២ ពង្សាវតារក្សត្រ 6:12-18

២ ពង្សាវតារក្សត្រ 6:12-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ជំនិត​ទ្រង់​ម្នាក់​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ឥត​មាន​អ្នក​ណា​ឡើយ គឺ​អេលី‌សេ ជា​ហោរា​ដែល​នៅ​ស្រុក​អ៊ីស្រា‌អែល គាត់​នាំ​យក​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល នៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​របស់​ព្រះ‌អង្គ ទៅ​ប្រាប់​ដល់​ស្តេច​អ៊ីស្រា‌អែល»។ រួច​ទ្រង់​បង្គាប់​ថា៖ «ចូរ​ទៅ​សង្កេត​មើល​កន្លែង​ណា​ដែល​គាត់​នៅ ដើម្បី​ឲ្យ​យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​មក»។ មាន​គេ​ទូល​ទ្រង់​ថា៖ «គាត់​នៅ​ឯ​ក្រុង​ដូថាន់»។ ដូច្នេះ ទ្រង់​ក៏​ចាត់​ពល​សេះ រទេះ​ចម្បាំង និង​ពួក​ទ័ព​សន្ធឹក​ឲ្យ​ចេញ​ទៅ គេ​ក៏​ទៅ​ឡោម‌ព័ទ្ធ​ទី​ក្រុង​នោះ​ទាំង​យប់។ ពេល​អ្នក​បម្រើ​នៃ​អ្នក​សំណព្វ​របស់​ព្រះ​បាន​ក្រោក​ពី​ព្រលឹម ចេញ​ទៅ​ក្រៅ ឃើញ​មាន​ពល‌ទ័ព​ដែល​មាន​ទាំង​សេះ និង​រទេះ​ចម្បាំង​នៅ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង រួច​អ្នក​បម្រើ​ជម្រាប​លោក​ថា៖ «វរ​ហើយ ចៅ‌ហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច?» លោក​ឆ្លើយ​តប​ថា៖ «កុំ​ខ្លាច​អី ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត»។ ពេល​នោះ អេលី‌សេ​ក៏​អធិ‌ស្ឋាន​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​គេ​បាន​មើល​ឃើញ» ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​គេ​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចម្បាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំ‌វិញ​អេលី‌សេ។ កាល​ពួក​ស៊ីរី បាន​ចុះ​មក​ដល់​អេលី‌សេ​ហើយ នោះ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «សូម​ព្រះ‌អង្គ​វាយ​ពួក​ស៊ីរី​នេះ ឲ្យ​ភ្នែក​គេ​ស្រវាំង​ទៅ» ដូច្នេះ ទ្រង់​ក៏​ធ្វើ​ឲ្យ​ភ្នែក​គេ​ស្រវាំង​តាម​ពាក្យ​អេលី‌សេ

