២ ពង្សាវតារក្សត្រ 8:1-15

២ ពង្សាវតារក្សត្រ 8:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ អេលី‌សេ​បាន​មាន​ប្រសាសន៍​ដល់​ស្ត្រី ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​រស់​ឡើង​វិញ​នោះ​ថា៖ «ចូរ​អ្នក និង​គ្រួសារ​របស់​អ្នក​ទាំង​ប៉ុន្មាន រៀបចំ​ចេញ​ទៅ​អាស្រ័យ​នៅ​ទី​ណា ដែល​អាច​នឹង​អាស្រ័យ​នៅ​បាន​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​មាន​គ្រា​អំណត់ អំណត់​នោះ​នឹង​មាន​នៅ​ក្នុង​ស្រុក​គ្រប់​ប្រាំពីរ​ឆ្នាំ»។ ដូច្នេះ ស្ត្រី​នោះ​ក៏​រៀបចំ​ធ្វើ​តាម​ពាក្យ​អ្នក​សំណព្វ​របស់​ព្រះ នាង​នាំ​គ្រួសារ​របស់​នាង​ទៅ​នៅ​ឯ​ស្រុក​ភីលី‌ស្ទីន​អស់​ប្រាំពីរ​ឆ្នាំ។ ពេល​គ្រប់​ប្រាំពីរ​ឆ្នាំ​ហើយ នាង​បាន​ត្រឡប់​ពី​ស្រុក​ភីលី‌ស្ទីន​មក​វិញ ក៏​ទៅ​គាល់​ស្តេច ដើម្បី​ឲ្យ​បាន​ផ្ទះ​សំបែង និង​ស្រែ​ចម្ការ​របស់​នាង​មក​វិញ។ ពេល​នោះ ស្តេច​កំពុងសំណេះ​សំណាល​ជា​មួយ​កេហា‌ស៊ី ជា​អ្នក​បម្រើ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «ចូរ​ប្រាប់​យើង​ពី​ការ​ធំៗ​ទាំង​ប៉ុន្មាន​ដែល​អេលី‌សេ​បាន​ធ្វើ»។ នៅ​ពេល​គាត់​កំពុង​តែ​ថ្លែង​ទូល​ស្តេច​ពី​រឿង​ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​ដែល​ស្លាប់​បាន​រស់​ឡើង​វិញ នោះ​ស្ត្រី​ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​នាង​រស់​ឡើង​វិញ​ក៏​ចូល​មក​គាល់​ស្តេច ដើម្បី​ឲ្យ​បាន​ផ្ទះ​សំបែង និង​ស្រែ​ចម្ការ​របស់​នាង​មក​វិញ។ កេហា‌ស៊ី​ក៏​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ​អើយ គឺ​ស្ត្រី​នេះ​ហើយ គឺ​កូន​នាង ដែល​អេលី‌សេ​បាន​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នោះ»។ ពេល​ស្តេច​សួរ​ស្ត្រី​នោះ នាង​ក៏​ទូល​បញ្ជាក់​ដល់​ទ្រង់ ដូច្នេះ ស្ដេច​តម្រូវ​ពួក​រាជ‌ការ​ម្នាក់ឲ្យ​ជួយ​នាង ដោយ​បង្គាប់​ថា៖ «ចូរ​ប្រគល់​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​នាង​ទៅ​នាង​វិញ ព្រម​ទាំង​ផល​ដែល​កើត​ពី​ស្រែ​ចម្ការ​របស់​នាង ចាប់​តាំង​ពី​ថ្ងៃ​ដែល​នាង​ចេញ​ពី​ស្រុក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ»។ លោក​អេលី‌សេ​បាន​ទៅ​ដល់​ក្រុង​ដាម៉ាស នៅ​គ្រា​នោះ បេន-ហាដាដ​ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រឈួន មាន​គេ​ទូល​ទ្រង់​ថា៖ «អ្នក​សំណព្វ​របស់​ព្រះ​បាន​មក​ទី​នេះ​ហើយ» ដូច្នេះ ស្ដេច​បង្គាប់​ដល់​ហាសែល​ថា៖ «សូម​យក​ជំនូន​ខ្លះ ចេញ​ទៅ​ជួប​អ្នក​សំណព្វ​របស់​ព្រះ ហើយ​សួរ​ដល់​ព្រះ‌យេហូវ៉ា​តាម​រយៈ​លោក​ថា "តើ​យើង​នឹង​បាន​ជា​ពី​ជំងឺ​នេះ​ឬ​ទេ?"»