២ ពង្សាវតារក្សត្រ 21:1-18

២ ពង្សាវតារក្សត្រ 21:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះបាទ​ម៉ាណា‌សេ​បាន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ដប់ពីរ​វស្សា ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ហាសិប​ប្រាំ​ឆ្នាំ មាតា​របស់​ទ្រង់​ព្រះ‌នាម​ថា​ហែប‌ស៊ី‌បា។ ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។ ដ្បិត​ទ្រង់​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់ ដែល​ស្ដេច​ហេ‌សេ‌គា​ជា​បិតា​របស់​ទ្រង់ បាន​បំផ្លាញ​នោះ​ឡើង​វិញ ក៏​ដំ​ឡើង​អាស‌នា​ថ្វាយ​ព្រះ‌បាល ហើយ​ធ្វើ​បង្គោល​សក្ការៈ ដូច​ព្រះបាទ​អ័ហាប់ ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ​ដែរ ព្រម​ទាំង​ថ្វាយ​បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ផង។ ទ្រង់​បាន​ស្អាង​អាស‌នា​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​តាំង​ឈ្មោះ​របស់​យើង នៅ​ក្រុង​យេរូ‌សាឡិម​នេះ»។ ទ្រង់​ធ្វើ​អាស‌នា​សម្រាប់​អស់​ទាំង​ពួក​ពល​បរិវារ​ដែល​នៅ​លើ​មេឃ នៅ​ក្នុង​ទី‌លាន​ទាំង​ពីរ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។ ទ្រង់​ក៏​យក​រូប​ព្រះ​ធ្លាក់​ដែល​ទ្រង់​បាន​ធ្វើ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ដាវីឌ និង​ព្រះបាទ​សាឡូម៉ូន​ជា​បុត្រ​ទ្រង់​ថា យើង​នឹង​តាំង​ឈ្មោះ​យើង ឲ្យ​នៅ​ក្នុង​ព្រះ‌វិហារ​នេះ ហើយ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​រើស​ពី​គ្រប់​ទាំង​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​នៅ​ជា​ដរាប​តទៅ ហើយ​មិន​ឲ្យ​ជើង​របស់​ពួក​អ៊ីស្រា‌អែល ដើរ​សាត់‌ព្រាត់​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​គេ​ទៀត​ឡើយ ឲ្យ​តែ​គេ​បាន​ប្រយ័ត្ន​នឹង​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​យើង​បាន​បង្គាប់​ដល់​គេ ហើយ​តាម​ក្រឹត្យ‌វិន័យ​ទាំង​អស់​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​យើង​បាន​បង្គាប់។ តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ ហើយ​ម៉ាណា‌សេ​ក៏​ល្បួង​គេ ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទៀត។ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ពួក​ហោរា ជា​អ្នក​ពួក​បម្រើ​ព្រះ‌អង្គ​ថា៖ «ដោយ​ព្រោះ​ម៉ាណា‌សេ​ជា​ស្តេច​យូដា​បាន​ធ្វើ​ការ​ដែល​គួរ​ស្អប់​ខ្ពើម​ទាំង​អស់​នេះ ហើយ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​គ្រប់​ទាំង​អំពើ​របស់​សាសន៍​អាម៉ូរី​ដែល​នៅ​មុន​គេ ព្រម​ទាំង​បណ្ដាល​ឲ្យ​ពួក​យូដា​ធ្វើ​បាប តាម​រូប​ព្រះ​ខ្លួន​ផង នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍! យើង​នឹង​បណ្ដាល​ឲ្យ​កើត​មាន​សេចក្ដី​អាក្រក់ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ស្រុក​យូដា បាន​ជា​អ្នក​ណា​ដែល​ឮ​និយាយ នោះ​ត្រចៀក​គេ​ទាំង​សង​ខាង​នឹង​ខ្ទរខ្ទ័រ។ យើង​នឹង​វាស់​ក្រុង​យេរូ‌សាឡិម ដោយ​ខ្សែ​សិន​របស់​ក្រុង​សាម៉ារី ហើយ​ដោយ​ខ្សែ​ប្រ‌យោល​នៃ​ជំនួរ​វង្ស​ព្រះបាទ​អ័ហាប់ យើង​នឹង​ជូត​ក្រុង​យេរូ‌សាឡិម ដូច​ជា​គេ​ជូត​ចាន គឺ​ទាំង​ជូត ហើយ​ដាក់​ផ្កាប់​ផង។ យើង​នឹង​បោះ‌បង់​ចោល​សំណល់​នៃ​មត៌ក​របស់​យើង​ទៅ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ពួក​ខ្មាំង​សត្រូវ​នឹង​រឹប​អូស​យកទាំង​អស់។ គឺ​ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ភ្នែក​យើង