២ ពង្សាវតារក្សត្រ 5:15-18
២ ពង្សាវតារក្សត្រ 5:15-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក លោកបានត្រឡប់ទៅរកអ្នកសំណព្វរបស់ព្រះវិញ ឈរនៅចំពោះមុខជម្រាបថា៖ «ឥឡូវនេះ ខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ ក្រៅពីព្រះនៃសាសន៍អ៊ីស្រាអែលមួយប៉ុណ្ណោះ ដូច្នេះ សូមលោកទទួលរង្វាន់ពីខ្ញុំប្របាទចុះ»។ ប៉ុន្តែ លោកឆ្លើយតបថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ថា ខ្ញុំមិនទទួលយកអ្វីសោះឡើយ» ណាម៉ាន់ក៏អង្វរឲ្យទទួល តែលោកប្រកែកមិនព្រមទេ។ ណាម៉ាន់និយាយថា៖ «បើដូច្នេះ សូមតែឲ្យដីល្មមផ្ទុកលើលាកាត់ពីរមកខ្ញុំប្របាទចុះ ដ្បិតពីនេះទៅមុខ ខ្ញុំប្របាទនឹងមិនថ្វាយតង្វាយដុត ឬយញ្ញបូជាដល់ព្រះណាផ្សេងទៀត ក្រៅពីព្រះយេហូវ៉ាឡើយ។ ប៉ុន្តែ សូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំផង គឺកាលចៅហ្វាយរបស់ខ្ញុំបានយាងចូលទៅថ្វាយបង្គំក្នុងវិហារព្រះរីម៉ូន ហើយខ្ញុំក៏បានឱនខ្លួននៅក្នុងវិហារព្រះរីម៉ូន នោះសូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំ ពីការដែលឱនខ្លួននៅក្នុងវិហារព្រះរីម៉ូននោះផង»។
២ ពង្សាវតារក្សត្រ 5:15-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកត្រឡប់មកជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ ជាមួយពួកបម្រើរបស់លោក។ ពេលទៅដល់ លោកឈរនៅមុខព្យាការី ជម្រាបថា៖ «ខ្ញុំប្របាទដឹងច្បាស់ថា នៅលើផែនដីទាំងមូល ក្រៅពីព្រះរបស់ជនជាតិអ៊ីស្រាអែល គ្មានព្រះណាផ្សេងទៀតឡើយ! ឥឡូវនេះ សូមលោកមេត្តាទទួលជំនូនពីខ្ញុំប្របាទផងចុះ»។ លោកអេលីសេមានប្រសាសន៍តបវិញថា៖ «ខ្ញុំសូមស្បថ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយដែលខ្ញុំគោរពបម្រើថា ខ្ញុំមិនទទួលជំនូនអ្វីពីលោកទេ!»។ លោកណាម៉ាន់ទទូចអង្វរសូមឲ្យព្យាការីទទួល តែលោកមិនព្រមទទួលជាដាច់ខាត។ លោកណាម៉ាន់ក៏មានប្រសាសន៍ថា៖ «បើលោកមិនព្រមទេនោះ សូមមេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទយកដី ផ្ទុកលើខ្នងលាពីរ ដឹកទៅផង ដ្បិតពីពេលនេះតទៅ ខ្ញុំប្របាទមិនថ្វាយតង្វាយដុតទាំងមូល ឬយញ្ញបូជាចំពោះព្រះដទៃ ក្រៅពីព្រះអម្ចាស់ឡើយ។ ប៉ុន្តែ សូមព្រះអម្ចាស់មេត្តាអត់ទោសឲ្យខ្ញុំប្របាទ នៅពេលណាព្រះរាជារបស់ខ្ញុំប្របាទយាងចូលទៅថ្វាយបង្គំព្រះរីម៉ូនក្នុងព្រះវិហារ ស្ដេចតែងតែទប់ព្រះកាយលើដៃរបស់ខ្ញុំប្របាទ នោះខ្ញុំប្របាទត្រូវតែក្រាបនៅចំពោះមុខព្រះរីម៉ូនដែរ។ ដូច្នេះ កាលណាខ្ញុំប្របាទក្រាបនៅចំពោះមុខព្រះរីម៉ូន សូមព្រះអម្ចាស់មេត្តាអត់ទោសឲ្យខ្ញុំប្របាទផង»។
២ ពង្សាវតារក្សត្រ 5:15-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចលោក ព្រមទាំងពួកលោក ក៏វិលទៅឯអ្នកសំណប់របស់ព្រះវិញ ឈរនៅចំពោះមុខជំរាបថា មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ ដូច្នេះ សូមលោកទទួលរង្វាន់ពីខ្ញុំប្របាទចុះ តែលោកឆ្លើយតបថា ខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ថា ខ្ញុំមិនទទួលយកអ្វីសោះឡើយ ណាម៉ាន់ក៏អង្វរឲ្យទទួល តែលោកប្រកែកមិនព្រមទេ ណាម៉ាន់និយាយថា បើដូច្នេះ សូមតែឲ្យដីល្មមផ្ទុកលើលាកាត់២មកខ្ញុំប្របាទចុះ ដ្បិតពីនេះទៅមុខ ខ្ញុំប្របាទនឹងមិនថ្វាយដង្វាយដុត ឬយញ្ញបូជាដល់ព្រះឯណាទៀត ក្រៅពីព្រះយេហូវ៉ាឡើយ តែក្នុងការនេះ សូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំប្របាទផង គឺកាលចៅហ្វាយខ្ញុំប្របាទព្រយុងខ្លួនមកលើដៃខ្ញុំ ចូលទៅថ្វាយបង្គំក្នុងវិហារព្រះរីម៉ូនវេលាណា ហើយខ្ញុំប្របាទក៏ឱនខ្លួននៅក្នុងវិហារព្រះរីម៉ូន នោះសូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំប្របាទ ពីការដែលឱនខ្លួននៅក្នុងវិហារព្រះរីម៉ូននោះផង