២ ពង្សាវតារក្សត្រ 3:9-20
២ ពង្សាវតារក្សត្រ 3:9-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ស្តេចអ៊ីស្រាអែល ស្តេចយូដា និងស្តេចអេដុមក៏នាំគ្នាចេញទៅ ដើរអស់រយៈពេលប្រាំពីរថ្ងៃ ឥតមានទឹកសម្រាប់ពលទ័ព និងហ្វូងសត្វដែលទៅជាមួយគេនោះសោះ។ បន្ទាប់មក ស្តេចអ៊ីស្រាអែលមានរាជឱង្ការថា៖ «ស្តាយណាស់ ព្រះយេហូវ៉ាបានហៅយើងខ្ញុំ ជាស្តេចទាំងបីអង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្ដាប់ដៃនៃសាសន៍ម៉ូអាប់ហើយ»។ ប៉ុន្តែ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះ គ្មានហោរាម្នាក់របស់ព្រះយេហូវ៉ា ដែលឲ្យយើងសួរដល់ព្រះអង្គតាមរយៈអ្នកនោះទេឬ?» ពេលនោះ អ្នកជំនិតម្នាក់របស់ស្តេចអ៊ីស្រាអែលទូលឆ្លើយថា៖ «អេលីសេ ជាកូនសាផាត ដែលបានចាក់ទឹកលាងដៃលោកអេលីយ៉ា លោកនៅទីនេះដែរ»។ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ាសណ្ឋិតនៅជាមួយលោក»។ ដូច្នេះ ស្តេចអ៊ីស្រាអែល ស្ដេចយេហូសាផាត និងស្តេចអេដុម បានយាងចុះទៅរកលោក។ អេលីសេបានទូលដល់ស្តេចអ៊ីស្រាអែលថា៖ «តើទូលបង្គំអាចធ្វើអ្វីបាន? ចូរទៅរកពួកហោរារបស់បិតា និងមាតារបស់ព្រះអង្គចុះ»។ ប៉ុន្តែ ស្តេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «ទេ ដ្បិតព្រះយេហូវ៉ាបានហៅស្តេចទាំងបីអង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្ដាប់ដៃពួកម៉ូអាប់ហើយ»។ អេលីសេទូលថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ានៃពួកពលបរិវារ ដ៏មានព្រះជន្មរស់នៅ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា បើទូលបង្គំមិនបានយល់ដល់យេហូសាផាត ជាស្តេចយូដា នោះប្រាកដជាទូលបង្គំមិនព្រមក្រឡេក ឬមើលទ្រង់ឡើយ។ ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យទូលបង្គំ»។ កាលអ្នកនោះកំពុងតែលេងភ្លេង អំណាចរបស់ព្រះយេហូវ៉ាបានមកលើអេលីសេ ហើយលោកពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចូរជីកប្រឡាយឲ្យពេញក្នុងច្រកភ្នំនេះទៅ"។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា "អ្នករាល់គ្នានឹងមិនឃើញខ្យល់បក់ ឬភ្លៀងធ្លាក់ឡើយ តែច្រកភ្នំនេះនឹងមានទឹកពេញ នោះអ្នករាល់គ្នានឹងបានទឹកផឹក ព្រមទាំងហ្វូងសត្វ និងសត្វជំនិះរបស់អ្នករាល់គ្នាដែរ"។ ការនេះជាការយ៉ាងតូច នៅព្រះនេត្រព្រះយេហូវ៉ាទេ គឺព្រះអង្គនឹងប្រគល់សាសន៍ម៉ូអាប់មកក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះអង្គ។ ត្រូវវាយអស់ទាំងទីក្រុងដែលមានកំផែង និងគ្រប់ទាំងទីក្រុងយ៉ាងវិសេស ទាំងកាប់អស់ទាំងឈើល្អ ហើយខ្ទប់អស់ទាំងរន្ធទឹក និងយកដុំថ្មរាយបង្ខូចអស់ទាំងស្រែចម្ការល្អៗ»។ លុះព្រឹកឡើង នៅពេលថ្វាយតង្វាយ ពេលនោះ មានទឹកហូរមកពីស្រុកអេដុម រហូតពេញតំបន់នោះ។
