២ ពង្សាវតារក្សត្រ 7:3-9
២ ពង្សាវតារក្សត្រ 7:3-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯនៅមាត់ទ្វារក្រុងនោះ មានមនុស្សឃ្លង់ បួននាក់ គេនិយាយគ្នាទៅវិញទៅមកថា៖ «ហេតុអ្វីយើងអង្គុយនៅទីនេះទាល់តែស្លាប់ធ្វើអី? ប្រសិនបើយើងសម្រេចថា ចូលទៅក្នុងទីក្រុង ក្នុងទីក្រុងក៏មានអំណត់ ហើយយើងនឹងស្លាប់នៅទីនោះ បើយើងអង្គុយស្ងៀមនៅទីនេះវិញ គង់តែនឹងស្លាប់ដូចគ្នា ដូច្នេះ ចូរយើងចូលទៅខាងពួកទ័ពស៊ីរីវិញ បើគេទុកជីវិតដល់យើង នោះយើងនឹងបានរស់ តែបើគេសម្លាប់ នោះយើងនឹងគ្រាន់តែស្លាប់ទៅដូចគ្នា»។ ដូច្នេះ គេក៏ក្រោកឡើងនៅពេលព្រលប់ទៅឯទីបោះទ័ពរបស់ពួកស៊ីរី តែកាលគេទៅដល់ទីបោះទ័ពហើយ មិនឃើញមានអ្នកណាសោះ។ ព្រោះព្រះអម្ចាស់បានធ្វើឲ្យពួកទ័ពស៊ីរីបានឮសូរសន្ធឹករទេះចម្បាំង និងសន្ធឹកពលសេះ គឺជាសូរសព្ទនៃកងទ័ពយ៉ាងធំនៅក្នុងទីបោះទ័ពរបស់គេ គេនិយាយគ្នាថា៖ «មើលស្តេចអ៊ីស្រាអែលបានជួលពួកស្តេចនៃសាសន៍ហេត និងស្តេចអេស៊ីព្ទឲ្យមកច្បាំងនឹងយើងហើយ»។ ហេតុនោះ គេក៏ក្រោករត់ទៅនៅពេលព្រលប់នោះ ចោលទាំងជំរំ និងសេះ ហើយលារបស់គេ ទុកទីបោះទ័ពឲ្យនៅ ក៏រត់យកឲ្យរួចជីវិតប៉ុណ្ណោះ។ ពេលពួកមនុស្សឃ្លង់នោះបានទៅដល់ទីបោះទ័ព ក៏ចូលទៅក្នុងតង់មួយ នាំគ្នាស៊ីផឹកទៅ រួចគេយកមាសប្រាក់ ក្រណាត់អាវ ទៅលាក់ទុក ក៏ត្រឡប់ទៅចូលក្នុងតង់ត៍មួយទៀត យករបស់ពីនោះទៅលាក់ទុកដែរ។ ពេលនោះ គេនិយាយគ្នាថា៖ «យើងប្រព្រឹត្តដូច្នេះមិនល្អទេ ដ្បិតថ្ងៃនេះជាថ្ងៃមានដំណឹងល្អ តែយើងនៅស្ងៀម បើយើងនៅចាំរហូតដល់ព្រឹក នោះមុខជានឹងមានទោសមកទាន់ជាមិនខាន ដូច្នេះ ចូរយើងទៅប្រាប់ដល់ពួកដំណាក់ស្តេចឥឡូវនេះ»។
២ ពង្សាវតារក្សត្រ 7:3-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅមាត់ទ្វារក្រុង មានមនុស្សឃ្លង់បួននាក់ជជែកគ្នាថា៖ «ហេតុដូចម្ដេចបានជាយើងនាំគ្នាអង្គុយរង់ចាំសេចក្ដីស្លាប់នៅទីនេះ? ប្រសិនបើយើងសម្រេចគ្នាថាចូលទៅក្នុងក្រុង យើងមុខជាអត់បាយស្លាប់ ព្រោះនៅក្នុងក្រុង គ្មានអ្វីបរិភោគឡើយ។ ប្រសិនបើយើងនៅទីនេះ យើងក៏ស្លាប់ដែរ។ ដូច្នេះ យើងគួរនាំគ្នារត់ទៅចុះចូលនឹងកងទ័ពស៊ីរីទៅ ក្រែងលោគេទុកជីវិតឲ្យយើង ហើយយើងនឹងបានរស់រានមានជីវិត! ប្រសិនបើពួកគេសម្លាប់ យើងក៏ស្លាប់ដូចតែគ្នា!»។ នៅពេលថ្ងៃលិច ពួកគេក្រោកឡើង នាំគ្នាដើរឆ្ពោះទៅទីតាំងទ័ពស៊ីរី។ កាលមនុស្សឃ្លង់ទាំងបួននាក់ទៅជិតដល់ទីតាំងទ័ព ពួកគេពុំប្រទះឃើញមាននរណាម្នាក់សោះ។ ពីមុននោះ ព្រះអម្ចាស់បានធ្វើឲ្យកងពលស៊ីរីនៅក្នុងទីតាំងទ័ព ឮស្នូរសន្ធឹករទេះចម្បាំង និងទ័ពសេះ ព្រមទាំងកងទ័ពមួយយ៉ាងធំ។ ពួកគេនិយាយគ្នាថា៖ «ពិតជាស្ដេចស្រុកអ៊ីស្រាអែលទៅពឹងទ័ពរបស់ស្ដេចជនជាតិហេត និងទ័ពរបស់ស្ដេចស្រុកអេស៊ីប ឲ្យមកច្បាំងនឹងយើងហើយ!»