២ ពង្សាវតារក្សត្រ 4:18-37

២ ពង្សាវតារក្សត្រ 4:18-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​កូន​នោះ​ធំ​ឡើង ថ្ងៃ​មួយ វា​បាន​ចេញ​ទៅ​រក​ឪពុក ដែល​នៅ​ជា‌មួយ​ពួក​អ្នក​ច្រូត។ វា​ត្អូញ​ប្រាប់​ឪពុក​ថា៖ «ខ្ញុំ​ឈឺ​ក្បាល! ខ្ញុំ​ឈឺ​ក្បាល​ណាស់!» ឪពុក​បង្គាប់​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​បី​វា​យក​ទៅ​ឲ្យ​ម្តាយ​វា​ទៅ»។ អ្នក​នោះ​បាន​បី​យក​ទៅ​ឲ្យ​ម្តាយ ហើយ​វា​អង្គុយ​លើ​ភ្លៅ​ម្តាយ រហូត​ដល់​ថ្ងៃ​ត្រង់ ហើយ​ក៏​ស្លាប់​ទៅ។ នាង​បាន​ឡើង​ទៅ ដាក់​វា​ផ្តេក​នៅ​លើ​គ្រែ​អ្នក​សំណព្វ​របស់​ព្រះ បិទ​ទ្វារ​ជិត ហើយ​ក៏​ចេញ​ទៅ។ បន្ទាប់​មក នាង​ស្រែក​ហៅ​ប្តី​របស់​នាង ហើយ​និយាយ​ថា៖ «សូម​ចាត់​បម្រើ​ម្នាក់ និង​លា​មួយ​មក​ឲ្យ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​រត់​ទៅ​រក​អ្នក​សំណព្វ​របស់​ព្រះ ហើយ​វិល​មក​វិញ»។ ប្តី​សួរ​ថា៖ «ហេតុអ្វី​ឯង​ចង់​ទៅ​រក​លោក​នៅ​ថ្ងៃ​នេះ? នេះ​មិន​មែន​ជា​ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​សប្ប័ទ​ទេ» នាង​ឆ្លើយ​ថា៖ «មិន​អី​ទេ»។ ពេល​នោះ នាង​បាន​ចង​កែប​លា ហើយ​បង្គាប់​អ្នក​បម្រើ​ថា៖ «ចូរ​ប្រញាប់​ទៅ កុំ​បង្អង់​ឡើយ លុះ​ត្រា​តែ​ខ្ញុំ​ប្រាប់​អ្នក​ឲ្យ​ឈប់»។ ដូច្នេះ នាង​បាន​ចេញ​ទៅ ហើយ​ជួប​អ្នក​សំណព្វ​របស់​ព្រះ​នៅ​ភ្នំ​កើមែល។ ពេល​លោក​បាន​ឃើញ​នាង​មក​ពី​ចម្ងាយ លោក​បង្គាប់​ទៅ​កេហា‌ស៊ី​ជា​អ្នក​បម្រើ​ថា៖ «នុ៎ះន៏ ស្ត្រី​នៅ​ស្រុក​ស៊ូណែម ចូរ​រត់​ទៅ​ទទួល​នាង ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ឬ​ទេ? តើ​ប្តី​របស់​អ្នក​ជា​ឬ​ទេ? ហើយ​កូន​របស់​អ្នក​ជា​ឬ​ទេ?» នាង​ឆ្លើយ​ថា៖ «ជា​ទេ»។ ពេល​នាង​បាន​មក​ដល់​អ្នក​សំណព្វ​របស់​ព្រះ នៅ​លើ​ភ្នំ​ហើយ នាង​ក៏​ចាប់​ជើង​លោក កេហា‌ស៊ី​ក៏​ចូល​ទៅ ដើម្បី​ច្រាន​នាង​ចេញ តែ​អ្នក​សំណព្វ​របស់​ព្រះ​ឃាត់​ថា៖ «បណ្តោយ​តាម​នាង​ចុះ ព្រោះ​នាង​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត ហើយ​ព្រះ‌យេហូវ៉ា​បាន​លាក់​នឹង​ខ្ញុំ ឥត​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​សោះ»។ ពេល​នោះ នាង​ពោល​ថា៖ «តើ​នាង​ខ្ញុំ​បាន​សូម​កូន​ពី​លោក​ម្ចាស់​មែន​ទេ? តើ​នាង​ខ្ញុំ​មិន​បាន​សូម​ថា កុំ​បញ្ឆោត​នាង​ខ្ញុំ​ឬ​ទេ?» លោក​អេលីសេ​បង្គាប់​កេហា‌ស៊ី​ថា៖ «ចូរ​ក្រវាត់​ចង្កេះ ហើយ​កាន់​ដំបង​របស់​ខ្ញុំ​ចេញ​ទៅ បើ​ជួប​អ្នក​ណា​តាម​ផ្លូវ កុំ​ជម្រាប​សួរ​គេ​ឡើយ បើ​អ្នក​ណា​ជម្រាប​សួរ​ឯង ក៏​កុំ​ឆ្លើយ​តប​វិញ​ដែរ ចូរ​ទៅ​ដាក់​ដំបង​របស់​ខ្ញុំ​នៅ​លើ​មុខ​កូន​នោះ​ទៅ»។ បន្ទាប់​មក ម្តាយ​របស់​កូន​នោះ​និយាយ​ថា៖ «នាង​ខ្ញុំ​សូម​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ និង​ដោយ​នូវ​ព្រលឹង​លោក​ដែល​នៅ​រស់​ដែរ​ថា នាង​ខ្ញុំ​មិន​ព្រម​ឃ្លាត​ចេញ​ពី​លោក​ឡើយ!»។ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​តាម​នាង។ កេហា‌ស៊ី​បាន​ទៅ​មុន ហើយ​ដាក់​ដំបង​នៅ​លើ​មុខ​កូន​នោះ តែ​គ្មាន​ឮ​សំឡេង ឬ​មាន​ចលនា​អ្វី​សោះ។ គាត់​បាន​ត្រឡប់​មក​ជួប​អេលី‌សេ​វិញ ជម្រាប​ថា៖ «ក្មេង​នោះ​មិន​ភ្ញាក់​ទេ»។ ពេល​អេលី‌សេ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ គាត់​បាន​ឃើញ​កូន​នោះ​ស្លាប់​នៅ​លើ​គ្រែ​របស់​លោក។ ដូច្នេះ លោក​បាន​ចូល​ទៅ​ក្នុង ហើយ​បិទ​ទ្វារ មាន​តែ​គ្នា​ពីរ​នាក់ ក៏​អធិ‌ស្ឋាន​ទូល​ដល់​ព្រះ‌យេហូវ៉ា។ ពេល​នោះ លោក​ឡើង​ទៅ​ពោប​លើកូន​នោះ ដាក់​មាត់​លោក​ទល់​នឹង​មាត់​វា ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​នៅ​លើ​ដៃ​ដែរ ក៏​សន្ធឹង​ខ្លួន​លើ​វា រួច​សាច់​កូន​នោះ​ក៏​មាន​កម្ដៅ​ឡើង។ លោក​បាន​ចុះ​មក​វិញ ដើរ​ចុះ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ឡើង​ទៅ​សន្ធឹង​ខ្លួន​លើ​វា​ទៀត ហើយ​វា​កណ្តាស់​ប្រាំពីរ​ដង រួច​បើក​ភ្នែក។ ដូច្នេះ លោក​អេលីសេ​ហៅ​កេហា‌ស៊ី​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​មក​នេះ» គាត់​ក៏​ហៅ​នាង​មក។ ពេល​នាង​ចូល​មក​ដល់ លោក​ប្រាប់​ថា៖ «ចូរ​លើក​បី​កូន​នាង​ឡើង»។ នាង​ក៏​ចូល​ទៅ​ផ្តួល​ខ្លួន ក្រាប​ចុះ​ដល់​ដី នៅ​ទៀប​ជើង​លោក រួច​លើក​កូន​បី​ចេញ​ទៅ។

