២ ពង្សាវតារក្សត្រ 17:1-41

២ ពង្សាវតារក្សត្រ 17:1-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទី​ដប់​ពីរ ក្នុង​រាជ្យ​ស្តេច​អ័ហាស ជា​ស្តេច​យូដា នោះ​ហូស៊ា ជា​កូន​អេឡា ក៏​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​ប្រាំបួន​ឆ្នាំ។ ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដូច​ពួក​ស្តេច​អ៊ីស្រា‌អែល​នៅ​មុន​ទ្រង់​នោះ​ទេ។ សាលម៉ា‌នេស៊ើរ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ បាន​ឡើង​មក​ទាស់​នឹង​ហូស៊ា ហើយ​ទ្រង់​ក៏​ចុះ​ចូល ព្រម​ទាំង​បង់​សួយ‌អាករ​ថ្វាយ​ផង។ តែ​ស្តេច​អាស‌ស៊ើរ​បាន​ជ្រាប​ថា ហូស៊ា​គិត​ក្បត់​ហើយ ដ្បិត​ហូស៊ា​បាន​ចាត់​សារ​ទៅ​សូរ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​លែង​បង់​សួយ‌អាករ​ថ្វាយ​ទ្រង់​ដូច​ជា​រាល់​ឆ្នាំ​ទៀត។ ហេតុ​នោះ​បាន​ជា​ស្តេច​អាស‌ស៊ើរ​ចាប់​ទ្រង់​ឃុំ​ទុក​ក្នុង​គុក។ ស្តេច​អាស‌ស៊ើរ​យាង​មក​សព្វ​គ្រប់​ក្នុង​ស្រុក ក៏​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​បី​ឆ្នាំ។ នៅ​ឆ្នាំ​ទី​ប្រាំ​បួន ក្នុង​រាជ្យ​ហូស៊ា ស្តេច​អាស‌ស៊ើរ​ក៏​វាយ​យក​ក្រុង​សាម៉ារី​បាន ហើយ​ទ្រង់​នាំ​ពួក​អ៊ីស្រា‌អែល​ទៅ​ស្រុក​អាស‌ស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា​នៅ​មាត់​ទន្លេ​ហាបោ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ។ ការ​នោះ​កើត​មក ដោយ​ព្រោះ​តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ដែល​ទ្រង់​បាន​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​មក ហើយ​ដោយ​ព្រោះ​គេ​បាន​កោត​ខ្លាច​ដល់​ព្រះ​ដទៃ ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​ទំនៀម​ទម្លាប់​នៃ​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយធ្វើ​តាម​ច្បាប់​ដែល​ពួក​ស្តេច​អ៊ីស្រា‌អែល​បាន​តាំង​ដែរ។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​មិន​ត្រឹម‌ត្រូវ ដោយ​លួច‌លាក់ ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ ក៏​ធ្វើ​ទី​ខ្ពស់​សម្រាប់​ខ្លួន នៅ​គ្រប់​ទាំង​ទី​ក្រុង ចាប់​តាំង​ពី​ភូមិ​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ទី​ក្រុង​មាន​កំផែង។ គេ​បាន​ធ្វើ​ស្ដូប​សម្រាប់​គោរព និង​បង្គោល​សក្ការៈ នៅ​លើ​អស់​ទាំង​ទី​ភ្នំ ហើយ​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ផង ។ ឯ​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នោះ គេ​ក៏​ដុត​កំញាន​ដូច​ជា​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​គេ​ចេញ គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ។ គេ​គោរព​ប្រតិ‌បត្តិ​តាម​រូប​ព្រះ​ដែល​ព្រះ‌យេហូវ៉ា​ហាម​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​យ៉ាង​នោះ​ឡើយ ប៉ុន្តែ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​បន្ទាល់​ដល់​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា តាម​រយៈ​ពួក​ហោរា​ជា​ច្រើន និង​អ្នក​មើល​ឆុត​ថា ចូរ​អ្នក​រាល់​គ្នា​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ឯង​ទៅ ហើយ​កាន់​តាម​ក្រឹត្យ‌ក្រម និង​បញ្ញត្តិ​យើង​ទាំង​ប៉ុន្មាន តាម​ច្បាប់​ទាំង​អស់​ដែល​យើង​បាន​បង្គាប់​ដល់​បុព្វ‌បុរស​ឯង ហើយ​ដែល​យើង​បាន​ផ្ញើ​មក​អ្នក​រាល់​គ្នា តាម​រយៈ​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង។ ប៉ុន្តែ គេ​មិន​ព្រម​ស្តាប់​ទេ គឺ​បាន​តាំង​ចិត្ត​រឹង ដូច​ជា​បុព្វ‌បុរស​គេ ដែល​មិន​បាន​ជឿ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ​ដែរ។ គេ​បោះ‌បង់​បញ្ញត្តិ​របស់​ព្រះ‌អង្គ និង​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង​នឹង​បុព្វ‌បុរស​គេ ព្រម​ទាំង​សេចក្ដី​បន្ទាល់ ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ​ផង គេ​ដើរ​តាម​តែ​ការឥត​ប្រយោជន៍ ហើយ​ខ្លួន​គេ​ក៏​ត្រឡប់​ជា​អសារ​ឥត​ការ​ដែរ គេ​ប្រព្រឹត្ត​តាម​ពួក​សាសន៍​ដទៃ​នៅ​ជុំ‌វិញ ដែល​ព្រះ‌យេហូវ៉ា​ហាម​ថា កុំ​ឲ្យ​ត្រាប់​តាម​អ្នក​ទាំង​នោះ​ឡើយ។ គេ​បោះ‌បង់​ចោល​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​សិត​ធ្វើ​រូប គឺ​ជា​រូប​កូន​គោ​ពីរ ហើយ​ធ្វើ​បង្គោល​សក្ការៈ ព្រម​ទាំង​ថ្វាយ​បង្គំ​ដល់​អស់​ទាំង​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌បាល​ផង។ គេ​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ​ឆ្លង​កាត់​ភ្លើង ហើយ​ប្រើ​របៀន​ផ្សេងៗ និង​ការ​មន្ត​អាគម ព្រម​ទាំង​លក់​ខ្លួន​គេ​ទៅ​ឲ្យ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​នាំ​ឲ្យ​ទ្រង់​មាន​សេចក្ដី​ក្រោធ។ ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ជា​ខ្លាំង​ចំពោះ​ពួក​អ៊ីស្រា‌អែល ក៏​រើ​គេ​ចេញ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទៅ សល់​នៅ​តែ​កុល‌សម្ព័ន្ធ​យូដា​តែ​មួយ​ប៉ុណ្ណោះ។ ឯ​ពួក​យូដា​ក៏​មិន​បាន​កាន់​តាម​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ​ដែរ គឺ​គេ​ដើរ​តាម​ទំនៀម​ដែល​ពួក​អ៊ីស្រា‌អែល​ធ្លាប់​ប្រព្រឹត្ត​ដែរ។ ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​បោះ‌បង់​ចោល​ពូជ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ធ្វើ​ទុក្ខ​គេ ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​បំផ្លាញ​គេ ដរាប​ដល់​ព្រះ‌អង្គ​បាន​បោះ​គេ​ចោល​ពី​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ហែក​ពួក​អ៊ីស្រា‌អែល​ផ្តាច់​ចេញ​ពី​ជំនួរ​វង្ស​ដាវីឌ ក៏​លើក​យេរ៉ូ‌បោម​ជា​កូន​នេបាត តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​វិញ ឯ​យេរ៉ូ‌បោម ក៏​បាន​ញាក់​ទាញ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បណ្ដាល​ឲ្យ​គេ​ធ្វើ​បាប​យ៉ាង​ធ្ងន់។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ដើរ​តាម​អស់​ទាំង​អំពើ​បាប​ដែល​យេរ៉ូ‌បោម​បាន​ប្រព្រឹត្ត គេ​មិន​បានលះ​បង់​អំពើ​ទាំង​នោះ​ឡើយ ដរាប​ដល់​ព្រះ‌យេហូវ៉ា​បណ្តេញ​គេ​ពី​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ចេញ ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​អស់​ទាំង​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ដូច្នេះ អ៊ីស្រាអែល​ក៏​ត្រូវ​គេ​‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​នៅ​ឯ​ស្រុក​អាស‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ រួច​មក​ស្តេច​អាស‌ស៊ើរ ទ្រង់​នាំ​យក​មនុស្ស​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត និង​ក្រុង​សេផា‌វែម ទៅ​ដាក់​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី ជំនួស​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ អ្នក​ទាំង​នោះ​បាន​ស្រុក​សាម៉ារី​ជា​របស់​គេ ហើយ​ក៏​អាស្រ័យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​នោះ។ ពេល​គេ​បាន​នៅ​ក្នុង​ស្រុក គេ​មិន​បាន​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះ ព្រះ‌យេហូវ៉ា​ប្រើ​សត្វ​សិង្ហ ឲ្យ​ទៅ​នៅ​កណ្ដាល​គេ សិង្ហ​ទាំង​នោះ​បាន​សម្លាប់​អ្នក​ខ្លះ។ ដូច្នេះ គេ​ទូល​ដល់​ស្តេច​អាស‌ស៊ើរ​ថា៖ «ពួក​សាសន៍​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​ទៅ ទុក​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី គេ​មិន​ស្គាល់​ច្បាប់​នៃ​ព្រះ​របស់​ស្រុក​នោះ​ទេ បាន​ជា​ព្រះ​ឲ្យ​សត្វ​សិង្ហ​ទៅ​នៅ​កណ្ដាល​គេ ហើយ​សត្វ​ទាំង​នោះ​កំពុង​តែ​សម្លាប់​គេ ដោយ​ព្រោះ​គេ​មិន​ស្គាល់​ច្បាប់​នៃ​ព្រះ​របស់​ស្រុក​នោះ»។ ស្តេច​អាស‌ស៊ើរ​បង្គាប់​ថា៖ «ចូរ​នាំ​សង្ឃ​ម្នាក់ ដែល​ចេញ​មក​ពី​ស្រុក​នោះ ឲ្យ​ទៅ​នៅ​ឯ​ណោះ​វិញ​ចុះ ដើម្បី​នឹង​បង្រៀន​គេ​ពី​ច្បាប់​នៃ​ព្រះ​របស់​ស្រុក​នោះ»។ ដូច្នេះ សង្ឃ​ម្នាក់​ដែល​គេ​បាន​‌នាំ​ចេញ​ពី​ស្រុក​សាម៉ារី​មក ក៏​វិល​ទៅ​នៅ​ឯ​ក្រុង​បេត-អែល បង្ហាត់​បង្រៀន​គេ​ពី​បែប​ដែល​ត្រូវ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។ ប៉ុន្តែ គ្រប់​សាសន៍​បាន​ធ្វើ​ព្រះ​សម្រាប់​គេ​រៀង​ខ្លួន ដាក់​ទុក​នៅ​ក្នុង​ទី​សក្ការៈ​តាម​ទី​ខ្ពស់ៗ ដែល​ពួក​សាម៉ារី​បាន​ធ្វើ គឺ​គ្រប់​ទាំង​សាសន៍​នោះ តាម​ទី​ក្រុង​ដែល​គេ​អាស្រ័យ​នៅ។ ពួក​ដែល​មក​ពី​ក្រុង​បាប៊ី‌ឡូន គេ​ធ្វើ​ព្រះ​ស៊ូកូថ-បេណូត ពួក​ក្រុង​គូ​ថា គេ​ធ្វើ​ព្រះ​នើកាល ពួក​ក្រុង​ហាម៉ាត គេ​ធ្វើ​ព្រះ​អ័ស៊ី‌ម៉ា ពួក​ក្រុង​អាវ៉ា គេ​ធ្វើ​ព្រះ​នីប‌ហាស និង​ព្រះ​ថើថាក