២ ពង្សាវតារក្សត្រ 2:6-8
២ ពង្សាវតារក្សត្រ 2:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក លោកអេលីយ៉ាប្រាប់គាត់ថា៖ «ចូររង់ចាំនៅទីនេះ ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅទន្លេយ័រដាន់»។ តែគាត់ប្រកែកថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដែលនៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ» ដូច្នេះ អ្នកទាំងពីរក៏ដើរទៅមុខទៀត។ មានពួកហោរាហាសិបនាក់ដើរតាម ទៅឈរមើលពីចម្ងាយ តែអ្នកទាំងពីរបានឈរនៅមាត់ទន្លេយ័រដាន់។ ពេលនោះ លោកអេលីយ៉ាយកក្រមារបស់លោកបត់វាយទឹក ទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំងពីរបានដើរឆ្លងទៅនៅដីគោក។
២ ពង្សាវតារក្សត្រ 2:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអេលីយ៉ាមានប្រសាសន៍ទៅគាត់ថា៖ «ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅទន្លេយ័រដាន់»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏បន្តដំណើរទៅមុខទៀត។ មានព្យាការីហាសិបនាក់ដើរតាមពីក្រោយ ហើយឈរពីចម្ងាយ។ លោកទាំងពីរឈប់នៅមាត់ទន្លេយ័រដាន់។ ពេលនោះ លោកអេលីយ៉ាយកអាវធំរបស់លោកមកមូរ ហើយវាយទឹកទន្លេ ទឹកក៏ញែកចេញពីគ្នា។ លោកទាំងពីរដើរកាត់បាតទន្លេ។
២ ពង្សាវតារក្សត្រ 2:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចអេលីយ៉ាប្រាប់គាត់ថា សូមឲ្យឯងរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅឯទន្លេយ័រដាន់ តែគាត់ប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ដើរតទៅ មានពួកសិស្ស៥០នាក់នៃពួកហោរា ក៏តាមទៅឈរមើលពីចំងាយ តែអ្នកទាំង២ក៏ឈរនៅមាត់ទន្លេយ័រដាន់ ឯអេលីយ៉ាលោកយកក្រមារបស់លោកបត់វាយទឹក នោះទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំង២បានដើរឆ្លងទៅនៅដីគោក