២ ពង្សាវតារក្សត្រ 24:8-12
២ ពង្សាវតារក្សត្រ 24:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មដប់ប្រាំបីឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានបីខែ មាតារបស់ទ្រង់ព្រះនាមថានេហ៊ូសថា បុត្រីអែលណាថាន ជាអ្នកក្រុងយេរូសាឡិម។ ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលបិតារបស់ទ្រង់បានប្រព្រឹត្តដែរ។ នៅគ្រានោះ ពួកពលទ័ពរបស់ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ក៏ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម។ ព្រះបាទនេប៊ូក្នេសាជាស្តេចបាប៊ីឡូនឡើងមកដល់ទីក្រុង កំពុងដែលពួកពលទ័ពទ្រង់ឡោមព័ទ្ធនោះ ព្រះបាទយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងមាតា ពួកជំនិត និងពួកមេទ័ពរបស់ទ្រង់ផង ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ដែលស្តេចបាប៊ីឡូនចាប់យកបាន។
២ ពង្សាវតារក្សត្រ 24:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ទ្រង់មានជន្មាយុដប់ប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា នេហ៊ូសថា ជាកូនរបស់លោកអែលណាថាន អ្នកក្រុងយេរូសាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ដូចបិតា ឥតចន្លោះត្រង់ណាឡើយ។ នៅគ្រានោះ កងទ័ពរបស់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ឡើងមកច្បាំងនឹងក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធក្រុងនោះ។ ក្នុងពេលកងទ័ពឡោមព័ទ្ធក្រុងយេរូសាឡឹមនោះ ព្រះចៅនេប៊ូក្នេសាបានយាងមកបញ្ជាកងទ័ពដោយផ្ទាល់។ ពេលនោះ ព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលិក ចេញមកសុំចុះចាញ់ស្ដេចស្រុកបាប៊ីឡូន។ ស្ដេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្ដេចផ្ទាល់។
២ ពង្សាវតារក្សត្រ 24:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលយ៉ូយ៉ាគីនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ ព្រះមាតាទ្រង់ព្រះនាម ជានេហ៊ូសថា បុត្រីអែលណាថាន ជាអ្នកក្រុងយេរូសាឡិម ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើ ដែលព្រះបិតាទ្រង់បានប្រព្រឹត្តដែរ។ នៅគ្រានោះ ពួកពលទ័ពរបស់នេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ក៏ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម ឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់ក៏ឡើងមកដល់ទីក្រុង កំពុងដែលពួកពលទ័ពទ្រង់ឡោមព័ទ្ធនោះ ហើយយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងព្រះមាតា ពួកជំនិត ពួកអ្នកធំ នឹងពួកមេទ័ពរបស់ទ្រង់ផង ក៏ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទី៨ក្នុងរាជ្យទ្រង់នោះឯង ដែលស្តេចបាប៊ីឡូនចាប់យកបាន