ហើយ​ពួក​សេផា‌វែម គេ​ដុត​កូន​របស់​គេ​ក្នុង​ភ្លើង ថ្វាយ​ព្រះ​អ័ឌរ៉ា‌ម៉ាលេក និង​ព្រះ​អ័ណា‌ម៉ាលេក ជា​ព្រះ​របស់​ពួក​សេផា‌វែម​នោះ។ ពួក​គេ​ក៏​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដែរ ព្រម​ទាំង​តាំង​ពួក​គេ​ខ្លះ​ឲ្យ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់ សម្រាប់​ខ្លួន​គេ​ផង ពួក​សង្ឃ​នោះ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ នៅ​ក្នុង​ទីសក្ការៈ​តាម​ទី​ខ្ពស់ៗ​ទាំង​នោះ។ គេ​បាន​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ផង ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​របស់​ខ្លួន​ផង តាម​ទម្លាប់​របស់​សាសន៍​ទាំង​ប៉ុន្មាន នៅ​ស្រុក​កំណើត​គេ​រៀង​ខ្លួន។ គេ​នៅ​តែ​ប្រព្រឹត្ត​របៀប​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គេ​មិន​មែន​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ពិត​ទេ ហើយ​មិន​មែន​ប្រព្រឹត្ត​តាម​បញ្ញត្តិ តាម​វិន័យ​របស់​ខ្លួន​គេ​ដែរ ឬ​តាម​ច្បាប់ និង​ក្រឹត្យ‌ក្រម ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ដល់​ពួក​កូន​ចៅ​យ៉ាកុប ជា​អ្នក​ដែល​ព្រះ‌អង្គ​ឲ្យ​ឈ្មោះ​ថា អ៊ីស្រាអែល នោះ​ផង ។ ព្រះ‌យេហូវ៉ា​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​កូន​ចៅ​យ៉ាកុប​នោះ ហើយ​ហាម​ថា៖ «អ្នក​រាល់​គ្នា​មិន​ត្រូវ​កោត​ខ្លាច​ដល់​ព្រះ​ដទៃ​ឡើយ ក៏​មិន​ត្រូវ​ក្រាប​គោរព​ព្រះ​ទាំង​នោះ ឬ​ប្រតិ‌បត្តិ​តាម ឬ​ថ្វាយ​យញ្ញ‌បូជា​ដល់​វា​ដែរ គឺ​ត្រូវ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ និង​ព្រះ‌ហស្ត​លើក​សម្រេច ហើយ​ត្រូវ​ក្រាប​គោរព​ដល់​ព្រះ‌អង្គ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​របស់​ឯង​ដល់​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ។ ឯ​អស់​ទាំង​បញ្ញត្តិ និង​វិន័យ ហើយ​ច្បាប់ និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​កត់​ទុក​ឲ្យ​អ្នក​រាល់​គ្នា នោះ​ត្រូវ​រក្សា​ទុក ហើយ​ប្រព្រឹត្ត​តាម​ជា​ដរាប​ត​ទៅ ឥត​កោត​ខ្លាច​ដល់​ព្រះ​ដទៃ​ឡើយ ក៏​មិន​ត្រូវ​ភ្លេច​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​អ្នក​រាល់​គ្នា​ដែរ គឺ​មិន​ត្រូវ​កោត​ខ្លាច​ដល់​ព្រះ​ដទៃ​ណា​ឲ្យ​សោះ។ ត្រូវ​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ព្រះ‌អង្គ​នឹង​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់»។ ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ប្រព្រឹត្ត​តា​ម​ទម្លាប់​ចាស់​នោះ​វិញ។ ហេតុ​នោះ​ហើយ​ដែល​សាសន៍​ទាំង​នោះ​បាន​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ផង ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ឆ្លាក់​របស់​ខ្លួន​គេ​ផង ឯ​កូន​ចៅ​របស់​គេ នោះ​ក៏​ប្រព្រឹត្ត​ដូច​ជា​ឪពុក​រៀង​ត​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។

២ ពង្សាវតារក្សត្រ 17:1-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​ដប់‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អហាស​ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ហូស៊ា ជា​កូន​របស់​លោក​អេឡា ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ​រាជ្យ​បាន​ប្រាំ​បួន​ឆ្នាំ។ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ តែ​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ស្ដេច​អ៊ីស្រា‌អែល​មុនៗ​ទេ។ គ្រា​នោះ ព្រះ‌ចៅ​សាលម៉ា‌នេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ព្រះ‌បាទ​ហូស៊ា។ ព្រះ‌បាទ​ហូស៊ា​ក៏​សុំ​ចុះ​ចូល ព្រម​ទាំង​នាំ​សួយសារ‌អាករ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី​ផង។ ប៉ុន្តែ ស្ដេច​ស្រុក​អាស្ស៊ីរី​ជ្រាប​ថា ព្រះ‌បាទ​ហូស៊ា​មាន​គំនិត​ក្បត់ ដ្បិត​ព្រះ‌បាទ​ហូស៊ា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌ចៅ​សូ ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​លែង​នាំ​សួយសារ‌អាករ ទៅ​ថ្វាយ​ស្ដេច​ជា​រៀង​រាល់​ឆ្នាំ​ដូច​មុន​ទៀត​ហើយ។ ដូច្នេះ ស្ដេច​ស្រុក​អាស្ស៊ីរី​ឲ្យ​គេ​ឃុំ‌ឃាំង​ព្រះ‌បាទ​ហូស៊ា​ក្នុង​គុក​មួយ ដោយ​ដាក់​ច្រវាក់​ផង។ បន្ទាប់​មក ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើង​មក​វាយ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​បី​ឆ្នាំ។ នៅ​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហូស៊ា ស្ដេច​ស្រុក​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​ស្រុក​អាស្ស៊ីរី ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​ផង។ ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ ព្រះអង្គ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប តែ​ពួក​គេ​បែរ​ជា​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៅ​វិញ។ ពួក​គេ​ធ្វើ​តាម​ទំនៀម‌ទម្លាប់​របស់​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​ធ្វើ​តាម​ទម្លាប់​ផ្សេងៗ ដែល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​បាន​បង្កើត​ឡើង​នោះ​ផង។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​ដោយ​លួច​លាក់ ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ពួក​គេ​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ នៅ​គ្រប់​ទីក្រុង​របស់​គេ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ។ ពួក​គេ​នាំ​គ្នា​ដំឡើង​ស្តូប និង​បង្គោល​ថ្វាយ​ព្រះ​អាសេ‌រ៉ា នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​អស់ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប ដូច​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។ ពួក​គេ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ក្លែងក្លាយ ជា​អំពើ​ដែល​ព្រះ‌អម្ចាស់​ហាម​មិន​ឲ្យ​ធ្វើ។ ព្រះ‌អម្ចាស់​ព្រមាន​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា តាម​រយៈ​ព្យាការី និង​គ្រូ​ទាយ​ឆុត​ទាំង​អស់​ថា «ចូរ​បោះ‌បង់​ចោល​ផ្លូវ​អាក្រក់ ហើយ​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ទាំង​ស្រុង​នូវ​ក្រឹត្យ‌វិន័យ ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ផ្ទាល់ តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង»។ ប៉ុន្តែ ពួក​គេ​ពុំ​ស្ដាប់​តាម​ទេ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស​ដូច​ដូនតា​របស់​ពួក​គេ ដែល​មិន​ព្រម​ជឿ​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ពួក​គេ​បាន​បោះ‌បង់​ចោល​ច្បាប់​របស់​ព្រះអង្គ ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​ដូនតា​របស់​ពួក​គេ ពួក​គេ​មិន​អើពើ​នឹង​ដំបូន្មាន​ដែល​ព្រះអង្គ​ព្រមាន​ពួក​គេ ហើយ​នាំ​គ្នា​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ​ដែរ។ ពួក​គេ​ជាប់​ពាក់‌ព័ន្ធ​នឹង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​ប្រជា‌ជាតិ​ដែល​ព្រះ‌អម្ចាស់​បាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​យក​តម្រាប់​តាម។ ពួក​គេ​បោះ‌បង់​ចោល​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ហើយ​នាំ​គ្នា​សិត​ធ្វើ​រូប​កូន​គោ​ពីរ ដំឡើង​បង្គោល​ថ្វាយ​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ និង​គោរព​បម្រើ​ព្រះ​បាល។ ពួក​គេ​យក​កូន​ប្រុស​កូន​ស្រី​ទៅ​ធ្វើ​បូជា‌យញ្ញ ពួក​គេ​តែងតែ​បញ្ជាន់​រូប និង​ប្រើ​មន្ត‌អាគម។ ពួក​គេ​បណ្ដោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។ ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ នៅ​សល់​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។ រីឯ​ប្រជា‌ជន​យូដា​វិញ​ក៏​ដូច្នោះ​ដែរ ពួក​គេ​ពុំ​បាន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន​ទេ តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ធ្វើ​តាម​ច្បាប់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បង្កើត​ទៅ​វិញ។ ដូច្នេះ ព្រះ‌អម្ចាស់​បោះ‌បង់​ចោល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។ កាល​ព្រះ‌អម្ចាស់​ផ្ដាច់​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​តែង‌តាំង​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឡើង​ជា​ស្ដេច។ ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​អូស​ទាញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ព្រម​ទាំង​នាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ទៀត​ផង។ កូន​ចៅ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​ប្រព្រឹត្ត គឺ​ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​ទាំង​នោះ​ឡើយ។ ហេតុ​នេះ ព្រះ‌អម្ចាស់​បណ្ដេញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ថ្លែង​តាម​រយៈ​ព្យាការី​ទាំង​អស់ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។ ស្ដេច​ស្រុក​អាស្ស៊ីរី​ជន្លៀស​ប្រជា‌ជន​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហា‌ម៉ាត់ និង​ក្រុង​សេផា‌វែម ឲ្យ​មក​រស់​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន‌ជាតិ​អ៊ីស្រា‌អែល។ អ្នក​ទាំង​នោះ​ចាប់​យក​ស្រុក​សា‌ម៉ារី​មក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​នានា។ នៅ​គ្រា​ដំបូង​ដែល​ពួក​គេ​មក​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​សា‌ម៉ារី ពួក​គេ​មិន​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់​ទេ ព្រះ‌អម្ចាស់​ក៏​ប្រើ​សិង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ។ មាន​គេ​ទូល​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​ព្រះ‌ករុណា​ជន្លៀស​ឲ្យ​ទៅ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​សា‌ម៉ារី ពុំ​ស្គាល់​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ​ទេ។ ព្រះ​នៅ​ស្រុក​នោះ​ប្រើ​សិង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ ដ្បិត​ពួក​គេ​ពុំ​ស្គាល់​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ»។ ស្ដេច​ស្រុក​អាស្ស៊ីរី​បង្គាប់​ថា៖ «ចូរ​នាំ​បូជា‌ចារ្យ​សាម៉ារី​ម្នាក់ ដែល​អ្នក​រាល់​គ្នា​កៀរ​យក​ទៅ ឲ្យ​វិល​មក​ស្រុក​វិញ ដើម្បី​បង្ហាត់​បង្រៀន​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ»។ ដូច្នេះ គេ​ទៅ​នាំ​បូជា‌ចារ្យ​ម្នាក់​ដែល​គេ​បាន​កៀរ​ពី​ស្រុក​សាម៉ារី ឲ្យ​វិល​មក​រស់​នៅ​បេត‌អែល​វិញ។ បូជា‌ចារ្យ​នោះ​បង្ហាត់​បង្រៀន​ពួក​គេ​អំពី​របៀប ដែល​ត្រូវ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់។ ប៉ុន្តែ ប្រជា‌ជាតិ​នីមួយៗ​បាន​ធ្វើ​រូប​សំណាក​ព្រះ​របស់​ខ្លួន យក​ទៅ​តម្កល់​ក្នុង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​អ្នក​ស្រុក​សា‌ម៉ារី​ពី​មុន​បាន​សង់។ ប្រជា‌ជាតិ​នីមួយៗ​ធ្វើ​ដូច្នេះ នៅ​តាម​ក្រុង​នានា​ដែល​ពួក​គេ​រស់​នៅ។ អ្នក​ក្រុង​បាប៊ី‌ឡូន​ធ្វើ​រូប​ព្រះ​សិកូត‌បេណូត អ្នក​ក្រុង​គូថា​ធ្វើ​រូប​ព្រះ​នើ‌កាល អ្នក​ក្រុង​ហា‌ម៉ាត់​ធ្វើ​រូប​ព្រះ​អស៊ី‌ម៉ា។ អ្នក​ក្រុង​អាវ៉ា​ធ្វើ​រូប​ព្រះ​នីប-‌ហាស និង​ព្រះ​ថើ‌ថាក អ្នក​ក្រុង​សេផា‌វែម​យក​កូន​ប្រុស​របស់​ខ្លួន ទៅ​ធ្វើ​បូជា‌យញ្ញ ថ្វាយ​ព្រះ​អ័ឌរ៉ា‌ម៉ាឡេក និង​ព្រះ​អណា‌ម៉ាឡេក ជា​ព្រះ​នៃ​ក្រុង​សេផា‌វែម។ ប្រជា‌ជាតិ​ទាំង​នោះ​ក៏​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់​ដែរ ព្រម​ទាំង​តែង‌តាំង​អ្នក​ខ្លះ ក្នុង​ចំណោម​ពួក​គេ ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ក្នុង​នាម​របស់​ពួក​គេ នៅ​តាម​កន្លែង​ទាំង​នោះ។ ពួក​គេ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់​ផង និង​គោរព​ព្រះ​របស់​ពួក​គេ តាម​ទំនៀម‌ទម្លាប់​ជាតិ​ដើម​របស់​ពួក​គេ​ផង។ រហូត​ដល់​សព្វ​ថ្ងៃ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទម្លាប់​ដើម​ដដែល ពួក​គេ​មិន​ប្រាកដ​ជា​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់ មិន​ប្រាកដ​ជា​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​របស់​ខ្លួន ហើយ​ក៏​មិន​ប្រាកដ​ជា​កាន់​តាម​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​កូន​ចៅ​លោក​យ៉ាកុប ដែល​ព្រះអង្គ​ប្រទាន​ឈ្មោះ​ថា​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​ចៅ​លោក​យ៉ាកុប ព្រម​ទាំង​បញ្ជា​ដល់​ពួក​គេ​ថា៖ «មិន​ត្រូវ​គោរព​កោតខ្លាច​ព្រះ​ដទៃ ហើយ​ក៏​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ដែរ។ មិន​ត្រូវ​គោរព​បម្រើ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​ដ៏​ខ្លាំង​ពូកែ។ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់​តែ​មួយ​ប៉ុណ្ណោះ។ រីឯ​បញ្ញត្តិ ច្បាប់ វិន័យ ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​ដែល​ព្រះអង្គ​បាន​ចែង​ទុក​សម្រាប់​អ្នក​រាល់​គ្នា​នោះ ត្រូវ​ប្រតិបត្តិ​តាម​ជា​រៀង​រាល់​ថ្ងៃ ហើយ​មិន​ត្រូវ​គោរព​កោតខ្លាច​ព្រះ​ដទៃ​ឡើយ។ កុំ​បំភ្លេច​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា​ឲ្យ​សោះ ហើយ​មិន​ត្រូវ​គោរព​កោតខ្លាច​ព្រះ​ដទៃ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​ព្រះអង្គ​នឹង​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន»។ ប៉ុន្តែ ពួក​គេ​ពុំ​ស្ដាប់​តាម​ទេ គឺ​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទំនៀម‌ទម្លាប់​ដើម​របស់​ខ្លួន​ដដែល។ ប្រជា‌ជាតិ​ទាំង​នោះ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់​ផង គោរព​បម្រើ​រូប​ព្រះ​របស់​គេ​ផង។ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​ធ្វើ​របៀប​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដូច​ដូនតា​របស់​ខ្លួន​ដែរ។

២ ពង្សាវតារក្សត្រ 17:1-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ឆ្នាំ​ទី​១២ ក្នុង​រាជ្យ​ស្តេច​អ័ហាស ជា​ស្តេច​យូដា នោះ​ហូស៊ា ជា​កូន​អេឡា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​៩​ឆ្នាំ ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​បាន​ដល់​ពួក​ស្តេច​អ៊ីស្រាអែល ដែល​នៅ​មុន​ទ្រង់​នោះ​ទេ សាល‌ម៉ា‌នេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ បាន​ឡើង​មក​ទាស់​នឹង​ហូស៊ា​នេះ ហើយ​ទ្រង់​ក៏​ចុះ​ចូល ព្រម​ទាំង​បង់​សួយ‌អាករ​ថ្វាយ​ផង តែ​ស្តេច​អាសស៊ើរ​ទ្រង់​បាន​ជ្រាប​ថា ហូស៊ា​គិត​ក្បត់​ហើយ ដ្បិត​ហូស៊ា​បាន​ចាត់​សារ​ទៅ​ឯ​សូរ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​លែង​បង់​សួយ‌អាករ​ថ្វាយ​ទ្រង់ ដូច​ជា​រាល់​ឆ្នាំ​ទៀត ហេតុ​នោះ​បាន​ជា​ស្តេច​អាសស៊ើរ ក៏​ចាប់​ចង​ទ្រង់​ឃុំ​ទុក​ក្នុង​គុក រួច​មក​ស្តេច​អាសស៊ើរ​ទ្រង់​យាង​មក​សព្វ​គ្រប់​ក្នុង​ស្រុក ក៏​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី​អស់​៣​ឆ្នាំ នៅ​ឆ្នាំ​ទី​៩ ក្នុង​រាជ្យ​ហូស៊ា នោះ​ស្តេច​អាសស៊ើរ​ក៏​វាយ​យក​ក្រុង​សាម៉ារី​បាន ហើយ​ទ្រង់​ដឹក‌នាំ​ពួក​អ៊ីស្រាអែល​ទៅ​ឯ​ស្រុក​អាសស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា​នៅ​មាត់​ទន្លេ​ហាបោ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ។ ការ​នោះ​កើត​មក ដោយ​ព្រោះ​តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​មក ហើយ​ដោយ​ព្រោះ​គេ​បាន​កោត‌ខ្លាច​ដល់​ព្រះ​ដទៃ ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​ទំនៀម‌ទំលាប់​នៃ​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ នឹង​តាម​ច្បាប់​ដែល​ពួក​ស្តេច​អ៊ីស្រាអែល​បាន​តាំង​ដែរ ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​មិន​ត្រឹម‌ត្រូវ ដោយ​លួច‌លាក់ ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ក៏​ធ្វើ​ទី​ខ្ពស់​សំរាប់​ខ្លួន នៅ​គ្រប់​ទាំង​ទី​ក្រុង ចាប់​តាំង​ពី​ភូមិ​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ទី​ក្រុង​មាន​កំផែង គេ​បាន​ធ្វើ​បង្គោល​សំរាប់​គោរព នឹង​រូប​ព្រះ នៅ​លើ​អស់​ទាំង​ទី​ភ្នំ ហើយ​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ផង ឯ​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នោះ គេ​ក៏​ដុត​កំញាន​ដូច​ជា​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​គេ​ចេញ គេ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ក្រោធ គេ​គោរព​ប្រតិ‌បត្តិ​តាម​រូប​ព្រះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ហាម​ថា ឯង​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​យ៉ាង​នោះ​ឡើយ ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​បន្ទាល់ ដល់​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា ដោយ‌សារ​គ្រប់​ទាំង​ពួក​ហោរា នឹង​អ្នក​មើល‌ឆុត​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ឯង​ទៅ ហើយ​កាន់​តាម​ក្រិត្យ‌ក្រម