២ ពង្សាវតារក្សត្រ 17:5-18
២ ពង្សាវតារក្សត្រ 17:5-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្តេចអាសស៊ើរយាងមកសព្វគ្រប់ក្នុងស្រុក ក៏ឡើងទៅឡោមព័ទ្ធច្បាំងក្រុងសាម៉ារីអស់រយៈពេលបីឆ្នាំ។ នៅឆ្នាំទីប្រាំបួន ក្នុងរាជ្យហូស៊ា ស្តេចអាសស៊ើរក៏វាយយកក្រុងសាម៉ារីបាន ហើយទ្រង់នាំពួកអ៊ីស្រាអែលទៅស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡានៅមាត់ទន្លេហាបោ ជាទន្លេរបស់ស្រុកកូសាន ហើយនៅក្នុងទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ។ ការនោះកើតមក ដោយព្រោះតែពួកកូនចៅអ៊ីស្រាអែលបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះរបស់គេ ដែលទ្រង់បាននាំគេឡើងចេញពីស្រុកអេស៊ីព្ទ ឲ្យរួចពីកណ្ដាប់ដៃផារ៉ោនជាស្តេចស្រុកអេស៊ីព្ទមក ហើយដោយព្រោះគេបានកោតខ្លាចដល់ព្រះដទៃ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងទំនៀមទម្លាប់នៃពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែល ហើយធ្វើតាមច្បាប់ដែលពួកស្តេចអ៊ីស្រាអែលបានតាំងដែរ។ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលមិនត្រឹមត្រូវ ដោយលួចលាក់ ទាស់នឹងព្រះយេហូវ៉ាជាព្រះរបស់គេ ក៏ធ្វើទីខ្ពស់សម្រាប់ខ្លួន នៅគ្រប់ទាំងទីក្រុង ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។ គេបានធ្វើស្ដូបសម្រាប់គោរព និងបង្គោលសក្ការៈ នៅលើអស់ទាំងទីភ្នំ ហើយនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានផង ។ ឯនៅលើអស់ទាំងទីខ្ពស់នោះ គេក៏ដុតកំញានដូចជាសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខគេចេញ គេប្រព្រឹត្តអំពើអាក្រក់ ជាការដែលនាំឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ។ គេគោរពប្រតិបត្តិតាមរូបព្រះដែលព្រះយេហូវ៉ាហាមថា អ្នករាល់គ្នាមិនត្រូវធ្វើយ៉ាងនោះឡើយ ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើបន្ទាល់ដល់ពួកអ៊ីស្រាអែល និងពួកយូដា តាមរយៈពួកហោរាជាច្រើន និងអ្នកមើលឆុតថា ចូរអ្នករាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រឹត្យក្រម និងបញ្ញត្តិយើងទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលយើងបានបង្គាប់ដល់បុព្វបុរសឯង ហើយដែលយើងបានផ្ញើមកអ្នករាល់គ្នា តាមរយៈពួកហោរា ជាអ្នកបម្រើរបស់យើង។ ប៉ុន្តែ គេមិនព្រមស្តាប់ទេ គឺបានតាំងចិត្តរឹង ដូចជាបុព្វបុរសគេ ដែលមិនបានជឿដល់ព្រះយេហូវ៉ាជាព្រះរបស់គេដែរ។ គេបោះបង់បញ្ញត្តិរបស់ព្រះអង្គ និងសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងបុព្វបុរសគេ ព្រមទាំងសេចក្ដីបន្ទាល់ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងគេផង គេដើរតាមតែការឥតប្រយោជន៍ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ។ គេបោះបង់ចោលអស់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោពីរ ហើយធ្វើបង្គោលសក្ការៈ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង។ គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅឲ្យបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្ដីក្រោធ។ ដោយហេតុនោះបានជាព្រះយេហូវ៉ាមានសេចក្ដីក្រេវក្រោធជាខ្លាំងចំពោះពួកអ៊ីស្រាអែល ក៏រើគេចេញចំពោះព្រះនេត្ររបស់ព្រះអង្គទៅ សល់នៅតែកុលសម្ព័ន្ធយូដាតែមួយប៉ុណ្ណោះ។
