២ ពង្សាវតារក្សត្រ 2:8-14
២ ពង្សាវតារក្សត្រ 2:8-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកអេលីយ៉ាយកក្រមារបស់លោកបត់វាយទឹក ទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំងពីរបានដើរឆ្លងទៅនៅដីគោក។ ពេលឆ្លងទៅផុតហើយ លោកអេលីយ៉ាបានប្រាប់អេលីសេថា៖ «ចូរអ្នកសូមអ្វីៗដែលចង់ឲ្យខ្ញុំធ្វើសម្រាប់អ្នក មុនពេលដែលព្រះលើកខ្ញុំឡើងទៅ»។ អេលីសេឆ្លើយថា៖ «សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំ មួយទ្វេជាពីរដង!»។ លោកមានប្រសាសន៍ថា៖ «អ្នកសូមការយ៉ាងពិបាកណាស់ ប៉ុន្តែ បើអ្នកឃើញខ្ញុំ ក្នុងកាលដែលព្រះលើកខ្ញុំឡើងទៅ នោះនឹងបានដូចប្រាថ្នា បើមិនបានឃើញ នោះមិនបានទេ»។ ក្នុងពេលដែលអ្នកទាំងពីរដើរទៅ ហើយនិយាយគ្នាបណ្ដើរ ស្រាប់តែឃើញរថជាភ្លើង និងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយលោកអេលីយ៉ាក៏ឡើងទៅស្ថានសួគ៌ ដោយខ្យល់កួច។ អេលីសេបានឃើញ ហើយស្រែកឡើងថា៖ «ឱលោកឪពុក! លោកឪពុកខ្ញុំអើយ! ន៎ុះន៏ ព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែល!»។ លោកមិនបានឃើញលោកអេលីយ៉ាទៀតឡើយ លោកបានចាប់អាវខ្លួនហែកចេញជាពីរ។ រួចរើសយកក្រមារបស់លោកអេលីយ៉ា ដែលជ្រុះចុះមកនោះ វិលត្រឡប់ទៅវិញ ឈរនៅមាត់ទន្លេយ័រដាន់ ហើយយកក្រមារបស់លោកអេលីយ៉ា ដែលជ្រុះមកនោះ ទៅវាយទឹក ដោយពោលថា៖ «តើព្រះយេហូវ៉ាជាព្រះរបស់លោកអេលីយ៉ា ព្រះអង្គគង់នៅឯណា?» ពេលបានវាយទឹកហើយ ទឹកក៏បានញែកចេញពីគ្នា ហើយអេលីសេឆ្លងផុតទៅ។
២ ពង្សាវតារក្សត្រ 2:8-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកអេលីយ៉ាយកអាវធំរបស់លោកមកមូរ ហើយវាយទឹកទន្លេ ទឹកក៏ញែកចេញពីគ្នា។ លោកទាំងពីរដើរកាត់បាតទន្លេ។ កាលលោកទាំងពីរឆ្លងផុតហើយ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «បើអ្នកចង់បានអ្វីពីខ្ញុំ ចូរសុំឲ្យបានមុនពេលព្រះអម្ចាស់ លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក!»។ លោកអេលីសេឆ្លើយថា៖ «សូមមេត្តាឲ្យវិញ្ញាណដែលស្ថិតនៅលើលោក មកសណ្ឋិតលើខ្ញុំមួយជាទ្វេ!»