២ ពង្សាវតារក្សត្រ 22:1-20
២ ពង្សាវតារក្សត្រ 22:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មប្រាំបីឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានសាមសិបមួយឆ្នាំ មាតាព្រះនាមថា យេឌីដា បុត្រីរបស់អ័ដាយ៉ា ជាអ្នកស្រុកបូសកាត់។ ទ្រង់ប្រព្រឹត្តអំពើត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ហើយបានដើរតាមគ្រប់ទាំងផ្លូវរបស់ដាវីឌ ជាបុព្វបុរសរបស់ព្រះអង្គ ឥតបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ។ នៅឆ្នាំទីដប់ប្រាំបីក្នុងរាជ្យព្រះបាទយ៉ូសៀស ទ្រង់ចាត់សាផានដ៏ជាស្មៀន ជាកូនអ័សាលា ដែលជាកូនមស៊ូឡាម ឲ្យទៅឯព្រះវិហាររបស់ព្រះយេហូវ៉ា ដោយមានរាជឱង្ការថា៖ «ចូរឡើងទៅជួបលោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ ឲ្យលោកយកប្រាក់ដែលគេបាននាំយកមកថ្វាយ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ជាប្រាក់ដែលពួកអ្នកឆ្មាំទ្វារបានទទួលពីពួកបណ្ដាជន ហើយប្រគល់ទៅក្នុងអំណាចនៃពួកអ្នកដែលត្រួតមើលការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដើម្បីឲ្យគេបានចំណាយដល់ពួកជាង ដែលធ្វើការជួសជុលកន្លែងបាក់បែក ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាចុះ គឺពួកជាងឈើ ពួកជាងរៀបថ្ម និងពួកជាងផ្សេងៗ សម្រាប់ទិញឈើ និងថ្មដាប់ស្រាប់ មកជួសជុលព្រះវិហារ។ ប៉ុន្តែ គេមិនបានគិតប្រាក់ ដែលបានប្រគល់ទៅក្នុងអំណាចនៃអ្នកទាំងនោះទេ ដ្បិតគេធ្វើការដោយស្មោះត្រង់»។ លោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា៖ «ខ្ញុំបានឃើញគម្ពីរក្រឹត្យវិន័យនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា»។ លោកហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអាន។ រួចនាំដំណឹងវិលទៅវិញ ទូលស្តេចថា៖ «ពួកលោកជាអ្នកបម្រើរបស់ទ្រង់បានចាក់ប្រាក់ដែលឃើញមានក្នុងព្រះវិហារ ចេញពីហិបប្រគល់ទៅក្នុងអំណាចនៃពួកអ្នកដែលត្រួតមើលការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាហើយ»។ រួចសាផានដ៏ជាស្មៀនក៏ទូលស្តេចថា៖ «ហ៊ីលគីយ៉ាជាសម្ដេចសង្ឃ បានឲ្យគម្ពីរនេះមកទូលបង្គំ» ដូច្នេះ សាផានក៏អានថ្វាយស្តេច។ ពេលស្ដេចបានឮអស់ទាំងព្រះបន្ទូលក្នុងគម្ពីរក្រឹត្យវិន័យនោះ ទ្រង់ក៏ហែកព្រះពស្ត្រ រួចបង្គាប់ដល់ហ៊ីលគីយ៉ាជាសម្ដេចសង្ឃ អ័ហ៊ីកាម ជាកូនសាផាន អ័កបោរជាកូនមីកាយ៉ា និងសាផានដ៏ជាស្មៀន ហើយអ័សាយ៉ាជាអ្នកជំនិតស្តេចថា៖ «ចូរអ្នករាល់គ្នាទៅទូលសួរដល់ព្រះយេហូវ៉ា ពីដំណើរព្រះបន្ទូលដែលមានក្នុងគម្ពីរ ដែលគេបានឃើញនេះ ឲ្យយើង និងពួកបណ្ដាជន ជាពួកយូដាទាំងអស់គ្នាផង ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ា ដែលកើតឡើងទាស់នឹងយើងរាល់គ្នា នោះខ្លាំងក្រៃលែង