២ ពង្សាវតារក្សត្រ 24:1-17
២ ពង្សាវតារក្សត្រ 24:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅក្នុងរាជ្យព្រះបាទយេហូយ៉ាគីម ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនឡើងមក ព្រះបាទយេហូយ៉ាគីមបានចុះចូលជាអ្នកបម្រើរបស់នេប៊ូក្នេសាអស់រយៈពេលបីឆ្នាំ ក្រោយមកបែរជាបះបោរនឹងទ្រង់វិញ។ គ្រានោះ ព្រះយេហូវ៉ាចាត់ពួកកងសាសន៍ខាល់ដេ សាសន៍ស៊ីរី សាសន៍ម៉ូអាប់ និងពួកកូនចៅអាំម៉ូនឲ្យមកទាស់នឹងទ្រង់ ដើម្បីបំផ្លាញស្រុកយូដា តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល តាមរយៈពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គ។ ពិតប្រាកដជាសេចក្ដីទាំងនោះកើតមកដល់ស្រុកយូដា ដោយបង្គាប់នៃព្រះយេហូវ៉ា ដើម្បីនឹងដកគេចេញ ដោយព្រោះអំពើបាបរបស់ម៉ាណាសេ ដែលទ្រង់បានប្រព្រឹត្តទាំងប៉ុន្មាន ហើយដោយព្រោះឈាមឥតទោស ដែលទ្រង់បានកម្ចាយ ដ្បិតទ្រង់បានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាមដែលឥតទោសនោះ ព្រះយេហូវ៉ាមិនព្រមអត់ទោសឲ្យទេ។ ឯរាជកិច្ចផ្សេងទៀតរបស់ព្រះបាទយេហូយ៉ាគីម និងកិច្ចការទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដាហើយ។ ព្រះបាទយេហូយ៉ាគីមបានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ រួចព្រះបាទយ៉ូយ៉ាគីន ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ ស្តេចស្រុកអេស៊ីព្ទមិនបានចេញពីស្រុករបស់ទ្រង់ទៀតទេ ដ្បិតស្តេចស្រុកបាប៊ីឡូនបានវាយយកស្រុករបស់ស្តេចអេស៊ីព្ទទាំងប៉ុន្មាន ចាប់តាំងពីជ្រោះស្រុកអេស៊ីព្ទ រហូតដល់ទន្លេអ៊ើប្រាតហើយ។ ពេលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មដប់ប្រាំបីឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានបីខែ មាតារបស់ទ្រង់ព្រះនាមថានេហ៊ូសថា បុត្រីអែលណាថាន ជាអ្នកក្រុងយេរូសាឡិម។ ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលបិតារបស់ទ្រង់បានប្រព្រឹត្តដែរ។ នៅគ្រានោះ ពួកពលទ័ពរបស់ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ក៏ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម។ ព្រះបាទនេប៊ូក្នេសាជាស្តេចបាប៊ីឡូនឡើងមកដល់ទីក្រុង កំពុងដែលពួកពលទ័ពទ្រង់ឡោមព័ទ្ធនោះ ព្រះបាទយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងមាតា ពួកជំនិត និងពួកមេទ័ពរបស់ទ្រង់ផង ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ដែលស្តេចបាប៊ីឡូនចាប់យកបាន។ ព្រះបាទនេប៊ូក្នេសាបានយកទ្រព្យវិសេសទាំងអស់ ពីព្រះវិហាររបស់ព្រះយេហូវ៉ា និងពីព្រះរាជវាំង យកទាំងគ្រឿងមាសកាត់ជាដុំៗ ដែលព្រះបាទសាឡូម៉ូន ជាស្តេចអ៊ីស្រាអែលបានធ្វើនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល។ ទ្រង់ក៏នាំពួកក្រុងយេរូសាឡិមទាំងអស់ទៅ ព្រមទាំងពួកអ្នកធំ និងពួកខ្លាំងពូកែ ដែលមានចិត្តក្លាហានទៅដែរ ឯពួកឈ្លើយទាំងអស់មានចំនួនមួយម៉ឺននាក់ រួមទាំងពួករចនា និងពួកជាងទាំងអស់ សល់តែមនុស្សទាល់ក្រនៅក្នុងស្រុកប៉ុណ្ណោះ។ ទ្រង់បាននាំព្រះបាទយ៉ូយ៉ាគីន មាតា ភរិយា ពួកមេទ័ព និងពួកអ្នកធំក្នុងស្រុកនោះទៅស្រុកបាប៊ីឡូន គឺទ្រង់នាំគេចេញពីក្រុងយេរូសាឡិមជាឈ្លើយទៅស្រុកបាប៊ីឡូន។ ស្តេចបាប៊ីឡូនបាននាំពួកឈ្លើយទៅស្រុកបាប៊ីឡូន មនុស្សខ្លាំងពូកែទាំងអស់មានចំនួនប្រាំពីរពាន់នាក់ និងពួករចនា ពួកជាងចំនួនមួយពាន់នាក់ ដែលសុទ្ធតែជាមនុស្សពេញកម្លាំងល្មមច្បាំងបាន។ ស្តេចបាប៊ីឡូនបានលើកម៉ាថានា ជាមារបស់ព្រះបាទយ៉ូយ៉ាគីនឲ្យសោយរាជ្យជំនួស ដោយផ្លាស់ព្រះនាមទៅជាសេដេគា។
២ ពង្សាវតារក្សត្រ 24:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងរជ្ជកាលព្រះបាទយេហូយ៉ាគីម ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំង។ ព្រះបាទយេហូយ៉ាគីមសុំចុះចូល ហើយធ្វើជារណបស្ដេចស្រុកបាប៊ីឡូនអស់រយៈពេលបីឆ្នាំ។ បន្ទាប់មក ព្រះបាទយេហូយ៉ាគីម ក៏បះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។ គ្រានោះព្រះអម្ចាស់ចាត់ពួកចោរព្រៃ ជាជនជាតិខាល់ដេ ជនជាតិស៊ីរី ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន ឲ្យប្រឆាំងនឹងព្រះបាទយេហូយ៉ាគីម។ ព្រះអង្គចាត់ពួកគេឲ្យមកបំផ្លាញស្រុកយូដា ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអម្ចាស់ធ្វើឲ្យទុក្ខវេទនាទាំងនេះកើតមានដល់ស្រុកយូដា ដើម្បីបណ្ដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេបានប្រព្រឹត្ត ហើយទ្រង់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យអត់ទោសឲ្យឡើយ។ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយេហូយ៉ាគីម និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ កាលព្រះបាទយេហូយ៉ាគីមសោយទិវង្គត ព្រះបាទយ៉ូយ៉ាគីនជាបុត្របានឡើងស្នងរាជ្យ។ ស្ដេចស្រុកអេស៊ីបមិនហ៊ានចាកចេញពីស្រុករបស់ខ្លួនទេ ដ្បិតស្ដេចស្រុកបាប៊ីឡូន ដណ្ដើមយកបានទឹកដីស្រុកអេស៊ីប ចាប់តាំងពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។ កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ទ្រង់មានជន្មាយុដប់ប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា នេហ៊ូសថា ជាកូនរបស់លោកអែលណាថាន អ្នកក្រុងយេរូសាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ដូចបិតា