២ ពង្សាវតារក្សត្រ 22:1-11
២ ពង្សាវតារក្សត្រ 22:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មប្រាំបីឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានសាមសិបមួយឆ្នាំ មាតាព្រះនាមថា យេឌីដា បុត្រីរបស់អ័ដាយ៉ា ជាអ្នកស្រុកបូសកាត់។ ទ្រង់ប្រព្រឹត្តអំពើត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ហើយបានដើរតាមគ្រប់ទាំងផ្លូវរបស់ដាវីឌ ជាបុព្វបុរសរបស់ព្រះអង្គ ឥតបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ។ នៅឆ្នាំទីដប់ប្រាំបីក្នុងរាជ្យព្រះបាទយ៉ូសៀស ទ្រង់ចាត់សាផានដ៏ជាស្មៀន ជាកូនអ័សាលា ដែលជាកូនមស៊ូឡាម ឲ្យទៅឯព្រះវិហាររបស់ព្រះយេហូវ៉ា ដោយមានរាជឱង្ការថា៖ «ចូរឡើងទៅជួបលោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ ឲ្យលោកយកប្រាក់ដែលគេបាននាំយកមកថ្វាយ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ជាប្រាក់ដែលពួកអ្នកឆ្មាំទ្វារបានទទួលពីពួកបណ្ដាជន ហើយប្រគល់ទៅក្នុងអំណាចនៃពួកអ្នកដែលត្រួតមើលការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដើម្បីឲ្យគេបានចំណាយដល់ពួកជាង ដែលធ្វើការជួសជុលកន្លែងបាក់បែក ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាចុះ គឺពួកជាងឈើ ពួកជាងរៀបថ្ម និងពួកជាងផ្សេងៗ សម្រាប់ទិញឈើ និងថ្មដាប់ស្រាប់ មកជួសជុលព្រះវិហារ។ ប៉ុន្តែ គេមិនបានគិតប្រាក់ ដែលបានប្រគល់ទៅក្នុងអំណាចនៃអ្នកទាំងនោះទេ ដ្បិតគេធ្វើការដោយស្មោះត្រង់»។ លោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា៖ «ខ្ញុំបានឃើញគម្ពីរក្រឹត្យវិន័យនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា»។ លោកហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអាន។ រួចនាំដំណឹងវិលទៅវិញ ទូលស្តេចថា៖ «ពួកលោកជាអ្នកបម្រើរបស់ទ្រង់បានចាក់ប្រាក់ដែលឃើញមានក្នុងព្រះវិហារ ចេញពីហិបប្រគល់ទៅក្នុងអំណាចនៃពួកអ្នកដែលត្រួតមើលការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាហើយ»។ រួចសាផានដ៏ជាស្មៀនក៏ទូលស្តេចថា៖ «ហ៊ីលគីយ៉ាជាសម្ដេចសង្ឃ បានឲ្យគម្ពីរនេះមកទូលបង្គំ» ដូច្នេះ សាផានក៏អានថ្វាយស្តេច។ ពេលស្ដេចបានឮអស់ទាំងព្រះបន្ទូលក្នុងគម្ពីរក្រឹត្យវិន័យនោះ ទ្រង់ក៏ហែកព្រះពស្ត្រ
២ ពង្សាវតារក្សត្រ 22:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុប្រាំបីវស្សា ហើយសោយរាជ្យបានសាមសិបឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេឌីដា ជាកូនរបស់លោកអដាយ៉ា ជាអ្នកស្រុកបូសកាថ។ ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ ជាអយ្យកោឥតខ្ចោះ ដោយមិនងាកទៅស្ដាំ ឬទៅឆ្វេងឡើយ។ នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស ទ្រង់ចាត់លោកសាផានជាស្មៀនហ្លួង ដែលត្រូវជាកូនរបស់លោកអសាលា និងជាចៅរបស់លោកមស៊ូឡាម ឲ្យទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ដោយមានរាជឱង្ការថា៖ «ចូរទៅជួបលោកមហាបូជាចារ្យហ៊ីលគីយ៉ា សុំឲ្យលោកបូកសរុបប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺប្រាក់ក្រុមយាមទ្វារបានទទួលពីប្រជាជន។ ចូរឲ្យគេប្រគល់ប្រាក់នោះ ទៅពួកមេជាងដែលទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីបង់ថ្លៃឈ្នួលរបស់ពួកកម្មករជួសជុលព្រះដំណាក់ គឺពួកជាងឈើ ជាងសំណង់ ជាងកំបោរ និងសម្រាប់ទិញឈើ ថ្មដាប់ ដើម្បីជួសជុលព្រះដំណាក់។ ប៉ុន្តែ ចូរកុំសួរនាំពីប្រាក់ដែលប្រគល់ទៅឲ្យពួកមេជាងឡើយ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះបំផុត»។ ពេលនោះ លោកមហាបូជាចារ្យហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរវិន័យ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ាជូនគម្ពីរនេះទៅលោកសាផាន ហើយលោកសាផានក៏អាន។ បន្ទាប់មក លោកសាផាន ជាស្មៀនហ្លួង ក៏វិលមកគាល់ស្ដេចវិញ ទូលរៀបរាប់ដូចតទៅ៖ «យើងខ្ញុំបានប្រគល់ប្រាក់តង្វាយដែលប្រមូលនៅក្នុងព្រះដំណាក់ ទៅឲ្យពួកមេជាងជាអ្នកទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ហើយ»។ លោកសាផាន ជាស្មៀនហ្លួង ទូលស្ដេចទៀតថា៖ «លោកបូជាចារ្យហ៊ីលគីយ៉ាបានប្រគល់គម្ពីរមួយក្បាលឲ្យទូលបង្គំ» រួចលោកក៏អានថ្វាយព្រះរាជាស្ដាប់។ ព្រះអម្ចាស់ កាលព្រះរាជាឮសេចក្ដីទាំងប៉ុន្មានដែលមានចែងក្នុងគម្ពីរវិន័យ ស្ដេចក៏ហែកព្រះភូសា។
២ ពង្សាវតារក្សត្រ 22:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកាលយ៉ូសៀសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣១ឆ្នាំ ព្រះមាតាព្រះនាមជា យេឌីដា បុត្រីរបស់អ័ដាយ៉ា ជាអ្នកស្រុកបូសកាត់ ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ហើយក៏ដើរតាមគ្រប់ទាំងផ្លូវរបស់ដាវីឌ ជាឰយុកោទ្រង់ ឥតបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ។ នៅឆ្នាំទី១៨ក្នុងរាជ្យស្តេចយ៉ូសៀស នោះទ្រង់ចាត់សាផានដ៏ជាស្មៀន ជាកូនអ័សាលា ដែលជាកូនមស៊ូឡាម ឲ្យទៅឯព្រះវិហារនៃព្រះយេហូវ៉ា ដោយថា ចូរឡើងទៅឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ ឲ្យលោកយកប្រាក់ដែលគេបាននាំយកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ជាប្រាក់ដែលពួកអ្នកឆ្មាំទ្វារបានទទួល ពីពួកបណ្តាជន ហើយប្រគល់ទៅក្នុងអំណាច នៃពួកអ្នកដែលត្រួតមើលការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដើម្បីឲ្យគេបានចំណាយដល់ពួកជាង ដែលធ្វើការជួសជុលកន្លែងបាក់បែក ក្នុងព្រះវិហារនៃព្រះយេហូវ៉ាចុះ គឺដល់ពួកជាងឈើ ពួកជាងរៀបថ្ម នឹងពួកជាងផ្សេងៗ សំរាប់នឹងទិញឈើ នឹងថ្មដាប់ស្រាប់ មកជួសជុលព្រះវិហារ ប៉ុន្តែគេមិនបានគិតប្រាក់ ដែលបានប្រគល់ទៅ ក្នុងអំណាចនៃអ្នកទាំងនោះទេ ដ្បិតគេធ្វើការដោយស្មោះត្រង់។ ឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា ខ្ញុំបានប្រទះឃើញគម្ពីរក្រិត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអានមើល រួចនាំដំណឹងវិលទៅវិញ ទូលស្តេចថា ពួកលោកជាអ្នកបំរើទ្រង់បានចាក់ប្រាក់ដែលឃើញមានក្នុងព្រះវិហារ ចេញពីហឹប ប្រគល់ទៅក្នុងអំណាចនៃពួកអ្នក ដែលត្រួតមើលការក្នុងព្រះវិហារនៃព្រះយេហូវ៉ាហើយ រួចសាផានដ៏ជាស្មៀនក៏ទូលស្តេចថា ហ៊ីលគីយ៉ា ជាសំដេចសង្ឃ បានឲ្យគម្ពីរនេះមកទូលបង្គំ ដូច្នេះ សាផានក៏អានមើលថ្វាយស្តេច កាលស្តេចទ្រង់បានឮអស់ទាំងព្រះបន្ទូល ក្នុងគម្ពីរក្រិត្យវិន័យនោះ នោះទ្រង់ក៏ហែកព្រះពស្ត្រ