២ ពង្សាវតារក្សត្រ 3:9-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចស្រុកអ៊ីស្រាអែល ស្ដេចស្រុកយូដា និងស្ដេចស្រុកអេដុមនាំគ្នាចាកចេញទៅ។ លុះធ្វើដំណើរតាមផ្លូវវាងបានប្រាំពីរថ្ងៃ ពួកគេខ្វះទឹកសម្រាប់កងទ័ព និងហ្វូងសត្វដែលមកជាមួយ។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ពិតជាព្រះអម្ចាស់ហើយ ដែលហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះ គ្មានព្យាការីណាម្នាក់ដែលអាចឲ្យយើងទូលសួរព្រះអម្ចាស់ទេឬ?»។ មេទ័ពអ៊ីស្រាអែលម្នាក់ទូលថា៖ «ក្រាបទូលនៅទីនេះ មានលោកអេលីសេ ជាកូនរបស់លោកសាផាត និងជាសិស្សជំនិតរបស់លោកអេលីយ៉ា»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «លោកពិតជាអាចនាំព្រះបន្ទូលរបស់ព្រះអម្ចាស់មកប្រាប់យើងមិនខាន»។ ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូសាផាត ព្រមទាំងស្ដេចអេដុម ក៏នាំគ្នាយាងទៅជួបលោកអេលីសេ។ លោកអេលីសេទូលស្ដេចអ៊ីស្រាអែលថា៖ «តើព្រះករុណាយាងមករកទូលបង្គំធ្វើអ្វី? ម្ដេចក៏មិនយាងទៅរកពួកព្យាការីរបស់មាតាបិតាព្រះករុណាទៅ!»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់លោកថា៖ «ទេ ដ្បិតព្រះអម្ចាស់ហើយដែលបានហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។ លោកអេលីសេទូលថា៖ «ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះដែលទូលបង្គំគោរពបម្រើ និងជាព្រះដែលមានព្រះជន្មគង់នៅថា បើទូលបង្គំមិនយល់ដល់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដាទេ ទូលបង្គំមិនអើពើ ឬក្រឡេកមើលព្រះករុណាឡើយ។ ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យទូលបង្គំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី ឫទ្ធិបារមីរបស់ព្រះអម្ចាស់ក៏មកសណ្ឋិតលើព្យាការីអេលីសេ។ លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ចូរជីកប្រឡាយនៅតាមជ្រលងភ្នំនេះឲ្យច្រើន”។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា “ទោះបីអ្នករាល់គ្នាមិនឃើញមានខ្យល់ មានភ្លៀងក្ដី ជ្រលងភ្នំនេះនឹងមានទឹកពោរពេញ ហើយអ្នករាល់គ្នានឹងមានទឹកបរិភោគ ព្រមទាំងទឹកសម្រាប់ហ្វូងសត្វ និងជំនិះរបស់អ្នករាល់គ្នាផង”។ ប៉ុន្តែ នេះជាការតូចតាច នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ប៉ុណ្ណោះ។ ព្រះអង្គនឹងប្រគល់ជនជាតិម៉ូអាប់មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា។ ព្រះករុណាត្រូវបំផ្លាញទីក្រុងដែលមានកំពែងដ៏រឹងមាំ និងទីក្រុងសំខាន់ៗទាំងអស់ចោល។ ព្រះករុណាត្រូវកាប់រំលំដើមឈើល្អៗ បិទប្រភពទឹកទាំងអស់ ហើយបំផ្លាញដីស្រែចម្ការទាំងអស់ចោល ដោយយកថ្មទៅចាក់លើដីទាំងនោះ»។ លុះព្រឹកឡើង ពេលថ្វាយយញ្ញបូជា មានទឹកហូរមកពីស្រុកអេដុម ពាសពេញតំបន់នោះ។
