២ ពង្សាវតារក្សត្រ 14:1-29
២ ពង្សាវតារក្សត្រ 14:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីពីរ ក្នុងរាជ្យនៃព្រះបាទយ៉ូអាស ជាបុត្រយ៉ូអាហាស ស្តេចអ៊ីស្រាអែល នោះព្រះបាទអ័ម៉ាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូអាស ស្តេចយូដា ក៏ឡើងសោយរាជ្យ ពេលទ្រង់បានឡើងសោយរាជ្យ នោះទ្រង់មានព្រះជន្មម្ភៃប្រាំឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានម្ភៃប្រាំបួនឆ្នាំ មាតារបស់ទ្រង់ព្រះនាមជា យ៉ូអាដាន ជាអ្នកក្រុងយេរូសាឡិម។ ទ្រង់បានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនដល់ដាវីឌជាបុព្វបុរសរបស់ទ្រង់ទេ ទ្រង់បានប្រព្រឹត្តតាមគ្រប់ទាំងការដែលព្រះបាទយ៉ូអាសជាបិតាបានធ្វើ ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្ដាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ។ កាលរាជ្យបានជាប់នៅក្នុងអំណាចទ្រង់ហើយ ទ្រង់ក៏សម្លាប់ពួកបម្រើដែលបានធ្វើគុតស្តេច ជាបិតារបស់ទ្រង់ទៅ តែឯកូនចៅនៃពួកអ្នកដែលធ្វើគុតស្តេចនោះ ទ្រង់មិនបានសម្លាប់គេទេ តាមសេចក្ដីដែលចែងទុកមកក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកថា «ឪពុកមិនត្រូវទោសដល់ស្លាប់ដោយព្រោះកូន ហើយកូនក៏មិនត្រូវទោសដល់ស្លាប់ដោយព្រោះឪពុកដែរ គឺគ្រប់មនុស្សត្រូវស្លាប់ ដោយព្រោះតែអំពើបាបរៀងខ្លួនវិញ»។ ទ្រង់ក៏ប្រហារពួកសាសន៍អេដុមអស់មួយម៉ឺននាក់ នៅត្រង់ច្រកភ្នំអំបិល ក៏ច្បាំងចាប់យកក្រុងសេឡា រួចដាក់ឈ្មោះទីក្រុងនោះថា យ៉ុកធាល ដរាបដល់សព្វថ្ងៃនេះ។ ក្រោយនោះមក ព្រះបាទអ័ម៉ាស៊ីយ៉ាចាត់សារទៅឯព្រះបាទយ៉ូអាស ជាបុត្រយ៉ូអាហាស ដែលជាបុត្រព្រះបាទយេហ៊ូវ ស្តេចអ៊ីស្រាអែលទូលថា៖ «ចូរចេញមក យើងល្បងលគ្នាមើល»។ ប៉ុន្តែ ព្រះបាទយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់ចាត់សារឲ្យទៅឯព្រះបាទអ័ម៉ាស៊ីយ៉ាជាស្តេចយូដាវិញ ទូលថា៖ «ដើមបន្លាដែលដុះនៅលើភ្នំល្បាណូនបានចាត់សារទៅឯដើមតាត្រៅនៅលើភ្នំល្បាណូនថា "ចូរលើកកូនស្រីឯងមកឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសយើង" ក៏មានសត្វព្រៃសាហាវ ដែលនៅភ្នំល្បាណូនមកតាមនោះ ជាន់ឈ្លីដើមបន្លានោះទៅ ឯទ្រង់បានវាយឈ្នះពួកសាសន៍អេដុមពិតមែនហើយ ព្រះហឫទ័យទ្រង់បានតម្កើងទ្រង់ឡើង ចូរអួតពីដំណើរនោះចុះ ហើយនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿងដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី?»។ ប៉ុន្តែ ព្រះបាទអ័ម៉ាស៊ីយ៉ា ទ្រង់មិនព្រមស្តាប់តាមទេ ដូច្នេះ ព្រះបាទយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់ក៏យាងឡើងទៅ រួចទ្រង់ និងព្រះបាទអ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ក៏ល្បងលគ្នានៅត្រង់ក្រុងបេត-សេមែស ជាទីក្រុងរបស់ពួកយូដា។ ពួកយូដាក៏ចាញ់ពួកអ៊ីស្រាអែល ហើយរត់ទៅឯទីលំនៅគេរៀងខ្លួនវិញ។ ឯព្រះបាទយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់ចាប់អ័ម៉ាស៊ីយ៉ា ស្តេចយូដា ជាបុត្រព្រះបាទយ៉ូអាស ដែលជាបុត្រព្រះបាទអ័ហាស៊ីយ៉ា នៅត្រង់បេត-សេមែស រួចទ្រង់យាងទៅដល់ក្រុងយេរូសាឡិម រំលំកំផែងទីក្រុង ចាប់តាំងពីទ្វារអេប្រាអិម រហូតដល់ទ្វារជ្រុងកំផែង អស់បួនរយហត្ថ។ ទ្រង់ក៏យកមាសប្រាក់ទាំងអស់ និងគ្រប់គ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលមាននៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយនៅក្នុងព្រះរាជទ្រព្យទាំងប៉ុន្មាន ព្រមទាំងចាប់មនុស្សបញ្ចាំទុក រួចនាំទាំងអស់ត្រឡប់ទៅឯក្រុងសាម៉ារីវិញ។ ឯកិច្ចការផ្សេងទៀតដែលព្រះបាទយ៉ូអាសបានធ្វើ ពីអំណាចរបស់ទ្រង់ និងការច្បាំងជាមួយព្រះបាទអ័ម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាយ៉ាងណា នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។ ព្រះបាទយ៉ូអាសក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្រុងសាម៉ារី ជាមួយពួកស្តេចអ៊ីស្រាអែល រួចយេរ៉ូបោមជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ ក្រោយដែលព្រះបាទយ៉ូអាស ជាបុត្រយ៉ូអាហាស ស្តេចអ៊ីស្រាអែលសុគតទៅ នោះព្រះបាទអ័ម៉ាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូអាស ស្តេចយូដា ទ្រង់មានព្រះជន្មរស់នៅបានដប់ប្រាំឆ្នាំទៀត។ ឯកិច្ចការផ្សេងទៀតដែលព្រះបាទអ័ម៉ាស៊ីយ៉ាធ្វើ បានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដាហើយ។ មានគេគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ហើយទ្រង់រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅឯក្រុងឡាគីសតាមទ្រង់ ក៏ធ្វើគុតនៅទីនោះ។ គេដាក់សពទ្រង់លើសេះ យកទៅបញ្ចុះនៅក្រុងដាវីឌជាមួយបុព្វបុរសរបស់ព្រះអង្គវិញ គឺនៅក្រុងយេរូសាឡិម។ ប្រជាជនទាំងឡាយ គេក៏លើកអ័សារា ដែលមានព្រះជន្មដប់ប្រាំមួយ តាំងឡើង ឲ្យធ្វើជាស្តេច ជំនួសព្រះបាទអ័ម៉ាស៊ីយ៉ាជាបិតា។ គឺព្រះបាទអ័សារា នេះហើយ ដែលសង់ក្រុងអេឡាតឡើង ហើយបានបង្វិលមកខាងយូដាវិញ ក្រោយពីព្រះបាទអ័ម៉ាស៊ីយ៉ា បានផ្ទំលក់ជាមួយបុព្វបុរសរបស់ទ្រង់។ នៅឆ្នាំទីដប់ប្រាំក្នុងរាជ្យព្រះបាទអ័ម៉ាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូអាសស្តេចស្រុកយូដា ព្រះបាទយេរ៉ូបោម ជាបុត្រាព្រះបាទយ៉ូអាស ស្តេចស្រុកអ៊ីស្រាអែលក៏ឡើងសោយរាជ្យនៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានសែសិបមួយឆ្នាំ។ ទ្រង់បានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់នៅតែប្រព្រឹត្តតាមអស់ទាំងអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាម។ ទ្រង់បានតាំងព្រំប្រទល់អ៊ីស្រាអែលឡើងវិញ ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់សមុទ្រនៅស្រុកវាល តាមព្រះបន្ទូលដែលព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានមានព្រះបន្ទូល ដោយសារហោរាយ៉ូណាសជាកូនអ័មីថាយ ជាអ្នកបម្រើរបស់ព្រះអង្គ ដែលនៅកាថ-ហេភើរ។ ដ្បិតព្រះយេហូវ៉ាទតឃើញសេចក្ដីវេទនារបស់ពួកអ៊ីស្រាអែលថាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណាសម្រាប់ជួយសង្គ្រោះពួកសាសន៍អ៊ីស្រាអែលដែរ។ ឯព្រះយេហូវ៉ាមិនបានថា ទ្រង់នឹងលុបឈ្មោះពួកអ៊ីស្រាអែលចេញពីក្រោមមេឃនោះទេ បានជាទ្រង់ជួយសង្គ្រោះគេ ដោយសារព្រះហស្តយេរ៉ូបោម ជាបុត្រព្រះបាទយ៉ូអាសវិញ។ កិច្ចការផ្សេងទៀតដែលយេរ៉ូបោមបានធ្វើ ពីអំណាចដែលទ្រង់បានច្បាំង ព្រមទាំងការដែលចាប់យកក្រុងដាម៉ាស និងក្រុងហាម៉ាតជាទីក្រុងរបស់ពួកយូដា មកខាងពួកអ៊ីស្រាអែលវិញជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែល។ យេរ៉ូបោមក៏ផ្ទំលក់ទៅជាមួយពួកបុព្វបុរស គឺជាពួកស្តេចអ៊ីស្រាអែលទាំងប៉ុន្មាន រួចសាការី ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