។ ដូច្នេះ ហាសែល​ក៏​យក​ជំនូន​ដែល​ល្អ​នៅ​ក្រុង​ដាម៉ាស​គ្រប់​មុខ ល្មម​ផ្ទុក​លើ​សត្វ​អូដ្ឋ​សែសិប ចេញ​ទៅ​ជួប​នឹង​លោក ក៏​ទៅ​ឈរ​នៅ​មុខ​លោក​ជម្រាប​ថា៖ «ព្រះបាទ​បេន-ហាដាដ ជា​កូន​លោក ដែល​ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​សួរ​លោក​ថា "តើ​ទ្រង់​នឹង​បាន​ជា​ពី​ជំងឺ​នោះ​ឬ​ទេ?"» អេលី‌សេ​ឆ្លើយ​ថា៖ «ចូរ​ទៅ​ទូល​ទ្រង់​វិញ​ថា "នឹង​បាន​ជា​យ៉ាង​ពិត​ប្រាកដ" ប៉ុន្តែ ព្រះ‌យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​ត្រូវ​សុគត​ជាក់​ជា​មិន​ខាន»។ អ្នក​សំណព្វ​របស់​ព្រះ​ក៏​សម្លឹង​មើល​មុខ​ហាសែល ទាល់​តែគាត់​ខ្មាស ហើយ​អ្នក​សំណព្វ​របស់​ព្រះ​ក៏​យំ។ ហាសែល​សួរ​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ​ដូច្នេះ?» លោក​ឆ្លើយ​ថា៖ «ព្រោះ​ខ្ញុំ​ដឹង​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នឹង​ធ្វើ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺអ្នក​នឹង​ដុត​ទី​មាំ‌មួន​របស់​គេ​ចោល សម្លាប់​ពួក​កំលោះៗ​របស់​គេ​ដោយ​ដាវ អ្នក​នឹង​បោក​សម្លាប់​កូន​តូចៗ​របស់​គេ ហើយ​អ្នក​នឹង​វះ​ពោះ​ពួក​ស្រីៗ​មាន​ទម្ងន់»។ ហាសែល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ប្របាទ​នេះ​ចាត់​ទុក​ដូច​ជា​ឆ្កែ​មួយ​ក្បាល តើ​អាច​នឹង​ធ្វើ​ការ​យ៉ាង​ធំ​នេះ​ម្ដេច​បាន?» តែ​អេលី‌សេ​ឆ្លើយ​ថា៖ «ព្រះ‌យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ស៊ីរី»។ លោក​ក៏​ចេញ​ពី​អេលី‌សេ ត្រឡប់​ទៅជួប​ព្រះបាទ​បេន-ហាដាដ ជា​ចៅ‌ហ្វាយ​វិញ។ ស្ដេច​សួរ​គាត់​ថា៖ «តើ​អេលី‌សេ​បាន​ប្រាប់​អ្នក​យ៉ាង​ដូច​ម្តេច?» រួច​លោក​ទូល​ទ្រង់​ថា៖ «លោក​បាន​ប្រាប់​ទូល‌បង្គំ​ថា ទ្រង់​នឹង​បាន​ជា​យ៉ាង​ពិត​ប្រាកដ»។ ដល់​ថ្ងៃ​ស្អែក​ឡើង ហាសែល​បាន​យក​ផួយ​មួយ​ជ្រលក់​ទឹក ទៅ​ខ្ទប់​ព្រះ‌ភក្ត្រ​ស្តេច​ឲ្យ​ទ្រង់​សុគត​ទៅ រួច​ហាសែល​បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់។

២ ពង្សាវតារក្សត្រ 8:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ លោក​អេលីសេ​មាន​ប្រសាសន៍​ប្រាប់​ស្ត្រី ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​រស់​ឡើង​វិញ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង ចាក​ចេញ​ពី​ទី​នេះ​ជា​មួយ​គ្រួសារ​របស់​នាង ហើយ​ទៅ​ស្នាក់​នៅ​ស្រុក​ណា​ដែល​នាង​អាច​នៅ​បាន ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ស្រុក​នេះ​កើត​ទុរ្ភិក្ស ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ»។ ស្ត្រី​នោះ​ក្រោក​ឡើង ធ្វើ​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ប្រាប់។ នាង​នាំ​គ្រួសារ​ទៅ​រស់​នៅ​ស្រុក​ភីលីស្ទីន​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ។ លុះ​គ្រប់​ប្រាំ‌ពីរ​ឆ្នាំ នាង​ក៏​ត្រឡប់​មក​ពី​ស្រុក​ភីលីស្ទីន ហើយ​ចូល​ទៅ​គាល់​ស្ដេច ដើម្បី​ទាម‌ទារ​ផ្ទះ​សំបែង និង​ដី‌ធ្លី​របស់​នាង​វិញ។ ពេល​នោះ ស្ដេច​កំពុង​សំណេះ‌សំណាល​ជា​មួយ​កេហា‌ស៊ី ជា​អ្នក​បម្រើ​របស់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​រៀប​រាប់​ប្រាប់​យើង​ពី​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​លោក​អេលីសេ​បាន​ធ្វើ!»