២ ពង្សាវតារក្សត្រ 3:5-18,21-24
២ ពង្សាវតារក្សត្រ 3:5-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ពេលព្រះបាទអ័ហាប់សុគតទៅ ស្តេចម៉ូអាប់បានបះបោរនឹងស្តេចអ៊ីស្រាអែល។ គ្រានោះ ស្តេចយេហូរ៉ាមបានចេញពីក្រុងសាម៉ារី ទៅត្រួតមើលពួកអ៊ីស្រាអែលទាំងអស់ ហើយយាងនាំមុខគេ។ ទ្រង់បានចាត់សារទៅជូនយេហូសាផាត ស្តេចស្រុកយូដាថា៖ «ស្តេចម៉ូអាប់បានបះបោរនឹងទូលបង្គំហើយ តើទ្រង់សព្វព្រះហឫទ័យចង់ទៅច្បាំងនឹងសាសន៍ម៉ូអាប់ជាមួយទូលបង្គំឬទេ?» ទ្រង់មានរាជឱង្ការឆ្លើយថា៖ «ទូលបង្គំចង់ទៅដែរ ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្រទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយសេះទូលបង្គំក៏ដូចជាសេះរបស់ព្រះអង្គដែរ»។ បន្ទាប់មក ទ្រង់ក៏សួរថា៖ «តើយើងត្រូវឡើងទៅតាមផ្លូវណា?» ស្តេចអ៊ីស្រាអែលឆ្លើយថា៖ «តាមផ្លូវកាត់ទីរហោស្ថានស្រុកអេដុម»។ ដូច្នេះ ស្តេចអ៊ីស្រាអែល ស្តេចយូដា និងស្តេចអេដុមក៏នាំគ្នាចេញទៅ ដើរអស់រយៈពេលប្រាំពីរថ្ងៃ ឥតមានទឹកសម្រាប់ពលទ័ព និងហ្វូងសត្វដែលទៅជាមួយគេនោះសោះ។ បន្ទាប់មក ស្តេចអ៊ីស្រាអែលមានរាជឱង្ការថា៖ «ស្តាយណាស់ ព្រះយេហូវ៉ាបានហៅយើងខ្ញុំ ជាស្តេចទាំងបីអង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្ដាប់ដៃនៃសាសន៍ម៉ូអាប់ហើយ»។ ប៉ុន្តែ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះ គ្មានហោរាម្នាក់របស់ព្រះយេហូវ៉ា ដែលឲ្យយើងសួរដល់ព្រះអង្គតាមរយៈអ្នកនោះទេឬ?» ពេលនោះ អ្នកជំនិតម្នាក់របស់ស្តេចអ៊ីស្រាអែលទូលឆ្លើយថា៖ «អេលីសេ ជាកូនសាផាត ដែលបានចាក់ទឹកលាងដៃលោកអេលីយ៉ា លោកនៅទីនេះដែរ»។ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ាសណ្ឋិតនៅជាមួយលោក»។ ដូច្នេះ ស្តេចអ៊ីស្រាអែល ស្ដេចយេហូសាផាត និងស្តេចអេដុម បានយាងចុះទៅរកលោក។ អេលីសេបានទូលដល់ស្តេចអ៊ីស្រាអែលថា៖ «តើទូលបង្គំអាចធ្វើអ្វីបាន? ចូរទៅរកពួកហោរារបស់បិតា និងមាតារបស់ព្រះអង្គចុះ»។ ប៉ុន្តែ ស្តេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «ទេ ដ្បិតព្រះយេហូវ៉ាបានហៅស្តេចទាំងបីអង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្ដាប់ដៃពួកម៉ូអាប់ហើយ»។ អេលីសេទូលថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ានៃពួកពលបរិវារ ដ៏មានព្រះជន្មរស់នៅ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា បើទូលបង្គំមិនបានយល់ដល់យេហូសាផាត ជាស្តេចយូដា