ព្រោះបុព្វបុរសយើងរាល់គ្នា មិនបានស្តាប់តាមព្រះបន្ទូលក្នុងគម្ពីរនេះ ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលបានបង្គាប់មកយើងរាល់គ្នាទេ»។ ដូច្នេះ លោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ និងអ័ហ៊ីកាម អ័កបោរ សាផាន ហើយអ័សាយ៉ា គេក៏ទៅរកហោរាស្រីឈ្មោះហ៊ុលដា ជាប្រពន្ធរបស់សាលូម ជាកូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្រស្តេច (ហោរាស្រីនោះនៅឃុំលេខពីរក្នុងក្រុងយេរូសាឡិម) ហើយគេសូមយោបល់ពីនាង។ នាងប្រាប់គេថា៖ «ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ចូរទៅប្រាប់ដល់មនុស្សដែលចាត់អ្នករាល់គ្នាមកឯខ្ញុំថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍! យើងនឹងនាំសេចក្ដីអាក្រក់មកលើទីនេះ ហើយលើបណ្ដាជនដែលនៅក្រុងនេះដែរ គឺគ្រប់ទាំងសេចក្ដីក្នុងគម្ពីរ ដែលស្តេចយូដាបានទតនោះ។ គេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ជាការដែលនាំឲ្យយើងមានសេចក្ដីក្រោធ ដោយសារការទាំងប៉ុន្មានដែលដៃគេធ្វើ ដោយហេតុនោះបានជាសេចក្ដីក្រោធរបស់យើង នឹងឆេះឆួលឡើងទាស់នឹងទីនេះ ហើយនឹងពន្លត់មិនបានផង។ ប៉ុន្តែ អ្នករាល់គ្នាត្រូវទូលដល់ស្តេចយូដា ដែលចាត់អ្នករាល់គ្នា ឲ្យទៅទូលសួរព្រះយេហូវ៉ាថា ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា ពាក្យដែលឯងបានឮ ហើយដោយព្រោះអ្នកមានចិត្តទន់ បានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលបានឮសេចក្ដីដែលយើងបានថ្លែងទំនាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្ដាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រូវត្រឡប់ជាបណ្ដាសា ហើយដោយព្រោះអ្នកបានហែកសម្លៀកបំពាក់ ព្រមទាំងយំនៅមុខយើងដូច្នេះ នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងបានឮហើយ។ ហេតុនោះបានជាយើងនឹងឲ្យអ្នកទៅជួបជុំនឹងបុព្វបុរសអ្នក ហើយគេនឹងបញ្ចុះសពអ្នកនៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកអ្នកនឹងមិនឃើញអស់ទាំងសេចក្ដីអាក្រក់ ដែលយើងនឹងនាំមកលើទីនេះទេ»។ ដូច្នេះ គេក៏នាំយកពាក្យទាំងនោះ ទៅទូលដល់ស្តេចវិញ។
២ ពង្សាវតារក្សត្រ 22:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុប្រាំបីវស្សា ហើយសោយរាជ្យបានសាមសិបឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេឌីដា ជាកូនរបស់លោកអដាយ៉ា ជាអ្នកស្រុកបូសកាថ។ ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ ជាអយ្យកោឥតខ្ចោះ ដោយមិនងាកទៅស្ដាំ ឬទៅឆ្វេងឡើយ។ នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស ទ្រង់ចាត់លោកសាផានជាស្មៀនហ្លួង ដែលត្រូវជាកូនរបស់លោកអសាលា និងជាចៅរបស់លោកមស៊ូឡាម