២ ពង្សាវតារក្សត្រ 6:8-23

២ ពង្សាវតារក្សត្រ 6:8-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​ពេល​ដែល​ស្តេច​ស្រុក​ស៊ីរី​កំពុង​តែ​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ក៏​ហៅ​ពួក​អ្នក​ជំនិត​ទ្រង់​មក​ពិគ្រោះ​គ្នា រួច​បង្គាប់​ថា៖ «យើង​នឹង​បោះ​ទ័ព​នៅ​កន្លែង​មួយ​នោះ»។ ដូច្នេះ អ្នក​សំណព្វ​របស់​ព្រះ​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា៖ «សូម​ទ្រង់​ប្រយ័ត្ន កុំ​យាង​ទៅ​តាម​ទី​មួយ​នោះ​ឡើយ ដ្បិត​ពួក​ស៊ីរី​គេ​ចុះ​មក​តាម​ផ្លូវ​នោះ​ហើយ»។ ស្តេច​អ៊ីស្រា‌អែល​ក៏​ចាត់​គេ ឲ្យ​ទៅ​កន្លែង​ដែល​អ្នក​សំណព្វ​របស់​ព្រះ​បាន​ប្រាប់​ឲ្យ​ប្រយ័ត្ន​នោះ ទ្រង់​ក៏​បាន​រួច​ពី​សេចក្ដី​អន្តរាយ​នៅ​ទី​នោះ មិន​មែន​តែ​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ទេ។ ឯ​ស្តេច​ស្រុក​ស៊ីរី​មាន​ព្រះ‌ហឫ‌ទ័យ​វល់​អំពី​ដំណើរ​នោះ ក៏​ហៅ​ពួក​អ្នក​ជំនិត​មក​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ព្រម​ប្រាប់​ឲ្យ​យើង​ដឹង​ជា​អ្នក​ណា​ក្នុង​ពួក​យើង ដែល​កាន់​ខាង​ស្តេច​អ៊ីស្រា‌អែល​ទេ​ឬ?» អ្នក​ជំនិត​ទ្រង់​ម្នាក់​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ឥត​មាន​អ្នក​ណា​ឡើយ គឺ​អេលី‌សេ ជា​ហោរា​ដែល​នៅ​ស្រុក​អ៊ីស្រា‌អែល គាត់​នាំ​យក​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល នៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​របស់​ព្រះ‌អង្គ ទៅ​ប្រាប់​ដល់​ស្តេច​អ៊ីស្រា‌អែល»។ រួច​ទ្រង់​បង្គាប់​ថា៖ «ចូរ​ទៅ​សង្កេត​មើល​កន្លែង​ណា​ដែល​គាត់​នៅ ដើម្បី​ឲ្យ​យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​មក»។ មាន​គេ​ទូល​ទ្រង់​ថា៖ «គាត់​នៅ​ឯ​ក្រុង​ដូថាន់»។ ដូច្នេះ ទ្រង់​ក៏​ចាត់​ពល​សេះ រទេះ​ចម្បាំង និង​ពួក​ទ័ព​សន្ធឹក​ឲ្យ​ចេញ​ទៅ គេ​ក៏​ទៅ​ឡោម‌ព័ទ្ធ​ទី​ក្រុង​នោះ​ទាំង​យប់។ ពេល​អ្នក​បម្រើ​នៃ​អ្នក​សំណព្វ​របស់​ព្រះ​បាន​ក្រោក​ពី​ព្រលឹម ចេញ​ទៅ​ក្រៅ ឃើញ​មាន​ពល‌ទ័ព​ដែល​មាន​ទាំង​សេះ និង​រទេះ​ចម្បាំង​នៅ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង រួច​អ្នក​បម្រើ​ជម្រាប​លោក​ថា៖ «វរ​ហើយ ចៅ‌ហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច?» លោក​ឆ្លើយ​តប​ថា៖ «កុំ​ខ្លាច​អី ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត»។ ពេល​នោះ អេលី‌សេ​ក៏​អធិ‌ស្ឋាន​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​គេ​បាន​មើល​ឃើញ» ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​គេ​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចម្បាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំ‌វិញ​អេលី‌សេ។ កាល​ពួក​ស៊ីរី បាន​ចុះ​មក​ដល់​អេលី‌សេ​ហើយ នោះ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «សូម​ព្រះ‌អង្គ​វាយ​ពួក​ស៊ីរី​នេះ ឲ្យ​ភ្នែក​គេ​ស្រវាំង​ទៅ» ដូច្នេះ ទ្រង់​ក៏​ធ្វើ​ឲ្យ​ភ្នែក​គេ​ស្រវាំង​តាម​ពាក្យ​អេលី‌សេ ហើយ​អេលី‌សេ​ប្រាប់​គេ​ថា៖ «មិន​មែន​ផ្លូវ​នេះ ហើយ​មិន​មែន​ទី​ក្រុង​នេះ​ដែរ សូម​មក​តាម​ខ្ញុំ​ចុះ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​មនុស្ស​ដែល​ត្រូវ​រក​នោះ» តែ​លោក​នាំ​គេ​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។ ពេល​គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​សាម៉ារី​ហើយ នោះ​អេលី‌សេ​អធិ‌ស្ឋាន​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ទាំង​នេះ​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​មើល​ឃើញ​វិញ» ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ប្រទាន​ឲ្យ​ភ្នែក​គេ​បាន​ភ្លឺ​ឡើង​វិញ ឲ្យ​គេ​បាន​មើល​ឃើញ នោះ​ក៏​ឃើញ​ថា គេ​នៅ​កណ្ដាល​ក្រុង​សាម៉ារី​ហើយ។ កាល​ស្តេច​អ៊ីស្រា‌អែល​បាន​ឃើញ​គេ ទ្រង់​មាន​បន្ទូល​សួរ​អេលី‌សេ​ថា៖ «លោក​ឪពុក​អើយ តើ​យើង​ត្រូវ​ប្រហារ​ជីវិត​គេ តើ​ត្រូវ​សម្លាប់​គេ​ឬ?» លោក​ទូល​ឆ្លើយ​ថា៖ «មិន​ត្រូវ​ប្រហារ​គេ​ទេ តើ​នឹង​វាយ​សម្លាប់​ពួក​ឈ្លើយ ដែល​ចាប់​ក្នុង​ការ​សង្គ្រាម​ឬ? សូម​ដាក់​នំបុ័ង និង​ទឹក​មក នៅ​មុខ​គេ​ឲ្យ​បរិ‌ភោគផង រួច​ឲ្យ​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​គេ​វិញ​ទៅ»។ ដូច្នេះ ស្តេច​ក៏​ចាត់​ចែង​ភោជនា‌ហារ​យ៉ាង​ច្រើន​ឲ្យ​គេ កាល​គេ​បាន​បរិ‌ភោគ​រួច​ហើយ ទ្រង់​លែង​ឲ្យ​ទៅ​វិញ ហើយ​គេ​វិល​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​ខ្លួន ឯ​សាសន៍​ស៊ីរី​ក៏​លែង​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដោយ​ពួកៗ​ទៀត។

២ ពង្សាវតារក្សត្រ 6:8-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ពេល​ស្ដេច​ស្រុក​ស៊ីរី​កំពុង​តែ​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​កោះ​ហៅ​ពួក​មេ‌ទ័ព​មក​រួម​ប្រជុំ​ពិភាក្សា​គ្នា រួច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​បោះ​ទ័ព​នៅ​កន្លែង​មួយ​នោះ»។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ចាត់​គេ​ឲ្យ​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ថា៖ «សូម​ព្រះ‌ករុណា​ប្រុង​ប្រយ័ត្ន កុំ​យាង​កាត់​តាម​កន្លែង​មួយ​នោះ​ឲ្យ​សោះ ដ្បិត​កង‌ទ័ព​ស៊ីរី​ចុះ​មក​តាម​នោះ​ហើយ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប‌ការណ៍ នៅ​កន្លែង ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ប្រាប់។ ហេតុ‌ការណ៍​កើត​មាន​ជា​ច្រើន​លើក​ច្រើន​សា ដូច​ពាក្យ​លោក​អេលីសេ​ទូល​ស្ដេច​ឲ្យ​ប្រុង​ប្រយ័ត្ន​ជា​មុន។ ស្ដេច​ស្រុក​ស៊ីរី​មាន​ព្រះ‌ហឫទ័យ​ខ្វល់​ខ្វាយ​ជា​ខ្លាំង​ចំពោះ​ហេតុ‌ការណ៍​នេះ ទ្រង់​កោះ​ហៅ​ពួក​មេ‌ទ័ព​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​ពួក​យើង មាន​ម្នាក់​ចូល​ដៃ​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល?»