២ ពង្សាវតារក្សត្រ 20:1-21

២ ពង្សាវតារក្សត្រ 20:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ ស្ដេច​ហេ‌សេ‌គា​ប្រឈួន​ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ​ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់ ទូល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​ផ្តាំ​ដល់​វង្សា​របស់​ឯង​ចុះ ដ្បិត​ឯង​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ"»។ ពេល​នោះ ទ្រង់​បែរ​ព្រះ‌ភក្ត្រ​ទៅ​ជញ្ជាំង អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ទូល‌បង្គំ ដែល​បាន​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ល្អ នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ជា​យ៉ាង​ណា» រួច​ស្ដេច​ហេ‌សេ‌គា​ព្រះ‌កន្សែង​ជា​ខ្លាំង។ នៅ​ពេល​លោក​អេសាយ​ចេញ​ទៅ មិន​ទាន់​ដល់​ទី​ធ្លា​កណ្ដាល​នៅ​ឡើយ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​លោក​ថា៖ «ចូរ​ត្រឡប់​ទៅ​ទូល​ដល់​ហេ‌សេ‌គា ជា​មេ​លើ​ប្រជា‌រាស្ត្រ​របស់​យើង​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ដាវីឌ​បុព្វ‌បុរស​ឯង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​ឯង​ហើយ យើង​នឹង​ប្រោស​ឲ្យ​ឯង​បាន​ជា ដល់​ថ្ងៃ​ទី​បី ឯង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន។ យើង​នឹង​ចម្រើន​អាយុ​ឯង​ឡើង​ដប់ប្រាំ​ឆ្នាំ​ទៀត ហើយ​ដោះ​ឯង និង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ការពារ​ទី​ក្រុង​នេះ រក្សា​ទុក​សម្រាប់​យើង គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង"»។ ហោរា​អេសាយ​បាន​ទូល​ថា៖ «សូម​យក​ផ្លែ​ល្វា​មួយ​ផែន​មក​បិទ​លើ​បូស​នោះ នោះ​ទ្រង់​នឹង​បាន​ជា»។ ស្ដេច​ហេ‌សេ‌គា​មាន​រាជ‌ឱអង្ការ​សួរ​លោក​អេសាយ​ថា៖ «តើ​មាន​ទី​សម្គាល់​ណា​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ឲ្យ​ខ្ញុំ​បាន​ជា ហើយ​ដែល​ខ្ញុំ​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​ទី​បី​បាន?» ហោរា​អេសាយ​ទូល​តប​ថា៖ «នេះ​ជា​ទី​សម្គាល់​ពី​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​នឹង​សម្រេច​តាម​សេចក្ដី​ដែល​មាន​ព្រះ‌បន្ទូល​ហើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ស្រមោល​ធ្លាក់​ទៅ​មុខ​ដប់​កាំ ឬ​ថយ​ក្រោយ​ដប់​កាំ?» ស្ដេច​ហេ‌សេ‌គា​មាន​រាជ‌ឱង្ការ​ឆ្លើយ​ថា៖ «ដែល​ស្រមោល​ជ្រេ​ទៅ​មុខ​ដប់​កាំ​នោះ​ងាយ​ទេ ដូច្នេះ សូម​ឲ្យ​បាន​ថយ​មក​ក្រោយ​ដប់​កាំ​វិញ»។ ដូច្នេះ ហោរា​អេសាយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​បាន​ជ្រេ​ទៅ នៅ​នាឡិកា​ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​ក្រោយ​វិញ​ដប់​កាំ។ នៅ​គ្រា​នោះ ម្រដាក់-បាឡា‌ដាន​ជា​បុត្រ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ី‌ឡូន បាន​ផ្ញើ​សំបុត្រ និង​តង្វាយ​មក​ថ្វាយ​ស្ដេច​ហេ‌សេ‌គា ដោយ​ព្រោះ​ទ្រង់​ឮ​ថា ស្ដេច​ហេ‌សេ‌គា​ប្រឈួន។ ស្ដេច​ហេ‌សេ‌គា​បាន​ទទួល​ពួក​គេ គឺ​ទ្រង់​បង្ហាញ​ឃ្លាំង​របស់​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន គឺ​មាន​មាស ប្រាក់ គ្រឿង​ក្រអូប និង​ប្រេង​វិសេស ហើយ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ទាំង​អស់ និង​គ្រប់​ទាំង​អស់​ដែល​ឃើញ​មាន​ក្នុង​ឃ្លាំង