។ នៅពេលថ្ងៃលិច កងទ័ពស៊ីរីនាំគ្នាក្រោកឡើង រត់ប្រាសអាយុ ដោយបោះបង់ចោលតង់ត៍ ព្រមទាំងសេះ និងលាផង។ ពួកគេទុកអ្វីៗទាំងអស់ចោលនៅក្នុងជំរំ ហើយរត់យកតែរួចខ្លួនប៉ុណ្ណោះ។ ក្រោយពីដើរមើលជុំវិញកន្លែងបោះទ័ពរួចហើយ មនុស្សឃ្លង់ទាំងនោះក៏ចូលទៅក្នុងតង់ត៍មួយ នាំគ្នាស៊ីផឹក រួចជញ្ជូនយកមាសប្រាក់ និងសម្លៀកបំពាក់ទៅលាក់ទុក។ លុះត្រឡប់មកវិញ ពួកគេចូលទៅក្នុងតង់ត៍មួយទៀត ប្រមូលរបស់របរ ដែលមាននៅទីនោះយកទៅលាក់ទៀត។ មនុស្សឃ្លង់ទាំងបួននាក់និយាយគ្នាថា៖ «ពួកយើងធ្វើដូច្នេះមិនសមទេ ដ្បិតថ្ងៃនេះ ពួកយើងដឹងដំណឹងល្អ ប្រសិនបើយើងនៅស្ងៀមរង់ចាំរហូតដល់ភ្លឺ ព្រះជាម្ចាស់ពិតជាដាក់ទោសយើងមិនខាន។ ដូច្នេះ ចូរយើងនាំដំណឹងល្អនេះទៅប្រាប់អ្នកនៅក្នុងវាំង»។
២ ពង្សាវតារក្សត្រ 7:3-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅមាត់ទ្វារទីក្រុង នោះមានមនុស្សឃ្លង់៤នាក់ គេនិយាយគ្នាទៅវិញទៅមកថា យើងអង្គុយនៅទីនេះទាល់តែស្លាប់ធ្វើអី បើសិនជាយើងសំរេចថា នឹងចូលទៅក្នុងទីក្រុង នោះទីក្រុងក៏មានអំណត់ ហើយយើងនឹងស្លាប់នៅទីនោះ បើយើងអង្គុយស្ងៀមនៅទីនេះវិញ នោះគង់តែនឹងស្លាប់ដូចគ្នា ដូច្នេះ ចូរយើងចូលទៅខាងឯពួកទ័ពស៊ីរីវិញ បើគេទុកជីវិតដល់យើង នោះយើងនឹងបានរស់នៅ តែបើគេសំឡាប់ នោះយើងនឹងគ្រាន់តែស្លាប់ទៅដូចគ្នា ដូច្នេះ គេក៏ក្រោកឡើងនៅពេលព្រលប់ទៅឯទីបោះទ័ពរបស់ពួកស៊ីរី តែកាលគេទៅដល់ជើងទីបោះទ័ពហើយ នោះមិនឃើញមានអ្នកណាសោះ ពីព្រោះព្រះអម្ចាស់ ទ្រង់បានធ្វើឲ្យពួកទ័ពស៊ីរីបានឮសូរសន្ធឹករទេះចំបាំង នឹងសន្ធឹកពលសេះ គឺជាសូរសព្ទនៃកងទ័ពយ៉ាងធំនៅក្នុងទីបោះទ័ពរបស់គេ ក៏និយាយគ្នាថា មើលស្តេចអ៊ីស្រាអែលបានជួលពួកស្តេចនៃសាសន៍ហេត នឹងស្តេចអេស៊ីព្ទឲ្យមកច្បាំងនឹងយើងហើយ ហេតុនោះ គេក៏ក្រោកឡើង រត់ទៅនៅពេលព្រលប់នោះ លះចោលទាំងត្រសាល នឹងសេះ ហើយលារបស់គេ ទុកទីបោះទ័ពឲ្យនៅដូចដែល ក៏រត់យកតែជីវិតឲ្យរួចទៅប៉ុណ្ណោះ ដូច្នេះ កាលពួកគំលង់នោះបានទៅដល់ជើងទីបោះទ័ព នោះក៏ចូលទៅក្នុងត្រសាលមួយ នាំគ្នាស៊ីផឹកទៅ រួចគេយកមាសប្រាក់ សំពត់អាវ ទៅលាក់ទុក ក៏ត្រឡប់ទៅចូលក្នុងត្រសាល១ទៀត យករបស់ពីនោះទៅលាក់ទុកដែរ។ នោះគេនិយាយគ្នាថា យើងប្រព្រឹត្តដូច្នេះមិនល្អទេ ដ្បិតថ្ងៃនេះជាថ្ងៃមានដំណឹងល្អ តែយើងនៅតែស្ងៀមវិញ បើយើងនៅចាំរហូតដល់ព្រឹកឡើង នោះមុខជានឹងមានទោសមកទាន់ជាមិនខាន ដូច្នេះ ចូរយើងទៅប្រាប់ដល់ពួកដំណាក់ស្តេចឥឡូវចុះ