ឥតចន្លោះត្រង់ណាឡើយ។ នៅគ្រានោះ កងទ័ពរបស់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ឡើងមកច្បាំងនឹងក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធក្រុងនោះ។ ក្នុងពេលកងទ័ពឡោមព័ទ្ធក្រុងយេរូសាឡឹមនោះ ព្រះចៅនេប៊ូក្នេសាបានយាងមកបញ្ជាកងទ័ពដោយផ្ទាល់។ ពេលនោះ ព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលិក ចេញមកសុំចុះចាញ់ស្ដេចស្រុកបាប៊ីឡូន។ ស្ដេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្ដេចផ្ទាល់។ ស្ដេចស្រុកបាប៊ីឡូនរឹបអូសយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជទ្រព្យនៅក្នុងវាំង ទ្រង់វាយកម្ទេចគ្រឿងបរិក្ខារធ្វើអំពីមាស ដែលព្រះបាទសាឡូម៉ូនជាស្ដេចស្រុកអ៊ីស្រាអែលបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក។ ព្រះចៅនេប៊ូក្នេសាកៀរអ្នកក្រុងយេរូសាឡឹម គឺមន្ត្រីទាំងអស់ អ្នកមុខអ្នកការទាំងអស់ ព្រមទាំងពួកសិប្បករ និងជាងដែកទាំងអស់ ដែលមានចំនួនមួយម៉ឺននាក់ យកទៅជាឈ្លើយ គឺទុកឲ្យនៅសល់តែប្រជាជនតូចតាចប៉ុណ្ណោះ។ ព្រះចៅនេប៊ូក្នេសាក៏បានកៀរព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា មហេសី ស្រីស្នំ ពួកមេដឹកនាំ និងពួកមេទ័ពពីក្រុងយេរូសាឡឹមទៅស្រុកបាប៊ីឡូន។ ស្ដេចបានកៀរពួកអភិជនចំនួនប្រាំពីរពាន់នាក់ ព្រមទាំងពួកសិប្បករ និងជាងដែកចំនួនមួយពាន់នាក់ ជាមនុស្សពេញកម្លាំងដែលអាចច្បាំងបាន នាំទៅជាឈ្លើយ នៅស្រុកបាប៊ីឡូនផងដែរ។ ស្ដេចស្រុកបាប៊ីឡូនតែងតាំងសម្ដេចម៉ាថានា ជាព្រះបិតុលារបស់ព្រះបាទយ៉ូយ៉ាគីន ឲ្យឡើងគ្រងរាជ្យជំនួស ហើយដូរនាមថា ព្រះបាទសេដេគា។
២ ពង្សាវតារក្សត្រ 24:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅរាជ្យទ្រង់ នោះនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនក៏ឡើងមក ហើយយេហូយ៉ាគីមក៏ចុះចូលជាអ្នកបំរើទ្រង់អស់៣ឆ្នាំ ក្រោយមកបែរជាបះបោរនឹងទ្រង់វិញ គ្រានោះព្រះយេហូវ៉ាទ្រង់ចាត់ប្រើពួកកងសាសន៍ខាល់ដេ សាសន៍ស៊ីរី សាសន៍ម៉ូអាប់ នឹងពួកកូនចៅអាំម៉ូន ឲ្យមកទាស់នឹងទ្រង់ ដើម្បីនឹងបំផ្លាញស្រុកយូដាទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារពួកហោរា ជាអ្នកបំរើទ្រង់ ពិតប្រាកដជាសេចក្ដីទាំងនោះកើតមកដល់ស្រុកយូដា ដោយបង្គាប់នៃព្រះយេហូវ៉ា ដើម្បីនឹងដកគេ ពីចំពោះទ្រង់ចេញ ដោយព្រោះអំពើបាបរបស់ម៉ាន៉ាសេ ដែលទ្រង់បានប្រព្រឹត្តទាំងប៉ុន្មាន ហើយដោយព្រោះឈាមឥតទោស ដែលទ្រង់បានកំចាយផង ដ្បិតទ្រង់បានធ្វើឲ្យក្រុងយេរូសាឡិម ពេញដោយឈាមដែលឥតទោសនោះ ហើយព្រះយេហូវ៉ាទ្រង់មិនព្រមអត់ទោសឲ្យទេ រីឯដំណើរឯទៀតពីយេហូយ៉ាគីម នឹងការទាំងប៉ុន្មានដែលទ្រង់បានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាស្រេចហើយ យេហូយ៉ាគីមក៏ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ រួចយ៉ូយ៉ាគីន ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា ឯស្តេចស្រុកអេស៊ីព្ទ ទ្រង់មិនបានចេញពីស្រុកទ្រង់មកទៀតទេ ដ្បិតស្តេចស្រុកបាប៊ីឡូន ទ្រង់បានវាយយកស្រុករបស់ស្តេចអេស៊ីព្ទទាំងប៉ុន្មាន ចាប់តាំងពីជ្រោះស្រុកអេស៊ីព្ទ រហូតដល់ទន្លេអ៊ើប្រាតហើយ។ កាលយ៉ូយ៉ាគីនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ ព្រះមាតាទ្រង់ព្រះនាម ជានេហ៊ូសថា បុត្រីអែលណាថាន ជាអ្នកក្រុងយេរូសាឡិម ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើ ដែលព្រះបិតាទ្រង់បានប្រព្រឹត្តដែរ។ នៅគ្រានោះ ពួកពលទ័ពរបស់នេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ក៏ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម ឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់ក៏ឡើងមកដល់ទីក្រុង កំពុងដែលពួកពលទ័ពទ្រង់ឡោមព័ទ្ធនោះ ហើយយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងព្រះមាតា ពួកជំនិត ពួកអ្នកធំ នឹងពួកមេទ័ពរបស់ទ្រង់ផង ក៏ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទី៨ក្នុងរាជ្យទ្រង់នោះឯង ដែលស្តេចបាប៊ីឡូនចាប់យកបាន នេប៊ូក្នេសាក៏នាំយកអស់ទាំងទ្រព្យវិសេស ពីព្រះវិហារនៃព្រះយេហូវ៉ា ហើយពីព្រះរាជវាំងចេញមក ក៏យកអស់ទាំងគ្រឿងប្រដាប់មាស ដែលសាឡូម៉ូន ជាស្តេចអ៊ីស្រាអែលបានធ្វើ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា កាត់ជាដុំៗ ដូចជាព្រះយេហូវ៉ាបានមានបន្ទូល ទ្រង់ក៏ដឹកនាំពួកក្រុងយេរូសាឡិមទាំងអស់ទៅ ព្រមទាំងពួកអ្នកធំ នឹងពួកខ្លាំងពូកែ ដែលមានចិត្តក្លាហានទៅផង ឯពួកឈ្លើយទាំងអស់មានចំនួន១ម៉ឺននាក់ រួមទាំងពួករចនា នឹងពួកជាងទាំងអស់ដែរ សល់នៅតែមនុស្សទាល់ក្របំផុត នៅក្នុងស្រុកប៉ុណ្ណោះ ទ្រង់ក៏ដឹកនាំយ៉ូយ៉ាគីន ព្រមទាំងព្រះមាតា នឹងភរិយា ហើយពួកមេទ័ព នឹងពួកអ្នកធំក្នុងស្រុកនោះផង ទៅឯស្រុកបាប៊ីឡូន គឺទ្រង់នាំគេចេញពីក្រុងយេរូសាឡិម ទៅជាឈ្លើយដល់ស្រុកបាប៊ីឡូននោះ ឯអស់ទាំងមនុស្សខ្លាំងពូកែ ចំនួនជា៧ពាន់នាក់ នឹងពួករចនា ហើយពួកជាង ចំនួនជា១ពាន់នាក់ ដែលសុទ្ធតែជាមនុស្សពេញកំឡាំងល្មមច្បាំងបាន នោះស្តេចបាប៊ីឡូនបាននាំទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូនទាំងអស់ រួចស្តេចបាប៊ីឡូនទ្រង់លើកម៉ាថានា ជាមារបស់យ៉ូយ៉ាគីន តាំងឡើងឲ្យបានសោយរាជ្យជំនួស ក៏ផ្លាស់ព្រះនាមទៅជាសេដេគា។