២ ពង្សាវតារក្សត្រ 14:23-29
២ ពង្សាវតារក្សត្រ 14:23-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីដប់ប្រាំក្នុងរាជ្យព្រះបាទអ័ម៉ាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូអាសស្តេចស្រុកយូដា ព្រះបាទយេរ៉ូបោម ជាបុត្រាព្រះបាទយ៉ូអាស ស្តេចស្រុកអ៊ីស្រាអែលក៏ឡើងសោយរាជ្យនៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានសែសិបមួយឆ្នាំ។ ទ្រង់បានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់នៅតែប្រព្រឹត្តតាមអស់ទាំងអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាម។ ទ្រង់បានតាំងព្រំប្រទល់អ៊ីស្រាអែលឡើងវិញ ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់សមុទ្រនៅស្រុកវាល តាមព្រះបន្ទូលដែលព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានមានព្រះបន្ទូល ដោយសារហោរាយ៉ូណាសជាកូនអ័មីថាយ ជាអ្នកបម្រើរបស់ព្រះអង្គ ដែលនៅកាថ-ហេភើរ។ ដ្បិតព្រះយេហូវ៉ាទតឃើញសេចក្ដីវេទនារបស់ពួកអ៊ីស្រាអែលថាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណាសម្រាប់ជួយសង្គ្រោះពួកសាសន៍អ៊ីស្រាអែលដែរ។ ឯព្រះយេហូវ៉ាមិនបានថា ទ្រង់នឹងលុបឈ្មោះពួកអ៊ីស្រាអែលចេញពីក្រោមមេឃនោះទេ បានជាទ្រង់ជួយសង្គ្រោះគេ ដោយសារព្រះហស្តយេរ៉ូបោម ជាបុត្រព្រះបាទយ៉ូអាសវិញ។ កិច្ចការផ្សេងទៀតដែលយេរ៉ូបោមបានធ្វើ ពីអំណាចដែលទ្រង់បានច្បាំង ព្រមទាំងការដែលចាប់យកក្រុងដាម៉ាស និងក្រុងហាម៉ាតជាទីក្រុងរបស់ពួកយូដា មកខាងពួកអ៊ីស្រាអែលវិញជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែល។ យេរ៉ូបោមក៏ផ្ទំលក់ទៅជាមួយពួកបុព្វបុរស គឺជាពួកស្តេចអ៊ីស្រាអែលទាំងប៉ុន្មាន រួចសាការី ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
២ ពង្សាវតារក្សត្រ 14:23-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកយូដា ព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ឡើងសោយរាជ្យ នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានសែសិបមួយឆ្នាំ។ ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។ ព្រះបាទយេរ៉ូបោមបានកំណត់ព្រំប្រទល់ទឹកដីរបស់អ៊ីស្រាអែលឡើងវិញ ចាប់តាំងពីច្រកចូលហាម៉ាត់ រហូតដល់សមុទ្រអារ៉ាបា ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ថ្លែងតាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្យាការីយ៉ូណាស ជាកូនរបស់លោកអមីថាយ ជាអ្នកស្រុកកាថ-ហេភើរ។ ព្រះអម្ចាស់ទតឃើញអ៊ីស្រាអែលរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរ គឺទាំងអ្នកជា ទាំងអ្នកងារ ហើយគ្មាននរណាម្នាក់សង្គ្រោះពួកគេឡើយ។ ព្រះអម្ចាស់ពុំសព្វព្រះហឫទ័យលុបឈ្មោះអ៊ីស្រាអែលឲ្យបាត់ពីផែនដីទេ។ ដូច្នេះ ព្រះអង្គសង្គ្រោះប្រជាជននេះ តាមរយៈព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស។ រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយេរ៉ូបោម និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចក្នុងការធ្វើសឹកសង្គ្រាម ការវាយដណ្ដើមយកក្រុងដាម៉ាស និងក្រុងហាម៉ាត់ពីកណ្ដាប់ដៃរបស់ជនជាតិយូដា មកដាក់ក្រោមការគ្រប់គ្រងរបស់ស្រុកអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះបាទយេរ៉ូបោមសោយទិវង្គត ហើយគេបញ្ចុះសពនៅក្នុងផ្នូររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះបាទសាការី ជាបុត្រ ឡើងស្នងរាជ្យ។
២ ពង្សាវតារក្សត្រ 14:23-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅឆ្នាំទី១៥ក្នុងរាជ្យអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាសស្តេចយូដា នោះយេរ៉ូបោម ជាបុត្រាយ៉ូអាស ស្តេចអ៊ីស្រាអែល ក៏ចាប់តាំងសោយរាជ្យឡើង នៅក្រុងសាម៉ារី ក៏សោយរាជ្យបាន៤១ឆ្នាំ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានលាកបង់លែងប្រព្រឹត្តតាមអស់ទាំងអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ តែទ្រង់បានតាំងព្រំស្រុកអ៊ីស្រាអែលឡើងវិញ ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់សមុទ្រនៅស្រុកវាល តាមព្រះបន្ទូលដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានមានបន្ទូលដោយសារហោរាយ៉ូណាស ជាកូនអ័មីថាយ ជាអ្នកបំរើទ្រង់ ដែលនៅកាថ-ហេភើរ ដ្បិតព្រះយេហូវ៉ាទ្រង់ទតឃើញសេចក្ដីវេទនា របស់ពួកអ៊ីស្រាអែល ថាជាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណា សំរាប់ជួយសង្គ្រោះ ដល់ពួកសាសន៍អ៊ីស្រាអែលដែរ ឯព្រះយេហូវ៉ាទ្រង់មិនបានថា ទ្រង់នឹងលុបឈ្មោះពួកអ៊ីស្រាអែលចេញ ពីក្រោមមេឃនោះទេ បានជាទ្រង់ជួយសង្គ្រោះគេ ដោយសារព្រះហស្តយេរ៉ូបោម ជាបុត្រយ៉ូអាសវិញ។ រីឯដំណើរឯទៀតពីយេរ៉ូបោម នឹងការដែលទ្រង់ធ្វើទាំងប៉ុន្មាន ហើយពីអំណាចទ្រង់ ដែលទ្រង់បានច្បាំង ព្រមទាំងការដែលចាប់យកក្រុងដាម៉ាស នឹងក្រុងហាម៉ាត ជាទីក្រុងនៃពួកយូដា មកខាងពួកអ៊ីស្រាអែលវិញជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ យេរ៉ូបោមក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោ គឺជាពួកស្តេចអ៊ីស្រាអែលទាំងប៉ុន្មានទៅ រួចសាការី ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។