២ ពង្សាវតារក្សត្រ 6:8-12

២ ពង្សាវតារក្សត្រ 6:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​ពេល​ដែល​ស្តេច​ស្រុក​ស៊ីរី​កំពុង​តែ​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ក៏​ហៅ​ពួក​អ្នក​ជំនិត​ទ្រង់​មក​ពិគ្រោះ​គ្នា រួច​បង្គាប់​ថា៖ «យើង​នឹង​បោះ​ទ័ព​នៅ​កន្លែង​មួយ​នោះ»។ ដូច្នេះ អ្នក​សំណព្វ​របស់​ព្រះ​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា៖ «សូម​ទ្រង់​ប្រយ័ត្ន កុំ​យាង​ទៅ​តាម​ទី​មួយ​នោះ​ឡើយ ដ្បិត​ពួក​ស៊ីរី​គេ​ចុះ​មក​តាម​ផ្លូវ​នោះ​ហើយ»។ ស្តេច​អ៊ីស្រា‌អែល​ក៏​ចាត់​គេ ឲ្យ​ទៅ​កន្លែង​ដែល​អ្នក​សំណព្វ​របស់​ព្រះ​បាន​ប្រាប់​ឲ្យ​ប្រយ័ត្ន​នោះ ទ្រង់​ក៏​បាន​រួច​ពី​សេចក្ដី​អន្តរាយ​នៅ​ទី​នោះ មិន​មែន​តែ​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ទេ។ ឯ​ស្តេច​ស្រុក​ស៊ីរី​មាន​ព្រះ‌ហឫ‌ទ័យ​វល់​អំពី​ដំណើរ​នោះ ក៏​ហៅ​ពួក​អ្នក​ជំនិត​មក​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ព្រម​ប្រាប់​ឲ្យ​យើង​ដឹង​ជា​អ្នក​ណា​ក្នុង​ពួក​យើង ដែល​កាន់​ខាង​ស្តេច​អ៊ីស្រា‌អែល​ទេ​ឬ?» អ្នក​ជំនិត​ទ្រង់​ម្នាក់​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ឥត​មាន​អ្នក​ណា​ឡើយ គឺ​អេលី‌សេ ជា​ហោរា​ដែល​នៅ​ស្រុក​អ៊ីស្រា‌អែល គាត់​នាំ​យក​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល នៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​របស់​ព្រះ‌អង្គ ទៅ​ប្រាប់​ដល់​ស្តេច​អ៊ីស្រា‌អែល»។

២ ពង្សាវតារក្សត្រ 6:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ពេល​ស្ដេច​ស្រុក​ស៊ីរី​កំពុង​តែ​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​កោះ​ហៅ​ពួក​មេ‌ទ័ព​មក​រួម​ប្រជុំ​ពិភាក្សា​គ្នា រួច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​បោះ​ទ័ព​នៅ​កន្លែង​មួយ​នោះ»។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ចាត់​គេ​ឲ្យ​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ថា៖ «សូម​ព្រះ‌ករុណា​ប្រុង​ប្រយ័ត្ន កុំ​យាង​កាត់​តាម​កន្លែង​មួយ​នោះ​ឲ្យ​សោះ ដ្បិត​កង‌ទ័ព​ស៊ីរី​ចុះ​មក​តាម​នោះ​ហើយ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប‌ការណ៍ នៅ​កន្លែង ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ប្រាប់។ ហេតុ‌ការណ៍​កើត​មាន​ជា​ច្រើន​លើក​ច្រើន​សា ដូច​ពាក្យ​លោក​អេលីសេ​ទូល​ស្ដេច​ឲ្យ​ប្រុង​ប្រយ័ត្ន​ជា​មុន។ ស្ដេច​ស្រុក​ស៊ីរី​មាន​ព្រះ‌ហឫទ័យ​ខ្វល់​ខ្វាយ​ជា​ខ្លាំង​ចំពោះ​ហេតុ‌ការណ៍​នេះ ទ្រង់​កោះ​ហៅ​ពួក​មេ‌ទ័ព​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​ពួក​យើង មាន​ម្នាក់​ចូល​ដៃ​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល?»។ មាន​មេ‌ទ័ព​ម្នាក់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! គ្មាន​នរណា​ក្បត់​ទេ! ប៉ុន្តែ អ្វីៗ​ដែល​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ក្នុង​ក្រឡា‌បន្ទំ ព្យាការី​អេលីសេ​នៅ​ស្រុក​អ៊ីស្រា‌អែល យក​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទាំង​អស់»។

២ ពង្សាវតារក្សត្រ 6:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ស្តេច​ស្រុក​ស៊ីរី ទ្រង់​កំពុង​តែ​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល ក៏​ហៅ​ពួក​អ្នក​ជំនិត​ទ្រង់​មក​ពិគ្រោះ​គ្នា រួច​បង្គាប់​ថា យើង​នឹង​បោះ​ទ័ព​នៅ​ទី​ណា​មួយ​នោះ ដូច្នេះ អ្នក​សំណប់​របស់​ព្រះ លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដល់​ស្តេច​អ៊ីស្រាអែល​ថា សូម​ទ្រង់​ប្រយ័ត កុំ​យាង​ទៅ​តាម​ទី​១​នោះ​ឡើយ ដ្បិត​ពួក​ស៊ីរី​គេ​ចុះ​មក​តាម​ផ្លូវ​នោះ​ហើយ ស្តេច​អ៊ីស្រាអែល​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​កន្លែង​ណា​ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រាប់​ឲ្យ​ប្រយ័ត​នោះ ទ្រង់​ក៏​បាន​រួច​ពី​សេចក្ដី​អន្តរាយ​នៅ​ទី​ទាំង​នោះ មិន​មែន​តែ​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ទេ ឯ​ស្តេច​ស្រុក​ស៊ីរី ទ្រង់​មាន​ព្រះ‌ទ័យ​វល់​អំពី​ដំណើរ​នោះ ក៏​ហៅ​ពួក​អ្នក​ជំនិត​មក​សួរ​ថា តើ​អ្នក​រាល់​គ្នា​មិន​ព្រម​ប្រាប់​ឲ្យ​យើង​ដឹង​ជា​អ្នក​ណា​ក្នុង​ពួក​យើង ដែល​កាន់​ខាង​ស្តេច​អ៊ីស្រាអែល​ទេ​ឬ នោះ​អ្នក​ជំនិត​ទ្រង់​ម្នាក់​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ ឥត​មាន​អ្នក​ណា​ឡើយ គឺ​ជា​អេលី‌សេ ជា​ហោរា ដែល​នៅ​ស្រុក​អ៊ីស្រាអែល​វិញ គាត់​នាំ​យក​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​បន្ទូល នៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​របស់​ទ្រង់ ទៅ​ប្រាប់​ដល់​ស្តេច​អ៊ីស្រាអែល