២ ពង្សាវតារក្សត្រ 3:9-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ស្តេចអ៊ីស្រាអែល ព្រមទាំងស្តេចយូដា នឹងស្តេចអេដំមក៏នាំគ្នាចេញទៅ គេដើរផ្លូវវាងអស់៧ថ្ងៃ ឥតមានទឹកសំរាប់ពលទ័ពនឹងហ្វូងសត្វ ដែលតាមគេទៅនោះសោះ ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់មានបន្ទូលថា ស្តាយណាស់ ព្រះយេហូវ៉ាទ្រង់បានហៅយើងខ្ញុំ ជាស្តេចទាំង៣អង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ម៉ូអាប់ហើយ តែយ៉ូសាផាតមានបន្ទូលសួរថា នៅទីនេះ តើគ្មានហោរាម្នាក់របស់ព្រះយេហូវ៉ា ឲ្យយើងបានសួរដល់ព្រះអង្គដោយសារអ្នកនោះទេឬអី នោះអ្នកជំនិតម្នាក់របស់ស្តេចអ៊ីស្រាអែលក៏ទូលឆ្លើយឡើងថា អេលីសេ ជាកូនសាផាត ដែលបានចាក់ទឹកលាងដៃអេលីយ៉ា លោកនៅទីនេះដែរ យ៉ូសាផាតក៏មានបន្ទូលថា ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅនឹងលោក ដូច្នេះ ស្តេចអ៊ីស្រាអែល នឹងយ៉ូសាផាត ហើយស្តេចអេដំម ទាំង៣អង្គ ក៏យាងចុះទៅឯលោក។ ឯអេលីសេ ក៏ទូលដល់ស្តេចអ៊ីស្រាអែលថា តើទ្រង់នឹងទូលបង្គំត្រូវការអ្វីនឹងគ្នា ចូរទៅឯពួកហោរ៉ារបស់ព្រះបិតា នឹងព្រះមាតាទ្រង់ចុះ តែស្តេចអ៊ីស្រាអែលមានបន្ទូលតបថា ទេ ដ្បិតព្រះយេហូវ៉ាបានហៅស្តេចទាំង៣អង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃ នៃពួកម៉ូអាប់ហើយ រួចអេលីសេទូលថា ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា នៃពួកពលបរិវារ ដ៏មានព្រះជន្មរស់នៅ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា បើទូលបង្គំមិនបានយល់ដល់យ៉ូសាផាត ជាស្តេចយូដា នោះប្រាកដជាទូលបង្គំមិនព្រមទាំងក្រឡេកមើលទៅទ្រង់ ឬឃើញទ្រង់ទេ តែឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឯទូលបង្គំ រួចកាលអ្នកនោះកំពុងតែលេងភ្លេង នោះព្រះហស្តនៃព្រះយេហូវ៉ា ក៏មកលើអេលីសេ ហើយលោកទាយថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរជីកប្រឡាយឲ្យពេញក្នុងច្រកភ្នំនេះទៅ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងរាល់គ្នានឹងមិនឃើញខ្យល់បក់ ឬភ្លៀងធ្លាក់ឡើយ តែច្រកភ្នំនេះនឹងមានទឹកពេញ នោះឯងរាល់គ្នានឹងបានទឹកផឹក ព្រមទាំងហ្វូងសត្វ នឹងសត្វជំនិះរបស់ឯងរាល់គ្នាផង ឯការនេះក៏ជាការយ៉ាងតូច នៅព្រះនេត្រព្រះយេហូវ៉ាទេ គឺព្រះទ្រង់នឹងប្រគល់សាសន៍ម៉ូអាប់មកក្នុងកណ្តាប់ព្រះហស្តនៃទ្រង់ទៀត ត្រូវឲ្យវាយអស់ទាំងទីក្រុងមានកំផែង នឹងគ្រប់ទាំងទីក្រុងយ៉ាងវិសេស ព្រមទាំងកាប់អស់ទាំងឈើល្អ នឹងខ្ទប់អស់ទាំងរន្ធទឹក ហើយយកដុំថ្មទៅ រាយបង្ខូចអស់ទាំងស្រែចំការល្អៗ លុះព្រឹកឡើង នៅពេលថ្វាយដង្វាយ ក៏មានទឹកហូរមកពីខាងស្រុកអេដំម នោះច្រកភ្នំក៏មានទឹកពេញ។