២ ពង្សាវតារក្សត្រ 17:5-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ស្ដេចស្រុកអាស្ស៊ីរីឡើងមកវាយស្រុកអ៊ីស្រាអែលទាំងមូល ហើយឡោមព័ទ្ធក្រុងសាម៉ារីអស់រយៈពេលបីឆ្នាំ។ នៅឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូស៊ា ស្ដេចស្រុកអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី ហើយកៀរជនជាតិអ៊ីស្រាអែលទៅស្រុកអាស្ស៊ីរី ឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។ ហេតុការណ៍នេះកើតឡើង ព្រោះតែជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់គេ ព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីប និងរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប តែពួកគេបែរជាគោរពថ្វាយបង្គំព្រះដទៃទៅវិញ។ ពួកគេធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខជនជាតិអ៊ីស្រាអែល ព្រមទាំងធ្វើតាមទម្លាប់ផ្សេងៗ ដែលស្ដេចស្រុកអ៊ីស្រាអែលបានបង្កើតឡើងនោះផង។ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើមិនគួរគប្បីដោយលួចលាក់ ប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ ពួកគេបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ នៅគ្រប់ទីក្រុងរបស់គេ គឺចាប់តាំងពីក្រុងដែលមានប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងដ៏រឹងមាំ។ ពួកគេនាំគ្នាដំឡើងស្តូប និងបង្គោលថ្វាយព្រះអាសេរ៉ា នៅលើកំពូលភ្នំទាំងឡាយ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។ នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងអស់ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប ដូចប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខពួកគេ។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ ពួកគេនាំគ្នាគោរពបម្រើព្រះក្លែងក្លាយ ជាអំពើដែលព្រះអម្ចាស់ហាមមិនឲ្យធ្វើ។ ព្រះអម្ចាស់ព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដា តាមរយៈព្យាការី និងគ្រូទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវក្រឹត្យវិន័យ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់យើង»។ ប៉ុន្តែ ពួកគេពុំស្ដាប់តាមទេ ពួកគេមានចិត្តរឹងចចេសដូចដូនតារបស់ពួកគេ ដែលមិនព្រមជឿលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ ពួកគេបានបោះបង់ចោលច្បាប់របស់ព្រះអង្គ ពួកគេផ្ដាច់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយដូនតារបស់ពួកគេ ពួកគេមិនអើពើនឹងដំបូន្មានដែលព្រះអង្គព្រមានពួកគេ ហើយនាំគ្នាបែរទៅគោរពព្រះឥតបានការ ដែលបណ្ដាលឲ្យខ្លួនទៅជាឥតបានការដែរ។ ពួកគេជាប់ពាក់ព័ន្ធនឹងប្រជាជាតិនានាដែលនៅជុំវិញ ជាប្រជាជាតិដែលព្រះអម្ចាស់បានហាមឃាត់មិនឲ្យពួកគេយកតម្រាប់តាម។ ពួកគេបោះបង់ចោលបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយនាំគ្នាសិតធ្វើរូបកូនគោពីរ ដំឡើងបង្គោលថ្វាយព្រះអាសេរ៉ា ព្រមទាំងនាំគ្នាក្រាបថ្វាយបង្គំផ្កាយទាំងប៉ុន្មាន នៅលើមេឃ និងគោរពបម្រើព្រះបាល។ ពួកគេយកកូនប្រុសកូនស្រីទៅធ្វើបូជាយញ្ញ ពួកគេតែងតែបញ្ជាន់រូប និងប្រើមន្តអាគម។ ពួកគេបណ្ដោយខ្លួនប្រព្រឹត្តអំពើដ៏អាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាហេតុបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ។ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ទាស់នឹងជនជាតិអ៊ីស្រាអែល ព្រះអង្គដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ នៅសល់តែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។