២ ពង្សាវតារក្សត្រ 4:18-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​ប្រុស​នោះ​មាន​វ័យ​ចម្រើន​ធំ​ឡើង។ ថ្ងៃ​មួយ កូន​នោះ​ទៅ​លេង​ជា​មួយ​ឪពុក ដែល​កំពុង​ត្រួត​ពិនិត្យ​អ្នក​ច្រូត​ស្រូវ។ ស្រាប់​តែ​ក្មេង​នោះ​ប្រាប់​ឪពុក​ថា៖ «ពុក​អើយ កូន​ឈឺ​ក្បាល កូន​ឈឺ​ក្បាល​ណាស់!»។ ឪពុក​ស្រែក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​បី​យក​ទៅ​ឲ្យ​ម្ដាយ​វា​ឆាប់​ឡើង!»។ អ្នក​បម្រើ​បី​ក្មេង​នោះ​យក​ទៅ​ប្រគល់​ឲ្យ​ម្ដាយ។ កូន​នោះ​ដេក​លើ​ភ្លៅ​ម្ដាយ​រហូត​ដល់​ថ្ងៃ​ត្រង់ រួច​ក៏​ស្លាប់​ទៅ។ នាង​បី​កូន​ឡើង​ទៅ​ក្នុង​បន្ទប់​លោក​អេលីសេ នាង​ផ្ដេក​កូន​នៅ​លើ​គ្រែ​របស់​លោក រួច​បិទ​ទ្វារ​បន្ទប់។ នាង​រត់​ទៅ​តាម​ប្ដី​នៅ​ឯ​ស្រែ ស្រែក​ប្រាប់​ថា៖ «សូម​បង​ចាត់​ក្មេង​បម្រើ​ម្នាក់ ព្រម​ទាំង​លា​មួយ​ឲ្យ​មក​ខ្ញុំ! ខ្ញុំ​ប្រញាប់​ទៅ​ផ្ទះ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ រួច​ខ្ញុំ​វិល​មក​វិញ»។ ប្ដី​របស់​នាង​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​ចង់​ទៅ​ផ្ទះ​លោក​នៅ​ថ្ងៃ​នេះ? ព្រោះ​ថ្ងៃ​នេះ​មិន​មែន​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ឬ​ថ្ងៃ​សប្ប័ទ*​ទេ»។ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បារម្ភ​អ្វី​ឡើយ!»។ នាង​ឲ្យ​គេ​ចង​កែប​លា ហើយ​បញ្ជា​ទៅ​ក្មេង​បម្រើ​ថា៖ «ចូរ​ដឹក​លា​ទៅ បើ​ខ្ញុំ​មិន​ប្រាប់​ឲ្យ​ឈប់​ទេ កុំ​ឈប់​តាម​ផ្លូវ​ឲ្យ​សោះ!»។ នាង​ក៏​ចេញ​ដំណើរ​ទៅ ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​នៅ​ភ្នំ​កើមែល។ កាល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ឃើញ​នាង​ពី​ចម្ងាយ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី ជា​ក្មេង​បម្រើ​ថា៖ «មើល៍​ស្ត្រី​នៅ​ភូមិ​ស៊ូ‌ណែម​ទេ​តើ! ចូរ​រត់​ទៅ​ទទួល​នាង ហើយ​សួរ​ថា “នាង​សុខ​សប្បាយ​ឬ​ទេ? ប្ដី​របស់​នាង​សុខ​សប្បាយ​ឬ​ទេ? កូន​របស់​នាង​សុខ​សប្បាយ​ឬ​ទេ?”»។ នាង​ឆ្លើយ​ថា៖ «សុខ​សប្បាយ​ជា​ទេ!»