នោះប្រាកដជាទូលបង្គំមិនព្រមក្រឡេក ឬមើលទ្រង់ឡើយ។ ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យទូលបង្គំ»។ កាលអ្នកនោះកំពុងតែលេងភ្លេង អំណាចរបស់ព្រះយេហូវ៉ាបានមកលើអេលីសេ ហើយលោកពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចូរជីកប្រឡាយឲ្យពេញក្នុងច្រកភ្នំនេះទៅ"។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា "អ្នករាល់គ្នានឹងមិនឃើញខ្យល់បក់ ឬភ្លៀងធ្លាក់ឡើយ តែច្រកភ្នំនេះនឹងមានទឹកពេញ នោះអ្នករាល់គ្នានឹងបានទឹកផឹក ព្រមទាំងហ្វូងសត្វ និងសត្វជំនិះរបស់អ្នករាល់គ្នាដែរ"។ ការនេះជាការយ៉ាងតូច នៅព្រះនេត្រព្រះយេហូវ៉ាទេ គឺព្រះអង្គនឹងប្រគល់សាសន៍ម៉ូអាប់មកក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះអង្គ។
២ ពង្សាវតារក្សត្រ 3:21-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលពួកសាសន៍ម៉ូអាប់បានឮថា ស្តេចទាំងនោះបានឡើងមក ដើម្បីច្បាំងនឹងខ្លួន គេក៏ប្រមូលអស់អ្នកណាដែលមានអាយុល្មម អាចកាន់គ្រឿងសស្ត្រាវុធបាន ទាំងក្មេង ទាំងចាស់ ឡើងទៅតម្រៀបគ្នានៅត្រង់ព្រំប្រទល់។ ពេលពួកម៉ូអាប់ក្រោកពីព្រឹកព្រលឹម គេឃើញពន្លឺថ្ងៃចាំងមកពីលើទឹកដែលនៅមុខគេនោះ មើលទៅក្រហមដូចជាឈាម។ ពួកគេបាននិយាយគ្នាថា៖ «នេះជាឈាម ពួកស្តេចនោះបានប្រហារជីវិតគ្នា ប្រាកដជាបានសម្លាប់គ្នា វិនាសអស់ហើយ ដូច្នេះ ឱពួកម៉ូអាប់អើយ ចូរយើងទៅប្រមូលយកជ័យភណ្ឌរបស់គេ»។ ប៉ុន្តែ ពេលពួកគេមកដល់ទីបោះទ័ពរបស់ពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលក្រោកឡើង ហើយប្រហារពួកម៉ូអាប់ឲ្យរត់ទៅនៅមុខពួកគេ ពួកអ៊ីស្រាអែលបានដេញតាមប្រហារពួកម៉ូអាប់ រហូតដល់ក្នុងស្រុករបស់គេ។
២ ពង្សាវតារក្សត្រ 3:5-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពេលព្រះបាទអហាប់សោយទិវង្គតផុតទៅ ស្ដេចស្រុកម៉ូអាប់ក៏បះបោរប្រឆាំងនឹងស្ដេចស្រុកអ៊ីស្រាអែល។ ព្រះបាទយ៉ូរ៉ាមយាងចេញពីក្រុងសាម៉ារី ទៅត្រួតពលទ័ពអ៊ីស្រាអែលទាំងមូល។ បន្ទាប់មក ស្ដេចចេញដំណើរទៅ ទាំងចាត់គេឲ្យទៅទូលព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដាថា៖ «ស្ដេចរបស់ជនជាតិម៉ូអាប់បះបោរប្រឆាំងនឹងទូលបង្គំ តើព្រះករុណាសព្វព្រះហឫទ័យយាងចេញទៅច្បាំងនឹងជនជាតិម៉ូអាប់ជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការតបថា៖ «ទូលបង្គំយល់ព្រមទៅជាមួយព្រះករុណាដែរ! ពលទ័ពរបស់ទូលបង្គំក៏ដូចជាពលទ័ពរបស់ព្រះករុណា ហើយសេះរបស់ទូលបង្គំក៏ដូចជាសេះរបស់ព្រះករុណាដែរ»។ ស្ដេចមានរាជឱង្ការទៀតថា៖ «តើយើងនឹងចេញទៅច្បាំងតាមផ្លូវណា?»