២ ពង្សាវតារក្សត្រ 5:8-14

២ ពង្សាវតារក្សត្រ 5:8-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ពេល​អេលី‌សេ​អ្នក​សំណព្វ​របស់​ព្រះ​បាន​ឮ​ថា ស្តេច​អ៊ីស្រា‌អែល​បាន​ហែក​ព្រះ‌ពស្ត្រ​ដូច្នោះ លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្តេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ដូច្នេះ? សូម​ឲ្យ​លោក​នោះ​មក​ជួប​ទូល‌បង្គំ​ចុះ នោះ​លោក​នឹង​បាន​ជ្រាប​ថា មាន​ហោរា​មួយ​នៅ​ស្រុក​អ៊ីស្រា‌អែល​មែន»។ ដូច្នេះ ណាម៉ាន់​បាន​មក​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អេលី‌សេ មាន​សេះ និង​រទេះ​ផង។ អេលី‌សេ​បាន​ចាត់​អ្នក​បម្រើ​ម្នាក់ ឲ្យ​ទៅ​ជម្រាប​ថា៖ «សូម​លោក​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​ប្រាំពីរ​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ»។ តែ​ណាម៉ាន់​មាន​កំហឹង ហើយ​ក៏​ចេញ​ទៅ ដោយ​ពោល​ថា៖ «ខ្ញុំ​ស្មាន​ថា​ប្រាកដ​ជា​លោក​ចេញ​មក​ជួប​ខ្ញុំ ឈរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក ហើយ​រា​ដៃ​ពី​លើ​ដំបៅ​ឲ្យ​រោគ​ឃ្លង់​បាន​ជា។ ឯ​ទន្លេ​អាបា‌ណា និង​ទន្លេ​ផើផើរ ជា​ទន្លេ​ស្រុក​ដាម៉ាស តើ​មិន​ល្អ​ជាង​ទឹក នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ​ឬ? បើ​ខ្ញុំ​មុជ​ទឹក​ទន្លេ​នោះ តើ​មិន​បាន​ស្អាត​ទេ​ឬ?»។ ដូច្នេះ លោក​ក៏​ត្រឡប់​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​កំហឹង។ ប៉ុន្តែ ពួក​អ្នក​បម្រើ​របស់​លោក​ក៏​អែប​ចូល​ជិត ជម្រាប​ថា៖ «លោក​ឪពុក​អើយ ប្រសិន‌បើ​ហោរា​នោះ​ប្រាប់​ឲ្យ​លោក​ធ្វើ​អ្វី​ដែល​ពិបាក តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ? បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ​ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​គួរ​ធ្វើ​តាម​ជា​ជាង​អំបាល​ម៉ាន​ទៅ​ទៀត?» ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​ប្រាំពីរ​ដង តាម​ពាក្យ​អ្នក​សំណព្វ​របស់​ព្រះ នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេង ហើយ​លោក​បាន​ជា​ស្អាត។