គ្មាន​អ្វី​នៅ​ក្នុង​ព្រះ‌រាជ‌វាំង ឬ​នៅ​ក្រោម​អំណាច​របស់​ទ្រង់​ទាំង​អស់​ដែល​ស្ដេច​ហេ‌សេ‌គា​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ។ នោះ​ហោរា​អេសាយ លោក​មក​គាល់​ស្តេច​ហេ‌សេ‌គា ទូល​សួរ​ថា៖ «អ្នក​ទាំង​នោះ​បាន​និយាយ​អ្វី​ខ្លះ ហើយ​មក​ពី​ណា​ដែល​មក​គាល់​ទ្រង់​ដូច្នេះ»។ ស្ដេច​ហេ‌សេ‌គា​តប​ថា៖ «គេ​មក​ពី​ប្រទេស​ឆ្ងាយ​ណាស់ គឺ​ពី​ស្រុក​បាប៊ី‌ឡូន»។ រួច​លោក​ទូល​សួរ​ទៀត​ថា៖ «គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះ‌រាជ‌វាំង?»។ ស្ដេច​ហេ‌សេ‌គា​ឆ្លើយ​ថា៖ «គេ​បាន​ឃើញ​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ដំណាក់​យើង ហើយ​ក្នុង​ព្រះ‌រាជ‌ទ្រព្យ​យើង​ទាំង​អម្បាល‌ម៉ាន គ្មាន​អ្វី​ដែល​យើង​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ»។ ពេល​នោះ ហោរា​អេសាយ​ទូល​ស្ដេច​ហេ‌សេ‌គា​ថា៖ «សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​សិន នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​នៅ​ក្នុង​ព្រះ‌រាជ‌វាំង និង​របស់​ទាំង​ប៉ុន្មាន​ដែល​បុព្វ‌បុរស​របស់​ទ្រង់​បាន​សន្សំ​ទុក រហូត​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​ឲ្យ​មាន​អ្វី​សល់​នៅ​ឡើយ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ឯ​ពួក​បុត្រា​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​នឹង​ត្រូវ​គេ​នាំ​ទៅ ឲ្យ​ធ្វើ​ជា​មនុស្ស​កំរៀវ​នៅ​ក្នុង​ដំណាក់​របស់​ស្តេច​ស្រុក​បាប៊ី‌ឡូន»។ ព្រះបាទ​ហេ‌សេ‌គា​មាន​រាជ‌ឱង្ការ​ទៅ​លោក​អេសាយ​ថា៖ «ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ថា​នោះ​ជា​ល្អ​ហើយ» រួច​មាន​រាជឱអង្ការ​ទៀត​ថា៖ «បើ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ?» រីឯ​កិច្ច‌ការ​ផ្សេង​ទៀត​របស់​ស្ដេច​ហេ‌សេ‌គា និង​ពី​អំណាច​របស់​ទ្រង់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​ស្រះ​ទឹក និង​ប្រឡាយ​បង្ហូរ​ទឹក​ចូល​មក​ក្នុង​ទី​ក្រុង​ជា​យ៉ាង​ណា នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។ ព្រះបាទ​ហេ‌សេ‌គា​បាន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ រួច​ម៉ាណា‌សេ ជា​បុត្រា បាន​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

២ ពង្សាវតារក្សត្រ 20:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ូស មក​គាល់​ស្ដេច ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សូម​ព្រះ‌ករុណា​ផ្ដែ‌ផ្ដាំ​រាជ‌វង្សា‌នុវង្ស​ឲ្យ​ហើយ​ទៅ ដ្បិត​ព្រះ‌ករុណា​មិន​រស់​រាន​ត​ទៅ​ទៀត​ទេ ព្រះ‌ករុណា​ជិត​សោយ​ទិវង្គត​ហើយ»។ ព្រះ‌បាទ​ហេ‌សេគា​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​ជញ្ជាំង ទូល‌អង្វរ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «ឱ! ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ទូលបង្គំ​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​ប៉ុណ្ណោះ!»។ ព្រះ‌បាទ​ហេ‌សេគា​បង្ហូរ​ជល‌នេត្រ​យ៉ាង​ខ្លាំង។ ពេល​នោះ ព្យាការី​អេសាយ​មិន​ទាន់​ចេញ​ផុត​ពី​ធ្លា​ធំ​នៃ​រាជ​វាំង​ផង ស្រាប់​តែ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ដូច​ត​ទៅ៖ «ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​ហេ‌សេគា ជា​អ្នក​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​យើង​ថា: ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ដាវីឌ ដែល​ជា​អយ្យ‌កោ​របស់​ព្រះ‌ករុណា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​ប្រោស​អ្នក​ឲ្យ​បាន​ជា ហើយ​នៅ​ថ្ងៃ​ទី​បី អ្នក​នឹង​ឡើង​ទៅ​កាន់​ដំណាក់​ព្រះ‌អម្ចាស់។ យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។ យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី។ យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង”»។ ព្យាការី​អេសាយ​បង្គាប់​ទៅ​រាជ​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មួយ​កញ្ចប់​លាប​លើ​ដំបៅ នោះ​ព្រះ‌បាទ​ហេ‌សេគា​នឹង​បាន​រស់​រាន​មិន​ខាន»។ ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អេសាយ​ថា៖ «តើ​មាន​ទី​សម្គាល់​អ្វី ដែល​នាំ​ឲ្យ​យើង​ដឹង​ថា យើង​នឹង​បាន​ជា​សះ‌ស្បើយ ហើយ​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ទី​បី?»។ ព្យាការី​អេសាយ​ទូល​ស្ដេច​ថា៖ «នេះ​ជា​ទី​សម្គាល់​ដែល​ព្រះ‌អម្ចាស់ប្រទាន​មក​ព្រះ‌ករុណា ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ តើ​ស្រមោល​ថ្ងៃ​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង នឹង​ដើរ​ទៅ​មុខ​ដប់​កាំ ឬ​ថយ​ក្រោយ​ដប់​កាំ?»។ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ថា៖ «ស្រមោល​ដើរ​ទៅ​មុខ​ដប់​កាំ ជា​ការ​ងាយ​ស្រួល​ទេ។ ដូច្នេះ សូម​ឲ្យ​ស្រមោល​ដើរ​ថយ​ក្រោយ​ដប់​កាំ​វិញ»។ ពេល​នោះ ព្យាការី​អេសាយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះ‌បាទ​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ។ នៅ​គ្រា​ដដែល​នោះ ស្ដេច​ស្រុក​បាប៊ី‌ឡូន គឺ​ព្រះ‌ចៅ​ម្រដាក់-‌បាឡា‌ដាន ជា​បុត្រ​របស់​ព្រះ‌ចៅ​បាឡា‌ដាន បាន​ផ្ញើ​រាជ‌សារ និង​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​ហេ‌សេគា ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ព្រះ‌បាទ​ហេ‌សេគា​ទ្រង់​ប្រឈួន។ ព្រះ‌បាទ​ហេ‌សេគា​ទទួល​រាជ‌ទូត​ស្រុក​បាប៊ី‌ឡូន​ឲ្យ​ចូល​សវនា‌ការ ហើយ​នាំ​ពួក​គេ​ទៅ​ទស្សនា​កន្លែង​ដែល​ស្ដេច​តម្កល់​វត្ថុ​ដ៏​មាន​តម្លៃ ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​ដ៏​មាន​តម្លៃ គ្រឿង​សព្វា‌វុធ​ផ្សេងៗ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ។ ព្រះ‌បាទ​ហេ‌សេគា​បង្ហាញ​អ្វីៗ​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​រាជ​វាំង និង​ក្នុង​នគរ ឲ្យ​រាជ‌ទូត​របស់​ស្ដេច​បាប៊ី‌ឡូន​ឃើញ ឥត​មាន​ចន្លោះ​អ្វី​សោះ​ឡើយ។ បន្ទាប់​មក ព្យាការី​អេសាយ​ចូល​មក​គាល់​ព្រះ‌បាទ​ហេ‌សេគា ទូល​សួរ​ថា៖ «អ្នក​ទាំង​នោះ​មក​ពី​ណា? តើ​គេ​ទូល​ព្រះ‌ករុណា​ដូច​ម្ដេច​ខ្លះ?»។ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​មក​គាល់​យើង គឺ​មក​ពី​ស្រុក​បាប៊ី‌ឡូន»។ លោក​អេសាយ​សួរ​ព្រះ‌បាទ​ហេ‌សេគា​ទៀត​ថា៖ «តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះ‌បរម​រាជ​វាំង?»