២ ពង្សាវតារក្សត្រ 6:1-7
២ ពង្សាវតារក្សត្រ 6:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ពួកហោរា គេជម្រាបដល់អេលីសេថា៖ «សូមមើល ទីកន្លែងដែលយើងខ្ញុំនៅជាមួយលោកនេះ ចង្អៀតដល់យើងខ្ញុំពេកណាស់ សូមបើកឲ្យយើងខ្ញុំទៅឯទន្លេយ័រដាន់ កាប់យកឈើមួយដើមម្នាក់ ធ្វើជាទីអាស្រ័យនៅទីនោះ» លោកឆ្លើយថា៖ «ចូរទៅចុះ»។ មានម្នាក់និយាយថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំប្របាទផង» លោកតបថា៖ «យើងនឹងទៅដែរ»។ ដូច្នេះ លោកក៏ទៅជាមួយ លុះគេបានទៅដល់ទន្លេយ័រដាន់ហើយ នោះក៏កាប់ឈើ តែកាលម្នាក់កំពុងតែកាប់ នោះផ្លែពូថៅបានរបូតធ្លាក់ទៅក្នុងទឹក រួចអ្នកនោះស្រែកឡើងថា៖ «វរហើយ លោកម្ចាស់ខ្ញុំអើយ ពូថៅនេះខ្ញុំបានខ្ចីពីគេទេ» អ្នកសំណព្វរបស់ព្រះសួរថា៖ «តើធ្លាក់ត្រង់ណា?» អ្នកនោះក៏បង្ហាញកន្លែង រួចលោកកាប់មែកឈើមួយកំណាត់ បោះទៅក្នុងទឹក ហើយផ្លែពូថៅក៏អណ្តែតឡើងមក។ នោះលោកបង្គាប់ថា៖ «ចូរស្រង់យកមក» អ្នកនោះក៏លូកដៃទៅចាប់យកមក។
២ ពង្សាវតារក្សត្រ 6:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ ក្រុមព្យាការីជម្រាបលោកអេលីសេថា៖ «កន្លែងដែលយើងស្នាក់នៅជាមួយលោកនេះចង្អៀតណាស់ សម្រាប់យើងទាំងអស់គ្នា។ សូមអនុញ្ញាតឲ្យយើងនាំគ្នាទៅទន្លេយ័រដាន់ កាប់កូនឈើម្នាក់មួយដើមៗ យកមកធ្វើកន្លែងស្នាក់នៅ»។ លោកអេលីសេមានប្រសាសន៍ថា៖ «ទៅចុះ!»។ មានម្នាក់ក្នុងចំណោមព្យាការីពោលថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំផង!»។ លោកឆ្លើយថា៖ «ខ្ញុំយល់ព្រមទៅជាមួយ»។ លោកធ្វើដំណើរទៅជាមួយពួកគេ។ លុះទៅដល់ទន្លេយ័រដាន់ ពួកគេនាំគ្នាកាប់ដើមឈើ។ ពេលនោះ មានម្នាក់ក្នុងចំណោមពួកគេបានកាប់ដើមឈើ ហើយផ្លែពូថៅរបស់គាត់របូតធ្លាក់ទៅក្នុងទឹក។ គាត់ស្រែកឡើងថា៖ «វីវរហើយលោកម្ចាស់! ពូថៅនេះខ្ញុំខ្ចីគេផង!»។ អ្នកជំនិតរបស់ព្រះជាម្ចាស់សួរថា៖ «តើផ្លែពូថៅនោះធ្លាក់នៅកន្លែងណា?»។ គាត់ចង្អុលបង្ហាញកន្លែងដែលផ្លែពូថៅធ្លាក់។ លោកអេលីសេកាត់ឈើមួយកង់បោះទៅក្នុងទឹក ផ្លែពូថៅក៏ផុសពីទឹកអណ្ដែតឡើង។ លោកបង្គាប់ថា៖ «ចូរស្រង់មក!»។ បុរសនោះលូកដៃទៅចាប់ផ្លែពូថៅស្រង់ឡើង។
២ ពង្សាវតារក្សត្រ 6:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ពួកសិស្សរបស់ពួកហោរា គេជំរាបដល់អេលីសេថា សូមមើល ទីកន្លែងដែលយើងខ្ញុំនៅជាមួយនឹងលោកនេះ ចង្អៀតដល់យើងខ្ញុំពេកណាស់ សូមបើកឲ្យយើងខ្ញុំទៅឯទន្លេយ័រដាន់ កាប់យកឈើមួយដើមម្នាក់ ធ្វើជាទីអាស្រ័យនៅទីនោះ លោកឆ្លើយថា ចូរទៅចុះ មានម្នាក់និយាយថា សូមលោកអញ្ជើញទៅជាមួយនឹងយើងខ្ញុំប្របាទផង លោកតបថា អញនឹងទៅដែរ ដូច្នេះ លោកក៏ទៅជាមួយ លុះគេបានទៅដល់ទន្លេយ័រដាន់ហើយ នោះក៏កាប់ឈើ តែកាលម្នាក់កំពុងតែកាប់ នោះផ្លែពូថៅបានរបូតធ្លាក់ទៅក្នុងទឹក រួចអ្នកនោះស្រែកឡើងថា វរហើយ លោកម្ចាស់ខ្ញុំអើយ ដ្បិតពូថៅនេះខ្ញុំបានខ្ចីមកពីគេ អ្នកសំណប់របស់ព្រះសួរថា តើធ្លាក់ត្រង់ណា អ្នកនោះក៏បង្ហាញកន្លែង រួចលោកកាប់មែកឈើ១កំណាត់ បោះទៅក្នុងទឹក ហើយផ្លែពូថៅក៏អណ្តែតឡើងមក នោះលោកបង្គាប់ថា ចូរចាប់យកចុះ អ្នកនោះក៏លូកដៃទៅចាប់យកមក។