២ ពង្សាវតារក្សត្រ 4:1-7

២ ពង្សាវតារក្សត្រ 4:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់​ម្នាក់​ក្នុង​ពួក​ហោរា នាង​បាន​ស្រែក​អង្វរ​ទៅ​អេលី‌សេ​ថា៖ «ប្តី​របស់​ខ្ញុំ ជា​អ្នក​បម្រើ​លោក បាន​ស្លាប់​ហើយ លោក​ក៏​ជ្រាប​ថា អ្នក​បម្រើ​របស់​លោក​បាន​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដែរ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក ចង់​យក​កូន​របស់​ខ្ញុំ​ទាំង​ពីរ​នាក់​ទៅ​ធ្វើ​ជា​អ្នក​បម្រើ​របស់​គេ»។ អេលី‌សេ​សួរ​គាត់​ថា៖ «តើ​នាង​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​នាង? សូម​ប្រាប់​ខ្ញុំ​ចុះ តើ​នាង​មាន​អ្វី​នៅ​ផ្ទះ?» គាត់​ឆ្លើយ​តប​ថា៖ «នាង​ខ្ញុំ​គ្មាន​អ្វី​នៅ​ផ្ទះ​ទេ មាន​តែ​ដប​ប្រេង​មួយ​ប៉ុណ្ណោះ»។ លោក​ប្រាប់​ថា៖ «ចូរ​អ្នក​ចេញ​ទៅ​ខ្ចី​ភាជនៈ ពី​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន គឺ​ជា​ភាជនៈ​ដែល​នៅ​ទទេ ហើយ​កុំ​ឲ្យ​ខ្ចី​តិច​ឡើយ។ រួច​នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ទៅ ហើយ​ចាក់​ប្រេង​ទៅ​ក្នុង​ភាជនៈ​ទាំង​នោះ កាល​ណា​មាន​មួយ​ណា​ពេញ ចូរ​ទុក​ទៅ​ម្ខាង»។ ដូច្នេះ នាង​ក៏​ចេញ​ពី​លោក​ទៅ នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ​បិទ​ទ្វារ កូន​ទាំង​ពីរ​បាន​ហុច​ភាជនៈ​មក​ឲ្យ​ម្តាយ ហើយ​ម្តាយ​ចាក់​ប្រេង​ដាក់។ លុះ​ភាជនៈ​ទាំង​នោះ​បាន​ពេញ​ហើយ នាង​បង្គាប់​កូន​ថា៖ «ចូរ​ហុច​មួយ​ទៀត​មក!» តែ​កូន​ឆ្លើយ​ថា៖ «មាន​តែ​ប៉ុណ្ណឹង​ទេ» នោះ​ប្រេង​ក៏​ឈប់​ហូរ​ទៅ។ នាង​ក៏​ទៅ​ជម្រាប​ដល់​អ្នក​សំណព្វ​របស់​ព្រះ ហើយ​លោក​ប្រាប់​ថា៖ «ចូរ​យក​ប្រេង​នោះ​ទៅ​លក់ សង​បំណុល​គេ​ទៅ ចំណែក​ដែល​នៅ​សល់ ចូរ​ទុក​ចិញ្ចឹម​ខ្លួន និង​កូន​ចុះ»។

២ ពង្សាវតារក្សត្រ 4:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ជា​ភរិយា​របស់​បុរស​មួយ​រូប ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី បាន​មក​ជួប​លោក​អេលីសេ ហើយ​អង្វរ​លោក​ថា៖ «ប្ដី​របស់​នាង​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក​ស្លាប់​ផុត​ហើយ។ លោក​ក៏​ជ្រាប​ដែរ​ថា អ្នក​បម្រើ​របស់​លោក គោរព​កោតខ្លាច​ព្រះ‌អម្ចាស់​ណាស់។ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក​ទាម‌ទារ​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​នាង​ខ្ញុំ ទៅ​ធ្វើ​ជា​បាវ​បម្រើ​របស់​គេ»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «តើ​នាង​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ចំពោះ​នាង? ចូរ​ប្រាប់​ខ្ញុំ​មក​មើល នៅ​ក្នុង​ផ្ទះ​នាង​មាន​អ្វី​ខ្លះ?»។ នាង​ឆ្លើយ​តប​ថា៖ «នៅ​ក្នុង​ផ្ទះ​នាង​ខ្ញុំ គ្មាន​អ្វី​ក្រៅ​ពី​ប្រេង​មួយ​កូន​ដប​ប៉ុណ្ណោះ»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ខ្ចី​ដប​ទំនេរ ពី​អ្នក​ជិត​ខាង​ឲ្យ​បាន​ច្រើន គឺ​កុំ​ខ្ចី​តិច​ពេក។ ពេល​មក​ដល់​វិញ ត្រូវ​នាំ​គ្នា​ទាំង​ម្ដាយ ទាំង​កូន ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​យក​ប្រេង​ចាក់​ក្នុង​ដប​ទាំង​នោះ។ ដប​ណា​ពេញ​ត្រូវ​ទុក​ដោយ​ឡែក»។ នាង​ក៏​ចាក​ចេញ​ពី​លោក​ទៅ ហើយ​នាំ​កូន​ចូល​ក្នុង​ផ្ទះ​បិទ​ទ្វារ​ជិត។ កូន​ទាំង​ពីរ​ហុច​ដប​មក​ឲ្យ​ម្ដាយ រួច​ម្ដាយ​យក​ប្រេង​មក​ចាក់​ក្នុង​ដប។ លុះ​ដប​ទាំង​អស់​ពេញ​ហើយ នាង​ប្រាប់​កូន​ថា៖ «ហុច​ដប​មួយ​ទៀត​មក!»។ កូន​ឆ្លើយ​ថា៖ «អស់​ដប​ហើយ​ម៉ែ!»។ ពេល​នោះ ប្រេង​ក៏​ឈប់​ហូរ។ នាង​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ លោក​មាន​ប្រសាសន៍​មក​កាន់​នាង​ថា៖ «ចូរ​យក​ប្រេង​នេះ​ទៅ​លក់​សង​បំណុល​គេ រីឯ​ប្រាក់​ដែល​នៅ​សល់ ចូរ​ទុក​ចិញ្ចឹម​ជីវិត​ម្ដាយ និង​កូន​ចុះ»។

២ ពង្សាវតារក្សត្រ 4:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​មាន​ស្ត្រី​ម្នាក់ ជា​ប្រពន្ធ​នៃ​ពួក​សិស្ស របស់​ពួក​ហោរា​ម្នាក់ នាង​បាន​ស្រែក​ដល់​អេលី‌សេ​ថា ប្ដី​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​ស្លាប់​ហើយ លោក​ក៏​ជ្រាប​ថា អ្នក​បំរើ​របស់​លោក​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដែរ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក ចង់​យក​កូន​ខ្ញុំ​ទាំង​២​ទៅ​ធ្វើ​ជា​បាវ​បំរើ អេលី‌សេ​សួរ​នាង​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក សូម​ប្រាប់​ខ្ញុំ​ចុះ តើ​អ្នក​មាន​អ្វី​នៅ​ផ្ទះ នាង​ឆ្លើយ​តប​ថា នាង​ខ្ញុំ​គ្មាន​អ្វី​នៅ​ផ្ទះ​ទេ មាន​តែ​ដប​ប្រេង​១​ប៉ុណ្ណោះ ដូច្នេះ លោក​ប្រាប់​ថា ចូរ​អ្នក​ចេញ​ទៅ​ខ្ចី​ភាជនៈ ពី​ពួក​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន គឺ​ជា​ភាជនៈ ដែល​នៅ​ទទេ ហើយ​កុំ​ឲ្យ​ខ្ចី​តិច​ឡើយ រួច​ឲ្យ​អ្នក​នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ទៅ ហើយ​ចាក់​ប្រេង​ទៅ​ក្នុង​ភាជនៈ​ទាំង​នោះ កាល​ណា​មាន​១​ណា​ពេញ នោះ​ចូរ​ដាក់​ទុក​ទៅ​ខាង​ម្ខាង ដូច្នេះ នាង​ក៏​ចេញ​ពី​លោក​ទៅ នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ​បិទ​ទ្វារ កូន​ទាំង​២​ក៏​ហុច​ភាជនៈ​មក​ឲ្យ​ម្តាយ ហើយ​ម្តាយ​ក៏​ចាក់​ប្រេង​ដាក់ លុះ​ភាជនៈ​ទាំង​នោះ​បាន​ពេញ​ហើយ នោះ​នាង​បង្គាប់​កូន​ថា ចូរ​ហុច​១​ទៀត​មក​ឲ្យ​អញ តែ​កូន​ឆ្លើយ​តប​ថា មាន​តែ​ប៉ុណ្ណឹង​ទេ នោះ​ប្រេង​ក៏​ឈប់​ហូរ​ទៅ នាង​ក៏​ទៅ​ជំរាប​ដល់​អ្នក​សំណប់​របស់​ព្រះ ហើយ​លោក​ប្រាប់​ថា ចូរ​យក​ប្រេង​នោះ​ទៅ​លក់ សង​បំណុល​គេ​ទៅ ឯ​ចំណែក​ដែល​សល់​នៅ នោះ​ចូរ​ទុក​ចិញ្ចឹម​ខ្លួននឹង​កូន​ចុះ។