២ ពង្សាវតារក្សត្រ 3:1-27
២ ពង្សាវតារក្សត្រ 3:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីដប់ប្រាំបីនៃរាជ្យស្ដេចយេហូសាផាត ស្តេចស្រុកយូដា ស្ដេចយេហូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ បានក្លាយជាស្ដេចលើពួកអ៊ីស្រាអែលនៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ពីរឆ្នាំ។ ទ្រង់បានប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា តែមិនដល់បិតា និងមាតាទេ ដ្បិតទ្រង់បានបំបាត់រូបព្រះបាល ដែលបិតារបស់ទ្រង់បានកសាង។ ប៉ុន្តែ ស្ដេចនៅតែកាន់តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើតាម ទ្រង់មិនបានលះបង់អំពើបាបនោះទេ។ ព្រះបាទមេសា ស្តេចសាសន៍ម៉ូអាប់ មានហ្វូងចៀមច្រើន ហើយទ្រង់ក៏នាំសួយសារអាករ ជារោមរបស់កូនចៀមមួយសែន និងរោមរបស់ចៀមឈ្មោលមួយសែន មកថ្វាយស្តេចអ៊ីស្រាអែល។ ប៉ុន្តែ ពេលព្រះបាទអ័ហាប់សុគតទៅ ស្តេចម៉ូអាប់បានបះបោរនឹងស្តេចអ៊ីស្រាអែល។ គ្រានោះ ស្តេចយេហូរ៉ាមបានចេញពីក្រុងសាម៉ារី ទៅត្រួតមើលពួកអ៊ីស្រាអែលទាំងអស់ ហើយយាងនាំមុខគេ។ ទ្រង់បានចាត់សារទៅជូនយេហូសាផាត ស្តេចស្រុកយូដាថា៖ «ស្តេចម៉ូអាប់បានបះបោរនឹងទូលបង្គំហើយ តើទ្រង់សព្វព្រះហឫទ័យចង់ទៅច្បាំងនឹងសាសន៍ម៉ូអាប់ជាមួយទូលបង្គំឬទេ?» ទ្រង់មានរាជឱង្ការឆ្លើយថា៖ «ទូលបង្គំចង់ទៅដែរ ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្រទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយសេះទូលបង្គំក៏ដូចជាសេះរបស់ព្រះអង្គដែរ»។ បន្ទាប់មក ទ្រង់ក៏សួរថា៖ «តើយើងត្រូវឡើងទៅតាមផ្លូវណា?» ស្តេចអ៊ីស្រាអែលឆ្លើយថា៖ «តាមផ្លូវកាត់ទីរហោស្ថានស្រុកអេដុម»។ ដូច្នេះ ស្តេចអ៊ីស្រាអែល ស្តេចយូដា និងស្តេចអេដុមក៏នាំគ្នាចេញទៅ ដើរអស់រយៈពេលប្រាំពីរថ្ងៃ ឥតមានទឹកសម្រាប់ពលទ័ព និងហ្វូងសត្វដែលទៅជាមួយគេនោះសោះ។ បន្ទាប់មក ស្តេចអ៊ីស្រាអែលមានរាជឱង្ការថា៖ «ស្តាយណាស់ ព្រះយេហូវ៉ាបានហៅយើងខ្ញុំ ជាស្តេចទាំងបីអង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្ដាប់ដៃនៃសាសន៍ម៉ូអាប់ហើយ»។ ប៉ុន្តែ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះ គ្មានហោរាម្នាក់របស់ព្រះយេហូវ៉ា ដែលឲ្យយើងសួរដល់ព្រះអង្គតាមរយៈអ្នកនោះទេឬ?» ពេលនោះ អ្នកជំនិតម្នាក់របស់ស្តេចអ៊ីស្រាអែលទូលឆ្លើយថា៖ «អេលីសេ ជាកូនសាផាត ដែលបានចាក់ទឹកលាងដៃលោកអេលីយ៉ា លោកនៅទីនេះដែរ»។ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ាសណ្ឋិតនៅជាមួយលោក»។ ដូច្នេះ ស្តេចអ៊ីស្រាអែល ស្ដេចយេហូសាផាត និងស្តេចអេដុម បានយាងចុះទៅរកលោក។ អេលីសេបានទូលដល់ស្តេចអ៊ីស្រាអែលថា៖ «តើទូលបង្គំអាចធ្វើអ្វីបាន? ចូរទៅរកពួកហោរារបស់បិតា និងមាតារបស់ព្រះអង្គចុះ»។ ប៉ុន្តែ ស្តេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «ទេ ដ្បិតព្រះយេហូវ៉ាបានហៅស្តេចទាំងបីអង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្ដាប់ដៃពួកម៉ូអាប់ហើយ»។ អេលីសេទូលថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ានៃពួកពលបរិវារ ដ៏មានព្រះជន្មរស់នៅ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា បើទូលបង្គំមិនបានយល់ដល់យេហូសាផាត ជាស្តេចយូដា នោះប្រាកដជាទូលបង្គំមិនព្រមក្រឡេក ឬមើលទ្រង់ឡើយ។ ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យទូលបង្គំ»។ កាលអ្នកនោះកំពុងតែលេងភ្លេង អំណាចរបស់ព្រះយេហូវ៉ាបានមកលើអេលីសេ ហើយលោកពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចូរជីកប្រឡាយឲ្យពេញក្នុងច្រកភ្នំនេះទៅ"។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា "អ្នករាល់គ្នានឹងមិនឃើញខ្យល់បក់ ឬភ្លៀងធ្លាក់ឡើយ តែច្រកភ្នំនេះនឹងមានទឹកពេញ នោះអ្នករាល់គ្នានឹងបានទឹកផឹក ព្រមទាំងហ្វូងសត្វ និងសត្វជំនិះរបស់អ្នករាល់គ្នាដែរ"។ ការនេះជាការយ៉ាងតូច នៅព្រះនេត្រព្រះយេហូវ៉ាទេ គឺព្រះអង្គនឹងប្រគល់សាសន៍ម៉ូអាប់មកក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះអង្គ។ ត្រូវវាយអស់ទាំងទីក្រុងដែលមានកំផែង និងគ្រប់ទាំងទីក្រុងយ៉ាងវិសេស ទាំងកាប់អស់ទាំងឈើល្អ ហើយខ្ទប់អស់ទាំងរន្ធទឹក និងយកដុំថ្មរាយបង្ខូចអស់ទាំងស្រែចម្ការល្អៗ»។ លុះព្រឹកឡើង នៅពេលថ្វាយតង្វាយ ពេលនោះ មានទឹកហូរមកពីស្រុកអេដុម រហូតពេញតំបន់នោះ។ ពេលពួកសាសន៍ម៉ូអាប់បានឮថា ស្តេចទាំងនោះបានឡើងមក ដើម្បីច្បាំងនឹងខ្លួន គេក៏ប្រមូលអស់អ្នកណាដែលមានអាយុល្មម អាចកាន់គ្រឿងសស្ត្រាវុធបាន ទាំងក្មេង ទាំងចាស់ ឡើងទៅតម្រៀបគ្នានៅត្រង់ព្រំប្រទល់។ ពេលពួកម៉ូអាប់ក្រោកពីព្រឹកព្រលឹម គេឃើញពន្លឺថ្ងៃចាំងមកពីលើទឹកដែលនៅមុខគេនោះ មើលទៅក្រហមដូចជាឈាម។ ពួកគេបាននិយាយគ្នាថា៖ «នេះជាឈាម ពួកស្តេចនោះបានប្រហារជីវិតគ្នា ប្រាកដជាបានសម្លាប់គ្នា វិនាសអស់ហើយ ដូច្នេះ ឱពួកម៉ូអាប់អើយ ចូរយើងទៅប្រមូលយកជ័យភណ្ឌរបស់គេ»។ ប៉ុន្តែ ពេលពួកគេមកដល់ទីបោះទ័ពរបស់ពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលក្រោកឡើង ហើយប្រហារពួកម៉ូអាប់ឲ្យរត់ទៅនៅមុខពួកគេ ពួកអ៊ីស្រាអែលបានដេញតាមប្រហារពួកម៉ូអាប់ រហូតដល់ក្នុងស្រុករបស់គេ។ គេបានវាយរំលំអស់ទាំងទីក្រុង ហើយយកថ្មគ្រប់ៗគ្នា បោះទៅក្នុងស្រែចម្ការល្អៗទាំងអស់ ក៏ខ្ទប់រន្ឋទឹកទាំងប៉ុន្មាន ហើយកាប់អស់ទាំងដើមឈើដែលល្អដែរ មានតែក្រុងគារ-ហារ៉ាសែតប៉ុណ្ណោះ ដែលគេទុកជញ្ជាំងថ្មឲ្យនៅ ប៉ុន្តែ ពួកបាញ់ក្រួស គេបានឡោមព័ទ្ធវាយទីក្រុងនោះ។ ពេលស្តេចម៉ូអាប់ឃើញថា ចម្បាំងនោះខ្លាំងទប់មិនបាន ទ្រង់បានរើសយកទាហានប្រាំពីររយនាក់ដែលកាន់ដាវ នាំទៅដោយប្រាថ្នា នឹងទម្លាយចូលទៅដល់ស្តេចអេដុម តែធ្វើមិនបានសម្រេចឡើយ។ បន្ទាប់មក ទ្រង់យកបុត្រាច្បង ដែលត្រូវសោយរាជ្យជំនួសទ្រង់ ទៅថ្វាយជាតង្វាយដុត នៅលើកំផែងក្រុង ក៏កើតមានសេចក្ដីក្រេវក្រោធចំពោះពួកអ៊ីស្រាអែលជាខ្លាំង ហើយគ្រប់គ្នាថយចេញត្រឡប់ទៅស្រុកគេរៀងខ្លួនវិញ។
២ ពង្សាវតារក្សត្រ 3:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី បានដប់ពីរឆ្នាំ។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ តែមិនស្មើមាតាបិតាទេ។ ស្ដេចបានផ្ដួលរំលំរូបព្រះបាលដែលបិតាបានកសាង។ ប៉ុន្តែ ស្ដេចមិនបានលះបង់អំពើបាបចោលទេ គឺទ្រង់ប្រព្រឹត្តអំពើបាបដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។ ព្រះបាទមេសា ជាស្ដេចរបស់ជនជាតិម៉ូអាប់ មានហ្វូងសត្វជាច្រើន។ រៀងរាល់ឆ្នាំ ស្ដេចតែងតែនាំកូនចៀមមួយសែនក្បាល និងចៀមឈ្មោលមួយសែនក្បាល ព្រមទាំងរោមចៀម មកថ្វាយជាសួយសារអាករដល់ស្ដេចស្រុកអ៊ីស្រាអែល។ ក្រោយពេលព្រះបាទអហាប់សោយទិវង្គតផុតទៅ ស្ដេចស្រុកម៉ូអាប់ក៏បះបោរប្រឆាំងនឹងស្ដេចស្រុកអ៊ីស្រាអែល។ ព្រះបាទយ៉ូរ៉ាមយាងចេញពីក្រុងសាម៉ារី ទៅត្រួតពលទ័ពអ៊ីស្រាអែលទាំងមូល។ បន្ទាប់មក ស្ដេចចេញដំណើរទៅ ទាំងចាត់គេឲ្យទៅទូលព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដាថា៖ «ស្ដេចរបស់ជនជាតិម៉ូអាប់បះបោរប្រឆាំងនឹងទូលបង្គំ តើព្រះករុណាសព្វព្រះហឫទ័យយាងចេញទៅច្បាំងនឹងជនជាតិម៉ូអាប់ជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការតបថា៖ «ទូលបង្គំយល់ព្រមទៅជាមួយព្រះករុណាដែរ! ពលទ័ពរបស់ទូលបង្គំក៏ដូចជាពលទ័ពរបស់ព្រះករុណា ហើយសេះរបស់ទូលបង្គំក៏ដូចជាសេះរបស់ព្រះករុណាដែរ»។ ស្ដេចមានរាជឱង្ការទៀតថា៖ «តើយើងនឹងចេញទៅច្បាំងតាមផ្លូវណា?»