២ ពង្សាវតារក្សត្រ 24:8-20

២ ពង្សាវតារក្សត្រ 24:8-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះបាទ​យ៉ូយ៉ា‌គីន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ដប់​ប្រាំបី​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​បី​ខែ មាតា​របស់​ទ្រង់​ព្រះ‌នាម​ថា​នេហ៊ូស‌ថា បុត្រី​អែល‌ណា‌ថាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម។ ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ​ដែល​បិតា​របស់​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ។ នៅ​គ្រា​នោះ ពួក​ពល‌ទ័ព​របស់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ឡើង​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម។ ព្រះ‌បាទ​នេប៊ូ‌ក្នេសា​ជា​ស្តេច​បាប៊ី‌ឡូន​ឡើង​មក​ដល់​ទី​ក្រុង កំពុង​ដែល​ពួក​ពល‌ទ័ព​ទ្រង់​ឡោម‌ព័ទ្ធ​នោះ ព្រះបាទ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា ព្រម​ទាំង​មាតា ពួក​ជំនិត និង​ពួក​មេ‌ទ័ព​របស់​ទ្រង់​ផង ចេញ​ទៅ​គាល់​ស្តេច​បាប៊ី‌ឡូន គឺ​នៅ​ឆ្នាំ​ទី​ប្រាំបី​ក្នុង​រាជ្យ​ទ្រង់ ដែល​ស្តេច​បាប៊ី‌ឡូន​ចាប់​យក​បាន។ ព្រះ‌បាទ​នេប៊ូ‌ក្នេសា​បាន​យក​ទ្រព្យ​វិសេស​ទាំង​អស់ ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ពី​ព្រះ‌រាជ‌វាំង យក​ទាំង​គ្រឿង​មាស​កាត់​ជា​ដុំៗ ដែល​ព្រះបាទ​សាឡូម៉ូន ជា​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល។ ទ្រង់​ក៏​នាំ​ពួក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​អ្នក​ធំ និង​ពួក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ទៅ​ដែរ ឯ​ពួក​ឈ្លើយ​ទាំង​អស់​មាន​ចំនួន​មួយ​ម៉ឺន​នាក់ រួម​ទាំង​ពួក​រចនា និង​ពួក​ជាង​ទាំង​អស់ សល់​តែ​មនុស្ស​ទាល់​ក្រ​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ។ ទ្រង់​បាន​នាំ​ព្រះបាទ​យ៉ូយ៉ា‌គីន មាតា ភរិយា ពួក​មេ‌ទ័ព និង​ពួក​អ្នក​ធំ​ក្នុង​ស្រុក​នោះ​ទៅ​ស្រុក​បាប៊ី‌ឡូន គឺ​ទ្រង់​នាំ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ជា​ឈ្លើយ​ទៅ​ស្រុក​បាប៊ី‌ឡូន។ ស្តេច​បាប៊ី‌ឡូន​បាន​នាំ​ពួក​ឈ្លើយ​ទៅ​ស្រុក​បាប៊ី‌ឡូន មនុស្ស​ខ្លាំង​ពូកែ​ទាំង​អស់​មាន​ចំនួន​ប្រាំពីរ​ពាន់​នាក់ និង​ពួក​រចនា ពួក​ជាង​ចំនួន​មួយ​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពេញ​កម្លាំង​ល្មម​ច្បាំង​បាន។ ស្តេច​បាប៊ី‌ឡូន​បាន​លើក​ម៉ាថានា ជា​មា​របស់​ព្រះបាទ​យ៉ូយ៉ា‌គីន​ឲ្យ​សោយ‌រាជ្យ​ជំនួស ដោយ​ផ្លាស់​ព្រះ‌នាម​ទៅ​ជា​សេដេ‌គា។ ពេល​សេដេ‌គា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃមួយ​ឆ្នាំ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់មួយ​ឆ្នាំ មាតា​របស់​ទ្រង់​ព្រះ‌នាម​ថា ហាមូ‌ថាល បុត្រី​យេ‌រេមី ជា​អ្នក​ស្រុក​លិប‌ណា។ ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ​ដែល​ព្រះបាទ​យេហូ‌យ៉ាគីម​បាន​ប្រព្រឹត្ត​ដែរ។ គឺ​យ៉ាង​នោះ​ដែល​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​បាន​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា រហូត​ដល់​ព្រះ‌អង្គ​បោះ​បង់​គេ​ចោល​ឆ្ងាយ​ពី​ព្រះ‌អង្គ។

