២ ពង្សាវតារក្សត្រ 18:1-8
២ ពង្សាវតារក្សត្រ 18:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីបី ក្នុងរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះហេសេគា ជាបុត្រអ័ហាស ស្តេចយូដា ក៏ឡើងសោយរាជ្យ។ ពេលទ្រង់ឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានម្ភៃប្រាំបួនឆ្នាំ មាតារបស់ទ្រង់ព្រះនាមថាអ័ប៊ីយ៉ា បុត្រីសាការី។ ទ្រង់ប្រព្រឹត្តអំពើត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ដូចព្រះបាទដាវីឌជាបុព្វបុរសរបស់ទ្រង់បានធ្វើដែរ។ ទ្រង់បំបាត់អស់ទាំងទីខ្ពស់ ក៏បំបាក់បំបែកស្ដូបដែលសម្រាប់គោរព រំលំបង្គោលសក្ការៈ ទាំងប៉ុន្មានចោល ហើយបំបែកកម្ទេចពស់លង្ហិនដែលលោកម៉ូសេបានធ្វើផង ព្រោះពួកកូនចៅអ៊ីស្រាអែលបានដុតកំញានថ្វាយដល់រូបពស់រហូតដល់គ្រានោះ ហើយហៅរូបនោះថា នេហ៊ូសថាន់។ ទ្រង់ទុកចិត្តព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល បានជាក្នុងពួកស្តេចយូដាក្រោយមក គ្មានស្តេចណាឲ្យដូចទ្រង់ឡើយ ហើយមុនទ្រង់ក៏គ្មានដែរ។ ដ្បិតទ្រង់កាន់ខ្ជាប់តាមព្រះយេហូវ៉ា ឥតលះបង់ឡើយ គឺបានកាន់តាមអស់ទាំងក្រឹត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ។ ព្រះយេហូវ៉ាក៏គង់ជាមួយទ្រង់ ហើយកន្លែងណាដែលទ្រង់យាងទៅ បានជោគជ័យទាំងអស់ ទ្រង់បះបោរ លែងចុះចូលនឹងស្តេចស្រុកអាសស៊ើរ។ ទ្រង់វាយពួកភីលីស្ទីន រហូតដល់ក្រុងកាសា និងខេត្តដែលនៅជុំវិញ ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។
២ ពង្សាវតារក្សត្រ 18:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទហូស៊ា ជាកូនរបស់លោកអេឡា និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទហេសេគា ជាបុត្ររបស់ព្រះបាទអហាស បានឡើងសោយរាជ្យលើស្រុកយូដា។ កាលស្ដេចឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អប៊ីយ៉ា ជាកូនរបស់លោកសាការី។ ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។ ស្ដេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ វាយបំបាក់ស្តូបព្រះក្លែងក្លាយ កាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកម្ទេចរូបពស់លង្ហិន ដែលលោកម៉ូសេបានធ្វើផង ដ្បិតរហូតមកដល់គ្រានោះ កូនចៅអ៊ីស្រាអែលនាំគ្នាដុតគ្រឿងក្រអូបថ្វាយរូបពស់ ហើយហៅរូបនោះថា«នេហ៊ូសថាន់»។ ព្រះបាទហេសេគាផ្ញើជីវិតលើព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ ក្នុងចំណោមស្ដេចស្រុកយូដាទាំងប៉ុន្មាន គឺស្ដេចដែលសោយរាជ្យមុន ឬស្ដេចដែលសោយរាជ្យក្រោយមកទៀត គ្មានស្ដេចអង្គណាប្រៀបស្មើនឹងព្រះបាទហេសេគាទេ។ ព្រះរាជាជំពាក់ចិត្តលើព្រះអម្ចាស់ ដោយឥតងាករេឡើយ។ ស្ដេចកាន់តាមបទបញ្ជាទាំងឡាយ ដែលព្រះអម្ចាស់បង្គាប់មក តាមរយៈលោកម៉ូសេ។ ព្រះអម្ចាស់គង់នៅជាមួយស្ដេច ដូច្នេះ ស្ដេចទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលស្ដេចធ្វើ។ ព្រះបាទហេសេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកអាស្ស៊ីរី ហើយរំដោះខ្លួនរួចផុតពីនឹមរបស់ស្ដេចនោះ។ ស្ដេចបានវាយយកស្រុកភីលីស្ទីន រហូតដល់ក្រុងកាសា និងទឹកដីដែលនៅជុំវិញ គឺចាប់តាំងពីក្រុងដែលមានតែប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងរឹងមាំ។
២ ពង្សាវតារក្សត្រ 18:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅឆ្នាំទី៣ ក្នុងរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះហេសេគា ជាបុត្រអ័ហាស ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង កាលទ្រង់សោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាអ័ប៊ីយ៉ា បុត្រីសាការី ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដី ដែលដាវីឌ ជាឰយុកោទ្រង់បានធ្វើដែរ ទ្រង់បំបាត់អស់ទាំងទីខ្ពស់ចេញ ក៏បំបាក់បំបែកបង្គោលដែលសំរាប់គោរព រំលំរូបព្រះទាំងប៉ុន្មានចោល ហើយបំបែកកំទេចពស់លង្ហិនដែលលោកម៉ូសេបានធ្វើផង ពីព្រោះពួកកូនចៅអ៊ីស្រាអែលបានដុតកំញាន ថ្វាយដល់រូបពស់នោះ ដរាបដល់គ្រានោះ ក៏ឲ្យឈ្មោះថា នេហ៊ូសថាន់ ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដល់ម៉្លេះបានជាក្នុងពួកស្តេចយូដាក្រោយមក នោះគ្មានស្តេចណាឲ្យដូចទ្រង់ឡើយ ហើយមុនទ្រង់ក៏គ្មានដែរ ដ្បិតទ្រង់កាន់ខ្ជាប់តាមព្រះយេហូវ៉ា ឥតលាកបង់លែងតាមទ្រង់ឡើយ គឺបានកាន់តាមអស់ទាំងក្រិត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ ព្រះយេហូវ៉ាក៏គង់ជាមួយនឹងទ្រង់ដែរ ហើយកន្លែងណាដែលទ្រង់យាងទៅ នោះក៏បានកើតការ ទ្រង់បះបោរ លែងចុះចូលនឹងស្តេចស្រុកអាសស៊ើរ ទ្រង់វាយពួកភីលីស្ទីន រហូតដល់ក្រុងកាសា នឹងខែត្រដែននៅជុំវិញ ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។