២ ពង្សាវតារក្សត្រ 8:1-7
២ ពង្សាវតារក្សត្រ 8:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ អេលីសេបានមានប្រសាសន៍ដល់ស្ត្រី ដែលលោកបានធ្វើឲ្យកូនរស់ឡើងវិញនោះថា៖ «ចូរអ្នក និងគ្រួសាររបស់អ្នកទាំងប៉ុន្មាន រៀបចំចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាបានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់ប្រាំពីរឆ្នាំ»។ ដូច្នេះ ស្ត្រីនោះក៏រៀបចំធ្វើតាមពាក្យអ្នកសំណព្វរបស់ព្រះ នាងនាំគ្រួសាររបស់នាងទៅនៅឯស្រុកភីលីស្ទីនអស់ប្រាំពីរឆ្នាំ។ ពេលគ្រប់ប្រាំពីរឆ្នាំហើយ នាងបានត្រឡប់ពីស្រុកភីលីស្ទីនមកវិញ ក៏ទៅគាល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចម្ការរបស់នាងមកវិញ។ ពេលនោះ ស្តេចកំពុងសំណេះសំណាលជាមួយកេហាស៊ី ជាអ្នកបម្រើអ្នកសំណព្វរបស់ព្រះថា៖ «ចូរប្រាប់យើងពីការធំៗទាំងប៉ុន្មានដែលអេលីសេបានធ្វើ»។ នៅពេលគាត់កំពុងតែថ្លែងទូលស្តេចពីរឿងដែលលោកបានធ្វើឲ្យកូនដែលស្លាប់បានរស់ឡើងវិញ នោះស្ត្រីដែលលោកបានធ្វើឲ្យកូននាងរស់ឡើងវិញក៏ចូលមកគាល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចម្ការរបស់នាងមកវិញ។ កេហាស៊ីក៏ទូលថា៖ «បពិត្រព្រះករុណាជាម្ចាស់នៃទូលបង្គំអើយ គឺស្ត្រីនេះហើយ គឺកូននាង ដែលអេលីសេបានធ្វើឲ្យរស់ឡើងវិញនោះ»។ ពេលស្តេចសួរស្ត្រីនោះ នាងក៏ទូលបញ្ជាក់ដល់ទ្រង់ ដូច្នេះ ស្ដេចតម្រូវពួករាជការម្នាក់ឲ្យជួយនាង ដោយបង្គាប់ថា៖ «ចូរប្រគល់របស់ទ្រព្យទាំងប៉ុន្មានរបស់នាងទៅនាងវិញ ព្រមទាំងផលដែលកើតពីស្រែចម្ការរបស់នាង ចាប់តាំងពីថ្ងៃដែលនាងចេញពីស្រុក ដរាបដល់សព្វថ្ងៃនេះ»។ លោកអេលីសេបានទៅដល់ក្រុងដាម៉ាស នៅគ្រានោះ បេន-ហាដាដជាស្តេចស្រុកស៊ីរី ទ្រង់ប្រឈួន មានគេទូលទ្រង់ថា៖ «អ្នកសំណព្វរបស់ព្រះបានមកទីនេះហើយ»
២ ពង្សាវតារក្សត្រ 8:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ លោកអេលីសេមានប្រសាសន៍ប្រាប់ស្ត្រី ដែលលោកបានធ្វើឲ្យកូនប្រុសរស់ឡើងវិញនោះថា៖ «ចូរក្រោកឡើង ចាកចេញពីទីនេះជាមួយគ្រួសាររបស់នាង ហើយទៅស្នាក់នៅស្រុកណាដែលនាងអាចនៅបាន ដ្បិតព្រះអម្ចាស់ធ្វើឲ្យស្រុកនេះកើតទុរ្ភិក្ស ក្នុងរយៈពេលប្រាំពីរឆ្នាំ»។ ស្ត្រីនោះក្រោកឡើង ធ្វើតាមពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់បានប្រាប់។ នាងនាំគ្រួសារទៅរស់នៅស្រុកភីលីស្ទីនអស់រយៈពេលប្រាំពីរឆ្នាំ។ លុះគ្រប់ប្រាំពីរឆ្នាំ នាងក៏ត្រឡប់មកពីស្រុកភីលីស្ទីន ហើយចូលទៅគាល់ស្ដេច ដើម្បីទាមទារផ្ទះសំបែង និងដីធ្លីរបស់នាងវិញ។ ពេលនោះ ស្ដេចកំពុងសំណេះសំណាលជាមួយកេហាស៊ី ជាអ្នកបម្រើរបស់អ្នកជំនិតព្រះជាម្ចាស់ ទ្រង់មានរាជឱង្ការថា៖ «ចូររៀបរាប់ប្រាប់យើងពីការអស្ចារ្យផ្សេងៗដែលលោកអេលីសេបានធ្វើ!»