។ ព្រះ‌បាទ​ហេ‌សេគា​តប​វិញ​ថា៖ «ពួក​គេ​បាន​ឃើញ​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វាំង​របស់​យើង ដ្បិត​យើង​បាន​បង្ហាញ​ភោគ​ទ្រព្យ​ទាំង​អស់ ឲ្យ​ពួក​គេ​ឃើញ ឥត​មាន​លាក់‌លៀម​អ្វី​ឡើយ»។ ពេល​នោះ លោក​អេសាយ​ទូល​ព្រះ‌បាទ​ហេ‌សេគា​ថា៖ «សូម​ព្រះ‌ករុណា​ទ្រង់​ព្រះ‌សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ខាង​មុខ រាជ្យ​ទ្រព្យ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​ព្រះ‌ករុណា និង​ភោគ​សម្បត្តិ​ដែល​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌ករុណា​បាន​សន្សំ​ទុក នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ី‌ឡូន ឥត​មាន​សេស‌សល់​អ្វី​ឡើយ។ គេ​ក៏​នាំ​រាជ‌វង្សា‌នុវង្ស​របស់​ព្រះ‌ករុណា​យក​ទៅ​ធ្វើ​ជា​មហា‌តលិក នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដែរ»។ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​អេសាយ​វិញ​ថា៖ «ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​លោក​ថ្លែង​នេះ ល្អ​ហើយ»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ក្នុង​ពេល​ដែល​យើង​មាន​ជីវិត នោះ​នៅ​តែ​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ មែន​ទេ?»។ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ហេ‌សេគា និង​វីរ‌ភាព​ដ៏​អង់‌អាច​ទាំង​ប៉ុន្មាន ហើយ​ការ​ជីក​ស្រះ និង​ប្រឡាយ ដើម្បី​បង្ហូរ​ទឹក​ចូល​ក្នុង​ក្រុង​យេរូ‌សាឡឹម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ កាល​ព្រះ‌បាទ​ហេ‌សេគា​សោយ​ទិវង្គត ព្រះ‌បាទ​ម៉ាណា‌សេ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

២ ពង្សាវតារក្សត្រ 20:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ហេសេគា​ទ្រង់​ប្រឈួន​ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ផ្តាំ​ដល់​វង្សា​របស់​ឯង​ចុះ ដ្បិត​ឯង​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ នោះ​ទ្រង់​ក៏​បែរ​ព្រះ‌ភក្ត្រ​ទៅ​ឯ​ជញ្ជាំង អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ ដែល​បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ​ចំពោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ល្អ នៅ​ព្រះ‌នេត្រ​ទ្រង់​ជា​យ៉ាង​ណា រួច​ហេសេគា​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង ឯ​អេសាយ លោក​បាន​ចេញ​ទៅ មិន​ទាន់​ដល់​ទី‌ធ្លា​កណ្តាល​នៅ​ឡើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​លោក​ថា ចូរ​ត្រឡប់​ទៅ​ទូល​ដល់​ហេសេគា ជា​មេ​លើ​រាស្ត្រ​អញ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ដាវីឌ​ឰយុកោ​ឯង ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​ឯង​ហើយ មើល អញ​នឹង​ប្រោស​ឲ្យ​ឯង​បាន​ជា រួច​ដល់​ថ្ងៃ​ទី​៣ ឯង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន អញ​នឹង​ចំរើន​អាយុ​ឯង​ឡើង​១៥​ឆ្នាំ​ទៀត ហើយ​នឹង​ដោះ​ឯង នឹង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ ព្រម​ទាំង​ការ‌ពារ​ទី​ក្រុង​នេះ រក្សា​ទុក​សំរាប់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ផង អេសាយ​ក៏​ទូល​ថា សូម​យក​ផ្លែ​ល្វា​១​ផែន​មក នោះ​គេ​ក៏​យក​មក​បិទ​លើ​បូស​នោះ រួច​ទ្រង់​បាន​ជា​ឡើង។ ហេសេគា​ទ្រង់​មាន​បន្ទូល​សួរ​អេសាយ​ថា តើ​មាន​ទី​សំគាល់​ណា​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ឲ្យ​ខ្ញុំ​បាន​ជា ហើយ​ដែល​ខ្ញុំ​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​ទី​៣​ដូច្នេះ អេសាយ​ទូល​តប​ថា នេះ​ជា​ទី​សំគាល់​ពី​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​តាម​សេចក្ដី​ដែល​មាន​បន្ទូល​ហើយ តើ​ទ្រង់​សព្វ​ព្រះ‌ទ័យ​ឲ្យ​ស្រមោល​ធ្លាក់​ទៅ​មុខ​១០​ចុច ឬ​ថយ​ក្រោយ​១០​ចុច​វិញ នោះ​ហេសេគា​មាន​បន្ទូល​ឆ្លើយ​ថា ដែល​ស្រមោល​ជ្រេ​ទៅ​១០​ចុច​នោះ​ស្រណុក​ទេ សូម​ឲ្យ​បាន​ថយ​មក​វិញ​១០​ចុច​ចុះ ដូច្នេះ ហោរា​អេសាយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​បាន​ជ្រេ​ទៅ នៅ​នាឡិកា​ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​ក្រោយ​វិញ​១០​ចុច។ គ្រា​នោះ ម្រដាក់-បាឡាដាន ជា​បុត្រ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ីឡូន ក៏​ផ្ញើ​សំបុត្រ នឹង​ដង្វាយ មក​ថ្វាយ​ហេសេគា ដោយ​ព្រោះ​ទ្រង់​ឮ​ថា ហេសេគា​បាន​ប្រឈួន ហេសេគា​ក៏​ស្តាប់​តាម​គេ គឺ​ទ្រង់​បង្ហាញ​ឃ្លាំង​នៃ​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន គឺ​ជា​មាស ប្រាក់ គ្រឿង​ក្រអូប នឹង​ប្រេង​វិសេស ហើយ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ទាំង​អស់ នឹង​គ្រប់​ទាំង​អស់​ដែល​ឃើញ​មាន​ក្នុង​ឃ្លាំង​ទ្រង់​ផង គ្មាន​អ្វី​នៅ​ក្នុង​ព្រះ‌រាជ‌វាំង ឬ​នៅ​ក្រោម​អំណាច​ទ្រង់​ទាំង​អស់ ដែល​ហេសេគា​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ នោះ​ហោរា​អេសាយ លោក​មក​គាល់​ស្តេច​ហេសេគា ទូល​សួរ​ថា អ្នក​ទាំង​នោះ​បាន​និយាយ​អ្វី​ខ្លះ ហើយ​មក​ពី​ណា​ដែល​មក​គាល់​ទ្រង់​ដូច្នេះ ហេសេគា​ទ្រង់​តប​ថា គេ​មក​ពី​ប្រទេស​ឆ្ងាយ​ណាស់ គឺ​ពី​ស្រុក​បាប៊ីឡូន រួច​លោក​ទូល​សួរ​ទៀត​ថា គេ​បាន​ឃើញ​អ្វី​ខ្លះ នៅ​ក្នុង​ព្រះ‌រាជ‌វាំង ហេសេគា​ឆ្លើយ​ថា គេ​បាន​ឃើញ​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ដំណាក់​យើង ហើយ​ក្នុង​ព្រះ‌រាជ‌ទ្រព្យ​យើង​ទាំង​អំបាល‌ម៉ាន គ្មាន​អ្វី​ដែល​យើង​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ។ ដូច្នេះអេសាយ​លោក​ទូល​ដល់​ហេ‌សេគា​ថា សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ ដែល​នៅ​ក្នុង​ព្រះ‌រាជ‌វាំង នឹង​របស់​ទាំង​ប៉ុន្មាន​ដែល​ពួក​ឰយុកោ​ទ្រង់​បាន​សន្សំ​ទុក រហូត​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ឯ​ក្រុង​បាប៊ីឡូន ឥត​ទុក​ឲ្យ​មាន​អ្វី​សល់​នៅ​ឡើយ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ឯ​ពួក​បុត្រា​ទាំង​ប៉ុន្មាន ដែល​នឹង​កើត​ពី​ទ្រង់​មក នោះ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ ឲ្យ​ធ្វើ​ជា​មនុស្ស​កំរៀវ​នៅ​ក្នុង​ដំណាក់​នៃ​ស្តេច​ស្រុក​បាប៊ីឡូន ហេសេគា​ទ្រង់​មាន​បន្ទូល​ទៅ​អេសាយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​ថា​នោះ​ជា​ល្អ​ហើយ រួច​មាន​បន្ទូល​ទៀត​ថា បើ​មាន​សេចក្ដី​សុខ‌សាន្ត នឹង​សេចក្ដី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ រីឯ​ដំណើរ​ឯ​ទៀត​ពី​ហេសេគា នឹង​ពី​អំណាច​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ដែល​ទ្រង់​បាន​ធ្វើ​ស្រះ​ទឹក នឹង​ប្រឡាយ​បង្ហូរ​ទឹក​ចូល​មក​ក្នុង​ទី​ក្រុង​ជា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ ហេសេគា​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ រួច​ម៉ាន៉ាសេ ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។