២ ពង្សាវតារក្សត្រ 24:8-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ដប់‌ប្រាំ‌បី​ព្រះ​វស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា នេ‌ហ៊ូស‌ថា ជា​កូន​របស់​លោក​អែល‌ណា‌ថាន អ្នក​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ដូច​បិតា ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។ នៅ​គ្រា​នោះ កង‌ទ័ព​របស់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នោះ។ ក្នុង​ពេល​កង‌ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​យាង​មក​បញ្ជា​កង‌ទ័ព​ដោយ​ផ្ទាល់។ ពេល​នោះ ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន ព្រម​ទាំង​មាតា ពួក​មន្ត្រី ពួក​នាយ​ទាហាន និង​ពួក​មហា‌តលិក ចេញ​មក​សុំ​ចុះ​ចាញ់​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​ចាប់​អ្នក​ទាំង​នោះ​ធ្វើ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជកាល​របស់​ស្ដេច​ផ្ទាល់។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​រឹប‌អូស​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​រាជទ្រព្យ​នៅ​ក្នុង​វាំង ទ្រង់​វាយ​កម្ទេច​គ្រឿង​បរិក្ខារ​ធ្វើ​អំពី​មាស ដែល​ព្រះ‌បាទ​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក។ ព្រះចៅ​នេប៊ូ‌ក្នេសា​កៀរ​អ្នក​ក្រុង​យេរូ‌សាឡឹម គឺ​មន្ត្រី​ទាំង​អស់ អ្នក​មុខ​អ្នក​ការ​ទាំង​អស់ ព្រម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ទាំង​អស់ ដែល​មាន​ចំនួន​មួយ​ម៉ឺន​នាក់ យក​ទៅ​ជា​ឈ្លើយ គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ប្រជា‌ជន​តូច‌តាច​ប៉ុណ្ណោះ។ ព្រះចៅ​នេប៊ូ‌ក្នេសា​ក៏​បាន​កៀរ​ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន ព្រម​ទាំង​មាតា មហេសី ស្រី​ស្នំ ពួក​មេ​ដឹក​នាំ និង​ពួក​មេ‌ទ័ព​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ស្រុក​បាប៊ី‌ឡូន។ ស្ដេច​បាន​កៀរ​ពួក​អភិជន​ចំនួន​ប្រាំ‌ពីរ​ពាន់​នាក់ ព្រម​ទាំង​ពួក​សិប្ប‌ករ និង​ជាង​ដែក​ចំនួន​មួយ​ពាន់​នាក់ ជា​មនុស្ស​ពេញ​កម្លាំង​ដែល​អាច​ច្បាំង​បាន នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ី‌ឡូន​ផង​ដែរ។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​តែង‌តាំង​សម្ដេច​ម៉ាថា‌នា ជា​ព្រះ‌បិតុលា​របស់​ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស ហើយ​ដូរ​នាម​ថា ព្រះ‌បាទ​សេដេ‌គា។ ពេល​ព្រះ‌បាទ​សេ‌ដេ‌គា​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះ‌វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម មាតា​របស់​ស្ដេច​មាន​នាម​ថា​ហាមូ‌ថាល់ ជា​កូន​របស់​លោក​យេ‌រេមី ជា​អ្នក​ស្រុក​លីប‌ណា។ ព្រះ‌បាទ​សេ‌ដេ‌គា​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ដូច​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ដែរ។ ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន មក​ពី​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា។ ព្រះអង្គ​បោះ‌បង់​ចោល​ពួក​គេ ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។

