២ ពេត្រុស 1:1-21
២ ពេត្រុស 1:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស៊ីម៉ូន-ពេត្រុស ជាអ្នកបម្រើ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកអស់អ្នកដែលបានទទួលជំនឿដ៏ថ្លៃវិសេស ដូចជំនឿរបស់យើងខ្ញុំដែរ តាមរយៈសេចក្ដីសុចរិតរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះរបស់យើង។ សូមព្រះគុណ និងសេចក្ដីសុខសាន្ត បានចម្រើនដល់អ្នករាល់គ្នា ឲ្យបានស្គាល់ព្រះ និងស្គាល់ព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង។ ព្រះចេស្តារបស់ព្រះអង្គ បានប្រទានឲ្យយើងមានអ្វីៗទាំងអស់ខាងឯជីវិត និងការគោរពប្រតិបត្តិដល់ព្រះ តាមរយៈការស្គាល់ព្រះអង្គដែលបានត្រាស់ហៅយើង ដោយសារសិរីល្អ និងសេចក្ដីល្អរបស់ព្រះអង្គ ដោយសារសេចក្ដីទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏វិសេស និងធំបំផុតដល់យើង ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្ដីនោះឯង ទាំងបានរួចផុតពីសេចក្ដីពុករលួយដែលនៅក្នុងលោកីយ៍នេះ ដោយសារសេចក្តីប៉ងប្រាថ្នា។ ហេតុនេះ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបន្ថែមកិរិយាល្អពីលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះពីលើកិរិយាល្អ បន្ថែមការគ្រប់គ្រងចិត្តពីលើការស្គាល់ព្រះ បន្ថែមសេចក្ដីខ្ជាប់ខ្ជួនពីលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពប្រតិបត្តិដល់ព្រះពីលើសេចក្ដីខ្ជាប់ខ្ជួន បន្ថែមការរាប់អានជាបងប្អូនពីលើការគោរពប្រតិបត្តិដល់ព្រះ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើការរាប់អានគ្នាជាបងប្អូន។ ដ្បិតបើគុណសម្បត្តិទាំងនេះមានក្នុងចិត្តអ្នករាល់គ្នា ហើយចម្រើនឡើង គុណសម្បត្តិទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាមានសកម្មភាព និងបង្កើតផលខាងឯការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងជាពិត។ ប៉ុន្ដែ បើអ្នកណាដែលគ្មានគុណសម្បត្តិទាំងនេះ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនឆ្ងាយទេ ទាំងភ្លេចថា ព្រះបានសម្អាតអំពើបាបរបស់ខ្លួនកាលពីដើមទៀតផង។ ដូច្នេះ បងប្អូនអើយ ចូរមានចិត្តសង្វាតថែមទៀត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការដែលព្រះរើសតាំងអ្នករាល់គ្នាបានពិតប្រាកដឡើង ព្រោះបើអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ នោះអ្នករាល់គ្នានឹងមិនដែលជំពប់ដួលឡើយ។ ដ្បិតយ៉ាងនេះនឹងមានផ្លូវបើកចំហឲ្យអ្នករាល់គ្នា ចូលទៅក្នុងព្រះរាជ្យដ៏នៅអស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះនៃយើង។ ដូច្នេះ ខ្ញុំនឹងរំឭកដាស់តឿនអ្នករាល់គ្នាអំពីគុណសម្បត្តិទាំងនេះជានិច្ច ទោះបើអ្នករាល់គ្នាដឹង ហើយបានតាំងយ៉ាងខ្ជាប់ខ្ជួន តាមសេចក្ដីពិតដែលអ្នករាល់គ្នាមានហើយក៏ដោយ។ ដរាបណាខ្ញុំនៅក្នុងរូបកាយនេះនៅឡើយ ខ្ញុំគិតថា ជាការត្រឹមត្រូវណាស់ដែលត្រូវរំឭកដាស់តឿនអ្នករាល់គ្នាឲ្យភ្ញាក់ឡើង ដោយដឹងថា វេលាដែលខ្ញុំត្រូវដោះរូបកាយរបស់ខ្ញុំចេញ គឺនៅពេលឆាប់ៗនេះហើយ ដូចព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងបានបង្ហាញខ្ញុំ។ ខ្ញុំនឹងខំប្រឹងយ៉ាងអស់ពីចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបាននឹកឃើញសេចក្ដីទាំងនេះរាល់ពេលវេលា ក្រោយពីខ្ញុំលាចាកលោកនេះទៅ។ ដ្បិតយើងខ្ញុំមិនបានយករឿងព្រេងប្រឌិត មកប្រាប់ឲ្យអ្នករាល់គ្នាស្គាល់អំពីព្រះចេស្តា និងការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញព្រះចេស្ដារបស់ព្រះអង្គផ្ទាល់នឹងភ្នែក។ ដ្បិតព្រះអង្គបានទទួលកិត្តិនាម និងសិរីល្អពីព្រះ ជាព្រះវរបិតា នៅពេលមានសំឡេងចេញពីសិរីល្អដ៏ប្រសើរឧត្តម មកកាន់ព្រះអង្គថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់»។ យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃដោយផ្ទាល់ កាលយើងនៅលើភ្នំបរិសុទ្ធ ជាមួយព្រះអង្គ។ យើងខ្ញុំមានពាក្យទំនាយដែលពិតប្រាកដ ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមឲ្យបានល្អ ទុកដូចជាចង្កៀងដែលភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះក្នុងចិត្តអ្នករាល់គ្នា ដោយដឹងសេចក្ដីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលបកស្រាយបានតាមតែគំនិតរបស់មនុស្សឡើយ ដ្បិតសេចក្ដីទំនាយមិនដែលចេញមកពីបំណងរបស់មនុស្សទេ គឺមនុស្សថ្លែងព្រះបន្ទូលរបស់ព្រះ តាមដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាល។
២ ពេត្រុស 1:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបម្រើ និងជាសាវ័ក*របស់ព្រះយេស៊ូគ្រិស្ត* សូមជម្រាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិត*របស់ព្រះយេស៊ូគ្រិស្តជាព្រះជាម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូនក៏មានតម្លៃដូចជំនឿរបស់យើងដែរ។ ដោយបងប្អូនស្គាល់ព្រះជាម្ចាស់ និងស្គាល់ព្រះយេស៊ូជាអម្ចាស់នៃយើង សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តកាន់តែច្រើនឡើងៗ។ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ប្រទានឲ្យយើងមានអ្វីៗទាំងអស់ សម្រាប់ជីវិតរស់នៅ និងសម្រាប់គោរពប្រណិប័តន៍ព្រះអង្គ។ ឫទ្ធានុភាពនោះនាំយើងឲ្យស្គាល់ព្រះអង្គ ដែលបានត្រាស់ហៅយើង ដោយសារសិរីរុងរឿងរបស់ព្រះអង្គផ្ទាល់ និងដោយសារព្រះបារមីរបស់ព្រះអង្គ។ ដោយសារសិរីរុងរឿង និងព្រះបារមីនេះ ព្រះអង្គបានប្រទានព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមព្រះបន្ទូលសន្យា ដើម្បីឲ្យបងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។ ហេតុនេះ បងប្អូនត្រូវខ្នះខ្នែងឲ្យអស់ពីសមត្ថភាព បន្ថែមកិរិយាល្អឥតខ្ចោះពីលើជំនឿ បន្ថែមការស្គាល់ព្រះអង្គពីលើកិរិយាល្អ បន្ថែមការចេះទប់ចិត្តពីលើការស្គាល់ព្រះអង្គ បន្ថែមការព្យាយាមតស៊ូពីលើការចេះទប់ចិត្ត បន្ថែមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពីលើការព្យាយាមតស៊ូ បន្ថែមភាតរភាពពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើភាតរភាព។ ប្រសិនបើបងប្អូនមានគុណសម្បត្តិទាំងនេះពេញបរិបូណ៌ក្នុងខ្លួនហើយ គុណសម្បត្តិទាំងនេះមុខជានាំបងប្អូនឲ្យមានសកម្មភាព និងបង្កើតផល ដើម្បីបានស្គាល់ព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់របស់យើងយ៉ាងច្បាស់។ ផ្ទុយទៅវិញ បើអ្នកណាគ្មានគុណសម្បត្តិទាំងនេះទេ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនបានវែងឆ្ងាយ គេភ្លេចថាព្រះជាម្ចាស់បានលាងជម្រះគេពីអំពើបាប