២ ពង្សាវតារក្សត្រ 15:1-7
២ ពង្សាវតារក្សត្រ 15:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីម្ភៃប្រាំពីរ ក្នុងរាជ្យយេរ៉ូបោម ស្តេចអ៊ីស្រាអែល នោះអ័សារា ជាបុត្រព្រះបាទអ័ម៉ាស៊ីយ៉ា ស្តេចយូដា ក៏ឡើងសោយរាជ្យ។ ទ្រង់ឡើងសោយរាជ្យនៅព្រះជន្មដប់ប្រាំមួយឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានហាសិបពីរឆ្នាំ មាតារបស់ព្រះអង្គព្រះនាមថាយេកូលា ជាអ្នកក្រុងយេរូសាឡិម។ ទ្រង់បានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលព្រះបាទអ័ម៉ាស៊ីយ៉ាជាបិតារបស់ទ្រង់បានធ្វើដែរ។ ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលទេ ប្រជាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ។ ព្រះយេហូវ៉ាបានធ្វើឲ្យស្តេចកើតរោគឃ្លង់ ដរាបដល់អស់ព្រះជន្ម ហើយទ្រង់ត្រូវគង់នៅដំណាក់មួយដោយខ្លួន ឯយ៉ូថាមជាបុត្រា ក៏ត្រួតត្រាការទាំងអស់ក្នុងព្រះរាជវាំង ព្រមទាំងគ្រប់គ្រងលើបណ្ដាជននៅស្រុកនោះ។ កិច្ចការផ្សេងទៀតដែលអ័សារាធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតារនៃពួកស្តេចយូដាហើយ។ អ័សារាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ព្រះអង្គ ហើយគេបញ្ចុះសពនៅក្រុងដាវីឌជាមួយបុព្វបុរសរបស់ទ្រង់ រួចយ៉ូថាមជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
២ ពង្សាវតារក្សត្រ 15:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអសារា ជាបុត្ររបស់ព្រះបាទអម៉ាស៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកយូដា ក្នុងព្រះជន្មាយុដប់ប្រាំមួយវស្សា ទ្រង់សោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអម៉ាស៊ីយ៉ា ជាបិតាដែរ។ ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ ព្រះអម្ចាស់បានធ្វើឲ្យព្រះបាទអសារាកើតឃ្លង់ រហូតដល់ថ្ងៃដែលស្ដេចអស់ព្រះជន្ម។ ស្ដេចត្រូវគង់ក្នុងដំណាក់មួយដាច់ឡែកពីគេ។ សម្ដេចយ៉ូថាម ជាបុត្រ មានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និងទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអសារា និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ ព្រះបាទអសារាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទយ៉ូថាម ជាបុត្រ ឡើងស្នងរាជ្យ។
២ ពង្សាវតារក្សត្រ 15:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅឆ្នាំទី២៧ ក្នុងរាជ្យយេរ៉ូបោម ស្តេចអ៊ីស្រាអែល នោះអ័សារា ជាបុត្រអ័ម៉ាស៊ីយ៉ា ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៦ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៥២ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាយេកូលា ជាអ្នកក្រុងយេរូសាឡិម ទ្រង់បានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលអ័ម៉ាស៊ីយ៉ា ជាបិតាទ្រង់ បានធ្វើដែរ ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្តាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ ព្រះយេហូវ៉ាទ្រង់បានធ្វើ ឲ្យស្តេចកើតរោគឃ្លង់ ដរាបដល់អស់ព្រះជន្ម ហើយទ្រង់ត្រូវគង់នៅដំណាក់១ដោយខ្លួន ឯយ៉ូថាម ជាព្រះរាជបុត្រា ក៏ត្រួតត្រាការទាំងអស់ក្នុងព្រះរាជវាំង ព្រមទាំងគ្រប់គ្រងលើបណ្តាជននៅស្រុកនោះផង រីឯដំណើរឯទៀតពីអ័សារា នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចយូដាហើយ អ័សារាក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះទ្រង់នៅក្រុងដាវីឌ ជាមួយនឹងពួកឰយុកោទ្រង់ រួចយ៉ូថាមជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។