។ កាល​នាង​ទៅ​ដល់​ភ្នំ​កើមែល ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ នាង​ក្រាប​សំពះ​ឱប​ជើង​លោក។ កេហា‌ស៊ី​ចង់​ចូល​ទៅ​ទាញ​នាង​ចេញ តែ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មាន​ប្រសាសន៍​ថា៖ «កុំ​រំខាន​នាង​អី! ព្រោះ​នាង​កំពុង​តែ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​បាន​លាក់​មិន​ឲ្យ​ខ្ញុំ​ដឹង​ហេតុ‌ការណ៍​នោះ​ឡើយ»។ នាង​ពោល​ឡើង​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ពុំ​បាន​សុំ​កូន​ពី​លោក​ទេ នាង​ខ្ញុំ​ជម្រាប​លោក​ម្ចាស់​ហើយ​ថា សូម​កុំ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។ លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី​ថា៖ «ចូរ​រៀបចំ​ខ្លួន ហើយ​យក​ដំបង​របស់​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ចុះ!។ ប្រសិន​បើ​ជួប​អ្នក​ណា​ម្នាក់​តាម​ផ្លូវ ចូរ​កុំ​ជម្រាប​សួរ​គេ ហើយ​បើ​នរណា​ជម្រាប​សួរ​អ្នក កុំ​តប​វិញ​ឡើយ។ ត្រូវ​យក​ដំបង​របស់​ខ្ញុំ​ដាក់​លើ​មុខ​កូន​ក្មេង​នោះ»។ ប៉ុន្តែ ម្ដាយ​របស់​ក្មេង​នោះ​ពោល​ថា៖ «នាង​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា នាង​ខ្ញុំ​មិន​ចាក​ចេញ​ពី​លោក​ទេ!»។ លោក​អេលីសេ​ក្រោក​ឡើង ដើរ​តាម​នាង​ទៅ។ កេហា‌ស៊ី​ទៅ​ដល់​មុន​គេ គាត់​យក​ដំបង​ទៅ​ដាក់​លើ​មុខ​ក្មេង​នោះ ប៉ុន្តែ ពុំ​មាន​ឮ​សូរ​សំឡេង ឬ​មាន​ចលនា​អ្វី​ឡើយ។ កេហា‌ស៊ី​វិល​មក​ជួប​លោក​អេលីសេ​ជម្រាប​ថា៖ «ក្មេង​នោះ​ពុំ​ភ្ញាក់​ទេ»។ កាល​លោក​អេលីសេ​ចូល​ទៅ​ក្នុង​ផ្ទះ ក្មេង​នោះ​ដេក​ស្លាប់​លើ​គ្រែ​ផុត​ទៅ​ហើយ។ លោក​អេលីសេ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ​ជិត។ លោក​នៅ​តែ​ពីរ​នាក់​ជា​មួយ​ក្មេង​នោះ ដើម្បី​ទូល‌អង្វរ​ព្រះ‌អម្ចាស់។ បន្ទាប់​មក លោក​ក៏​ទ្រោប​លើ​ក្មេង​នោះ ដោយ​យក​មាត់​ដាក់​លើ​មាត់ ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​ដាក់​លើ​ដៃ​ដែរ។ លោក​ទ្រោប​លើ​ក្មេង​នោះ ធ្វើ​ឲ្យ​ខ្លួន​របស់​វា​មាន​កម្ដៅ​ឡើង​វិញ។ លោក​អេលីសេ​ចុះ​មក​វិញ ហើយ​ដើរ​ចុះ​ដើរ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ក៏​ឡើង​ទ្រោប​លើ​ខ្លួន​ក្មេង​នោះ​សា​ជា​ថ្មី។ ស្រាប់​តែ​ក្មេង​នោះ​កណ្ដាស់​ប្រាំ‌ពីរ​ដង រួច​បើក​ភ្នែក។ លោក​អេលីសេ​ហៅ​កេហា‌ស៊ី​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​ស្ត្រី​អ្នក​ភូមិ​ស៊ូ‌ណែម​មក!»