២ ពង្សាវតារក្សត្រ 17:24-41
២ ពង្សាវតារក្សត្រ 17:24-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចមកស្តេចអាសស៊ើរ ទ្រង់នាំយកមនុស្សពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត និងក្រុងសេផាវែម ទៅដាក់ឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី ជំនួសពួកកូនចៅអ៊ីស្រាអែលវិញ អ្នកទាំងនោះបានស្រុកសាម៉ារីជារបស់គេ ហើយក៏អាស្រ័យនៅក្នុងអស់ទាំងទីក្រុងស្រុកនោះ។ ពេលគេបាននៅក្នុងស្រុក គេមិនបានកោតខ្លាចដល់ព្រះយេហូវ៉ាទេ ហេតុនោះ ព្រះយេហូវ៉ាប្រើសត្វសិង្ហ ឲ្យទៅនៅកណ្ដាលគេ សិង្ហទាំងនោះបានសម្លាប់អ្នកខ្លះ។ ដូច្នេះ គេទូលដល់ស្តេចអាសស៊ើរថា៖ «ពួកសាសន៍ទាំងប៉ុន្មាន ដែលទ្រង់បាននាំយកទៅ ទុកឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី គេមិនស្គាល់ច្បាប់នៃព្រះរបស់ស្រុកនោះទេ បានជាព្រះឲ្យសត្វសិង្ហទៅនៅកណ្ដាលគេ ហើយសត្វទាំងនោះកំពុងតែសម្លាប់គេ ដោយព្រោះគេមិនស្គាល់ច្បាប់នៃព្រះរបស់ស្រុកនោះ»។ ស្តេចអាសស៊ើរបង្គាប់ថា៖ «ចូរនាំសង្ឃម្នាក់ ដែលចេញមកពីស្រុកនោះ ឲ្យទៅនៅឯណោះវិញចុះ ដើម្បីនឹងបង្រៀនគេពីច្បាប់នៃព្រះរបស់ស្រុកនោះ»។ ដូច្នេះ សង្ឃម្នាក់ដែលគេបាននាំចេញពីស្រុកសាម៉ារីមក ក៏វិលទៅនៅឯក្រុងបេត-អែល បង្ហាត់បង្រៀនគេពីបែបដែលត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា។ ប៉ុន្តែ គ្រប់សាសន៍បានធ្វើព្រះសម្រាប់គេរៀងខ្លួន ដាក់ទុកនៅក្នុងទីសក្ការៈតាមទីខ្ពស់ៗ ដែលពួកសាម៉ារីបានធ្វើ គឺគ្រប់ទាំងសាសន៍នោះ តាមទីក្រុងដែលគេអាស្រ័យនៅ។ ពួកដែលមកពីក្រុងបាប៊ីឡូន គេធ្វើព្រះស៊ូកូថ-បេណូត ពួកក្រុងគូថា គេធ្វើព្រះនើកាល ពួកក្រុងហាម៉ាត គេធ្វើព្រះអ័ស៊ីម៉ា ពួកក្រុងអាវ៉ា គេធ្វើព្រះនីបហាស និងព្រះថើថាក ហើយពួកសេផាវែម គេដុតកូនរបស់គេក្នុងភ្លើង ថ្វាយព្រះអ័ឌរ៉ាម៉ាលេក និងព្រះអ័ណាម៉ាលេក ជាព្រះរបស់ពួកសេផាវែមនោះ។ ពួកគេក៏កោតខ្លាចដល់ព្រះយេហូវ៉ាដែរ ព្រមទាំងតាំងពួកគេខ្លះឲ្យធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ សម្រាប់ខ្លួនគេផង ពួកសង្ឃនោះក៏ថ្វាយយញ្ញបូជារបស់គេ នៅក្នុងទីសក្ការៈតាមទីខ្ពស់ៗទាំងនោះ។ គេបានកោតខ្លាចដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះរបស់ខ្លួនផង តាមទម្លាប់របស់សាសន៍ទាំងប៉ុន្មាន នៅស្រុកកំណើតគេរៀងខ្លួន។ គេនៅតែប្រព្រឹត្តរបៀបនោះ ដរាបដល់សព្វថ្ងៃនេះ គេមិនមែនកោតខ្លាចដល់ព្រះយេហូវ៉ាពិតទេ ហើយមិនមែនប្រព្រឹត្តតាមបញ្ញត្តិ តាមវិន័យរបស់ខ្លួនគេដែរ ឬតាមច្បាប់ និងក្រឹត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅយ៉ាកុប ជាអ្នកដែលព្រះអង្គឲ្យឈ្មោះថា អ៊ីស្រាអែល នោះផង ។ ព្រះយេហូវ៉ាបានតាំងសេចក្ដីសញ្ញានឹងពួកកូនចៅយ៉ាកុបនោះ ហើយហាមថា៖ «អ្នករាល់គ្នាមិនត្រូវកោតខ្លាចដល់ព្រះដទៃឡើយ ក៏មិនត្រូវក្រាបគោរពព្រះទាំងនោះ ឬប្រតិបត្តិតាម ឬថ្វាយយញ្ញបូជាដល់វាដែរ គឺត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ ដែលព្រះអង្គបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ និងព្រះហស្តលើកសម្រេច ហើយត្រូវក្រាបគោរពដល់ព្រះអង្គ ព្រមទាំងថ្វាយយញ្ញបូជារបស់ឯងដល់ព្រះអង្គតែមួយប៉ុណ្ណោះ។ ឯអស់ទាំងបញ្ញត្តិ និងវិន័យ ហើយច្បាប់ និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលព្រះអង្គបានកត់ទុកឲ្យអ្នករាល់គ្នា នោះត្រូវរក្សាទុក ហើយប្រព្រឹត្តតាមជាដរាបតទៅ ឥតកោតខ្លាចដល់ព្រះដទៃឡើយ ក៏មិនត្រូវភ្លេចសេចក្ដីសញ្ញាដែលយើងបានតាំងនឹងអ្នករាល់គ្នាដែរ គឺមិនត្រូវកោតខ្លាចដល់ព្រះដទៃណាឲ្យសោះ។ ត្រូវឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ព្រះអង្គនឹងជួយអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវទាំងអស់»។ ប៉ុន្តែ គេមិនបានស្តាប់តាមសោះ គឺបានប្រព្រឹត្តតាមទម្លាប់ចាស់នោះវិញ។ ហេតុនោះហើយដែលសាសន៍ទាំងនោះបានកោតខ្លាចដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះឆ្លាក់របស់ខ្លួនគេផង ឯកូនចៅរបស់គេ នោះក៏ប្រព្រឹត្តដូចជាឪពុករៀងតមក ដរាបដល់សព្វថ្ងៃនេះដែរ។
២ ពង្សាវតារក្សត្រ 17:24-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចស្រុកអាស្ស៊ីរីជន្លៀសប្រជាជនពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត់ និងក្រុងសេផាវែម ឲ្យមករស់នៅតាមក្រុងនានាក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រាអែល។ អ្នកទាំងនោះចាប់យកស្រុកសាម៉ារីមកធ្វើជាកម្មសិទ្ធិ ហើយតាំងទីលំនៅតាមក្រុងនានា។ នៅគ្រាដំបូងដែលពួកគេមកតាំងទីលំនៅក្នុងស្រុកសាម៉ារី ពួកគេមិនគោរពកោតខ្លាចព្រះអម្ចាស់ទេ ព្រះអម្ចាស់ក៏ប្រើសិង្ហឲ្យមកប្រហារពួកគេ។ មានគេទូលស្ដេចស្រុកអាស្ស៊ីរីថា៖ «ប្រជាជាតិទាំងឡាយដែលព្រះករុណាជន្លៀសឲ្យទៅតាំងទីលំនៅតាមក្រុងនានា ក្នុងស្រុកសាម៉ារី ពុំស្គាល់របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះទេ។ ព្រះនៅស្រុកនោះប្រើសិង្ហឲ្យមកប្រហារពួកគេ ដ្បិតពួកគេពុំស្គាល់របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះ»។ ស្ដេចស្រុកអាស្ស៊ីរីបង្គាប់ថា៖ «ចូរនាំបូជាចារ្យសាម៉ារីម្នាក់ ដែលអ្នករាល់គ្នាកៀរយកទៅ ឲ្យវិលមកស្រុកវិញ ដើម្បីបង្ហាត់បង្រៀនរបៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះ»។ ដូច្នេះ គេទៅនាំបូជាចារ្យម្នាក់ដែលគេបានកៀរពីស្រុកសាម៉ារី ឲ្យវិលមករស់នៅបេតអែលវិញ។ បូជាចារ្យនោះបង្ហាត់បង្រៀនពួកគេអំពីរបៀប ដែលត្រូវគោរពកោតខ្លាចព្រះអម្ចាស់។ ប៉ុន្តែ ប្រជាជាតិនីមួយៗបានធ្វើរូបសំណាកព្រះរបស់ខ្លួន យកទៅតម្កល់ក្នុងកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលអ្នកស្រុកសាម៉ារីពីមុនបានសង់។ ប្រជាជាតិនីមួយៗធ្វើដូច្នេះ នៅតាមក្រុងនានាដែលពួកគេរស់នៅ។ អ្នកក្រុងបាប៊ីឡូនធ្វើរូបព្រះសិកូតបេណូត អ្នកក្រុងគូថាធ្វើរូបព្រះនើកាល អ្នកក្រុងហាម៉ាត់ធ្វើរូបព្រះអស៊ីម៉ា។ អ្នកក្រុងអាវ៉ាធ្វើរូបព្រះនីប-ហាស និងព្រះថើថាក អ្នកក្រុងសេផាវែមយកកូនប្រុសរបស់ខ្លួន ទៅធ្វើបូជាយញ្ញ ថ្វាយព្រះអ័ឌរ៉ាម៉ាឡេក និងព្រះអណាម៉ាឡេក ជាព្រះនៃក្រុងសេផាវែម។ ប្រជាជាតិទាំងនោះក៏គោរពកោតខ្លាចព្រះអម្ចាស់ដែរ ព្រមទាំងតែងតាំងអ្នកខ្លះ ក្នុងចំណោមពួកគេ ឲ្យធ្វើជាបូជាចារ្យនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីថ្វាយយញ្ញបូជាក្នុងនាមរបស់ពួកគេ នៅតាមកន្លែងទាំងនោះ។ ពួកគេគោរពកោតខ្លាចព្រះអម្ចាស់ផង និងគោរពព្រះរបស់ពួកគេ តាមទំនៀមទម្លាប់ជាតិដើមរបស់ពួកគេផង។ រហូតដល់សព្វថ្ងៃ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ដើមដដែល ពួកគេមិនប្រាកដជាគោរពកោតខ្លាចព្រះអម្ចាស់ មិនប្រាកដជាប្រតិបត្តិតាមច្បាប់ និងវិន័យរបស់ខ្លួន ហើយក៏មិនប្រាកដជាកាន់តាមក្រឹត្យវិន័យ និងបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកកូនចៅលោកយ៉ាកុប ដែលព្រះអង្គប្រទានឈ្មោះថាអ៊ីស្រាអែល។ ព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយកូនចៅលោកយ៉ាកុប ព្រមទាំងបញ្ជាដល់ពួកគេថា៖ «មិនត្រូវគោរពកោតខ្លាចព្រះដទៃ ហើយក៏មិនត្រូវក្រាបថ្វាយបង្គំព្រះទាំងនោះដែរ។ មិនត្រូវគោរពបម្រើ និងថ្វាយយញ្ញបូជាដល់ព្រះទាំងនោះឡើយ។ ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចព្រះអម្ចាស់ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងពូកែ។ អ្នករាល់គ្នាត្រូវគោរពថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់តែមួយប៉ុណ្ណោះ។ រីឯបញ្ញត្តិ ច្បាប់ វិន័យ ក្រឹត្យវិន័យ និងបទបញ្ជាដែលព្រះអង្គបានចែងទុកសម្រាប់អ្នករាល់គ្នានោះ ត្រូវប្រតិបត្តិតាមជារៀងរាល់ថ្ងៃ ហើយមិនត្រូវគោរពកោតខ្លាចព្រះដទៃឡើយ។ កុំបំភ្លេចសម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នាឲ្យសោះ ហើយមិនត្រូវគោរពកោតខ្លាចព្រះដទៃឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះព្រះអង្គនឹងរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន»។ ប៉ុន្តែ ពួកគេពុំស្ដាប់តាមទេ គឺពួកគេនៅតែប្រព្រឹត្តតាមទំនៀមទម្លាប់ដើមរបស់ខ្លួនដដែល។ ប្រជាជាតិទាំងនោះគោរពកោតខ្លាចព្រះអម្ចាស់ផង គោរពបម្រើរូបព្រះរបស់គេផង។ កូនចៅរបស់ពួកគេនៅតែធ្វើរបៀបនេះរហូតមកដល់សព្វថ្ងៃ ដូចដូនតារបស់ខ្លួនដែរ។
២ ពង្សាវតារក្សត្រ 17:24-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមកស្តេចអាសស៊ើរ ទ្រង់នាំយកមនុស្សពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត នឹងក្រុងសេផាវែម ទៅដាក់ឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី ជំនួសពួកកូនចៅអ៊ីស្រាអែលវិញ អ្នកទាំងនោះបានស្រុកសាម៉ារីជារបស់ផងគេ ហើយក៏អាស្រ័យនៅក្នុងអស់ទាំងទីក្រុងស្រុកនោះ កាលគេចាប់តាំងនៅក្នុងស្រុក គេមិនបានកោតខ្លាចដល់ព្រះយេហូវ៉ាទេ ហេតុនោះព្រះយេហូវ៉ាទ្រង់ប្រើសត្វសិង្ហ ឲ្យទៅនៅកណ្តាលគេ សិង្ហទាំងនោះបានសំឡាប់អ្នកខ្លះបង់ ដូច្នេះ គេទូលដល់ស្តេចអាសស៊ើរថា ពួកសាសន៍ទាំងប៉ុន្មាន ដែលទ្រង់បាននាំយកទៅ ទុកឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី គេមិនស្គាល់ច្បាប់នៃព្រះរបស់ស្រុកនោះទេ បានជាព្រះទ្រង់ឲ្យសត្វសិង្ហ ទៅនៅកណ្តាលគេ ហើយមើល សត្វទាំងនោះកំពុងតែសំឡាប់គេទៅ ដោយព្រោះគេមិនស្គាល់ច្បាប់ នៃព្រះរបស់ស្រុកនោះ។ នោះស្តេចអាសស៊ើរទ្រង់បង្គាប់ថា ចូរនាំយកពួកសង្ឃម្នាក់ ដែលបានដឹកនាំចេញមកពីស្រុកនោះ ឲ្យទៅនៅឯណោះវិញចុះ ដើម្បីនឹងបង្រៀនគេពីច្បាប់នៃព្រះរបស់ស្រុកនោះ ដូច្នេះ ពួកសង្ឃម្នាក់ដែលគេបានដឹកនាំចេញពីស្រុកសាម៉ារីមក ក៏វិលទៅនៅឯក្រុងបេត-អែលបង្ហាត់បង្រៀនគេ ពីបែបដែលត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា ប៉ុន្តែគ្រប់ទាំងសាសន៍នោះបានធ្វើព្រះសំរាប់គេរៀងខ្លួន ដាក់ទុកនៅក្នុងអស់ទាំងវិហារនៅទីខ្ពស់ ដែលពួកសាម៉ារីបានធ្វើ គឺគ្រប់ទាំងសាសន៍នោះ តាមទីក្រុងដែលគេអាស្រ័យនៅ ពួកដែលមកពីក្រុងបាប៊ីឡូន គេធ្វើព្រះសិកូត-បេណូត ពួកក្រុងគូថា គេធ្វើព្រះនើកាល ពួកក្រុងហាម៉ាត គេធ្វើព្រះអ័ស៊ីម៉ា ពួកក្រុងអាវ៉ា គេធ្វើព្រះនីបហាស នឹងព្រះថើថាក ហើយពួកសេផាវែម គេដុតកូនរបស់គេក្នុងភ្លើង ថ្វាយព្រះអ័ឌរ៉ាម៉ាលេក នឹងព្រះអ័ណាម៉ាលេក ជាព្រះរបស់ពួកសេផាវែមនោះ យ៉ាងនោះ គេបានកោតខ្លាចដល់ព្រះយេហូវ៉ា ព្រមទាំងតាំងពួកគេខ្លះឡើង ឲ្យធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ សំរាប់ខ្លួនគេផង ពួកសង្ឃនោះក៏ថ្វាយយញ្ញបូជារបស់គេ នៅក្នុងអស់ទាំងវិហារនៃទីខ្ពស់ទាំងនោះ គេបានកោតខ្លាចដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះរបស់ខ្លួនផង តាមទំលាប់របស់សាសន៍ទាំងប៉ុន្មាន នៅស្រុកកំណើតគេរៀងខ្លួន គេនៅតែប្រព្រឹត្តតាមបែបនោះ ដរាបដល់សព្វថ្ងៃនេះ គេមិនមែនកោតខ្លាចដល់ព្រះយេហូវ៉ាជាពិតទេ ហើយមិនមែនប្រព្រឹត្តតាមបញ្ញត្តតាមវិន័យរបស់ខ្លួនគេដែរ ឬតាមច្បាប់ នឹងក្រិត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅយ៉ាកុប ជាអ្នកដែលទ្រង់ឲ្យឈ្មោះថា អ៊ីស្រាអែល នោះផង ព្រះយេហូវ៉ាទ្រង់បានតាំងសេចក្ដីសញ្ញានឹងពួកកូនចៅយ៉ាកុបនោះ ហើយហាមថា ឯងរាល់គ្នាមិនត្រូវកោតខ្លាចដល់ព្រះដទៃឡើយ ក៏មិនត្រូវក្រាបគោរពដល់ព្រះទាំងនោះ ឬប្រតិបត្តិតាម ឬថ្វាយយញ្ញបូជាដល់វាដែរ គឺត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាតែ១ប៉ុណ្ណោះ ដែលទ្រង់បាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ នឹងព្រះហស្តលើកសំរេច ហើយត្រូវក្រាបគោរពដល់ទ្រង់ ព្រមទាំងថ្វាយយញ្ញបូជារបស់ឯងដល់ទ្រង់តែ១ព្រះអង្គប៉ុណ្ណោះ ឯអស់ទាំងបញ្ញត្ត នឹងវិន័យ ហើយច្បាប់ នឹងក្រិត្យក្រមទាំងប៉ុន្មាន ដែលទ្រង់បានកត់ទុកឲ្យឯងរាល់គ្នា នោះត្រូវរក្សាទុក ហើយប្រព្រឹត្តតាមជាដរាបតទៅ ឥតកោតខ្លាចដល់ព្រះដទៃឡើយ ក៏មិនត្រូវភ្លេចសេចក្ដីសញ្ញា ដែលអញបានតាំងនឹងឯងរាល់គ្នាដែរ គឺមិនត្រូវឲ្យកោតខ្លាចដល់ព្រះដទៃណាឲ្យសោះ ត្រូវឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ នោះទ្រង់នឹងជួយឲ្យឯងរាល់គ្នារួចពីកណ្តាប់ដៃ នៃពួកខ្មាំងសត្រូវទាំងអស់ ប៉ុន្តែ គេមិនបានស្តាប់តាមសោះ គឺបានប្រព្រឹត្តតាមតែបែបដើមនោះវិញ យ៉ាងនោះហើយដែលសាសន៍ទាំងនោះបានកោតខ្លាច ដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះឆ្លាក់របស់ខ្លួនគេផង ឯកូនចៅរបស់គេ នោះក៏ប្រព្រឹត្តដូចជាឪពុករៀងតមក ដរាបដល់សព្វថ្ងៃនេះដែរ។