។ ព្រះបាទយ៉ូរ៉ាមតបថា៖ «តាមផ្លូវវាលរហោស្ថានស្រុកអេដុម»។ ស្ដេចស្រុកអ៊ីស្រាអែល ស្ដេចស្រុកយូដា និងស្ដេចស្រុកអេដុមនាំគ្នាចាកចេញទៅ។ លុះធ្វើដំណើរតាមផ្លូវវាងបានប្រាំពីរថ្ងៃ ពួកគេខ្វះទឹកសម្រាប់កងទ័ព និងហ្វូងសត្វដែលមកជាមួយ។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ពិតជាព្រះអម្ចាស់ហើយ ដែលហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះ គ្មានព្យាការីណាម្នាក់ដែលអាចឲ្យយើងទូលសួរព្រះអម្ចាស់ទេឬ?»។ មេទ័ពអ៊ីស្រាអែលម្នាក់ទូលថា៖ «ក្រាបទូលនៅទីនេះ មានលោកអេលីសេ ជាកូនរបស់លោកសាផាត និងជាសិស្សជំនិតរបស់លោកអេលីយ៉ា»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «លោកពិតជាអាចនាំព្រះបន្ទូលរបស់ព្រះអម្ចាស់មកប្រាប់យើងមិនខាន»។ ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូសាផាត ព្រមទាំងស្ដេចអេដុម ក៏នាំគ្នាយាងទៅជួបលោកអេលីសេ។ លោកអេលីសេទូលស្ដេចអ៊ីស្រាអែលថា៖ «តើព្រះករុណាយាងមករកទូលបង្គំធ្វើអ្វី? ម្ដេចក៏មិនយាងទៅរកពួកព្យាការីរបស់មាតាបិតាព្រះករុណាទៅ!»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់លោកថា៖ «ទេ ដ្បិតព្រះអម្ចាស់ហើយដែលបានហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។ លោកអេលីសេទូលថា៖ «ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះដែលទូលបង្គំគោរពបម្រើ និងជាព្រះដែលមានព្រះជន្មគង់នៅថា បើទូលបង្គំមិនយល់ដល់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដាទេ ទូលបង្គំមិនអើពើ ឬក្រឡេកមើលព្រះករុណាឡើយ។ ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យទូលបង្គំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី ឫទ្ធិបារមីរបស់ព្រះអម្ចាស់ក៏មកសណ្ឋិតលើព្យាការីអេលីសេ។ លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ចូរជីកប្រឡាយនៅតាមជ្រលងភ្នំនេះឲ្យច្រើន”។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា “ទោះបីអ្នករាល់គ្នាមិនឃើញមានខ្យល់ មានភ្លៀងក្ដី ជ្រលងភ្នំនេះនឹងមានទឹកពោរពេញ ហើយអ្នករាល់គ្នានឹងមានទឹកបរិភោគ ព្រមទាំងទឹកសម្រាប់ហ្វូងសត្វ និងជំនិះរបស់អ្នករាល់គ្នាផង”។ ប៉ុន្តែ នេះជាការតូចតាច នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ប៉ុណ្ណោះ។ ព្រះអង្គនឹងប្រគល់ជនជាតិម៉ូអាប់មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា។
២ ពង្សាវតារក្សត្រ 3:21-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលជនជាតិម៉ូអាប់ដឹងថា ស្ដេចទាំងបីអង្គលើកទ័ពមកច្បាំងនឹងពួកគេ ពួកគេប្រមូលផ្ដុំអស់អ្នកដែលមានវ័យអាចបម្រើទ័ពបាន ទាំងក្មេង ទាំងចាស់ ហើយបញ្ជូនទ័ពនោះទៅដាក់តាមព្រំដែន។ ជនជាតិម៉ូអាប់ក្រោកពីព្រលឹម ហើយឃើញព្រះអាទិត្យចាំងនៅលើផ្ទៃទឹក មានពណ៌ក្រហមដូចជាឈាម ពួកគេស្រែកថា៖ «មើល៍ សុទ្ធតែឈាម! ស្ដេចទាំងនោះពិតជាប្រយុទ្ធកាប់សម្លាប់គ្នាទៅវិញទៅមកស្លាប់អស់ហើយ! មក៍! ពួកម៉ូអាប់យើងនាំគ្នាទៅរឹបអូសយកជយភណ្ឌ ឥឡូវនេះ!»។ ជនជាតិម៉ូអាប់នាំគ្នាទៅដល់ជំរំរបស់អ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលក៏ចេញមកវាយប្រហារជនជាតិម៉ូអាប់ដែលបាក់ទ័ពរត់នៅចំពោះមុខពួកគេ។ កងទ័ពអ៊ីស្រាអែលដេញតាមប្រហារជនជាតិម៉ូអាប់ ចូលរហូតដល់ក្នុងស្រុក ហើយវាយពួកគេឲ្យបរាជ័យយ៉ាងធ្ងន់។
២ ពង្សាវតារក្សត្រ 3:5-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែកាលអ័ហាប់ទ្រង់សុគតទៅ នោះស្តេចម៉ូអាប់បានបះបោរនឹងស្តេចអ៊ីស្រាអែល គ្រានោះស្តេចយ៉ូរ៉ាមក៏ចេញពីក្រុងសាម៉ារី ទៅត្រួតមើលពួកអ៊ីស្រាអែលទាំងអស់ ហើយយាងនាំមុខគេទៅ ទ្រង់ក៏ចាត់សារទៅឯយ៉ូសាផាត ជាស្តេចយូដាថា ស្តេចម៉ូអាប់បានបះបោរនឹងទូលបង្គំហើយ តើទ្រង់សព្វព្រះទ័យចង់ទៅច្បាំងនឹងសាសន៍ម៉ូអាប់ជាមួយនឹងទូលបង្គំឬទេ ទ្រង់មានបន្ទូលឆ្លើយថា ទូលបង្គំចង់ទៅដែរ ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្រទូលបង្គំក៏ដូចជារាស្ត្ររបស់ទ្រង់ ហើយសេះទូលបង្គំក៏ដូចជាសេះរបស់ទ្រង់ដែរ ទ្រង់ក៏សួរថា តើត្រូវឲ្យយើងឡើងទៅតាមផ្លូវណា ស្តេចអ៊ីស្រាអែលឆ្លើយថា តាមផ្លូវកាត់ទីរហោស្ថានស្រុកអេដំម ដូច្នេះ ស្តេចអ៊ីស្រាអែល ព្រមទាំងស្តេចយូដា នឹងស្តេចអេដំមក៏នាំគ្នាចេញទៅ គេដើរផ្លូវវាងអស់៧ថ្ងៃ ឥតមានទឹកសំរាប់ពលទ័ពនឹងហ្វូងសត្វ ដែលតាមគេទៅនោះសោះ ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់មានបន្ទូលថា ស្តាយណាស់ ព្រះយេហូវ៉ាទ្រង់បានហៅយើងខ្ញុំ ជាស្តេចទាំង៣អង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ម៉ូអាប់ហើយ តែយ៉ូសាផាតមានបន្ទូលសួរថា នៅទីនេះ តើគ្មានហោរាម្នាក់របស់ព្រះយេហូវ៉ា ឲ្យយើងបានសួរដល់ព្រះអង្គដោយសារអ្នកនោះទេឬអី នោះអ្នកជំនិតម្នាក់របស់ស្តេចអ៊ីស្រាអែលក៏ទូលឆ្លើយឡើងថា អេលីសេ ជាកូនសាផាត ដែលបានចាក់ទឹកលាងដៃអេលីយ៉ា