។ គាត់​ក៏​ទៅ​ហៅ​នាង នាង​ចូល​មក​ជិត​លោក​អេលីសេ លោក​ប្រាប់​នាង​ថា៖ «ចូរ​យក​កូន​នាង​ទៅ​ចុះ!»។ នាង​ចូល​ទៅ​ជិត​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ជើង​លោក រួច​យក​កូន​ចេញ​មក។

២ ពង្សាវតារក្សត្រ 4:18-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​កូន​នោះ​បាន​ធំ​ឡើង​ហើយ នោះ​មាន​កាល​១​ថ្ងៃវា​ចេញ​ទៅ​ឯ​ឪពុក ដែល​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ច្រូត នោះ​វា​ត្អូញ​ប្រាប់​ឪពុក​ថា ខ្ញុំ​ឈឺ​ក្បាល ខ្ញុំ​ឈឺ​ក្បាល​ណាស់ ឪពុក​បង្គាប់​ទៅ​អ្នក​បំរើ​ថា ចូរ​បី​វា​យក​ទៅ​ឲ្យ​ម្តាយ​វា​ទៅ អ្នក​នោះ​ក៏​បី​យក​ទៅ​ឲ្យ​ម្តាយ ហើយ​វា​អង្គុយ​លើ​ភ្លៅ​ម្តាយ រហូត​ដល់​ថ្ងៃ​ត្រង់ រួច​ស្លាប់​ទៅ ម្តាយ​ក៏​ឡើង​ទៅ ដាក់​វា​ផ្តេក​នៅ​លើ​ដំណេក​នៃ​អ្នក​សំណប់​របស់​ព្រះ ហើយ​បិទ​ទ្វារ​ចេញ​ទៅ រួច​នាង​ស្រែក​ទៅ​ប្ដី​ថា សូម​ចាត់​បំរើ​ម្នាក់ នឹង​លា​១​មក​សិន ដើម្បី​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ រួច​វិល​មក​វិញ ប្ដី​តប​ថា ឯង​ចង់​ទៅ​រក​លោក​នៅ​ថ្ងៃ​នេះ​ធ្វើ​អី នេះ​មិន​មែន​ជា​ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ទេ តែ​នាង​ឆ្លើយ​ថា មិន​អី​ទេ នាង​ក៏​ចង​កែប​លា រួច​បង្គាប់​អ្នក​បំរើ​ថា ចូរ​វាយ​ជំរត់​វា​ទៅ កុំ​បង្អង់​ឡើយ លើក​តែ​អញ​បង្គាប់ គឺ​យ៉ាង​នោះ​ដែល​នាង​ធ្វើ​ដំណើរ​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ នៅ​ត្រង់​ភ្នំ​កើមែល។ កាល​អ្នក​សំណប់​របស់​ព្រះ បាន​ឃើញ​នាង​មក​ពី​ចំងាយ នោះ​លោក​បង្គាប់​ទៅ​កេហាស៊ី ជា​អ្នក​បំរើ​ថា នុ៎ះន៏​ស្ត្រី​ស្រុក​ស៊ូណែម ចូរ​រត់​ទៅ​ទទួល ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ទេ​ឬ តើ​ប្ដី​អ្នក​ជា​ទេ​ឬ ហើយ​កូន​អ្នក​ជា​ទេឬ តែ​នាង​ឆ្លើយ​ថា ជា​ទេ កាល​បាន​មក​ដល់​អ្នក​សំណប់​របស់​ព្រះ នៅ​លើ​ភ្នំ​ហើយ នោះ​នាង​ក៏​ចាប់​ជើង​លោក កេហាស៊ី​ក៏​ចូល​ទៅ ដើម្បី​ច្រាន​នាង​ចេញ តែ​អ្នក​សំណប់​របស់​ព្រះ​ឃាត់​ថា បណ្តោយ​តាម​នាង​ចុះ ពី​ព្រោះ​នាង​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាក់​នឹង​អញ ឥត​សំដែង​ឲ្យ​អញ​ដឹង​សោះ នោះ​នាង​និយាយ​ឡើង​ថា តើ​នាង​ខ្ញុំ​បាន​សូម​កូន​ពី​លោក​ម្ចាស់​ឬ​ទេ តើ​នាង​ខ្ញុំ​មិន​បាន​សូម​ថា កុំ​បញ្ឆោត​នាង​ខ្ញុំ​ទេ​ឬ​អី នោះ​លោក​បង្គាប់​កេហាស៊ី​ថា ចូរ​ក្រវាត់​ចង្កេះ​កាន់​ដំបង​របស់​អញ​ចេញ​ទៅ បើ​ចួប​នឹង​អ្នក​ណា​តាម​ផ្លូវ កុំ​ឲ្យ​គំនាប់​គេ​ឡើយ បើ​អ្នក​ណា​គំនាប់​ដល់​ឯង ក៏​កុំ​ឲ្យ​គំនាប់​តប​វិញ​ដែរ ចូរ​ទៅ​ដាក់​ដំបង​អញ​នៅ​លើ​មុខ​កូន​នោះ​ទៅ តែ​ម្តាយ​របស់​កូន​នោះ​និយាយ​ថា នាង​ខ្ញុំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា នាង​ខ្ញុំ​មិន​ព្រម​ឃ្លាត​ចេញ​ពី​លោក​ទេ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​តាម​នាង​ទៅ ឯ​កេហាស៊ី​គាត់​ក៏​ទៅ​មុន ហើយ​ដាក់​ដំបង​នៅ​លើ​មុខ​កូន តែ​គ្មាន​ឮ​សំឡេង កូន​ក៏​គ្មាន​ស្តាប់​អ្វី​ដែរ ដូច្នេះ គាត់​វិល​ទៅ​ចួប​នឹង​អេលី‌សេ​វិញ ជំរាប​ថា កូន​មិន​បាន​ភ្ញាក់​ទេ។ កាល​អេលី‌សេ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ក៏​ឃើញ​កូន​នោះ​ស្លាប់​នៅ​លើ​ដំណេក​របស់​លោក ដូច្នេះ លោក​ចូល​ទៅ​បិទ​ទ្វារ មាន​តែ​គ្នា​២​នាក់ ហើយ​ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា រួច​លោក​ឡើង​ទៅ​ពោប​លើ​កូន​នោះ ដាក់​មាត់​លោក​ទល់​នឹង​មាត់​វា ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​នៅ​លើ​ដៃ​ដែរ ក៏​សន្ធឹង​ខ្លួន​លើ​វា រួច​សាច់​កូន​នោះ​ក៏​ក្តៅ​ឧណ្ហ​ឡើង នោះ​លោក​ក្រោក​ចេញ​ទៅ ដើរ​ចុះ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ឡើង​ទៅ​សន្ធឹង​ខ្លួន​លើ​វា​ទៀត ហើយ​វា​កណ្តាស់​៧​ដង រួច​បើក​ភ្នែក​ឡើង ដូច្នេះ លោក​ហៅ​កេហាស៊ី​មក​បង្គាប់​ថា ចូរ​ទៅ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​នេះ​មក គាត់​ក៏​ហៅ កាល​នាង​បាន​ចូល​មក​ដល់​ហើយ នោះ​លោក​ប្រាប់​ថា ចូរ​លើក​បី​កូន​នាង​ឡើង នាង​ក៏​ចូល​ទៅ​ផ្តួល​ខ្លួន ក្រាប​ចុះ​ដល់​ដី នៅ​ទៀប​ជើង​លោក រួច​លើក​កូន​បី​ចេញ​ទៅ។