២ ពង្សាវតារក្សត្រ 18:1-12
២ ពង្សាវតារក្សត្រ 18:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីបី ក្នុងរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះហេសេគា ជាបុត្រអ័ហាស ស្តេចយូដា ក៏ឡើងសោយរាជ្យ។ ពេលទ្រង់ឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានម្ភៃប្រាំបួនឆ្នាំ មាតារបស់ទ្រង់ព្រះនាមថាអ័ប៊ីយ៉ា បុត្រីសាការី។ ទ្រង់ប្រព្រឹត្តអំពើត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ដូចព្រះបាទដាវីឌជាបុព្វបុរសរបស់ទ្រង់បានធ្វើដែរ។ ទ្រង់បំបាត់អស់ទាំងទីខ្ពស់ ក៏បំបាក់បំបែកស្ដូបដែលសម្រាប់គោរព រំលំបង្គោលសក្ការៈ ទាំងប៉ុន្មានចោល ហើយបំបែកកម្ទេចពស់លង្ហិនដែលលោកម៉ូសេបានធ្វើផង ព្រោះពួកកូនចៅអ៊ីស្រាអែលបានដុតកំញានថ្វាយដល់រូបពស់រហូតដល់គ្រានោះ ហើយហៅរូបនោះថា នេហ៊ូសថាន់។ ទ្រង់ទុកចិត្តព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល បានជាក្នុងពួកស្តេចយូដាក្រោយមក គ្មានស្តេចណាឲ្យដូចទ្រង់ឡើយ ហើយមុនទ្រង់ក៏គ្មានដែរ។ ដ្បិតទ្រង់កាន់ខ្ជាប់តាមព្រះយេហូវ៉ា ឥតលះបង់ឡើយ គឺបានកាន់តាមអស់ទាំងក្រឹត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ។ ព្រះយេហូវ៉ាក៏គង់ជាមួយទ្រង់ ហើយកន្លែងណាដែលទ្រង់យាងទៅ បានជោគជ័យទាំងអស់ ទ្រង់បះបោរ លែងចុះចូលនឹងស្តេចស្រុកអាសស៊ើរ។ ទ្រង់វាយពួកភីលីស្ទីន រហូតដល់ក្រុងកាសា និងខេត្តដែលនៅជុំវិញ ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។ នៅឆ្នាំទីបួន ក្នុងរាជ្យស្តេចហេសេគា ត្រូវនឹងឆ្នាំទីប្រាំពីរនៃរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះសាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ឡើងមកឡោមព័ទ្ធច្បាំងក្រុងសាម៉ារី។ លុះច្បាំងគ្រប់បីឆ្នាំហើយ ទើបចាប់យកក្រុងនោះបាន គឺក្នុងឆ្នាំទីប្រាំមួយនៃរាជ្យស្ដេចហេសេគា ដែលត្រូវនឹងឆ្នាំទីប្រាំបួននៃរាជ្យហូស៊ា ស្តេចអ៊ីស្រាអែល នោះគេចាប់យកក្រុងសាម៉ារីបាន។ ស្តេចស្រុកអាសស៊ើរក៏នាំពួកអ៊ីស្រាអែលទៅស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡា ដែលនៅមាត់ទន្លេហាបោរ ជាទន្លេរបស់ស្រុកកូសាន ហើយនៅទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ ដោយព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះរបស់គេ គឺបានរំលងសេចក្ដីសញ្ញារបស់ព្រះអង្គ ជាសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបម្រើព្រះយេហូវ៉ា បានបង្គាប់មក គេមិនព្រមស្តាប់ ឬធ្វើតាមសញ្ញានោះឡើយ។
២ ពង្សាវតារក្សត្រ 18:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទហូស៊ា ជាកូនរបស់លោកអេឡា និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទហេសេគា ជាបុត្ររបស់ព្រះបាទអហាស បានឡើងសោយរាជ្យលើស្រុកយូដា។ កាលស្ដេចឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អប៊ីយ៉ា ជាកូនរបស់លោកសាការី។ ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។ ស្ដេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ វាយបំបាក់ស្តូបព្រះក្លែងក្លាយ កាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកម្ទេចរូបពស់លង្ហិន ដែលលោកម៉ូសេបានធ្វើផង ដ្បិតរហូតមកដល់គ្រានោះ កូនចៅអ៊ីស្រាអែលនាំគ្នាដុតគ្រឿងក្រអូបថ្វាយរូបពស់ ហើយហៅរូបនោះថា«នេហ៊ូសថាន់»។ ព្រះបាទហេសេគាផ្ញើជីវិតលើព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ ក្នុងចំណោមស្ដេចស្រុកយូដាទាំងប៉ុន្មាន គឺស្ដេចដែលសោយរាជ្យមុន ឬស្ដេចដែលសោយរាជ្យក្រោយមកទៀត គ្មានស្ដេចអង្គណាប្រៀបស្មើនឹងព្រះបាទហេសេគាទេ។ ព្រះរាជាជំពាក់ចិត្តលើព្រះអម្ចាស់ ដោយឥតងាករេឡើយ។ ស្ដេចកាន់តាមបទបញ្ជាទាំងឡាយ ដែលព្រះអម្ចាស់បង្គាប់មក តាមរយៈលោកម៉ូសេ។ ព្រះអម្ចាស់គង់នៅជាមួយស្ដេច ដូច្នេះ ស្ដេចទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលស្ដេចធ្វើ។ ព្រះបាទហេសេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកអាស្ស៊ីរី ហើយរំដោះខ្លួនរួចផុតពីនឹមរបស់ស្ដេចនោះ។ ស្ដេចបានវាយយកស្រុកភីលីស្ទីន រហូតដល់ក្រុងកាសា និងទឹកដីដែលនៅជុំវិញ គឺចាប់តាំងពីក្រុងដែលមានតែប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងរឹងមាំ។ នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទហេសេគា ត្រូវនឹងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះបាទហូស៊ា ជាបុត្ររបស់លោកអេឡា ស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានឡើងមកច្បាំង និងឡោមព័ទ្ធក្រុងសាម៉ារី។ កងទ័ពអាស្ស៊ីរីឡោមព័ទ្ធក្រុងនេះ អស់រយៈពេលបីឆ្នាំ។ នៅឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទហេសេគា ត្រូវនឹងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូស៊ាជាស្ដេចស្រុកអ៊ីស្រាអែល កងទ័ពអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី។ ស្ដេចស្រុកអាស្ស៊ីរីបានកៀរប្រជាជនអ៊ីស្រាអែល នាំទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី ឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោរ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។ ហេតុការណ៍នេះកើតមាន ព្រោះតែជនជាតិអ៊ីស្រាអែលមិនបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ពួកគេក្បត់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គ ដ្បិតពួកគេពុំព្រមស្ដាប់ ឬប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
២ ពង្សាវតារក្សត្រ 18:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅឆ្នាំទី៣ ក្នុងរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះហេសេគា ជាបុត្រអ័ហាស ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង កាលទ្រង់សោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាអ័ប៊ីយ៉ា បុត្រីសាការី ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដី ដែលដាវីឌ ជាឰយុកោទ្រង់បានធ្វើដែរ ទ្រង់បំបាត់អស់ទាំងទីខ្ពស់ចេញ ក៏បំបាក់បំបែកបង្គោលដែលសំរាប់គោរព រំលំរូបព្រះទាំងប៉ុន្មានចោល ហើយបំបែកកំទេចពស់លង្ហិនដែលលោកម៉ូសេបានធ្វើផង ពីព្រោះពួកកូនចៅអ៊ីស្រាអែលបានដុតកំញាន ថ្វាយដល់រូបពស់នោះ ដរាបដល់គ្រានោះ ក៏ឲ្យឈ្មោះថា នេហ៊ូសថាន់ ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដល់ម៉្លេះបានជាក្នុងពួកស្តេចយូដាក្រោយមក នោះគ្មានស្តេចណាឲ្យដូចទ្រង់ឡើយ ហើយមុនទ្រង់ក៏គ្មានដែរ ដ្បិតទ្រង់កាន់ខ្ជាប់តាមព្រះយេហូវ៉ា ឥតលាកបង់លែងតាមទ្រង់ឡើយ គឺបានកាន់តាមអស់ទាំងក្រិត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ ព្រះយេហូវ៉ាក៏គង់ជាមួយនឹងទ្រង់ដែរ ហើយកន្លែងណាដែលទ្រង់យាងទៅ នោះក៏បានកើតការ ទ្រង់បះបោរ លែងចុះចូលនឹងស្តេចស្រុកអាសស៊ើរ ទ្រង់វាយពួកភីលីស្ទីន រហូតដល់ក្រុងកាសា នឹងខែត្រដែននៅជុំវិញ ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។ នៅឆ្នាំទី៤ ក្នុងរាជ្យស្តេចហេសេគា ត្រូវនឹងឆ្នាំទី៧នៃរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះសាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី លុះច្បាំងគ្រប់៣ឆ្នាំហើយ ទើបចាប់យកក្រុងនោះបាន គឺក្នុងឆ្នាំទី៦ នៃរាជ្យហេសេគា ដែលត្រូវនឹងឆ្នាំទី៩នៃរាជ្យហូស៊ា ស្តេចអ៊ីស្រាអែល នោះគេចាប់យកក្រុងសាម៉ារីបាន ស្តេចស្រុកអាសស៊ើរ ទ្រង់ក៏ដឹកនាំពួកអ៊ីស្រាអែល ទៅឯស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡា ដែលនៅមាត់ទន្លេហាបោរ ជាទន្លេរបស់ស្រុកកូសាន ហើយនៅទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ ដោយព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃគេ គឺបានរំលងសេចក្ដីសញ្ញានៃទ្រង់ ជាសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបំរើព្រះយេហូវ៉ា បានបង្គាប់មក គេមិនព្រមស្តាប់ ឬធ្វើតាមសញ្ញានោះឡើយ។