។ មាន​មេ‌ទ័ព​ម្នាក់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! គ្មាន​នរណា​ក្បត់​ទេ! ប៉ុន្តែ អ្វីៗ​ដែល​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ក្នុង​ក្រឡា‌បន្ទំ ព្យាការី​អេលីសេ​នៅ​ស្រុក​អ៊ីស្រា‌អែល យក​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទាំង​អស់»។ ស្ដេច​ស្រុក​ស៊ីរី​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​រក​មើល​កន្លែង​ដែល​គាត់​នៅ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ចាប់!»។ គេ​ទូល​ស្ដេច​ថា៖ «លោក​នៅ​ក្រុង​ដូថាន់»។ ស្ដេច​ស្រុក​ស៊ីរី​ចាត់​ពល​ទាហាន​យ៉ាង​ច្រើន មាន​ទាំង​ពល​សេះ និង​រទេះ​ចម្បាំង​ផង។ កង‌ទ័ព​ស៊ីរី​ទៅ​ដល់​ក្នុង​ពេល​យប់​នោះ ហើយ​ឡោម‌ព័ទ្ធ​ទីក្រុង។ លុះ​ព្រឹក​ឡើង អ្នក​បម្រើ​របស់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់​បាន​ភ្ញាក់​ពី​ព្រលឹម ចេញ​មក​ក្រៅ ឃើញ​មាន​ពល​ទាហាន មាន​ទ័ព​សេះ និង​រទេះ​ចម្បាំង​ឡោម‌ព័ទ្ធ​ទីក្រុង។ អ្នក​បម្រើ​នោះ​ជម្រាប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «លោក​ម្ចាស់​អើយ! តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?»។ លោក​ឆ្លើយ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​អ្នក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​គេ​ទៅ​ទៀត»។ លោក​អេលីសេ​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​មេត្តា​បើក​ភ្នែក​គេ​ឲ្យ​មើល​ឃើញ​ផង!»។ ព្រះ‌អម្ចាស់​បើក​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​គេ​ក៏​មើល​ឃើញ នៅ​លើ​ភ្នំ មាន​សុទ្ធ​តែ​ទ័ព​សេះ និង​រទេះ​ចម្បាំង​ជា​ភ្លើង ជុំ‌វិញ​លោក​អេលីសេ។ ពល​ទាហាន​ស៊ីរី​ចុះ​តម្រង់​មក​រក​លោក​អេលីសេ លោក​អធិស្ឋាន​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះអង្គ​មេត្តា​ធ្វើ​ឲ្យ​ពួក​គេ​ស្រវាំង​ភ្នែក​ទៅ!»។ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​ទាហាន​ស៊ីរី​ស្រវាំង​ភ្នែក តាម​ពាក្យ​សុំ​របស់​លោក​អេលីសេ។ លោក​អេលីសេ​ប្រាប់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ច្រឡំ​ផ្លូវ​ហើយ មិន​មែន​ក្រុង​នេះ​ទេ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ទៅ​នោះ។ សូម​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ជួប​មនុស្ស​ដែល​អ្នក​រាល់​គ្នា​កំពុង​ស្វែង​រក»។ លោក​នាំ​ពួក​គេ​ចូល​ក្រុង​សាម៉ារី។ លុះ​ពួក​គេ​ចូល​ក្នុង​ក្រុង​សាម៉ារី​ហើយ លោក​អេលីសេ​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​មេត្តា​ប្រោស​ឲ្យ​ភ្នែក​របស់​អ្នក​ទាំង​នេះ​ភ្លឺ​ផង!»