។ លោកអេលីយ៉ាមានប្រសាសន៍ថា៖ «សំណូមពររបស់អ្នកពិបាកណាស់! ប៉ុន្តែ ប្រសិនបើអ្នកមើលឃើញខ្ញុំ ក្នុងពេលដែលព្រះអម្ចាស់លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក នោះសំណូមពររបស់អ្នកពិតជាបានសម្រេច។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមើលមិនឃើញខ្ញុំទេ សំណូមពររបស់អ្នកក៏ពុំបានសម្រេចដែរ»។ ក្នុងពេលលោកទាំងពីរដើរបណ្ដើរនិយាយបណ្ដើរ ស្រាប់តែមានរទេះជាភ្លើង ទឹមដោយសេះភ្លើង មកញែកលោកទាំងពីរឲ្យឃ្លាតចេញពីគ្នា។ ពេលនោះ ខ្យល់ក៏កួចលោកអេលីយ៉ាឡើងទៅស្ថានបរមសុខ។ កាលលោកអេលីសេឃើញដូច្នេះ លោកស្រែកថា៖ «លោកឪពុក! លោកឪពុកអើយ! លោកប្រៀបដូចជារទេះចម្បាំង និងទ័ពសេះរបស់អ៊ីស្រាអែល!»។ បន្ទាប់មក លោកមើលលោកអេលីយ៉ាលែងឃើញទៀត។ លោកយកសម្លៀកបំពាក់របស់លោកមកហែកជាពីរ រួចរើសអាវធំរបស់លោកអេលីយ៉ាដែលជ្រុះមកលើលោកនោះ ហើយត្រឡប់ទៅមាត់ទន្លេយ័រដាន់វិញ។ លោកអេលីសេយកអាវធំរបស់លោកអេលីយ៉ាវាយទឹកទន្លេ ទាំងមានប្រសាសន៍ថា៖ «តើព្រះអម្ចាស់ជាព្រះរបស់លោកអេលីយ៉ាគង់នៅទីណា?»។ ពេលលោកវាយទឹក ទឹកក៏ញែកចេញពីគ្នា ហើយលោកដើរឆ្លងកាត់ទៅ។
២ ពង្សាវតារក្សត្រ 2:8-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអេលីយ៉ាលោកយកក្រមារបស់លោកបត់វាយទឹក នោះទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំង២បានដើរឆ្លងទៅនៅដីគោក កាលបានឆ្លងទៅផុតហើយ នោះអេលីយ៉ាប្រាប់អេលីសេថា ចូរឲ្យឯងសូមអ្វីៗដែលចង់ឲ្យអញធ្វើសំរាប់ឯង ក្នុងពេលមុនដែលព្រះបានលើកអញឡើងពីឯងទៅ អេលីសេឆ្លើយថា សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំ ដល់ទៅ២ភាគផង លោកមានប្រសាសន៍ថា ឯងបានសូមសេចក្ដីយ៉ាងពិបាក ប៉ុន្តែបើឯងឃើញអញ ក្នុងកាលដែលព្រះលើកអញឡើងពីឯងទៅ នោះនឹងបានដូចប្រាថ្នា បើមិនបានឃើញវិញ នោះមិនបានទេ រួចកំពុងដែលអ្នកទាំង២ដើរទៅ ហើយនិយាយគ្នាទៀត នោះស្រាប់តែឃើញរថជាភ្លើង នឹងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយអេលីយ៉ាក៏ឡើងទៅឯស្ថានសួគ៌ ដោយខ្យល់កួច អេលីសេក៏បានឃើញ ហើយស្រែកឡើងថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នុ៎ះន៏ ព្រះរាជរថនឹងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ រួចលោកមិនបានឃើញអេលីយ៉ាទៀតឡើយ នោះលោកចាប់អាវខ្លួនហែកចេញជា២ផ្នែក ក៏រើសយកក្រមារបស់អេលីយ៉ា ដែលជ្រុះចុះមក វិលត្រឡប់ទៅវិញ ឈរនៅមាត់ទន្លេយ័រដាន់ ហើយក៏យកក្រមារបស់អេលីយ៉ា ដែលជ្រុះមកពីលោកនោះ ទៅវាយទឹក ដោយពាក្យថា តើព្រះយេហូវ៉ា ជាព្រះនៃអេលីយ៉ា ទ្រង់គង់នៅឯណា កាលបានវាយទឹកហើយ នោះទឹកក៏ញែកចេញពីគ្នា ហើយអេលីសេឆ្លងផុតទៅ។