២ ពង្សាវតារក្សត្រ 5:8-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្យាការី​អេលីសេ​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ជ្រាប​ថា ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ហែក​ព្រះ‌ភូសា លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្ដេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ហែក​ព្រះ‌ភូសា​ដូច្នេះ? សូម​ប្រាប់​ឲ្យ​លោក​ណាម៉ាន់​មក​ជួប​នឹង​ទូលបង្គំ​ចុះ នោះ​គាត់​នឹង​ដឹង​ថា នៅ​ស្រុក​អ៊ីស្រា‌អែល​មាន​ព្យាការី​ម្នាក់​មែន!»។ លោក​ណាម៉ាន់​ជិះ​រទេះ​សេះ​មក​ឈប់​នៅ​មុខ​ផ្ទះ​លោក​អេលីសេ។ ព្យាការី​អេលីសេ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​ថា៖ «សូម​អញ្ជើញ​ទៅ​មុជ​ទឹក​ទន្លេ​យ័រដាន់​ឲ្យ​បាន​ចំនួន​ប្រាំ‌ពីរ​ដង​ចុះ នោះ​ស្បែក​របស់​លោក​នឹង​ជា​សះ‌ស្បើយ ហើយ​លោក​នឹង​បាន​បរិសុទ្ធ​មិន​ខាន»។ លោក​ណាម៉ាន់​ក៏​ខឹង ហើយ​ដើរ​ចេញ​ទៅ ទាំង​រអ៊ូ​ថា៖ «ខ្ញុំ​នឹក​ស្មាន​ថា​ព្យាការី​មុខ​ជា​ចេញ​មក​ទទួល​ខ្ញុំ ហើយ​ឈរ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក រួច​ដាក់​ដៃ​លើ​ដំបៅ​របស់​ខ្ញុំ​ឲ្យ​ជា​សះ‌ស្បើយ។ នៅ​ក្រុង​ដាម៉ាស​ក៏​មាន​ទន្លេ​ដែរ គឺ​ទន្លេ​អាបាណា និង​ទន្លេ​ផើ‌ផើរ បើ​គ្រាន់​តែ​មុជ​ទឹក ហើយ​ខ្ញុំ​បាន​ជា​សះ‌ស្បើយ​នោះ ខ្ញុំ​ទៅ​មុជ​ទឹក​ទន្លេ​នៅ​ស្រុក​ខ្ញុំ ប្រសើរ​ជាង​មុជ​ទឹក​ក្នុង​ទន្លេ​ទាំង​ប៉ុន្មាន នៅ​ស្រុក​អ៊ីស្រា‌អែល​នេះ!»។ លោក​ណាម៉ាន់​ចាក​ចេញ​ទៅ ទាំង​ក្រេវ‌ក្រោធ។ ប៉ុន្តែ អ្នក​បម្រើ​របស់​លោក​ចូល​ទៅ​ជិត​លោក ជម្រាប​ថា៖ «លោក​ឪពុក! ប្រសិន​បើ​ព្យាការី​បង្គាប់​ឲ្យ​ធ្វើ​កិច្ចការ​អ្វី​ពិបាក នោះ​លោក​ប្រាកដ​ជា​ធ្វើ​តាម​មិន​ខាន ពេល​នេះ ព្យាការី​គ្រាន់​តែ​សុំ​ឲ្យ​លោក​មុជ​ទឹក ដើម្បី​ជា​ស្អាត​បរិសុទ្ធ ម្ដេច​ក៏​លោក​មិន​ធ្វើ​តាម?»។ លោក​ណាម៉ាន់​ក៏​ចុះ​ទៅ​ក្នុង​ទន្លេ​យ័រដាន់ ហើយ​មុជ​ក្នុង​ទឹក​ចំនួន​ប្រាំ‌ពីរ​ដង តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ប្រាប់ ស្រាប់​តែ​សាច់​របស់​លោក​ឡើង​ស្អាត ដូច​សាច់​កូន​ក្មេង លោក​ក៏​ជា​ស្អាត​បរិសុទ្ធ។

២ ពង្សាវតារក្សត្រ 5:8-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​អេលី‌សេ ជា​អ្នក​សំណប់​របស់​ព្រះ បាន​ឮ​ថា ស្តេច​អ៊ីស្រាអែល​បាន​ហែក​ព្រះ‌ពស្ត្រ​ទ្រង់​ដូច្នោះ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្តេច​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ដូច្នេះ សូម​ឲ្យ​លោក​នោះ​មក​ឯ​ទូលបង្គំ​សិន​ចុះ នោះ​លោក​នឹង​បាន​ជ្រាប​ថា មាន​ហោរា​១​នៅ​ពួក​អ៊ីស្រាអែល​មែន ដូច្នេះ ណាម៉ាន់​ក៏​មក​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អេលី‌សេ មាន​ទាំង​សេះ នឹង​រទេះ​ផង ឯ​អេលី‌សេ លោក​ចាត់​អ្នក​បំរើ​ម្នាក់ ឲ្យ​ទៅ​ជំរាប​ថា សូម​ឲ្យ​លោក​ទៅ​មុជ‌ទឹក​ក្នុង​ទន្លេ​យ័រដាន់​៧​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ តែ​ណាម៉ាន់​មាន​សេចក្ដី​កំហឹង ហើយ​ក៏​ចេញ​ទៅ ដោយ​ពោល​ថា មើល អញ​ស្មាន​ថា​ប្រាកដ​ជា​លោក​នឹង​ចេញ​មក​ឯ​អញ ឈរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ហើយ​រា​ដៃ​ពី​លើ​ដំបៅ​ឲ្យ​រោគ​ឃ្លង់​បាន​ជា ឯ​ទន្លេ​អាបាណា នឹង​ទន្លេ​ផើផើរ ជា​ទន្លេ​ស្រុក​ដាម៉ាស តើ​មិន​ល្អ​ជាង​ទឹក​ទាំង‌ឡាយ នៅ​ស្រុក​អ៊ីស្រាអែល​ទេ​ឬ​អី បើ​អញ​មុជ‌ទឹក​ទន្លេ​នោះ តើ​មិន​បាន​ស្អាត​ទេ​ឬ​អី ដូច្នេះ លោក​ក៏​ត្រឡប់​ចេញ​ពី​ទី​នោះ​ទៅ ដោយ​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង តែ​ពួក​អ្នក​បំរើ​លោក​ក៏​អែប​ចូល​ជិត ជំរាប​ថា លោក​ឪពុក​អើយ បើ‌សិន​ជា​ហោរា​នោះ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី ចំណង់​បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ‌ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​នឹង​គួរ​ធ្វើ​តាម​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ‌ទឹក​ក្នុង​ទន្លេ​យ័រដាន់​អស់​៧​ដង តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេងៗ ហើយ​លោក​បាន​ជា​ស្អាត។