២ ពង្សាវតារក្សត្រ 24:8-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​យ៉ូយ៉ា‌គីន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១៨​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣​ខែ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម ជា​នេហ៊ូសថា បុត្រី​អែល‌ណាថាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ ដែល​ព្រះ‌បិតា​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ។ នៅ​គ្រា​នោះ ពួក​ពល‌ទ័ព​របស់​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន ក៏​ឡើង​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​ក៏​ឡើង​មក​ដល់​ទី​ក្រុង កំពុង​ដែល​ពួក​ពល‌ទ័ព​ទ្រង់​ឡោម‌ព័ទ្ធ​នោះ ហើយ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា ព្រម​ទាំង​ព្រះ‌មាតា ពួក​ជំនិត ពួក​អ្នក​ធំ នឹង​ពួក​មេ‌ទ័ព​របស់​ទ្រង់​ផង ក៏​ចេញ​ទៅ​គាល់​ស្តេច​បាប៊ីឡូន គឺ​នៅ​ឆ្នាំ​ទី​៨​ក្នុង​រាជ្យ​ទ្រង់​នោះ​ឯង ដែល​ស្តេច​បាប៊ីឡូន​ចាប់​យក​បាន នេប៊ូ‌ក្នេសា​ក៏​នាំ​យក​អស់​ទាំង​ទ្រព្យ​វិសេស ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​ព្រះ‌រាជ‌វាំង​ចេញ​មក ក៏​យក​អស់​ទាំង​គ្រឿង​ប្រដាប់​មាស ដែល​សាឡូម៉ូន ជា​ស្តេច​អ៊ីស្រាអែល​បាន​ធ្វើ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា កាត់​ជា​ដុំៗ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ទ្រង់​ក៏​ដឹក‌នាំ​ពួក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​អ្នក​ធំ នឹង​ពួក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ទៅ​ផង ឯ​ពួក​ឈ្លើយ​ទាំង​អស់​មាន​ចំនួន​១​ម៉ឺន​នាក់ រួម​ទាំង​ពួក​រចនា នឹង​ពួក​ជាង​ទាំង​អស់​ដែរ សល់​នៅ​តែ​មនុស្ស​ទាល់​ក្រ​បំផុត នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ ទ្រង់​ក៏​ដឹក‌នាំ​យ៉ូយ៉ា‌គីន ព្រម​ទាំង​ព្រះ‌មាតា នឹង​ភរិយា ហើយ​ពួក​មេ‌ទ័ព នឹង​ពួក​អ្នក​ធំ​ក្នុង​ស្រុក​នោះ​ផង ទៅ​ឯ​ស្រុក​បាប៊ីឡូន គឺ​ទ្រង់​នាំ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន​នោះ ឯ​អស់​ទាំង​មនុស្ស​ខ្លាំង​ពូកែ ចំនួន​ជា​៧​ពាន់​នាក់ នឹង​ពួក​រចនា ហើយ​ពួក​ជាង ចំនួន​ជា​១​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពេញ​កំឡាំង​ល្មម​ច្បាំង​បាន នោះ​ស្តេច​បាប៊ីឡូន​បាន​នាំ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន​ទាំង​អស់ រួច​ស្តេច​បាប៊ីឡូន​ទ្រង់​លើក​ម៉ាថានា ជា​មា​របស់​យ៉ូយ៉ា‌គីន តាំង​ឡើង​ឲ្យ​បាន​សោយ‌រាជ្យ​ជំនួស ក៏​ផ្លាស់​ព្រះ‌នាម​ទៅ​ជា​សេដេគា។ កាល​សេដេគា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១១​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា ហាមូ‌ថាល បុត្រី​យេរេមី ជា​អ្នក​ស្រុក​លិបណា ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ​ដែល​យេហូ‌យ៉ាគីម​បាន​ប្រព្រឹត្ត​ដែរ គឺ​យ៉ាង​នោះ​ដែល​សេចក្ដី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា បាន​កើត​ឡើង​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​ស្រុក​យូដា ដរាប​ដល់​ទ្រង់​បាន​បោះ​គេ​ចោល​ពី​ចំពោះ​ទ្រង់​ចេញ។