។ នៅពេលកេហាស៊ីរៀបរាប់ថ្វាយស្ដេច អំពីលោកអេលីសេធ្វើឲ្យក្មេងម្នាក់រស់ឡើងវិញ ស្ត្រីជាម្ដាយក៏ចូលមកគាល់ស្ដេច ដើម្បីទាមទារទូលសូមផ្ទះសំបែង និងដីធ្លីរបស់នាង។ កេហាស៊ីទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ នេះហើយស្ត្រីដែលជាម្ដាយ ព្រមទាំងកូនរបស់នាង ដែលលោកអេលីសេបានធ្វើឲ្យមានជីវិតរស់ឡើងវិញ!»។ ស្ដេចមានរាជឱង្ការសួរនាង ហើយនាងក៏រៀបរាប់ទូលស្ដេចតាមដំណើររឿង។ ពេលនោះ ស្ដេចបញ្ជាទៅមន្ត្រីម្នាក់ថា៖ «ចូរប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់នាងឲ្យនាងវិញ ព្រមទាំងប្រគល់ភោគផលពីស្រែចម្ការរបស់នាង តាំងពីពេលនាងចាកចេញពីស្រុក រហូតមកដល់ពេលនេះផង»។ លោកអេលីសេធ្វើដំណើរទៅក្រុងដាម៉ាស។ ពេលនោះ ព្រះបាទបេនហាដាដជាស្ដេចស្រុកស៊ីរី កំពុងតែប្រឈួន។ គេទូលស្ដេចថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អញ្ជើញមកដល់ហើយ»។
២ ពង្សាវតារក្សត្រ 8:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ អេលីសេបានមានប្រសាសន៍ដល់ស្ត្រីដែលលោកបានធ្វើឲ្យកូនរស់ឡើងវិញនោះថា ចូរអ្នក នឹងគ្រួរបស់អ្នកទាំងប៉ុន្មាន រៀបចំឡើង ចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់៧ឆ្នាំ ដូច្នេះ ស្ត្រីនោះក៏រៀបចំឡើង ធ្វើតាមពាក្យនៃអ្នកសំណប់របស់ព្រះ នាងនាំយកគ្រួរបស់នាង ទៅនៅឯស្រុកភីលីស្ទីនអស់៧ឆ្នាំ កាលគ្រប់៧ឆ្នាំហើយ នោះនាងបានត្រឡប់ពីស្រុកភីលីស្ទីនមកវិញ ក៏ទៅថ្លែងទុក្ខដល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង នឹងស្រែចំការរបស់នាងមកវិញ រីឯនៅគ្រានោះ ស្តេចទ្រង់កំពុងតែមានបន្ទូលនឹងកេហាស៊ី ជាអ្នកបំរើនៃអ្នកសំណប់របស់ព្រះថា ចូរប្រាប់យើងពីការយ៉ាងធំទាំងពួង ដែលអេលីសេបានធ្វើ កាលគាត់កំពុងតែថ្លែងទូលស្តេចពីរឿង ដែលលោកបានធ្វើឲ្យកូន ដែលស្លាប់បានរស់ឡើងវិញ នោះមើល ស្ត្រីនោះឯងដែលលោកបានធ្វើឲ្យកូននាងរស់ឡើងវិញ ក៏មកថ្លែងទុក្ខដល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង នឹងស្រែចំការរបស់នាងមកវិញ កេហាស៊ីក៏ទូលថា បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ គឺស្ត្រីនេះឯង ហើយនេះគឺកូននាង ដែលអេលីសេបានធ្វើឲ្យរស់ឡើងវិញនោះ កាលស្តេចបានសួរដល់ស្ត្រីនោះ នាងក៏ទូលបញ្ជាក់ដល់ទ្រង់ ដូច្នេះ ស្តេចទ្រង់ដំរូវពួករាជការម្នាក់សំរាប់ជួយនាង ដោយបង្គាប់ថា ចូរប្រគល់របស់ទ្រព្យទាំងប៉ុន្មានរបស់នាងទៅនាងវិញ ព្រមទាំងផលដែលកើតពីស្រែចំការរបស់នាង ចាប់តាំងពីថ្ងៃដែលនាងចេញពីស្រុក ដរាបដល់សព្វថ្ងៃនេះផង។ ឯអេលីសេ លោកបានទៅឯក្រុងដាម៉ាស នៅគ្រានោះបេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រឈួន មានគេទូលទ្រង់ថា មើល អ្នកសំណប់របស់ព្រះបានមកទីនេះហើយ