២ ពង្សាវតារក្សត្រ 17:5-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមកស្តេចអាសស៊ើរទ្រង់យាងមកសព្វគ្រប់ក្នុងស្រុក ក៏ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារីអស់៣ឆ្នាំ នៅឆ្នាំទី៩ ក្នុងរាជ្យហូស៊ា នោះស្តេចអាសស៊ើរក៏វាយយកក្រុងសាម៉ារីបាន ហើយទ្រង់ដឹកនាំពួកអ៊ីស្រាអែលទៅឯស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡានៅមាត់ទន្លេហាបោ ជាទន្លេរបស់ស្រុកកូសាន ហើយនៅក្នុងទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ។ ការនោះកើតមក ដោយព្រោះតែពួកកូនចៅអ៊ីស្រាអែលបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃគេ ដែលទ្រង់បាននាំគេឡើងចេញពីស្រុកអេស៊ីព្ទ ឲ្យរួចពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក ហើយដោយព្រោះគេបានកោតខ្លាចដល់ព្រះដទៃ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងទំនៀមទំលាប់នៃពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ នឹងតាមច្បាប់ដែលពួកស្តេចអ៊ីស្រាអែលបានតាំងដែរ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលមិនត្រឹមត្រូវ ដោយលួចលាក់ ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃគេ ក៏ធ្វើទីខ្ពស់សំរាប់ខ្លួន នៅគ្រប់ទាំងទីក្រុង ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង គេបានធ្វើបង្គោលសំរាប់គោរព នឹងរូបព្រះ នៅលើអស់ទាំងទីភ្នំ ហើយនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានផង ឯនៅលើអស់ទាំងទីខ្ពស់នោះ គេក៏ដុតកំញានដូចជាសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខគេចេញ គេប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ជាការដែលនាំឲ្យព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រោធ គេគោរពប្រតិបត្តិតាមរូបព្រះដែលព្រះយេហូវ៉ាទ្រង់ហាមថា ឯងរាល់គ្នាមិនត្រូវធ្វើយ៉ាងនោះឡើយ ប៉ុន្តែព្រះយេហូវ៉ាទ្រង់បានធ្វើបន្ទាល់ ដល់ពួកអ៊ីស្រាអែល នឹងពួកយូដា ដោយសារគ្រប់ទាំងពួកហោរា នឹងអ្នកមើលឆុតថា ចូរឲ្យឯងរាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រិត្យក្រម នឹងបញ្ញត្តអញទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលអញបានបង្គាប់ដល់ពួកឰយុកោឯង ហើយដែលអញបានផ្ញើមកឯងរាល់គ្នា ដោយសារពួកហោរា ជាពួកអ្នកបំរើរបស់អញ ប៉ុន្តែគេមិនព្រមស្តាប់ទេ គឺបានតាំងចិត្តរឹងវិញ ដូចជាពួកឰយុកោគេ ដែលមិនបានជឿដល់ព្រះយេហូវ៉ា ជាព្រះនៃគេដែរ គេបោះបង់ចោលបញ្ញត្តរបស់ទ្រង់ នឹងសេចក្ដីសញ្ញា ដែលទ្រង់បានតាំងនឹងពួកឰយុកោគេចេញ ព្រមទាំងសេចក្ដីបន្ទាល់ ដែលទ្រង់បានមានបន្ទូលនឹងគេផង គេដើរតាមតែសេចក្ដីជាអសារឥតការវិញ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ គេបោះបង់ចោលអស់ទាំងក្រិត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោ២ ហើយធ្វើរូបព្រះ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ នឹងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅ ឲ្យបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្ដីក្រោធ ដោយហេតុនោះ បានជាព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រេវក្រោធជាខ្លាំង ចំពោះពួកអ៊ីស្រាអែល ក៏រើគេចេញពីចំពោះព្រះនេត្រទ្រង់ទៅ សល់នៅតែពូជអំបូរយូដាតែ១ប៉ុណ្ណោះ។