ឲ្យទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ដោយមានរាជឱង្ការថា៖ «ចូរទៅជួបលោកមហាបូជាចារ្យហ៊ីលគីយ៉ា សុំឲ្យលោកបូកសរុបប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺប្រាក់ក្រុមយាមទ្វារបានទទួលពីប្រជាជន។ ចូរឲ្យគេប្រគល់ប្រាក់នោះ ទៅពួកមេជាងដែលទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីបង់ថ្លៃឈ្នួលរបស់ពួកកម្មករជួសជុលព្រះដំណាក់ គឺពួកជាងឈើ ជាងសំណង់ ជាងកំបោរ និងសម្រាប់ទិញឈើ ថ្មដាប់ ដើម្បីជួសជុលព្រះដំណាក់។ ប៉ុន្តែ ចូរកុំសួរនាំពីប្រាក់ដែលប្រគល់ទៅឲ្យពួកមេជាងឡើយ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះបំផុត»។ ពេលនោះ លោកមហាបូជាចារ្យហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរវិន័យ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ាជូនគម្ពីរនេះទៅលោកសាផាន ហើយលោកសាផានក៏អាន។ បន្ទាប់មក លោកសាផាន ជាស្មៀនហ្លួង ក៏វិលមកគាល់ស្ដេចវិញ ទូលរៀបរាប់ដូចតទៅ៖ «យើងខ្ញុំបានប្រគល់ប្រាក់តង្វាយដែលប្រមូលនៅក្នុងព្រះដំណាក់ ទៅឲ្យពួកមេជាងជាអ្នកទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ហើយ»។ លោកសាផាន ជាស្មៀនហ្លួង ទូលស្ដេចទៀតថា៖ «លោកបូជាចារ្យហ៊ីលគីយ៉ាបានប្រគល់គម្ពីរមួយក្បាលឲ្យទូលបង្គំ» រួចលោកក៏អានថ្វាយព្រះរាជាស្ដាប់។ ព្រះអម្ចាស់ កាលព្រះរាជាឮសេចក្ដីទាំងប៉ុន្មានដែលមានចែងក្នុងគម្ពីរវិន័យ ស្ដេចក៏ហែកព្រះភូសា។ បន្ទាប់មក ទ្រង់បញ្ជាទៅលោកបូជាចារ្យហ៊ីលគីយ៉ា លោកអហ៊ីកាម ជាកូនរបស់លោកសាផាន លោកអ័កបោរ ជាកូនរបស់លោកមីកាយ៉ា លោកសាផាន ជាស្មៀនហ្លួង និងលោកអសាយ៉ា ជារាជបម្រើថា៖ «សូមអស់លោកអញ្ជើញទៅទូលសួរព្រះអម្ចាស់ឲ្យយើង និងប្រជាជនស្រុកយូដាទាំងមូល ពីសេចក្ដីទាំងប៉ុន្មានក្នុងគម្ពីរដែលទើបរកឃើញនេះផង។ ព្រះអម្ចាស់មុខជាព្រះពិរោធនឹងយើងយ៉ាងខ្លាំង ដ្បិតពួកដូនតារបស់យើង មិនបានស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះទេ ហើយក៏មិនប្រតិបត្តិតាមដែរ»។ លោកបូជាចារ្យហ៊ីលគីយ៉ា លោកអហ៊ីកាម លោកអ័កបោរ លោកសាផាន និងលោកអសាយ៉ា នាំគ្នាទៅជួបព្យាការិនីហ៊ូលដា ជាភរិយារបស់លោកសាលូម ជាកូនរបស់លោកទីកវ៉ា ជាចៅរបស់លោកហារហាស និងជាអ្នកថែរក្សាសម្លៀកបំពាក់បូជាចារ្យ។ នាងរស់នៅក្នុងសង្កាត់ថ្មីនៃក្រុងយេរូសាឡឹម។ កាលរាជបម្រើទាំងនោះរៀបរាប់ប្រាប់នាងចប់សព្វគ្រប់ហើយ នាងមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ចូរប្រាប់មនុស្សដែលចាត់អ្នករាល់គ្នាឲ្យមករកយើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះ ព្រមទាំងប្រជាជន ស្របតាមសេចក្ដីទាំងប៉ុន្មាន ដូចមានចែងទុកក្នុងគម្ពីរដែលស្ដេចស្រុកយូដាបានអាន។ ដោយពួកគេបានបោះបង់ចោលយើងហើយដុតគ្រឿងក្រអូបថ្វាយព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់ឱនបានឡើយ!” ប៉ុន្តែ ចូរទៅប្រាប់ស្ដេចស្រុកយូដា ដែលចាត់អស់លោកឲ្យមកទូលសួរព្រះអម្ចាស់ថា ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នកបានស្ដាប់ឮសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះហើយ។ ពេលអ្នកឮសេចក្ដីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះថា “ពួកគេនឹងត្រូវវិនាសអន្តរាយ ហើយសាសន៍ដទៃនឹងយកឈ្មោះពួកគេទៅដាក់បណ្ដាសាគ្នា” នោះអ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះមុខយើង ទាំងហែកសម្លៀកបំពាក់ យំសោក ដូច្នេះ យើងក៏ស្ដាប់អ្នកដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ហេតុនេះហើយបានជាយើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក អ្នកនឹងចែកស្ថានទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកពុំឃើញទុក្ខវេទនាទាំងប៉ុន្មាន ដែលយើងនឹងធ្វើឲ្យកើតមានដល់ក្រុងនេះឡើយ»។ រាជបម្រើក៏នាំយកចម្លើយនេះទៅទូលស្ដេចវិញ។
២ ពង្សាវតារក្សត្រ 22:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកាលយ៉ូសៀសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣១ឆ្នាំ ព្រះមាតាព្រះនាមជា យេឌីដា បុត្រីរបស់អ័ដាយ៉ា ជាអ្នកស្រុកបូសកាត់ ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ហើយក៏ដើរតាមគ្រប់ទាំងផ្លូវរបស់ដាវីឌ ជាឰយុកោទ្រង់ ឥតបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ។ នៅឆ្នាំទី១៨ក្នុងរាជ្យស្តេចយ៉ូសៀស នោះទ្រង់ចាត់សាផានដ៏ជាស្មៀន ជាកូនអ័សាលា ដែលជាកូនមស៊ូឡាម ឲ្យទៅឯព្រះវិហារនៃព្រះយេហូវ៉ា ដោយថា ចូរឡើងទៅឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ ឲ្យលោកយកប្រាក់ដែលគេបាននាំយកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ជាប្រាក់ដែលពួកអ្នកឆ្មាំទ្វារបានទទួល ពីពួកបណ្តាជន ហើយប្រគល់ទៅក្នុងអំណាច នៃពួកអ្នកដែលត្រួតមើលការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដើម្បីឲ្យគេបានចំណាយដល់ពួកជាង ដែលធ្វើការជួសជុលកន្លែងបាក់បែក ក្នុងព្រះវិហារនៃព្រះយេហូវ៉ាចុះ គឺដល់ពួកជាងឈើ ពួកជាងរៀបថ្ម នឹងពួកជាងផ្សេងៗ សំរាប់នឹងទិញឈើ នឹងថ្មដាប់ស្រាប់ មកជួសជុលព្រះវិហារ ប៉ុន្តែគេមិនបានគិតប្រាក់ ដែលបានប្រគល់ទៅ ក្នុងអំណាចនៃអ្នកទាំងនោះទេ ដ្បិតគេធ្វើការដោយស្មោះត្រង់។ ឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា ខ្ញុំបានប្រទះឃើញគម្ពីរក្រិត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអានមើល រួចនាំដំណឹងវិលទៅវិញ ទូលស្តេចថា ពួកលោកជាអ្នកបំរើទ្រង់បានចាក់ប្រាក់ដែលឃើញមានក្នុងព្រះវិហារ ចេញពីហឹប ប្រគល់ទៅក្នុងអំណាចនៃពួកអ្នក ដែលត្រួតមើលការក្នុងព្រះវិហារនៃព្រះយេហូវ៉ាហើយ រួចសាផានដ៏ជាស្មៀនក៏ទូលស្តេចថា ហ៊ីលគីយ៉ា ជាសំដេចសង្ឃ បានឲ្យគម្ពីរនេះមកទូលបង្គំ ដូច្នេះ សាផានក៏អានមើលថ្វាយស្តេច កាលស្តេចទ្រង់បានឮអស់ទាំងព្រះបន្ទូល ក្នុងគម្ពីរក្រិត្យវិន័យនោះ នោះទ្រង់ក៏ហែកព្រះពស្ត្រ រួចបង្គាប់ដល់ហ៊ីលគីយ៉ា ជាសំដេចសង្ឃ អ័ហ៊ីកាម ជាកូនសាផាន អ័កបោរ ជាកូនមីកាយ៉ា នឹងសាផានដ៏ជាស្មៀន ហើយអ័សាយ៉ា ជាអ្នកជំនិតស្តេចថា ចូរឲ្យអ្នករាល់គ្នាទៅទូលសួរដល់ព្រះយេហូវ៉ា ពីដំណើរព្រះបន្ទូលដែលមានក្នុងគម្ពីរ ដែលគេបានប្រទះឃើញនេះ ឲ្យយើង នឹងពួកបណ្តាជន ជាពួកយូដាទាំងអស់គ្នាផង ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ា ដែលកើតឡើងទាស់នឹងយើងរាល់គ្នា នោះខ្លាំងក្រៃលែង ពីព្រោះពួកឰយុកោយើងរាល់គ្នា មិនបានស្តាប់តាមព្រះបន្ទូលក្នុងគម្ពីរនេះ ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដី ដែលបានបង្គាប់មកយើងរាល់គ្នាទេ។ ដូច្នេះ ហ៊ីលគីយ៉ា ជាសំដេចសង្ឃ នឹងអ័ហ៊ីកាម អ័កបោរ សាផាន ហើយអ័សាយ៉ា គេក៏ទៅឯហោរាស្រីឈ្មោះហ៊ុលដា ជាប្រពន្ធរបស់សាលូម ជាកូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្រស្តេច (ហោរាស្រីនោះនៅឃុំលេខ២ក្នុងក្រុងយេរូសាឡិម) ហើយគេស្នើការនឹងនាង នាងប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ចូរទៅប្រាប់ដល់មនុស្ស ដែលចាត់អ្នករាល់គ្នាមកឯខ្ញុំថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្ដីអាក្រក់មកលើទីនេះ ហើយលើបណ្តាជនដែលនៅក្រុងនេះដែរ គឺគ្រប់ទាំងសេចក្ដីក្នុងគម្ពីរ ដែលស្តេចយូដាបានទតនោះ ពីព្រោះគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ជាការដែលនាំឲ្យអញមានសេចក្ដីក្រោធ ដោយសារការទាំងប៉ុន្មានដែលដៃគេធ្វើ ដោយហេតុនោះបានជាសេចក្ដីក្រោធរបស់អញ នឹងឆេះឆួលឡើងទាស់នឹងទីនេះ ហើយនឹងពន្លត់មិនបានផង តែត្រូវឲ្យអ្នករាល់គ្នាទូលដល់ស្តេចយូដា ដែលចាត់អ្នករាល់គ្នា ឲ្យទៅទូលសួរព្រះយេហូវ៉ាថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ត្រង់ឯពាក្យដែលឯងបានឮ នោះដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលឯងបានឮសេចក្ដី ដែលអញបានទាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្តាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រឡប់ជាសេចក្ដីបណ្តាសា ហើយដោយព្រោះឯងបានហែកសំលៀកបំពាក់ ព្រមទាំងយំនៅមុខអញដូច្នេះ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញក៏បានឮហើយ ហេតុនោះបានជាអញនឹងឲ្យឯងទៅជួបជុំនឹងពួកឰយុកោឯង ហើយគេនឹងបញ្ចុះឯង នៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកឯងនឹងមិនឃើញអស់ទាំងសេចក្ដីអាក្រក់ ដែលអញនឹងនាំមកលើទីនេះទេ ដូច្នេះ គេក៏នាំយកពាក្យទាំងនោះ ទៅទូលដល់ស្តេចវិញ។