លោកនៅទីនេះដែរ យ៉ូសាផាតក៏មានបន្ទូលថា ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅនឹងលោក ដូច្នេះ ស្តេចអ៊ីស្រាអែល នឹងយ៉ូសាផាត ហើយស្តេចអេដំម ទាំង៣អង្គ ក៏យាងចុះទៅឯលោក។ ឯអេលីសេ ក៏ទូលដល់ស្តេចអ៊ីស្រាអែលថា តើទ្រង់នឹងទូលបង្គំត្រូវការអ្វីនឹងគ្នា ចូរទៅឯពួកហោរ៉ារបស់ព្រះបិតា នឹងព្រះមាតាទ្រង់ចុះ តែស្តេចអ៊ីស្រាអែលមានបន្ទូលតបថា ទេ ដ្បិតព្រះយេហូវ៉ាបានហៅស្តេចទាំង៣អង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃ នៃពួកម៉ូអាប់ហើយ រួចអេលីសេទូលថា ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា នៃពួកពលបរិវារ ដ៏មានព្រះជន្មរស់នៅ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា បើទូលបង្គំមិនបានយល់ដល់យ៉ូសាផាត ជាស្តេចយូដា នោះប្រាកដជាទូលបង្គំមិនព្រមទាំងក្រឡេកមើលទៅទ្រង់ ឬឃើញទ្រង់ទេ តែឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឯទូលបង្គំ រួចកាលអ្នកនោះកំពុងតែលេងភ្លេង នោះព្រះហស្តនៃព្រះយេហូវ៉ា ក៏មកលើអេលីសេ ហើយលោកទាយថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរជីកប្រឡាយឲ្យពេញក្នុងច្រកភ្នំនេះទៅ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងរាល់គ្នានឹងមិនឃើញខ្យល់បក់ ឬភ្លៀងធ្លាក់ឡើយ តែច្រកភ្នំនេះនឹងមានទឹកពេញ នោះឯងរាល់គ្នានឹងបានទឹកផឹក ព្រមទាំងហ្វូងសត្វ នឹងសត្វជំនិះរបស់ឯងរាល់គ្នាផង ឯការនេះក៏ជាការយ៉ាងតូច នៅព្រះនេត្រព្រះយេហូវ៉ាទេ គឺព្រះទ្រង់នឹងប្រគល់សាសន៍ម៉ូអាប់មកក្នុងកណ្តាប់ព្រះហស្តនៃទ្រង់ទៀត
២ ពង្សាវតារក្សត្រ 3:21-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯពួកសាសន៍ម៉ូអាប់ កាលគេបានឮថា ស្តេចទាំងនោះបានឡើងមក ដើម្បីច្បាំងនឹងខ្លួន នោះក៏ប្រមូលគ្នា គឺអស់អ្នកណាដែលមានអាយុល្មម នឹងកាន់គ្រឿងសស្ត្រាវុធបាន រហូតឡើងទៅលើ រួចទៅដំរៀបគ្នានៅត្រង់ព្រំប្រទល់ ព្រឹកព្រហាមថ្ងៃនោះ ពួកម៉ូអាប់ក្រោកឡើងឃើញពន្លឺថ្ងៃចាំងមកពីលើទឹក ដែលនៅមុខគេនោះ មើលទៅក្រហមដូចជាឈាម គេក៏និយាយគ្នាថា នោះគឺជាឈាមហើយ ពួកស្តេចនោះបានប្រហារជីវិតគ្នា ប្រាកដជាបានសំឡាប់គ្នានឹងគ្នា វិនាសអស់ហើយ ដូច្នេះ ឱពួកម៉ូអាប់អើយ ចូរយើងទៅរឹបជាន់ចាប់យករបឹបរបស់គេចុះ ដូច្នេះ ក៏នាំគ្នាទៅដល់ទីបោះទ័ពនៃពួកអ៊ីស្រាអែល តែពួកអ៊ីស្រាអែលក្រោកឡើង ប្រហារពួកម៉ូអាប់ឲ្យគេរត់ទៅនៅមុខខ្លួន ពួកអ៊ីស្រាអែលក៏ចេះតែដេញតាម វាយពួកម៉ូអាប់ទៅ រហូតដល់ក្នុងស្រុកគេ