។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួក​គេ​ភ្លឺ ហើយ​ពួក​គេ​ឃើញ​ថា ខ្លួន​កំពុង​ស្ថិត​នៅ​កណ្ដាល​ក្រុង​សាម៉ារី។ ពេល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទត​ឃើញ​ទាហាន​ស៊ីរី ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​លោក​អេលីសេ​ថា៖ «លោក​ឪពុក! តើ​យើង​ត្រូវ​ប្រហារ​ជីវិត​ពួក​គេ​ឬ?»។ លោក​ទូល​ស្ដេច​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​ពួក​គេ​ធ្វើ​អ្វី តើ​ព្រះ‌ករុណា​គួរ​ប្រហារ​ជីវិត​ឈ្លើយ​សឹក​ដោយ​មុខ​ដាវ ឬ​ដោយ​ព្រួញ? សូម​ព្រះ‌ករុណា​ប្រទាន​នំបុ័ង និង​ទឹក​ឲ្យ​ពួក​គេ​បរិភោគ រួច​លែង​ពួក​គេ​ឲ្យ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ​ចុះ»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ទទួល​ទាហាន​ស៊ីរី​ទាំង​នោះ។ កាល​ពួក​គេ​បរិភោគ​រួច​ហើយ ស្ដេច​ឲ្យ​ពួក​គេ​វិល​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ទាហាន​ស៊ីរី​លែង​ឈ្លាន‌ពាន​ចូល​មក​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត។

២ ពង្សាវតារក្សត្រ 6:8-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ស្តេច​ស្រុក​ស៊ីរី ទ្រង់​កំពុង​តែ​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល ក៏​ហៅ​ពួក​អ្នក​ជំនិត​ទ្រង់​មក​ពិគ្រោះ​គ្នា រួច​បង្គាប់​ថា យើង​នឹង​បោះ​ទ័ព​នៅ​ទី​ណា​មួយ​នោះ ដូច្នេះ អ្នក​សំណប់​របស់​ព្រះ លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដល់​ស្តេច​អ៊ីស្រាអែល​ថា សូម​ទ្រង់​ប្រយ័ត កុំ​យាង​ទៅ​តាម​ទី​១​នោះ​ឡើយ ដ្បិត​ពួក​ស៊ីរី​គេ​ចុះ​មក​តាម​ផ្លូវ​នោះ​ហើយ ស្តេច​អ៊ីស្រាអែល​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​កន្លែង​ណា​ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រាប់​ឲ្យ​ប្រយ័ត​នោះ ទ្រង់​ក៏​បាន​រួច​ពី​សេចក្ដី​អន្តរាយ​នៅ​ទី​ទាំង​នោះ មិន​មែន​តែ​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ទេ ឯ​ស្តេច​ស្រុក​ស៊ីរី ទ្រង់​មាន​ព្រះ‌ទ័យ​វល់​អំពី​ដំណើរ​នោះ ក៏​ហៅ​ពួក​អ្នក​ជំនិត​មក​សួរ​ថា តើ​អ្នក​រាល់​គ្នា​មិន​ព្រម​ប្រាប់​ឲ្យ​យើង​ដឹង​ជា​អ្នក​ណា​ក្នុង​ពួក​យើង ដែល​កាន់​ខាង​ស្តេច​អ៊ីស្រាអែល​ទេ​ឬ នោះ​អ្នក​ជំនិត​ទ្រង់​ម្នាក់​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ ឥត​មាន​អ្នក​ណា​ឡើយ គឺ​ជា​អេលី‌សេ ជា​ហោរា ដែល​នៅ​ស្រុក​អ៊ីស្រាអែល​វិញ គាត់​នាំ​យក​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​បន្ទូល នៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​របស់​ទ្រង់ ទៅ​ប្រាប់​ដល់​ស្តេច​អ៊ីស្រាអែល រួច​ទ្រង់​បង្គាប់​ថា ចូរ​ទៅ​សង្កេត​មើល​កន្លែង​ណា​ដែល​វា​នៅ ដើម្បី​ឲ្យ​អញ​បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​នាំ​មក នោះ​មាន​គេ​ទូល​ទ្រង់​ថា មើល គាត់​នៅ​ឯ​ក្រុង​ដូថាន់។ ដូច្នេះ ទ្រង់​ក៏​ចាត់​ពល​សេះ រទេះ​ចំបាំង នឹង​ពួក​ទ័ព​សន្ធឹក​ឲ្យ​ចេញ​ទៅ គេ​ក៏​ទៅ​ឡោម‌ព័ទ្ធ​ទី​ក្រុង​នោះ​ទាំង​យប់ ឯ​អ្នក​បំរើ​នៃ​អ្នក​សំណប់​របស់​ព្រះ កាល​បាន​ក្រោក​ពី​ព្រលឹម​ចេញ​ទៅ​ក្រៅ នោះ​ឃើញ​មាន​ពល‌ទ័ព​ដែល​មាន​ទាំង​សេះ នឹង​រទេះ​ចំបាំង នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង រួច​អ្នក​បំរើ​ជំរាប​លោក​ថា វរ‌ហើយ ចៅហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច លោក​ឆ្លើយ​តប​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត នោះ​អេលី‌សេ​ក៏​អធិ‌ស្ឋាន​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បំរើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ នឹង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលី‌សេ កាល​បាន​ចុះ​មក​ដល់​អេលី‌សេ​ហើយ នោះ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា សូម​ព្រះ‌អង្គ​វាយ​ពួក​ស៊ីរី​នេះ ឲ្យ​ភ្នែក​គេ​ត្រូវ​ថ្ពឹន​ទៅ ដូច្នេះ ទ្រង់​ក៏​ធ្វើ​ឲ្យ​ភ្នែក​គេ ត្រូវ​ថ្ពឹន​តាម​ពាក្យ​អេលី‌សេ ហើយ​អេលី‌សេ​ប្រាប់​គេ​ថា មិន​មែន​ផ្លូវ​នេះ ហើយ​មិន​មែន​ទី​ក្រុង​នេះ​ដែរ សូម​មក​តាម​ខ្ញុំ​ចុះ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​មនុស្ស ដែល​ត្រូវ​រក​នោះ តែ​លោក​នាំ​គេ​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។ លុះ​គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​សាម៉ារី​ហើយ នោះ​អេលី‌សេ​អធិ‌ស្ឋាន​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ទាំង​នេះ​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​មើល​ឃើញ​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ប្រទាន​ឲ្យ​ភ្នែក​គេ​បាន​ភ្លឺ​ឡើង​វិញ ឲ្យ​គេ​បាន​មើល​ឃើញ នោះ​ក៏​ឃើញ​ថា គេ​នៅ​កណ្តាល​ក្រុង​សាម៉ារី​ហើយ កាល​ស្តេច​អ៊ីស្រាអែល​បាន​ឃើញ​គេ នោះ​ទ្រង់​មាន​បន្ទូល​សួរ​អេលី‌សេ​ថា លោក​ឪពុក​អើយ តើ​ត្រូវ​ឲ្យ​ប្រហារ​ជីវិត​គេ តើ​ត្រូវ​សំឡាប់​គេ​ឬ​អី លោក​ទូល​ឆ្លើយ​ថា មិន​ត្រូវ​ប្រហារ​គេ​ទេ តើ​នឹង​វាយ​សំឡាប់​ពួក​ឈ្លើយ ដែល​ចាប់​ក្នុង​ការ​សង្គ្រាម​ឬ​អី សូម​ដាក់​នំបុ័ង នឹង​ទឹក​មក នៅ​មុខ​គេ​ឲ្យ​បរិភោគ​វិញ រួច​ឲ្យ​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​គេ​ទៅ ដូច្នេះ ស្តេច​ក៏​ចាត់‌ចែង​ភោជ‌នាហារ​យ៉ាង​ច្រើន​ឲ្យ​គេ កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ទ្រង់​លែង​ឲ្យ​ទៅ​វិញ ហើយ​គេ​វិល​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​ខ្លួន​ទៅ ឯ​សាសន៍​ស៊ីរី​ក៏​លែង​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​អ៊ីស្រាអែល​ដោយ​ពួកៗ​ទៀត។