនៅលើភ្នំបរិសុទ្ធជាមួយនឹងទ្រង់