។ នៅ​ពេល​កេហា‌ស៊ី​រៀប​រាប់​ថ្វាយ​ស្ដេច អំពី​លោក​អេលីសេ​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​រស់​ឡើង​វិញ ស្ត្រី​ជា​ម្ដាយ​ក៏​ចូល​មក​គាល់​ស្ដេច ដើម្បី​ទាម‌ទារ​ទូល​សូម​ផ្ទះ​សំបែង និង​ដី‌ធ្លី​របស់​នាង។ កេហា‌ស៊ី​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ នេះ​ហើយ​ស្ត្រី​ដែល​ជា​ម្ដាយ ព្រម​ទាំង​កូន​របស់​នាង ដែល​លោក​អេលីសេ​បាន​ធ្វើ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ!»។ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​នាង ហើយ​នាង​ក៏​រៀប​រាប់​ទូល​ស្ដេច​តាម​ដំណើរ​រឿង។ ពេល​នោះ ស្ដេច​បញ្ជា​ទៅ​មន្ត្រី​ម្នាក់​ថា៖ «ចូរ​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​នាង​ឲ្យ​នាង​វិញ ព្រម​ទាំង​ប្រគល់​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​នាង តាំង​ពី​ពេល​នាង​ចាក​ចេញ​ពី​ស្រុក រហូត​មក​ដល់​ពេល​នេះ​ផង»។ លោក​អេលីសេ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស។ ពេល​នោះ ព្រះ‌បាទ​បេនហា‌ដាដ​ជា​ស្ដេច​ស្រុក​ស៊ីរី កំពុង​តែ​ប្រឈួន។ គេ​ទូល​ស្ដេច​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អញ្ជើញ​មក​ដល់​ហើយ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាសែល​ថា៖ «ចូរ​នាំ​យក​ជំនូន​ទៅ​ជូន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ រួច​ទូល​សួរ​ព្រះ‌អម្ចាស់​តាម​រយៈ​លោក​ថា តើ​យើង​នឹង​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ​នេះ​ឬ​ទេ?»។ លោក​ហាសែល​ក៏​ទៅ​ជួប​លោក​អេលីសេ ដោយ​នាំ​យក​ជំនូន​ដ៏​ល្អៗ​បំផុត​ដែល​មាន​នៅ​ក្រុង​ដាម៉ាស ផ្ទុក​លើ​អូដ្ឋ​សែ‌សិប​ក្បាល ដឹក​ទៅ​ជូន។ ពេល​ទៅ​ដល់ លោក​ហាសែល​ចូល​ជួប​លោក​អេលីសេ ជម្រាប​ថា៖ «ព្រះ‌បាទ​បេនហា‌ដាដ ជា​ស្ដេច​ស្រុក​ស៊ីរី ជា​កូន​របស់​លោក ចាត់​ខ្ញុំ​ប្របាទ​ឲ្យ​មក​ជម្រាប​សួរ​លោក​ថា តើ​ស្ដេច​នឹង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ឬ​ទេ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌ករុណា​វិញ​ថា ស្ដេច​នឹង​បាន​ជា​សះ‌ស្បើយ​ពិត​មែន! ប៉ុន្តែ ព្រះ‌អម្ចាស់​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌ករុណា​មុខ​ជា​សោយ​ទិវង្គត​ជាក់​ជា​មិន​ខាន»។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ សម្លឹង​មុខ​លោក​ហាសែល​មិន​ដាក់​ភ្នែក រួច​លោក​យំ។ លោក​ហាសែល​សួរ​ព្យាការី​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ខ្ញុំ​យំ ព្រោះ​ខ្ញុំ​ដឹង​ពី​អំពើ​អាក្រក់ ដែល​លោក​នឹង​ប្រព្រឹត្ត​ទៅ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​លោក​នឹង​ដុត​បំផ្លាញ​ទីក្រុង​របស់​គេ លោក​នឹង​សម្លាប់​ពួក​យុវជន​ដោយ​មុខ​ដាវ លោក​នឹង​បោក​សម្លាប់​កូន​ក្មេង ព្រម​ទាំង​វះ​ពោះ​ស្ត្រី​មាន​គភ៌​ផង»។ លោក​ហាសែល​តប​ថា៖ «ខ្ញុំ​ប្របាទ​នេះ​ប្រៀប​ដូច​ជា​ឆ្កែ តើ​ខ្ញុំ​ប្របាទ​អាច​ធ្វើ​កិច្ចការ​ដ៏​សម្បើម​បែប​នេះ​កើត​ឬ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ថា លោក​នឹង​ឡើង​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី»។ លោក​ហាសែល​ចាក​ចេញ​ពី​លោក​អេលីសេ វិល​ត្រឡប់​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​លោក​អេលីសេ​មាន​ប្រសាសន៍​ដូច​ម្ដេច»។ លោក​ហាសែល​ឆ្លើយ​ថា៖ «លោក​ប្រាប់​ទូលបង្គំ​ថា ព្រះ‌ករុណា​នឹង​ជា​សះ‌ស្បើយ​ពិត​មែន»។ ស្អែក​ឡើង លោក​ហាសែល​យក​ភួយ​ជ្រលក់​ទឹក រួច​យក​ទៅ​ខ្ទប់​ព្រះ‌ភ័ក្ត្រ​ស្ដេច។ ស្ដេច​សោយ​ទិវង្គត ហើយ​លោក​ហាសែល​ក៏​ឡើង​សោយ​រាជ្យ​ជំនួស​វិញ។

២ ពង្សាវតារក្សត្រ 8:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ អេលី‌សេ​បាន​មាន​ប្រសាសន៍​ដល់​ស្ត្រី​ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​រស់​ឡើង​វិញ​នោះ​ថា ចូរ​អ្នក នឹង​គ្រួ​របស់​អ្នក​ទាំង​ប៉ុន្មាន រៀបចំ​ឡើង ចេញ​ទៅ​អាស្រ័យ​នៅ​ទី​ណា ដែល​អាច​នឹង​អាស្រ័យ​នៅ​បាន​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​មាន​គ្រា​អំណត់ អំណត់​នោះ​នឹង​មាន​នៅ​ក្នុង​ស្រុក​គ្រប់​៧​ឆ្នាំ ដូច្នេះ ស្ត្រី​នោះ​ក៏​រៀបចំ​ឡើង ធ្វើ​តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ នាង​នាំ​យក​គ្រួ​របស់​នាង ទៅ​នៅ​ឯ​ស្រុក​ភីលីស្ទីន​អស់​៧​ឆ្នាំ កាល​គ្រប់​៧​ឆ្នាំ​ហើយ នោះ​នាង​បាន​ត្រឡប់​ពី​ស្រុក​ភីលីស្ទីន​មក​វិញ ក៏​ទៅ​ថ្លែង​ទុក្ខ​ដល់​ស្តេច ដើម្បី​ឲ្យ​បាន​ផ្ទះ‌សំបែង នឹង​ស្រែ​ចំការ​របស់​នាង​មក​វិញ រីឯ​នៅ​គ្រា​នោះ ស្តេច​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នឹង​កេហាស៊ី ជា​អ្នក​បំរើ​នៃ​អ្នក​សំណប់​របស់​ព្រះ​ថា ចូរ​ប្រាប់​យើង​ពី​ការ​យ៉ាង​ធំ​ទាំង​ពួង ដែល​អេលី‌សេ​បាន​ធ្វើ កាល​គាត់​កំពុង​តែ​ថ្លែង​ទូល​ស្តេច​ពី​រឿង ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន ដែល​ស្លាប់​បាន​រស់​ឡើង​វិញ នោះ​មើល ស្ត្រី​នោះ​ឯង​ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​នាង​រស់​ឡើង​វិញ ក៏​មក​ថ្លែង​ទុក្ខ​ដល់​ស្តេច ដើម្បី​ឲ្យ​បាន​ផ្ទះ‌សំបែង នឹង​ស្រែ​ចំការ​របស់​នាង​មក​វិញ កេហាស៊ី​ក៏​ទូល​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ គឺ​ស្ត្រី​នេះ​ឯង ហើយ​នេះ​គឺ​កូន​នាង ដែល​អេលី‌សេ​បាន​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នោះ កាល​ស្តេច​បាន​សួរ​ដល់​ស្ត្រី​នោះ នាង​ក៏​ទូល​បញ្ជាក់​ដល់​ទ្រង់ ដូច្នេះ ស្តេច​ទ្រង់​ដំរូវ​ពួក​រាជ‌ការ​ម្នាក់​សំរាប់​ជួយ​នាង ដោយ​បង្គាប់​ថា ចូរ​ប្រគល់​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​នាង​ទៅ​នាង​វិញ ព្រម​ទាំង​ផល​ដែល​កើត​ពី​ស្រែ​ចំការ​របស់​នាង ចាប់​តាំង​ពី​ថ្ងៃ​ដែល​នាង​ចេញ​ពី​ស្រុក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ផង។ ឯ​អេលី‌សេ លោក​បាន​ទៅ​ឯ​ក្រុង​ដាម៉ាស នៅ​គ្រា​នោះ​បេន-ហា‌ដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រឈួន មាន​គេ​ទូល​ទ្រង់​ថា មើល អ្នក​សំណប់​របស់​ព្រះ​បាន​មក​ទី​នេះ​ហើយ ដូច្នេះ ស្តេច​ទ្រង់​បង្គាប់​ដល់​ហាសែលថា សូម​នាំ​យក​ជំនូន​នៅ​ដៃ ចេញ​ទៅ​ជួប​នឹង​អ្នក​សំណប់​របស់​ព្រះ ហើយ​សួរ​ដល់​ព្រះ‌យេហូវ៉ា ដោយ‌សារ​លោក​ថា តើ​យើង​នឹង​បាន​ជា​ពី​ជំងឺ​នេះ​ឬ​ទេ ដូច្នេះ ហាសែល​ក៏​យក​ជំនូន​ជា​របស់​ប្រសើរ​នៅ​ក្រុង​ដាម៉ាស​គ្រប់​មុខ ល្មម​ផ្ទុក​លើ​សត្វ​អូដ្ឋ​៤០​ចេញ​ទៅ ដើម្បី​ជួប​នឹង​លោក ក៏​ទៅ​ឈរ​នៅ​មុខ​លោក​ជំរាប​ថា បេន-ហា‌ដាឌ់ ជា​កូន​លោក ដែល​ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​សួរ​លោក​ថា តើ​ទ្រង់​នឹង​បាន​ជា​ពី​ជំងឺ​នោះ​ឬ​ទេ អេលី‌សេ​ក៏​តប​ថា ចូរ​ទៅ​ទូល​ទ្រង់​វិញ​ថា នឹង​បាន​ជាៗ​ពិត ប៉ុន្តែព្រះ‌យេហូវ៉ា​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ជាក់​ថា ទ្រង់​ត្រូវ​ស្លាប់​ជា​ប្រាកដ​វិញ នោះ​អ្នក​សំណប់​របស់​ព្រះ​ក៏​ផ្តោត​ភ្នែក សំឡឹង​មើល​មុខ ហាសែល ទាល់​តែ​ខ្មាស រួច​លោក​ក៏​យំ នោះ​ហាសែល​សួរ​លោក​ថា ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ​ដូច្នេះ លោក​ឆ្លើយ​ថា ពី​ព្រោះ​ខ្ញុំ​ដឹង​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នឹង​ធ្វើ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល គឺ​ទី​មាំ‌មួន​របស់​គេ នោះ​អ្នក​នឹង​ដុត​ចោល ពួក​កំឡោះៗ​របស់​គេ អ្នក​នឹង​សំឡាប់​ដោយ​ដាវ អស់​ទាំង​កូន​តូចៗ​របស់​គេ អ្នក​នឹង​បោក​សំឡាប់​ចោល ហើយ​ពួក​ស្រីៗ​មាន​ទំងន់ នោះ​អ្នក​នឹង​វះ​ពោះ​គេ នោះ​ហាសែល​ឆ្លើយ​តប​ថា ខ្ញុំ​ប្របាទ ដែល​ទុក​ដូច​ជា​ឆ្កែ តើ​ជា​អ្វី​ដែល​នឹង​ធ្វើ​ការ​យ៉ាង​ធំ​នេះ​បាន តែ​អេលី‌សេ​ឆ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ស៊ីរី លោក​ក៏​ចេញ​ពី​អេលី‌សេ ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​វិញ ដល់​ហើយ​ទ្រង់​សួរ​ថា តើ​អេលី‌សេ​បាន​ប្រាប់​អ្នក​យ៉ាង​ដូច​ម្តេច រួច​លោក​ទូល​ទ្រង់​ថា លោក​បាន​ប្រាប់​ទូលបង្គំ​ថា ទ្រង់​នឹង​បាន​ជាៗ​ពិត ដល់​ថ្ងៃ​ស្អែក​ឡើង ហាសែល​បាន​យក​ផួយ​មួយ​ជ្រលក់​ទឹក ទៅ​ខ្ទប់​ព្រះ‌ភក្ត្រ​នៃ​ស្តេច ឲ្យ​ទ្រង់​សុគត​ទៅ រួច​ហាសែល​បាន​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់។