នឹង​បញ្ញត្ត​អញ​ទាំង​ប៉ុន្មាន តាម​ច្បាប់​ទាំង​អស់​ដែល​អញ​បាន​បង្គាប់​ដល់​ពួក​ឰយុកោ​ឯង ហើយ​ដែល​អញ​បាន​ផ្ញើ​មក​ឯង​រាល់​គ្នា ដោយ‌សារ​ពួក​ហោរា ជា​ពួក​អ្នក​បំរើ​របស់​អញ ប៉ុន្តែគេ​មិន​ព្រម​ស្តាប់​ទេ គឺ​បាន​តាំង​ចិត្ត​រឹង​វិញ ដូច​ជា​ពួក​ឰយុកោ​គេ ដែល​មិន​បាន​ជឿ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​ដែរ គេ​បោះ‌បង់​ចោល​បញ្ញត្ត​របស់​ទ្រង់ នឹង​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​ឰយុកោ​គេ​ចេញ ព្រម​ទាំង​សេចក្ដី​បន្ទាល់ ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​គេ​ផង គេ​ដើរ​តាម​តែ​សេចក្ដី​ជា​អសារ​ឥត​ការ​វិញ ហើយ​ខ្លួន​គេ​ក៏​ត្រឡប់​ជា​អសារ​ឥត​ការ​ដែរ គេ​ប្រព្រឹត្ត​តាម​ពួក​សាសន៍​ដទៃ​នៅ​ជុំវិញ ដែល​ព្រះ‌យេហូវ៉ា​ហាម​ថា កុំ​ឲ្យ​ត្រាប់​តាម​អ្នក​ទាំង​នោះ​ឡើយ គេ​បោះ‌បង់​ចោល​អស់​ទាំង​ក្រិត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​សិត​ធ្វើ​រូប គឺ​ជា​រូប​កូន​គោ​២ ហើយ​ធ្វើ​រូប​ព្រះ ព្រម​ទាំង​ថ្វាយ‌បង្គំ​ដល់​អស់​ទាំង​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌បាល​ផង គេ​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ​ឆ្លង​កាត់​ភ្លើង ហើយ​ប្រើ​របៀន​ផ្សេងៗ នឹង​ការ​មន្ត‌អាគម ព្រម​ទាំង​លក់​ខ្លួន​គេ​ទៅ ឲ្យ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​នាំ​ឲ្យ​ទ្រង់​មាន​សេចក្ដី​ក្រោធ ដោយ​ហេតុ​នោះ បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ចំពោះ​ពួក​អ៊ីស្រាអែល ក៏​រើ​គេ​ចេញ​ពីចំពោះ​ព្រះ‌នេត្រ​ទ្រង់​ទៅ សល់​នៅ​តែ​ពូជ​អំបូរ​យូដា​តែ​១​ប៉ុណ្ណោះ។ ឯ​ពួក​យូដា គេ​ក៏​មិន​បាន​កាន់​តាម​ក្រិត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​ដែរ គឺ​គេ​ដើរ​តាម​តែទំនៀម ដែល​ពួក​អ៊ីស្រាអែល​ធ្លាប់​ប្រព្រឹត្ត​មក​វិញ ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​បោះ‌បង់​ចោល​ពូជ​អ៊ីស្រាអែល​ទាំង​អស់ ក៏​ធ្វើ​ទុក្ខ​គេ ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​អ្នក​ដែល​បំផ្លាញ​គេ ដរាប​ដល់​ទ្រង់​បាន​បោះ​គេ​ចោល ពី​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់​ចេញ ទ្រង់​បាន​ហែក​ពួក​អ៊ីស្រាអែល​ផ្តាច់​ចេញ​ពី​ជំនួរ​វង្ស​ដាវីឌ ក៏​លើក​យេរ៉ូ‌បោម ជា​កូន​នេបាត តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​វិញ ឯ​យេរ៉ូ‌បោម ក៏​បាន​ញាក់​ទាញ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បណ្តាល​ឲ្យ​គេ​ធ្វើ​បាប​ជា​ទំងន់ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​បាន​ដើរ​តាម​អស់​ទាំង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ប្រព្រឹត្ត​ទាំង​នោះ គេ​មិន​បាន​វៀរ​បង់​លែង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​ឡើយ ដរាប​ដល់​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តេញ​គេ​ពី​ចំពោះ​ព្រះ‌ភ័ក្ត្រ​ទ្រង់​ចេញ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ដោយ‌សារ​អស់​ទាំង​ហោរា ជា​អ្នក​បំរើ​ទ្រង់ ដូច្នេះ អ៊ីស្រាអែល​ក៏​ត្រូវ​គេ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​នៅ​ឯ​ស្រុក​អាសស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ រួច​មក​ស្តេច​អាសស៊ើរ ទ្រង់​នាំ​យក​មនុស្ស​ពី​ក្រុង​បាប៊ីឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត នឹង​ក្រុង​សេផា‌វែម ទៅ​ដាក់​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី ជំនួស​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ អ្នក​ទាំង​នោះ​បាន​ស្រុក​សាម៉ារី​ជា​របស់​ផង​គេ ហើយ​ក៏​អាស្រ័យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​នោះ កាល​គេ​ចាប់​តាំង​នៅ​ក្នុង​ស្រុក គេ​មិន​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះព្រះ‌យេហូវ៉ា​ទ្រង់​ប្រើ​សត្វ​សិង្ហ ឲ្យ​ទៅ​នៅ​កណ្តាល​គេ សិង្ហ​ទាំង​នោះ​បាន​សំឡាប់​អ្នក​ខ្លះ​បង់ ដូច្នេះ គេ​ទូល​ដល់​ស្តេច​អាសស៊ើរ​ថា ពួក​សាសន៍​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​ទៅ ទុក​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី គេ​មិន​ស្គាល់​ច្បាប់​នៃ​ព្រះ​របស់​ស្រុក​នោះ​ទេ បាន​ជា​ព្រះ​ទ្រង់​ឲ្យ​សត្វ​សិង្ហ ទៅ​នៅ​កណ្តាល​គេ ហើយ​មើល សត្វ​ទាំង​នោះ​កំពុង​តែ​សំឡាប់​គេ​ទៅ ដោយ​ព្រោះ​គេ​មិន​ស្គាល់​ច្បាប់ នៃ​ព្រះ​របស់​ស្រុក​នោះ។ នោះ​ស្តេច​អាសស៊ើរ​ទ្រង់​បង្គាប់​ថា ចូរ​នាំ​យក​ពួក​សង្ឃ​ម្នាក់ ដែល​បាន​ដឹក‌នាំ​ចេញ​មក​ពី​ស្រុក​នោះ ឲ្យ​ទៅ​នៅ​ឯ​ណោះ​វិញ​ចុះ ដើម្បី​នឹង​បង្រៀន​គេ​ពី​ច្បាប់​នៃ​ព្រះ​របស់​ស្រុក​នោះ ដូច្នេះ ពួក​សង្ឃ​ម្នាក់​ដែល​គេ​បាន​ដឹក‌នាំ​ចេញ​ពី​ស្រុក​សាម៉ារី​មក ក៏​វិល​ទៅ​នៅ​ឯ​ក្រុង​បេត-អែល​បង្ហាត់​បង្រៀន​គេ ពី​បែប​ដែល​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ប៉ុន្តែគ្រប់​ទាំង​សាសន៍​នោះ​បាន​ធ្វើ​ព្រះ​សំរាប់​គេ​រៀង​ខ្លួន ដាក់​ទុក​នៅ​ក្នុង​អស់​ទាំង​វិហារ​នៅ​ទី​ខ្ពស់ ដែល​ពួក​សាម៉ារី​បាន​ធ្វើ គឺ​គ្រប់​ទាំង​សាសន៍​នោះ តាម​ទី​ក្រុង​ដែល​គេ​អាស្រ័យ​នៅ ពួក​ដែល​មក​ពី​ក្រុង​បាប៊ីឡូន គេ​ធ្វើ​ព្រះ​សិកូត-បេណូត ពួក​ក្រុង​គូ​ថា គេ​ធ្វើ​ព្រះ​នើកាល ពួក​ក្រុង​ហាម៉ាត គេ​ធ្វើ​ព្រះ​អ័ស៊ីម៉ា ពួក​ក្រុង​អាវ៉ា គេ​ធ្វើ​ព្រះ​នីបហាស នឹង​ព្រះ​ថើថាក ហើយ​ពួក​សេផា‌វែម គេ​ដុត​កូន​របស់​គេ​ក្នុង​ភ្លើង ថ្វាយ​ព្រះ​អ័ឌរ៉ា‌ម៉ា‌លេក នឹង​ព្រះ​អ័ណា‌ម៉ា‌លេក ជា​ព្រះ​របស់​ពួក​សេផា‌វែម​នោះ យ៉ាង​នោះ គេ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តាំង​ពួក​គេ​ខ្លះ​ឡើង ឲ្យ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់ សំរាប់​ខ្លួន​គេ​ផង ពួក​សង្ឃ​នោះ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ នៅ​ក្នុង​អស់​ទាំង​វិហារ​នៃ​ទី​ខ្ពស់​ទាំង​នោះ គេ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ផង ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​របស់​ខ្លួន​ផង តាម​ទំលាប់​របស់​សាសន៍​ទាំង​ប៉ុន្មាន នៅ​ស្រុក​កំណើត​គេ​រៀង​ខ្លួន គេ​នៅ​តែ​ប្រព្រឹត្ត​តាម​បែប​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គេ​មិន​មែន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ពិត​ទេ ហើយ​មិន​មែន​ប្រព្រឹត្ត​តាម​បញ្ញត្តតាម​វិន័យ​របស់​ខ្លួន​គេ​ដែរ ឬ​តាម​ច្បាប់ នឹង​ក្រិត្យ‌ក្រម ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ដល់​ពួក​កូន​ចៅ​យ៉ាកុប ជា​អ្នក​ដែល​ទ្រង់​ឲ្យ​ឈ្មោះ​ថា អ៊ីស្រាអែល នោះ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​កូន​ចៅ​យ៉ាកុប​នោះ ហើយ​ហាម​ថា ឯង​រាល់​គ្នា​មិន​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ​ដទៃ​ឡើយ ក៏​មិន​ត្រូវ​ក្រាប​គោរព​ដល់​ព្រះ​ទាំង​នោះ ឬ​ប្រតិ‌បត្តិ​តាម ឬ​ថ្វាយ​យញ្ញ‌បូជា​ដល់​វា​ដែរ គឺ​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​តែ​១​ប៉ុណ្ណោះ ដែល​ទ្រង់​បាន​នាំ​ឯង​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ នឹង​ព្រះ‌ហស្ត​លើក​សំរេច ហើយ​ត្រូវ​ក្រាប​គោរព​ដល់​ទ្រង់ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​របស់​ឯង​ដល់​ទ្រង់​តែ​១​ព្រះ‌អង្គ​ប៉ុណ្ណោះ ឯ​អស់​ទាំង​បញ្ញត្ត នឹង​វិន័យ ហើយ​ច្បាប់ នឹង​ក្រិត្យ‌ក្រម​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​កត់​ទុក​ឲ្យ​ឯង​រាល់​គ្នា នោះ​ត្រូវ​រក្សា​ទុក ហើយ​ប្រព្រឹត្ត​តាម​ជា​ដរាប​ត​ទៅ ឥត​កោត‌ខ្លាច​ដល់​ព្រះ​ដទៃ​ឡើយ ក៏​មិន​ត្រូវ​ភ្លេច​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ឯង​រាល់​គ្នា​ដែរ គឺ​មិន​ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​ដទៃ​ណា​ឲ្យ​សោះ ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ នោះ​ទ្រង់​នឹង​ជួយ​ឲ្យ​ឯង​រាល់​គ្នា​រួច​ពី​កណ្តាប់​ដៃ នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់ ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ប្រព្រឹត្ត​តាម​តែ​បែប​ដើម​នោះ​វិញ យ៉ាង​នោះ​ហើយ​ដែល​សាសន៍​ទាំង​នោះ​បាន​កោត‌ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ផង ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ឆ្លាក់​របស់​ខ្លួន​គេ​ផង ឯ​កូន​ចៅ​របស់​គេ នោះ​ក៏​ប្រព្រឹត្ត​ដូច​ជា​ឪពុក​រៀង​ត​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។