ដែលគេប្រព្រឹត្តពីអតីតកាល។ ហេតុនេះ បងប្អូនអើយ ចូរខំប្រឹងយកចិត្តទុកដាក់ធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់ព្រះជាម្ចាស់ បានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។ ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងព្រះរាជ្យ* ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ ហេតុនេះ ខ្ញុំនឹងរំឭកដាស់តឿនបងប្អូនអំពីសេចក្ដីទាំងនោះជានិច្ច ទោះបីបងប្អូនបានដឹង និងនៅតែកាន់តាមសេចក្ដីពិត ដែលបងប្អូនបានទទួលយ៉ាងខ្ជាប់ខ្ជួនហើយក៏ដោយ។ ដរាបណាខ្ញុំនៅមានជីវិតរស់ក្នុងលោកីយ៍នេះនៅឡើយ ខ្ញុំយល់ឃើញថា ត្រូវតែរំឭកបងប្អូនឲ្យភ្ញាក់ស្មារតី។ ខ្ញុំដឹងថា ខ្ញុំនឹងត្រូវលាចាកលោកនេះក្នុងពេលឆាប់ៗខាងមុខ ដូចព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើងបានសម្តែងឲ្យខ្ញុំដឹងស្រាប់។ ប៉ុន្តែ ខ្ញុំនឹងខ្នះខ្នែងធ្វើយ៉ាងណាឲ្យបងប្អូនអាចនឹកឃើញសេចក្ដីទាំងនោះ គ្រប់កាលៈទេសៈទាំងអស់ ក្រោយពេលខ្ញុំចាកលោកនេះទៅ។ យើងពុំបានយករឿងប្រឌិតផ្សេងៗមកណែនាំបងប្អូន ឲ្យស្គាល់ឫទ្ធានុភាពរបស់ព្រះយេស៊ូគ្រិស្ត*ជាព្រះអម្ចាស់នៃយើង និងឲ្យដឹងថា ព្រះអង្គត្រូវយាងមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គផ្ទាល់នឹងភ្នែកតែម្ដង ដ្បិតព្រះអង្គបានទទួលកិត្តិនាម និងសិរីរុងរឿងពីព្រះជាម្ចាស់ជាព្រះបិតាមក នៅពេលដែលមានព្រះសូរសៀងលាន់ឮ ចេញពីសិរីរុងរឿងដ៏ឧត្តុង្គឧត្ដមមកកាន់ព្រះអង្គថា: “នេះជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!”។ យើងបានឮព្រះសូរសៀងនេះពីលើមេឃមក កាលយើងនៅជាមួយព្រះអង្គនៅលើភ្នំដ៏វិសុទ្ធ។ យើងក៏មានពាក្យព្យាការី*បានថ្លែងទុកមកផងដែរ ដែលជាគោលមួយដ៏មាំមួន។ បើបងប្អូនផ្ចង់ចិត្តទៅកាន់ពាក្យនេះ ពិតជាត្រឹមត្រូវហើយ ព្រោះពាក្យនេះប្រៀបបាននឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើង ក្នុងចិត្តបងប្អូន។ ជាបឋម សូមបងប្អូនជ្រាបថា គ្មាននរណាម្នាក់អាចបកស្រាយពាក្យរបស់ព្យាការី ដែលមានចែងទុកមកក្នុងគម្ពីរ តាមគំនិតរបស់ខ្លួនឡើយ ដ្បិតព្រះបន្ទូលដែលព្យាការីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្តរបស់មនុស្សទេ គឺព្រះវិញ្ញាណដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្តលោកទាំងនោះឲ្យថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះជាម្ចាស់។
២ ពេត្រុស 1:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រស៊ីម៉ូន-ពេត្រុស ជាបាវបំរើ ហើយជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំផ្ញើមកពួកអ្នក ដែលបានទទួលសេចក្ដីជំនឿដ៏វិសេសត្រូវគ្នានឹងយើងខ្ញុំដែរ ដោយសេចក្ដីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា សូមឲ្យព្រះគុណ នឹងសេចក្ដីសុខសាន្ត បានចំរើនដល់អ្នករាល់គ្នាឲ្យបានស្គាល់ព្រះ នឹងព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ដ្បិតព្រះចេស្តានៃព្រះ បានផ្តល់ឲ្យយើងរាល់គ្នាមានគ្រប់របស់ទាំងអស់ ខាងឯជីវិត នឹងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ ដោយយើងបានស្គាល់ព្រះអង្គ ដែលទ្រង់ហៅយើងរាល់គ្នាមក ដោយសារសិរីល្អ នឹងសគុណរបស់ទ្រង់ ដែលដោយសារសេចក្ដីទាំងនោះ ទ្រង់បានប្រទានសេចក្ដីសន្យាដ៏ធំបំផុត ហើយវិសេសផង មកយើងរាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្ដីសន្យានោះឯង ដោយបានរួចពីសេចក្ដីពុករលួយនៅក្នុងលោកីយនេះដែលកើតអំពីសេចក្ដីប៉ងប្រាថ្នា ហើយដោយហេតុនោះបានជាត្រូវឲ្យអ្នករាល់គ្នា បន្ថែមឲ្យមានសេចក្ដីឧស្សាហ៍ដែរ ដើម្បីឲ្យសេចក្ដីជំនឿបានទៀងត្រង់ ឲ្យសេចក្ដីទៀងត្រង់បានដំរិះ ឲ្យដំរិះបានចេះអត់សង្កត់ ឲ្យសេចក្ដីអត់សង្កត់បានខ្ជាប់ខ្ជួន ឲ្យសេចក្ដីខ្ជាប់ខ្ជួនបានចេះគោរពប្រតិបត្តិដល់ព្រះ ឲ្យសេចក្ដីគោរពប្រតិបត្តិ បានចេះរាប់អានគ្នាជាបងប្អូន ហើយឲ្យសេចក្ដីរាប់អានគ្នាបានសេចក្ដីស្រឡាញ់ថែមទៀត ដ្បិតបើមានសេចក្ដីទាំងនោះចំរើនឡើង ក្នុងចិត្តអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាមិននៅទំនេរ ឬឥតផលខាងឯដំណើរស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាឡើយ ពីព្រោះអ្នកណាដែលគ្មានសេចក្ដីទាំងនោះ គឺឈ្មោះថាជាអ្នកខ្វាក់ មើលទៅឆ្ងាយមិនឃើញ ព្រមទាំងភ្លេចថា ព្រះបានសំអាតបាបដែលខ្លួនធ្វើពីដើមផង ដូច្នេះ បងប្អូនអើយ គួរឲ្យអ្នករាល់គ្នាមានចិត្តឧស្សាហ៍វិញ ដើម្បីនឹងធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង បើប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាមិនដែលជំពប់ឡើយ ដ្បិតយ៉ាងនោះនឹងមានផ្លូវបើកចំហ ឲ្យអ្នករាល់គ្នាចូលទៅក្នុងនគរដ៏នៅអស់កល្បជានិច្ច របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។ ដូច្នេះ ខ្ញុំប្រុងប្រៀបនឹងរំឭក ដល់អ្នករាល់គ្នា អំពីសេចក្ដីទាំងនេះជានិច្ច ទោះបើអ្នករាល់គ្នាស្គាល់ ហើយបានតាំងខ្ជាប់ខ្ជួន ក្នុងសេចក្ដីពិត ដែលមានហើយក៏ដោយ ហើយកាលខ្ញុំនៅក្នុងត្រសាលនេះនៅឡើយ នោះខ្ញុំគិតថា ត្រូវឲ្យខ្ញុំដាស់តឿនរំឭកដល់អ្នករាល់គ្នាជាដរាប ដោយដឹងថា វេលាដែលខ្ញុំត្រូវដោះត្រសាលនេះចេញ នោះដល់ឆាប់ហើយ ដូចជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់បានបង្ហាញខ្ញុំ មួយទៀត ខ្ញុំនឹងខំប្រឹងរំឭករាល់ពេលវេលា ឲ្យអ្នករាល់គ្នាបាននឹកចាំពីសេចក្ដីទាំងនេះ ក្រោយដែលខ្ញុំទៅបាត់ដែរ ដ្បិតដែលយើងខ្ញុំបានឲ្យអ្នករាល់គ្នាស្គាល់ដល់ព្រះចេស្តានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងដំណើរដែលទ្រង់យាងមក នោះមិនមែនតាមរឿងព្រេងប្រឌិតដោយដំរិះនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញឫទ្ធានុភាពរបស់ទ្រង់ជាក់នឹងភ្នែកវិញ ដ្បិតទ្រង់បានល្បីព្រះនាម នឹងសិរីល្អពីព្រះដ៏ជាព្រះវរបិតា ក្នុងកាលដែលមានឮសំឡេងពីសិរីល្អដ៏ប្រសើរឧត្តម មានបន្ទូលមកទ្រង់ថា «នេះជាកូនស្ងួនភ្ងាអញ ជាទីគាប់ចិត្តអញណាស់» យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃ ក្នុងកាលដែលនៅលើភ្នំបរិសុទ្ធជាមួយនឹងទ្រង់ ហើយយើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាម ដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹត ទាល់តែថ្ងៃភ្លឺឡើង ហើយផ្កាយព្រឹករះឡើងក្នុងចិត្តអ្នករាល់គ្នា ដោយដឹងសេចក្ដីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលស្រាយបានតាមតែចិត្តនោះឡើយ ដ្បិតសេចក្ដីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្តាលវិញ។