ព្រម​ទាំង​បណ្ដាល​ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បុព្វ‌បុរស​គេ​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ»។ មួយ​ទៀត ម៉ាណា‌សេ​បាន​កម្ចាយ​ឈាម ដែល​ឥត​ទោស​ជា​ច្រើន ទាល់​តែ​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ពេញ​ដោយ​ឈាម ចាប់​តាំង​ពី​ម្ខាង​ទៅ​ដល់​ម្ខាង នេះ​ក្រៅ​ពី​អំពើ​បាប​ដែល​ទ្រង់​បាន​ធ្វើ ដែល​នាំ​ឲ្យ​ពួក​យូដា​ធ្វើ​តាម ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។ ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ម៉ាណា‌សេ និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ហើយ​អំពើ​បាប​ដែល​ទ្រង់​ប្រព្រឹត្ត នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។ ម៉ាណា‌សេ​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌អង្គ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ច្បារ​នៃ​ដំណាក់​ទ្រង់ គឺ​ក្នុង​ច្បាប់​របស់​អ៊ូសា រួច​អាំម៉ូន​ជា​បុត្រាក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

២ ពង្សាវតារក្សត្រ 21:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌បាទ​ម៉ាណា‌សេ​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះ‌ជន្មាយុ​ដប់‌ពីរ​វស្សា ទ្រង់​សោយ‌រាជ្យ​បាន​ហា‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ព្រះ‌នាង​ហែប‌ស៊ី‌បា។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រា‌អែល។ ស្ដេច​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ឡើង​វិញ គឺ​កន្លែង​ដែល​ព្រះ‌បាទ​ហេ‌សេគា ជា​បិតា បាន​លុប​បំបាត់។ ស្ដេច​បាន​សង់​អាសនៈ​របស់​ព្រះ​បាល និង​ដំឡើង​បង្គោល​ថ្វាយ​ព្រះ‌អាសេ‌រ៉ា ដូច​ព្រះ‌បាទ​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​ដែរ។ ស្ដេច​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។ ស្ដេច​បាន​សង់​អាសនៈ​របស់​ព្រះ​ដទៃ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​នៅ​កន្លែង​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​យក​ក្រុង​យេរូ‌សាឡឹម​នេះ ទុក​ជា​កន្លែង​សម្រាប់​នាម​យើង”។ ព្រះ‌បាទ​ម៉ាណា‌សេ​សង់​អាសនៈ សម្រាប់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ស្ដេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា​យញ្ញ ស្ដេច​បាន​រក​គ្រូ​មើល​ជោគ‌រាសី ប្រព្រឹត្ត​មន្ត‌អាគម ព្រម​ទាំង​តែង‌តាំង​ឲ្យ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍‌ទាយ​ផង។ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។ ព្រះ‌បាទ​ម៉ាណា‌សេ​បាន​ធ្វើ​រូប​បដិមា​របស់​ព្រះ‌អាសេ‌រ៉ា យក​ទៅ​តម្កល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ថ្វី‌ដ្បិត​តែ​ព្រះ‌អម្ចាស់​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​ថា «យើង​ជ្រើស​រើស​ព្រះ‌ដំណាក់ និង​ក្រុង​យេរូ‌សាឡឹម ពី​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​ជា​កន្លែង​សម្រាប់​នាម​យើង​រហូត​ត​ទៅ។ ប្រសិន​បើ​ប្រជា‌ជន​អ៊ីស្រា‌អែល​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​បង្គាប់​មក តាម​រយៈ​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង នោះ​យើង​មិន​ឲ្យ​ពួក​គេ​ខ្ចាត់​ព្រាត់​ចេញ​ឆ្ងាយ​ពី​ទឹក​ដី ដែល​យើង​ប្រគល់​ឲ្យ​ដូនតា​របស់​គេ​ឡើយ»។ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ទេ ព្រះ‌បាទ​ម៉ាណា‌សេ​នាំ​ពួក​គេ​ឲ្យ​វង្វេង​រហូត​ដល់​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បំផ្លាញ នៅ​ចំពោះ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល​ទៅ​ទៀត។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ថា៖ «ម៉ាណា‌សេ ជា​ស្ដេច​ស្រុក​យូដា បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ គឺ​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ច្រើន​ជាង​ជន‌ជាតិ​អាម៉ូរី កាល​ពី​មុន ហើយ​គេ​ក៏​បាន​នាំ​ជន‌ជាតិ​យូដា​ប្រព្រឹត្ត​អំពើ​បាប ដោយ​គោរព​រូប​ព្រះ​ក្លែងក្លាយ​ដែរ។ ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា ហើយ​នរណា​ក៏​ដោយ ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។ យើង​នឹង​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម ដូច​យើង​បាន​បំផ្លាញ​ក្រុង​សាម៉ារី និង​រាជ‌វង្ស​អហាប់​ដែរ។ យើង​នឹង​បោស​សម្អាត​ក្រុង​យេរូ‌សាឡឹម ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ។ យើង​នឹង​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​យើង​ដែល​នៅ​សេស‌សល់ គឺ​យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ។ ខ្មាំង​សត្រូវ​នឹង​ប្លន់​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​ពួក​គេ ដ្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​យើង​មិន​ពេញ​ចិត្ត គឺ​ពួក​គេ​ធ្វើ​ឲ្យ​យើង​ក្រេវ‌ក្រោធ តាំង​ពី​ថ្ងៃ​ដែល​ដូនតា​របស់​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​សព្វ​ថ្ងៃ»។ ក្រៅ​ពី​អំពើ​បាប​ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​នាំ​ប្រជា‌ជន​យូដា​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ស្ដេច​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ជា​ច្រើន រហូត​ដល់​ក្រុង​យេរូ‌សាឡឹម​មាន​ពាស‌ពេញ​ទៅ​ដោយ​ឈាម។ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ម៉ាណា‌សេ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ គឺ​អំពើ​បាប សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ កាល​ព្រះ‌បាទ​ម៉ាណា‌សេ​សោយ​ទិវង្គត គេ​បាន​យក​សព​របស់​ស្ដេច​ទៅ​បញ្ចុះ​ក្នុង​សួន​ឧទ្យាន​នៃ​រាជ​វាំង គឺ​សួន​របស់​លោក​អ៊ូសា ហើយ​ព្រះ‌បាទ​អាំម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

២ ពង្សាវតារក្សត្រ 21:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​កាល​ម៉ាន៉ាសេ​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១២​ឆ្នាំ​ហើយ ទ្រង់​ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៥៥​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​ហែប‌ស៊ី‌បា ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ ដ្បិត​ទ្រង់​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់ ដែល​ហេសេគា ជា​ព្រះ‌បិតា​ទ្រង់ បាន​បំផ្លាញ​ចេញ​នោះ​ឡើង​វិញ ក៏​ដំឡើង​អាសនា​ថ្វាយ​ព្រះ‌បាល ហើយ​ធ្វើ​រូប​ព្រះ​ដូច​ជា​អ័ហាប់ ជា​ស្តេច​អ៊ីស្រាអែល​បាន​ធ្វើ​ដែរ ព្រម​ទាំង​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ពួក​ពល​បរិវា​នៅ​លើ​មេឃ​ផង ទ្រង់​ក៏​ស្អាង​អាសនា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ថា អញ​នឹង​តាំង​ឈ្មោះ​អញ នៅ​ក្រុង​យេរូ‌សាឡិម​នោះ ទ្រង់​ធ្វើ​អាសនា​សំរាប់​អស់​ទាំង​ពួក​ពល​បរិវារ ដែល​នៅ​លើ​មេឃ នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ ទ្រង់​ក៏​យក​រូប​ព្រះ​ឆ្លាក់ ដែល​ទ្រង់​បាន​ធ្វើ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ដាវីឌ ហើយ​នឹង​សាឡូម៉ូន ជា​បុត្រ​ទ្រង់​ថា អញ​នឹង​តាំង​ឈ្មោះ​អញ ឲ្យ​នៅ​ក្នុង​ព្រះ‌វិហារ​នេះ ហើយ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​រើស​ពី​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល ឲ្យ​នៅ​ជា​ដរាប​ត​ទៅ ហើយ​នឹង​មិន​ដែល​ឲ្យ​ជើង​សាសន៍​អ៊ីស្រាអែល ដើរ​សាត់‌ព្រាត់​ចេញ​ពី​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ឰយុកោ​គេ​ទៀត​ឡើយ ឲ្យ​តែ​គេ​បាន​ប្រយ័ត​នឹង​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​បាន​បង្គាប់​ដល់​គេ ហើយ​តាម​ក្រិត្យ‌វិន័យ​ទាំង​អស់​ដែល​ម៉ូសេ ជា​អ្នក​បំរើ​អញ បាន​បង្គាប់​ដល់​គេ​ផង តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ ហើយ​ម៉ាន៉ាសេ​ក៏​ល្បួង​គេ ឲ្យ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ទៅ​ទៀត។ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល ដោយ‌សារ​ពួក​ហោរា ជាពួក​អ្នក​បំរើ​ទ្រង់​ថា ដោយ​ព្រោះ​ម៉ាន៉ាសេ​ជា​ស្តេច​យូដា បាន​ធ្វើ​ការ​ដែល​គួរ​ស្អប់​ខ្ពើម​ទាំង​អស់​នេះ ហើយ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​គ្រប់​ទាំង​អំពើ​របស់​សាសន៍​អាម៉ូរី​ដែល​នៅ​មុន​គេ ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​យូដា​ធ្វើ​បាប តាម​រូប​ព្រះ​ខ្លួន​ផង នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​បណ្តា​ឲ្យ​កើត​មាន​សេចក្ដី​អាក្រក់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ស្រុក​យូដា ដល់​ម៉្លេះ​បាន​ជា​អ្នក​ណា​ដែល​ឮ​និយាយ នោះ​ត្រចៀក​គេ​ទាំង​សង​ខាង​នឹង​ខ្ទរខ្ទ័រ អញ​នឹង​វាស់​ក្រុង​យេរូ‌សាឡិម ដោយ​ខ្សែ​សិន​របស់​ក្រុង​សាម៉ារី ហើយ​ដោយ​កូន​តឹង​នៃ​ជំនួរ​វង្ស​អ័ហាប់ អញ​នឹង​ជូត​ក្រុង​យេរូ‌សាឡិម ដូច​ជា​គេ​ជូត​ចាន គឺ​ទាំង​ជូត ហើយ​ដាក់​ផ្កាប់​ផង អញ​នឹង​បោះ‌បង់​ចោល​សំណល់​នៃ​មរដក​របស់​អញ​ទៅ ព្រម​ទាំង​ប្រគល់​គេ​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ត្រឡប់​ជា​រំពា នឹង​របឹប ដល់​អស់​ទាំង​ពួក​ខ្មាំង​សត្រូវ​គេ គឺ​ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ភ្នែក​អញ ព្រម​ទាំង​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ក្រោធ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​ឰយុកោ​គេ បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់សព្វ​ថ្ងៃ​នេះ។ មួយ​ទៀត ម៉ាន៉ាសេ​ទ្រង់​បាន​កំចាយ​ឈាម ដែល​ឥត​ទោស​ជា​ច្រើន ទាល់​តែ​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ពេញ​ដោយ​ឈាម​នោះ ចាប់​តាំង​ពី​ម្ខាង​ទៅ​ដល់​ម្ខាង នេះ​ក្រៅ​ពី​អំពើ​បាប​ដែល​ទ្រង់​បាន​ធ្វើ ដែល​នាំ​ឲ្យ​ពួក​យូដា​ធ្វើ​តាម ដោយ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា រីឯ​ដំណើរ​ឯ​ទៀត​ពី​ម៉ាន៉ាសេ នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ហើយ​អំពើ​បាប​ដែល​ទ្រង់​ប្រព្រឹត្ត នោះ​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ ម៉ាន៉ាសេ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់ នៅ​ក្នុង​ច្បារ​នៃ​ដំណាក់​ទ្រង់ គឺ​ក្នុង​ច្បាប់​របស់​អ៊ូសា រួច​អាំម៉ូន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។