២ ពង្សាវតារក្សត្រ 14:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ឡើងសោយរាជ្យលើស្រុកយូដា។ ពេលឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតាមាននាមថា យ៉ូអាដាន ជាអ្នកក្រុងយេរូសាឡឹម។ ស្ដេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ តែពុំបានដូចព្រះបាទដាវីឌ ជាអយ្យកោឡើយ ស្ដេចបានប្រព្រឹត្តអំពើគ្រប់យ៉ាង ដូចព្រះបាទយ៉ូអាសជាបិតាដែរ។ ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ទ្រង់ប្រហារជីវិតពួកមេទ័ពដែលបានធ្វើគុតព្រះបាទយ៉ូអាស ជាបិតា។ ប៉ុន្តែ ទ្រង់ពុំបានប្រហារជីវិតកូនចៅរបស់ពួកឃាតករទេ ដោយគោរពតាមព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ គឺព្រះអម្ចាស់បានបង្គាប់ថា «មិនត្រូវប្រហារជីវិតឪពុក ព្រោះតែទោសរបស់កូន ហើយក៏មិនត្រូវប្រហារជីវិតកូន ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត»។ ព្រះបាទអម៉ាស៊ីយ៉ាបានប្រហារកងទ័ពអេដុមមួយម៉ឺននាក់នៅជ្រលងភ្នំអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្ដេចដណ្ដើមយកបានក្រុងសេឡា ដែលស្ដេចដាក់ឈ្មោះថាក្រុងយុគធាល គឺឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។ គ្រានោះ ព្រះបាទអម៉ាស៊ីយ៉ាចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស និងជាចៅរបស់ព្រះបាទយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នា»។ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ចាត់មនុស្សឲ្យមកទូលព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដាវិញថា៖ «គ្រាមួយនោះ គុម្ពបន្លាដែលដុះនៅភ្នំលីបង់ ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា “ចូរលើកកូនស្រីរបស់អ្នក ឲ្យមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង”។ ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លាខ្ទេចខ្ទីអស់។ ព្រះករុណាវាយឈ្នះជនជាតិអេដុមមែន ហេតុនេះហើយបានជាព្រះករុណាមានមោទនភាព។ ចូរអបអរសាទរនឹងជ័យជម្នះ រួចគង់ក្នុងដំណាក់ទៅ! ហេតុអ្វីបានជាព្រះករុណាចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ព្រះករុណា និងប្រជាជនយូដាមុខជាបរាជ័យមិនខាន»។ ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាពុំព្រមស្ដាប់តាមសេចក្ដីព្រមាននេះទេ។ ពេលនោះ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ក៏ឡើងមកប្រយុទ្ធតទល់នឹងព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា នៅក្រុងបេតសេមែស ជាក្រុងរបស់យូដា។ កងទ័ពអ៊ីស្រាអែលវាយឈ្នះកងទ័ពយូដា ហើយពលទាហានយូដាបាក់ទ័ព រត់មកកាន់ទីលំនៅរៀងៗខ្លួនវិញ។ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ចាប់ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស និងជាចៅរបស់ព្រះបាទអហាស៊ីយ៉ា ធ្វើជាឈ្លើយ នៅបេតសេមែស។ បន្ទាប់មក ព្រះបាទយ៉ូអាសយាងទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុង ចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅជ្រុងកំពែង ដែលមានប្រវែងបួនរយហត្ថ។ ស្ដេចប្រមូលយកមាសប្រាក់ និងវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងព្រះរាជទ្រព្យ ព្រមទាំងនាំចំណាប់ខ្មាំងវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។ រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្ដេច និងសង្គ្រាមជាមួយព្រះបាទអម៉ាស៊ីយ៉ា ស្ដេចស្រុកយូដា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ កាលព្រះបាទយ៉ូអាសសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរ នៃរាជវង្សរបស់ស្ដេចស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយព្រះបាទយេរ៉ូបោម ជាបុត្រ ក៏ឡើងស្នងរាជ្យ។ ក្រោយពីព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស ស្ដេចស្រុកអ៊ីស្រាអែល សោយទិវង្គត ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកយូដា មានព្រះជន្មគង់នៅបានដប់ប្រាំវស្សាទៀត។ រាជកិច្ចផ្សេងៗរបស់ព្រះបាទអម៉ាស៊ីយ៉ាសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់ព្រះបាទអម៉ាស៊ីយ៉ា ដូច្នេះ ស្ដេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សឲ្យដេញតាមព្រះរាជា រហូតដល់ក្រុងឡាគីសទៀត ហើយធ្វើគុតស្ដេចនៅទីនោះ។ គេយកសពរបស់ព្រះបាទអម៉ាស៊ីយ៉ាដាក់លើខ្នងសេះ នាំមកបញ្ចុះនៅក្រុងយេរូសាឡឹម ក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ។ ប្រជាជននៅស្រុកយូដាទាំងមូលនាំគ្នាលើកព្រះបាទអសារា ដែលមានព្រះជន្មដប់ប្រាំមួយវស្សា ឲ្យឡើងគ្រងរាជ្យតពីព្រះបាទអម៉ាស៊ីយ៉ា ជាបិតា។ ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអសារាសង់ក្រុងអេឡាតឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។ នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកយូដា ព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ឡើងសោយរាជ្យ នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានសែសិបមួយឆ្នាំ។ ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។ ព្រះបាទយេរ៉ូបោមបានកំណត់ព្រំប្រទល់ទឹកដីរបស់អ៊ីស្រាអែលឡើងវិញ ចាប់តាំងពីច្រកចូលហាម៉ាត់ រហូតដល់សមុទ្រអារ៉ាបា ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ថ្លែងតាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្យាការីយ៉ូណាស ជាកូនរបស់លោកអមីថាយ ជាអ្នកស្រុកកាថ-ហេភើរ។ ព្រះអម្ចាស់ទតឃើញអ៊ីស្រាអែលរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរ គឺទាំងអ្នកជា ទាំងអ្នកងារ ហើយគ្មាននរណាម្នាក់សង្គ្រោះពួកគេឡើយ។ ព្រះអម្ចាស់ពុំសព្វព្រះហឫទ័យលុបឈ្មោះអ៊ីស្រាអែលឲ្យបាត់ពីផែនដីទេ។ ដូច្នេះ ព្រះអង្គសង្គ្រោះប្រជាជននេះ តាមរយៈព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស។ រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយេរ៉ូបោម និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចក្នុងការធ្វើសឹកសង្គ្រាម ការវាយដណ្ដើមយកក្រុងដាម៉ាស និងក្រុងហាម៉ាត់ពីកណ្ដាប់ដៃរបស់ជនជាតិយូដា មកដាក់ក្រោមការគ្រប់គ្រងរបស់ស្រុកអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះបាទយេរ៉ូបោមសោយទិវង្គត ហើយគេបញ្ចុះសពនៅក្នុងផ្នូររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះបាទសាការី ជាបុត្រ ឡើងស្នងរាជ្យ។
