២ ពង្សាវតារក្សត្រ 6:15-17
២ ពង្សាវតារក្សត្រ 6:15-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលអ្នកបម្រើនៃអ្នកសំណព្វរបស់ព្រះបានក្រោកពីព្រលឹម ចេញទៅក្រៅ ឃើញមានពលទ័ពដែលមានទាំងសេះ និងរទេះចម្បាំងនៅព័ទ្ធជុំវិញទីក្រុង រួចអ្នកបម្រើជម្រាបលោកថា៖ «វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច?» លោកឆ្លើយតបថា៖ «កុំខ្លាចអី ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»។ ពេលនោះ អេលីសេក៏អធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកគេបានមើលឃើញ» ព្រះយេហូវ៉ាក៏ប្រោសភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចម្បាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ។
២ ពង្សាវតារក្សត្រ 6:15-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះព្រឹកឡើង អ្នកបម្រើរបស់អ្នកជំនិតព្រះជាម្ចាស់បានភ្ញាក់ពីព្រលឹម ចេញមកក្រៅ ឃើញមានពលទាហាន មានទ័ពសេះ និងរទេះចម្បាំងឡោមព័ទ្ធទីក្រុង។ អ្នកបម្រើនោះជម្រាបអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «លោកម្ចាស់អើយ! តើយើងត្រូវធ្វើដូចម្ដេច?»។ លោកឆ្លើយថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតអ្នកដែលនៅខាងយើង មានគ្នាច្រើនជាងពួកគេទៅទៀត»។ លោកអេលីសេអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមមេត្តាបើកភ្នែកគេឲ្យមើលឃើញផង!»។ ព្រះអម្ចាស់បើកភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលឃើញ នៅលើភ្នំ មានសុទ្ធតែទ័ពសេះ និងរទេះចម្បាំងជាភ្លើង ជុំវិញលោកអេលីសេ។
២ ពង្សាវតារក្សត្រ 6:15-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអ្នកបំរើនៃអ្នកសំណប់របស់ព្រះ កាលបានក្រោកពីព្រលឹមចេញទៅក្រៅ នោះឃើញមានពលទ័ពដែលមានទាំងសេះ នឹងរទេះចំបាំង នៅព័ទ្ធជុំវិញទីក្រុង រួចអ្នកបំរើជំរាបលោកថា វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច លោកឆ្លើយតបថា កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត នោះអេលីសេក៏អធិស្ឋានថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកវាបានមើលឃើញ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបំរើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ នឹងរទេះចំបាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