។ ព្រះបាទយ៉ូរ៉ាមតបថា៖ «តាមផ្លូវវាលរហោស្ថានស្រុកអេដុម»។ ស្ដេចស្រុកអ៊ីស្រាអែល ស្ដេចស្រុកយូដា និងស្ដេចស្រុកអេដុមនាំគ្នាចាកចេញទៅ។ លុះធ្វើដំណើរតាមផ្លូវវាងបានប្រាំពីរថ្ងៃ ពួកគេខ្វះទឹកសម្រាប់កងទ័ព និងហ្វូងសត្វដែលមកជាមួយ។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ពិតជាព្រះអម្ចាស់ហើយ ដែលហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះ គ្មានព្យាការីណាម្នាក់ដែលអាចឲ្យយើងទូលសួរព្រះអម្ចាស់ទេឬ?»។ មេទ័ពអ៊ីស្រាអែលម្នាក់ទូលថា៖ «ក្រាបទូលនៅទីនេះ មានលោកអេលីសេ ជាកូនរបស់លោកសាផាត និងជាសិស្សជំនិតរបស់លោកអេលីយ៉ា»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «លោកពិតជាអាចនាំព្រះបន្ទូលរបស់ព្រះអម្ចាស់មកប្រាប់យើងមិនខាន»។ ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូសាផាត ព្រមទាំងស្ដេចអេដុម ក៏នាំគ្នាយាងទៅជួបលោកអេលីសេ។ លោកអេលីសេទូលស្ដេចអ៊ីស្រាអែលថា៖ «តើព្រះករុណាយាងមករកទូលបង្គំធ្វើអ្វី? ម្ដេចក៏មិនយាងទៅរកពួកព្យាការីរបស់មាតាបិតាព្រះករុណាទៅ!»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់លោកថា៖ «ទេ ដ្បិតព្រះអម្ចាស់ហើយដែលបានហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។ លោកអេលីសេទូលថា៖ «ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះដែលទូលបង្គំគោរពបម្រើ និងជាព្រះដែលមានព្រះជន្មគង់នៅថា បើទូលបង្គំមិនយល់ដល់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដាទេ ទូលបង្គំមិនអើពើ ឬក្រឡេកមើលព្រះករុណាឡើយ។ ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យទូលបង្គំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី ឫទ្ធិបារមីរបស់ព្រះអម្ចាស់ក៏មកសណ្ឋិតលើព្យាការីអេលីសេ។ លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ចូរជីកប្រឡាយនៅតាមជ្រលងភ្នំនេះឲ្យច្រើន”។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា “ទោះបីអ្នករាល់គ្នាមិនឃើញមានខ្យល់ មានភ្លៀងក្ដី ជ្រលងភ្នំនេះនឹងមានទឹកពោរពេញ ហើយអ្នករាល់គ្នានឹងមានទឹកបរិភោគ ព្រមទាំងទឹកសម្រាប់ហ្វូងសត្វ និងជំនិះរបស់អ្នករាល់គ្នាផង”។ ប៉ុន្តែ នេះជាការតូចតាច នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ប៉ុណ្ណោះ។ ព្រះអង្គនឹងប្រគល់ជនជាតិម៉ូអាប់មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា។ ព្រះករុណាត្រូវបំផ្លាញទីក្រុងដែលមានកំពែងដ៏រឹងមាំ និងទីក្រុងសំខាន់ៗទាំងអស់ចោល។ ព្រះករុណាត្រូវកាប់រំលំដើមឈើល្អៗ បិទប្រភពទឹកទាំងអស់ ហើយបំផ្លាញដីស្រែចម្ការទាំងអស់ចោល ដោយយកថ្មទៅចាក់លើដីទាំងនោះ»។ លុះព្រឹកឡើង ពេលថ្វាយយញ្ញបូជា មានទឹកហូរមកពីស្រុកអេដុម ពាសពេញតំបន់នោះ។ កាលជនជាតិម៉ូអាប់ដឹងថា ស្ដេចទាំងបីអង្គលើកទ័ពមកច្បាំងនឹងពួកគេ ពួកគេប្រមូលផ្ដុំអស់អ្នកដែលមានវ័យអាចបម្រើទ័ពបាន ទាំងក្មេង ទាំងចាស់ ហើយបញ្ជូនទ័ពនោះទៅដាក់តាមព្រំដែន។ ជនជាតិម៉ូអាប់ក្រោកពីព្រលឹម ហើយឃើញព្រះអាទិត្យចាំងនៅលើផ្ទៃទឹក មានពណ៌ក្រហមដូចជាឈាម ពួកគេស្រែកថា៖ «មើល៍ សុទ្ធតែឈាម! ស្ដេចទាំងនោះពិតជាប្រយុទ្ធកាប់សម្លាប់គ្នាទៅវិញទៅមកស្លាប់អស់ហើយ! មក៍! ពួកម៉ូអាប់យើងនាំគ្នាទៅរឹបអូសយកជយភណ្ឌ ឥឡូវនេះ!»។ ជនជាតិម៉ូអាប់នាំគ្នាទៅដល់ជំរំរបស់អ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលក៏ចេញមកវាយប្រហារជនជាតិម៉ូអាប់ដែលបាក់ទ័ពរត់នៅចំពោះមុខពួកគេ។ កងទ័ពអ៊ីស្រាអែលដេញតាមប្រហារជនជាតិម៉ូអាប់ ចូលរហូតដល់ក្នុងស្រុក ហើយវាយពួកគេឲ្យបរាជ័យយ៉ាងធ្ងន់។ កងទ័ពអ៊ីស្រាអែលបំផ្លាញទីក្រុងទាំងប៉ុន្មានចោល ព្រមទាំងនាំគ្នាយកដុំថ្ម ទៅបោះពេញក្នុងស្រែចម្ការដ៏ល្អៗទាំងអស់។ ពួកគេបិទប្រភពទឹកទាំងអស់ចោល និងកាប់រំលំដើមឈើដ៏ល្អៗទាំងអស់ចោលដែរ។ ទីបំផុត មានតែក្រុងគារ-ហារ៉ាសែត ប៉ុណ្ណោះដែលនៅមានកំពែងព័ទ្ធជុំវិញ។ ពលទាហានកាន់ដង្ហក់នាំគ្នាឡោមព័ទ្ធ និងវាយយកក្រុងនោះ។ កាលស្ដេចស្រុកម៉ូអាប់ដឹងច្បាស់ថា ខ្លួនគ្មានកម្លាំងទប់ទល់បាន ទ្រង់ក៏ប្រមូលទ័ពដែលកាន់ដាវបានចំនួនប្រាំពីររយនាក់ វាយបើកផ្លូវសម្រុកទៅលើស្ដេចអេដុម ប៉ុន្តែ មិនបានសម្រេចឡើយ។ ដូច្នេះ ស្ដេចស្រុកម៉ូអាប់យករាជបុត្រច្បងដែលត្រូវស្នងរាជ្យ មកធ្វើយញ្ញបូជានៅលើកំពែងក្រុង បណ្ដាលឲ្យកងទ័ពអ៊ីស្រាអែលរន្ធត់ចិត្តជាខ្លាំង ហើយនាំគ្នាដកទ័ពវិលទៅកាន់ស្រុករបស់ខ្លួនវិញ។
២ ពង្សាវតារក្សត្រ 3:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯយ៉ូរ៉ាម ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក្នុងឆ្នាំទី១២នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យបាន១២ឆ្នាំ ទ្រង់ប្រព្រឹត្តដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តែមិនដល់ព្រះបិតា នឹងព្រះមាតាទ្រង់ទេ ដ្បិតទ្រង់បានបំបាត់រូបព្រះបាល ដែលព្រះបិតាទ្រង់បានធ្វើចេញ ប៉ុន្តែទ្រង់នៅតែកាន់តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាតដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើតាមផងនៅឡើយ ទ្រង់មិនបានលះបង់អំពើបាបនោះទេ។ រីឯមេសា ជាស្តេចសាសន៍ម៉ូអាប់ ទ្រង់ជាអ្នកមានហ្វូងចៀមច្រើន ហើយទ្រង់ក៏ឡើងសួយ ជារោមរបស់កូនចៀម១សែន នឹងរោមរបស់ចៀមឈ្មោល១សែន មកថ្វាយស្តេចអ៊ីស្រាអែល តែកាលអ័ហាប់ទ្រង់សុគតទៅ នោះស្តេចម៉ូអាប់បានបះបោរនឹងស្តេចអ៊ីស្រាអែល គ្រានោះស្តេចយ៉ូរ៉ាមក៏ចេញពីក្រុងសាម៉ារី ទៅត្រួតមើលពួកអ៊ីស្រាអែលទាំងអស់ ហើយយាងនាំមុខគេទៅ ទ្រង់ក៏ចាត់សារទៅឯយ៉ូសាផាត ជាស្តេចយូដាថា ស្តេចម៉ូអាប់បានបះបោរនឹងទូលបង្គំហើយ តើទ្រង់សព្វព្រះទ័យចង់ទៅច្បាំងនឹងសាសន៍ម៉ូអាប់ជាមួយនឹងទូលបង្គំឬទេ ទ្រង់មានបន្ទូលឆ្លើយថា ទូលបង្គំចង់ទៅដែរ ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្រទូលបង្គំក៏ដូចជារាស្ត្ររបស់ទ្រង់ ហើយសេះទូលបង្គំក៏ដូចជាសេះរបស់ទ្រង់ដែរ ទ្រង់ក៏សួរថា តើត្រូវឲ្យយើងឡើងទៅតាមផ្លូវណា ស្តេចអ៊ីស្រាអែលឆ្លើយថា តាមផ្លូវកាត់ទីរហោស្ថានស្រុកអេដំម ដូច្នេះ ស្តេចអ៊ីស្រាអែល ព្រមទាំងស្តេចយូដា នឹងស្តេចអេដំមក៏នាំគ្នាចេញទៅ គេដើរផ្លូវវាងអស់៧ថ្ងៃ ឥតមានទឹកសំរាប់ពលទ័ពនឹងហ្វូងសត្វ ដែលតាមគេទៅនោះសោះ ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់មានបន្ទូលថា ស្តាយណាស់ ព្រះយេហូវ៉ាទ្រង់បានហៅយើងខ្ញុំ ជាស្តេចទាំង៣អង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ម៉ូអាប់ហើយ តែយ៉ូសាផាតមានបន្ទូលសួរថា នៅទីនេះ តើគ្មានហោរាម្នាក់របស់ព្រះយេហូវ៉ា ឲ្យយើងបានសួរដល់ព្រះអង្គដោយសារអ្នកនោះទេឬអី នោះអ្នកជំនិតម្នាក់របស់ស្តេចអ៊ីស្រាអែលក៏ទូលឆ្លើយឡើងថា អេលីសេ ជាកូនសាផាត ដែលបានចាក់ទឹកលាងដៃអេលីយ៉ា លោកនៅទីនេះដែរ យ៉ូសាផាតក៏មានបន្ទូលថា ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅនឹងលោក ដូច្នេះ ស្តេចអ៊ីស្រាអែល នឹងយ៉ូសាផាត ហើយស្តេចអេដំម ទាំង៣អង្គ ក៏យាងចុះទៅឯលោក។ ឯអេលីសេ ក៏ទូលដល់ស្តេចអ៊ីស្រាអែលថា តើទ្រង់នឹងទូលបង្គំត្រូវការអ្វីនឹងគ្នា ចូរទៅឯពួកហោរ៉ារបស់ព្រះបិតា នឹងព្រះមាតាទ្រង់ចុះ តែស្តេចអ៊ីស្រាអែលមានបន្ទូលតបថា ទេ ដ្បិតព្រះយេហូវ៉ាបានហៅស្តេចទាំង៣អង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃ នៃពួកម៉ូអាប់ហើយ រួចអេលីសេទូលថា ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា នៃពួកពលបរិវារ ដ៏មានព្រះជន្មរស់នៅ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា បើទូលបង្គំមិនបានយល់ដល់យ៉ូសាផាត ជាស្តេចយូដា នោះប្រាកដជាទូលបង្គំមិនព្រមទាំងក្រឡេកមើលទៅទ្រង់ ឬឃើញទ្រង់ទេ តែឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឯទូលបង្គំ រួចកាលអ្នកនោះកំពុងតែលេងភ្លេង នោះព្រះហស្តនៃព្រះយេហូវ៉ា ក៏មកលើអេលីសេ ហើយលោកទាយថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរជីកប្រឡាយឲ្យពេញក្នុងច្រកភ្នំនេះទៅ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងរាល់គ្នានឹងមិនឃើញខ្យល់បក់ ឬភ្លៀងធ្លាក់ឡើយ តែច្រកភ្នំនេះនឹងមានទឹកពេញ នោះឯងរាល់គ្នានឹងបានទឹកផឹក ព្រមទាំងហ្វូងសត្វ នឹងសត្វជំនិះរបស់ឯងរាល់គ្នាផង ឯការនេះក៏ជាការយ៉ាងតូច នៅព្រះនេត្រព្រះយេហូវ៉ាទេ គឺព្រះទ្រង់នឹងប្រគល់សាសន៍ម៉ូអាប់មកក្នុងកណ្តាប់ព្រះហស្តនៃទ្រង់ទៀត ត្រូវឲ្យវាយអស់ទាំងទីក្រុងមានកំផែង នឹងគ្រប់ទាំងទីក្រុងយ៉ាងវិសេស ព្រមទាំងកាប់អស់ទាំងឈើល្អ នឹងខ្ទប់អស់ទាំងរន្ធទឹក ហើយយកដុំថ្មទៅ រាយបង្ខូចអស់ទាំងស្រែចំការល្អៗ លុះព្រឹកឡើង នៅពេលថ្វាយដង្វាយ ក៏មានទឹកហូរមកពីខាងស្រុកអេដំម នោះច្រកភ្នំក៏មានទឹកពេញ។ រីឯពួកសាសន៍ម៉ូអាប់ កាលគេបានឮថា ស្តេចទាំងនោះបានឡើងមក ដើម្បីច្បាំងនឹងខ្លួន នោះក៏ប្រមូលគ្នា គឺអស់អ្នកណាដែលមានអាយុល្មម នឹងកាន់គ្រឿងសស្ត្រាវុធបាន រហូតឡើងទៅលើ រួចទៅដំរៀបគ្នានៅត្រង់ព្រំប្រទល់ ព្រឹកព្រហាមថ្ងៃនោះ ពួកម៉ូអាប់ក្រោកឡើងឃើញពន្លឺថ្ងៃចាំងមកពីលើទឹក ដែលនៅមុខគេនោះ មើលទៅក្រហមដូចជាឈាម គេក៏និយាយគ្នាថា នោះគឺជាឈាមហើយ ពួកស្តេចនោះបានប្រហារជីវិតគ្នា ប្រាកដជាបានសំឡាប់គ្នានឹងគ្នា វិនាសអស់ហើយ ដូច្នេះ ឱពួកម៉ូអាប់អើយ ចូរយើងទៅរឹបជាន់ចាប់យករបឹបរបស់គេចុះ ដូច្នេះ ក៏នាំគ្នាទៅដល់ទីបោះទ័ពនៃពួកអ៊ីស្រាអែល តែពួកអ៊ីស្រាអែលក្រោកឡើង ប្រហារពួកម៉ូអាប់ឲ្យគេរត់ទៅនៅមុខខ្លួន ពួកអ៊ីស្រាអែលក៏ចេះតែដេញតាម វាយពួកម៉ូអាប់ទៅ រហូតដល់ក្នុងស្រុកគេ ក៏វាយរំលំអស់ទាំងទីក្រុង ហើយយកថ្មគ្រប់ៗគ្នា បោះទៅពេញក្នុងអស់ទាំងស្រែចំការល្អ ក៏ខ្ទប់រន្ឋទឹកទាំងប៉ុន្មាន ហើយកាប់អស់ទាំងដើមឈើដែលល្អដែរ មានតែក្រុងគារ-ហារ៉ាសែតប៉ុណ្ណោះទេ ដែលគេបានទុកថ្មឲ្យនៅវិញ ប៉ុន្តែពួកបាញ់ក្រួស គេបានឡោមព័ទ្ធវាយទីក្រុងនោះ កាលស្តេចម៉ូអាប់ឃើញថា ចំបាំងជាខ្លាំងទប់មិនបាន នោះទ្រង់រើសយកទាហាន៧០០នាក់ ដែលកាន់ដាវនាំទៅដោយប្រាថ្នានឹងទំលាយចូលទៅដល់ស្តេចអេដំម តែធ្វើមិនកើតទេ រួចមកទ្រង់យកបុត្រាច្បង ដែលត្រូវសោយរាជ្យជំនួសទ្រង់ ទៅថ្វាយជាដង្វាយដុត នៅលើកំផែងក្រុង នោះក៏កើតមានសេចក្ដីក្រេវក្រោធចំពោះពួកអ៊ីស្រាអែលជាខ្លាំង ហើយគ្រប់គ្នាថយចេញត្រឡប់ទៅស្រុកគេរៀងខ្លួនវិញ។