២ ពង្សាវតារក្សត្រ 14:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅឆ្នាំទី២ ក្នុងរាជ្យនៃយ៉ូអាស ជាបុត្រយ៉ូអាហាស ស្តេចអ៊ីស្រាអែល នោះអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាស ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង កាលទ្រង់បានចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យ៉ូអាដាន ជាអ្នកក្រុងយេរូសាឡិម ទ្រង់បានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនដល់ដាវីឌជាឰយុកោទ្រង់ទេ ទ្រង់បានប្រព្រឹត្តតាមគ្រប់ទាំងការ ដែលយ៉ូអាស ជាព្រះបិតាបានធ្វើ ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្តាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ កាលរាជ្យបានជាប់នៅក្នុងអំណាចទ្រង់ហើយ នោះទ្រង់ក៏សំឡាប់ពួកបំរើ ដែលបានធ្វើគុតស្តេច ជាព្រះបិតាទ្រង់ទៅ តែឯកូនចៅនៃពួកអ្នក ដែលធ្វើគុតស្តេចនោះ ទ្រង់មិនបានសំឡាប់គេទេ តាមសេចក្ដីដែលចែងទុកមក ក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកថា «ឪពុកមិនត្រូវទោសដល់ស្លាប់ ដោយព្រោះកូន ហើយកូនក៏មិនត្រូវទោសដល់ស្លាប់ ដោយព្រោះឪពុកដែរ គឺគ្រប់មនុស្សត្រូវស្លាប់ ដោយព្រោះតែអំពើបាបរៀងខ្លួនវិញ»។ ទ្រង់ក៏ប្រហារពួកសាសន៍អេដំមអស់១ម៉ឺននាក់ នៅត្រង់ច្រកភ្នំអំបិល ក៏ច្បាំងចាប់យកក្រុងសេឡា រួចដាក់ឈ្មោះទីក្រុងនោះថា យ៉ុកធាល ដរាបដល់សព្វថ្ងៃនេះ ក្រោយនោះមក អ័ម៉ាស៊ីយ៉ាទ្រង់ចាត់សារទៅឯយ៉ូអាស ជាបុត្រយ៉ូអាហាស ដែលជាបុត្រយេហ៊ូវ ស្តេចអ៊ីស្រាអែលទូលថា ចូរចេញមក យើងល្បងលគ្នាមើល តែយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាត់សារឲ្យទៅឯអ័ម៉ាស៊ីយ៉ា ជាស្តេចយូដាវិញ ទូលថា ដើមបន្លាដែលដុះនៅលើភ្នំល្បាណូន បានចាត់សារទៅឯដើមតាត្រៅនៅលើភ្នំល្បាណូនថា ចូរលើកកូនស្រីឯងមកឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសអញ ក៏មានសត្វព្រៃសាហាវ ដែលនៅភ្នំល្បាណូនមកតាមនោះ ជាន់ឈ្លីដើមបន្លានោះទៅ ឯទ្រង់ បានវាយឈ្នះពួកសាសន៍អេដំមពិតមែនហើយ ព្រះទ័យទ្រង់បានដំកើងទ្រង់ឡើង ចូរអួតពីដំណើរនោះចុះ ហើយនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿងដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី។ ប៉ុន្តែអ័ម៉ាស៊ីយ៉ា ទ្រង់មិនព្រមស្តាប់តាមទេ ដូច្នេះយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ក៏យាងឡើងទៅ រួចទ្រង់នឹងអ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ក៏ល្បងលគ្នានៅត្រង់ក្រុងបេត-សេមែស ជាទីក្រុងរបស់ពួកយូដា ពួកយូដាក៏ចាញ់ពួកអ៊ីស្រាអែល ហើយរត់ទៅឯទីលំនៅគេរៀងខ្លួនវិញ ឯយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាប់អ័ម៉ាស៊ីយ៉ា ស្តេចយូដា ជាបុត្រយ៉ូអាស ដែលជាបុត្រអ័ហាស៊ីយ៉ា នៅត្រង់បេត-សេមែស រួចទ្រង់យាងទៅដល់ក្រុងយេរូសាឡិម រំលំកំផែងទីក្រុងបង់ ចាប់តាំងពីទ្វារអេប្រាអិម រហូតដល់ទ្វារជ្រុងកំផែង អស់៤០០ហត្ថ ទ្រង់ក៏យកមាសប្រាក់ទាំងអស់ នឹងគ្រប់គ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលឃើញមាន នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងព្រះរាជទ្រព្យទាំងប៉ុន្មាន ព្រមទាំងចាប់មនុស្សបញ្ចាំទុក រួចនាំទាំងអស់ត្រឡប់ទៅឯក្រុងសាម៉ារីវិញ។ រីឯដំណើរឯទៀតពីយ៉ូអាស ដែលទ្រង់បានធ្វើ នឹងអំណាចរបស់ទ្រង់ ហើយពីទ្រង់ច្បាំងនឹងអ័ម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ យ៉ូអាសក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះទ្រង់ នៅក្រុងសាម៉ារី ជាមួយនឹងពួកស្តេចអ៊ីស្រាអែលទៅ រួចយេរ៉ូបោម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ ក្រោយដែលយ៉ូអាស ជាបុត្រយ៉ូអាហាស ស្តេចអ៊ីស្រាអែល បានសុគតទៅ នោះអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាស ស្តេចយូដា ទ្រង់មានព្រះជន្មរស់នៅបាន១៥ឆ្នាំទៀត រីឯដំណើរឯទៀតពីអ័ម៉ាស៊ីយ៉ា នោះសុទ្ធតែបានកត់ទុក ក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ មានគេគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ហើយទ្រង់រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅឯក្រុងឡាគីសតាមទ្រង់ ក៏ធ្វើគុតនៅទីនោះ គេដាក់សពទ្រង់លើសេះ នាំមកបញ្ចុះនៅក្រុងដាវីឌជាមួយនឹងពួកឰយុកោទ្រង់វិញ គឺនៅក្រុងយេរូសាឡិម នោះពួកបណ្តាជនទាំងឡាយ គេក៏លើកអ័សារា ដែលទ្រង់មានព្រះជន្ម១៦ឆ្នាំ តាំងឡើង ឲ្យធ្វើជាស្តេច ជំនួសអ័ម៉ាស៊ីយ៉ា បិតាទ្រង់ គឺស្តេចនេះហើយ ដែលសង់ក្រុងអេឡាតឡើង ហើយបានបង្វិលមកខាងយូដាវិញ ក្រោយមកស្តេចក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ។ នៅឆ្នាំទី១៥ក្នុងរាជ្យអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាសស្តេចយូដា នោះយេរ៉ូបោម ជាបុត្រាយ៉ូអាស ស្តេចអ៊ីស្រាអែល ក៏ចាប់តាំងសោយរាជ្យឡើង នៅក្រុងសាម៉ារី ក៏សោយរាជ្យបាន៤១ឆ្នាំ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានលាកបង់លែងប្រព្រឹត្តតាមអស់ទាំងអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ តែទ្រង់បានតាំងព្រំស្រុកអ៊ីស្រាអែលឡើងវិញ ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់សមុទ្រនៅស្រុកវាល តាមព្រះបន្ទូលដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានមានបន្ទូលដោយសារហោរាយ៉ូណាស ជាកូនអ័មីថាយ ជាអ្នកបំរើទ្រង់ ដែលនៅកាថ-ហេភើរ ដ្បិតព្រះយេហូវ៉ាទ្រង់ទតឃើញសេចក្ដីវេទនា របស់ពួកអ៊ីស្រាអែល ថាជាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណា សំរាប់ជួយសង្គ្រោះ ដល់ពួកសាសន៍អ៊ីស្រាអែលដែរ ឯព្រះយេហូវ៉ាទ្រង់មិនបានថា ទ្រង់នឹងលុបឈ្មោះពួកអ៊ីស្រាអែលចេញ ពីក្រោមមេឃនោះទេ បានជាទ្រង់ជួយសង្គ្រោះគេ ដោយសារព្រះហស្តយេរ៉ូបោម ជាបុត្រយ៉ូអាសវិញ។ រីឯដំណើរឯទៀតពីយេរ៉ូបោម នឹងការដែលទ្រង់ធ្វើទាំងប៉ុន្មាន ហើយពីអំណាចទ្រង់ ដែលទ្រង់បានច្បាំង ព្រមទាំងការដែលចាប់យកក្រុងដាម៉ាស នឹងក្រុងហាម៉ាត ជាទីក្រុងនៃពួកយូដា មកខាងពួកអ៊ីស្រាអែលវិញជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ យេរ៉ូបោមក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោ គឺជាពួកស្តេចអ៊ីស្រាអែលទាំងប៉ុន្មានទៅ រួចសាការី ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។