២ ពង្សាវតារក្សត្រ 6:12-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​មេ‌ទ័ព​ម្នាក់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! គ្មាន​នរណា​ក្បត់​ទេ! ប៉ុន្តែ អ្វីៗ​ដែល​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ក្នុង​ក្រឡា‌បន្ទំ ព្យាការី​អេលីសេ​នៅ​ស្រុក​អ៊ីស្រា‌អែល យក​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទាំង​អស់»។ ស្ដេច​ស្រុក​ស៊ីរី​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​រក​មើល​កន្លែង​ដែល​គាត់​នៅ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ចាប់!»។ គេ​ទូល​ស្ដេច​ថា៖ «លោក​នៅ​ក្រុង​ដូថាន់»។ ស្ដេច​ស្រុក​ស៊ីរី​ចាត់​ពល​ទាហាន​យ៉ាង​ច្រើន មាន​ទាំង​ពល​សេះ និង​រទេះ​ចម្បាំង​ផង។ កង‌ទ័ព​ស៊ីរី​ទៅ​ដល់​ក្នុង​ពេល​យប់​នោះ ហើយ​ឡោម‌ព័ទ្ធ​ទីក្រុង។ លុះ​ព្រឹក​ឡើង អ្នក​បម្រើ​របស់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់​បាន​ភ្ញាក់​ពី​ព្រលឹម ចេញ​មក​ក្រៅ ឃើញ​មាន​ពល​ទាហាន មាន​ទ័ព​សេះ និង​រទេះ​ចម្បាំង​ឡោម‌ព័ទ្ធ​ទីក្រុង។ អ្នក​បម្រើ​នោះ​ជម្រាប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «លោក​ម្ចាស់​អើយ! តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?»។ លោក​ឆ្លើយ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​អ្នក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​គេ​ទៅ​ទៀត»។ លោក​អេលីសេ​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​មេត្តា​បើក​ភ្នែក​គេ​ឲ្យ​មើល​ឃើញ​ផង!»។ ព្រះ‌អម្ចាស់​បើក​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​គេ​ក៏​មើល​ឃើញ នៅ​លើ​ភ្នំ មាន​សុទ្ធ​តែ​ទ័ព​សេះ និង​រទេះ​ចម្បាំង​ជា​ភ្លើង ជុំ‌វិញ​លោក​អេលីសេ។ ពល​ទាហាន​ស៊ីរី​ចុះ​តម្រង់​មក​រក​លោក​អេលីសេ លោក​អធិស្ឋាន​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះអង្គ​មេត្តា​ធ្វើ​ឲ្យ​ពួក​គេ​ស្រវាំង​ភ្នែក​ទៅ!»។ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​ទាហាន​ស៊ីរី​ស្រវាំង​ភ្នែក តាម​ពាក្យ​សុំ​របស់​លោក​អេលីសេ។

២ ពង្សាវតារក្សត្រ 6:12-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​អ្នក​ជំនិត​ទ្រង់​ម្នាក់​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ ឥត​មាន​អ្នក​ណា​ឡើយ គឺ​ជា​អេលី‌សេ ជា​ហោរា ដែល​នៅ​ស្រុក​អ៊ីស្រាអែល​វិញ គាត់​នាំ​យក​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​បន្ទូល នៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​របស់​ទ្រង់ ទៅ​ប្រាប់​ដល់​ស្តេច​អ៊ីស្រាអែល រួច​ទ្រង់​បង្គាប់​ថា ចូរ​ទៅ​សង្កេត​មើល​កន្លែង​ណា​ដែល​វា​នៅ ដើម្បី​ឲ្យ​អញ​បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​នាំ​មក នោះ​មាន​គេ​ទូល​ទ្រង់​ថា មើល គាត់​នៅ​ឯ​ក្រុង​ដូថាន់។ ដូច្នេះ ទ្រង់​ក៏​ចាត់​ពល​សេះ រទេះ​ចំបាំង នឹង​ពួក​ទ័ព​សន្ធឹក​ឲ្យ​ចេញ​ទៅ គេ​ក៏​ទៅ​ឡោម‌ព័ទ្ធ​ទី​ក្រុង​នោះ​ទាំង​យប់ ឯ​អ្នក​បំរើ​នៃ​អ្នក​សំណប់​របស់​ព្រះ កាល​បាន​ក្រោក​ពី​ព្រលឹម​ចេញ​ទៅ​ក្រៅ នោះ​ឃើញ​មាន​ពល‌ទ័ព​ដែល​មាន​ទាំង​សេះ នឹង​រទេះ​ចំបាំង នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង រួច​អ្នក​បំរើ​ជំរាប​លោក​ថា វរ‌ហើយ ចៅហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច លោក​ឆ្លើយ​តប​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត នោះ​អេលី‌សេ​ក៏​អធិ‌ស្ឋាន​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បំរើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ នឹង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលី‌សេ កាល​បាន​ចុះ​មក​ដល់​អេលី‌សេ​ហើយ នោះ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា សូម​ព្រះ‌អង្គ​វាយ​ពួក​ស៊ីរី​នេះ ឲ្យ​ភ្នែក​គេ​ត្រូវ​ថ្ពឹន​ទៅ ដូច្នេះ ទ្រង់​ក៏​ធ្វើ​ឲ្យ​ភ្នែក​គេ ត្រូវ​ថ្ពឹន​តាម​ពាក្យ​អេលី‌សេ