២ ពង្សាវតារក្សត្រ 13:15-19

២ ពង្សាវតារក្សត្រ 13:15-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អេលី‌សេ​ទូល​តប​ថា៖ «សូម​យក​ធ្នូ និង​ព្រួញ​មក» ទ្រង់​ក៏​យក​ធ្នូ និង​ព្រួញ​មក​ឲ្យ​លោក រួច​ទូល​ថា៖ «សូម​ទ្រង់​ដំ​ឡើង​ធ្នូ​ទៅ» ទ្រង់​ក៏​ដំឡើង ហើយ​អេលី‌សេ​ដាក់​ដៃ​លើ​ព្រះ‌ហស្ត​ស្ដេច រួច​លោក​ទូល​ថា៖ «សូម​បើក​បង្អួច​ខាង​កើត​ទៅ» ទ្រង់​ក៏​បើក អេលី‌សេ​ទូល​ថា៖ «សូម​បាញ់​ទៅ» ហើយ​ទ្រង់​ក៏​បាញ់ លោក​ទូល​ថា៖ «នេះ​ហើយ​ជា​ព្រួញ​ជ័យ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រួញ​ជ័យ‌ជម្នះ​ដែល​ឈ្នះ​ពួក​សាសន៍​ស៊ីរី ដ្បិត​ទ្រង់​នឹង​ប្រហារ​ពួក​ស៊ីរី​នៅ​ត្រង់​អាផែក ទាល់​តែ​គេ​វិនាស​សាប‌សូន្យ​ទៅ»។ រួច​លោក​ទូល​ទៀត​ថា៖ «សូម​ចាប់​យក​ព្រួញ​ទាំង​នោះ​ទៅ» ទ្រង់​ក៏​ចាប់​យក លោក​ក៏​ទូល​ទៀត​ថា៖ «សូម​បាញ់​ទៅ​ដី​ទៅ» ទ្រង់​ក៏​បាញ់​បី​ដង​ទើប​ឈប់។ ពេល​នោះ អ្នក​សំណព្វ​របស់​ព្រះ​ក៏​ខឹង​នឹង​ស្ដេច ហើយ​ទូល​ថា៖ «គួរ​តែ​ទ្រង់​បាញ់​ដល់​ទៅ​ប្រាំ ឬ​ប្រាំមួយ​ដង ទ្រង់​នឹង​បាន​វាយ​ពួក​ស៊ីរី ទាល់​តែ​បាន​បំផ្លាញ​គេ​ឲ្យ​សូន្យ​បាត់​ទៅ តែ​ឥឡូវ​នេះ ទ្រង់​នឹង​វាយ​គេ​បាន​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។

២ ពង្សាវតារក្សត្រ 13:15-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អេលីសេ​ទូល​ព្រះ‌រាជា​ថា៖ «សូម​ព្រះ‌ករុណា​យក​ធ្នូ និង​ព្រួញ​មក!»។ ស្ដេច​ក៏​យក​ធ្នូ និង​ព្រួញ​មក​កាន់។ ព្យាការី​ទូល​ព្រះ‌រាជា​ថា៖ «សូម​ព្រះ‌ករុណា​លើក​ធ្នូ​ឡើង​យឹត​ទៅ!»។ ព្រះ‌រាជា​ក៏​លើក​ធ្នូ​ឡើង ហើយ​យឹត។ លោក​អេលីសេ​ដាក់​ដៃ​លើ​ព្រះ‌ហស្ដ​ស្ដេច រួច​ទូល​ថា៖ «សូម​ព្រះ‌ករុណា​បើក​បង្អួច​ដែល​បែរ​ទៅ​ទិស​ខាង​កើត!»។ ព្រះ‌បាទ​យ៉ូអាស​ក៏​បើក​បង្អួច​នោះ។ លោក​អេលីសេ​ទូល​ថា៖ «សូម​បាញ់​ទៅ!» ស្ដេច​ក៏​បាញ់។ លោក​អេលីសេ​ទូល​ថា៖ «នេះ​ជា​ព្រួញ​ជ័យ‌ជម្នះ​មក​ពី​ព្រះ‌អម្ចាស់ គឺ​ព្រួញ​ជ័យ‌ជម្នះ​លើ​ជន‌ជាតិ​ស៊ីរី។ ព្រះ‌ករុណា​នឹង​ប្រហារ​កង‌ទ័ព​ស៊ីរី​នៅ​ក្រុង​អាផែក រហូត​ដល់​ពួក​គេ​វិនាស​សូន្យ»។ លោក​អេលីសេ​ទូល​ព្រះ‌រាជា​ទៀត​ថា៖ «សូម​យក​ព្រួញ​ទាំង​នោះ​មក!»។ ស្ដេច​ក៏​យក​ព្រួញ​ទាំង​នោះ​មក​កាន់។ ព្យាការី​ទូល​ថា៖ «សូម​វាយ​លើ​ដី!» ស្ដេច​វាយ​លើ​ដី​បី​ដង ហើយ​ឈប់។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ក្រេវ‌ក្រោធ​នឹង​ព្រះ‌រាជា ហើយ​ទូល​ថា៖ «គួរ​តែ​វាយ​ឲ្យ​បាន​ប្រាំ ឬ​ប្រាំ​មួយ​ដង នោះ​ព្រះ‌ករុណា​ពិត​ជា​ច្បាំង​ឈ្នះ​ជន‌ជាតិ​ស៊ីរី រហូត​ដល់​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ។ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌ករុណា​វាយ​ពួក​គេ​ឈ្នះ​បាន​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។

២ ពង្សាវតារក្សត្រ 13:15-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អេលី‌សេ​ទូល​តប​ថា សូម​យក​ធ្នូ នឹង​ព្រួញ​មក ទ្រង់​ក៏​យក​ធ្នូនឹង​ព្រួញ​មក​ឯ​លោក រួច​ទូល​ថា សូម​ទ្រង់​ដំឡើង​ធ្នូ​ទៅ នោះ​ទ្រង់​ក៏​ដំឡើង ហើយ​អេលី‌សេ​ដាក់​ដៃ​លើ​ព្រះ‌ហស្ត​ស្តេច រួច​លោក​ទូល​ថា សូម​បើក​បង្អួច​ខាង​កើត​ទៅ ទ្រង់​ក៏​បើក អេលី‌សេ​ទូល​ថា សូម​បាញ់​ទៅ ហើយ​ទ្រង់​ក៏​បាញ់ លោក​ទូល​ថា នេះ​ហើយ​ជា​ព្រួញ​ជ័យ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រួញ​ជ័យ‌ជំនះ​ដែល​ឈ្នះ​ពួក​សាសន៍​ស៊ីរី ដ្បិត​ទ្រង់​នឹង​ប្រហារ​ពួក​ស៊ីរី​នៅ​ត្រង់​អាផែក ទាល់​តែ​គេ​វិនាស​សាប‌សូន្យ​ទៅ រួច​លោក​ទូល​ថា សូម​ចាប់​យក​ព្រួញ​ទាំង​នោះ​ទៅ ទ្រង់​ក៏​ចាប់​យក លោក​ក៏​ទូល​ទៀត​ថា សូម​បាញ់​ទៅ​ដី​ទៅ ទ្រង់​ក៏​បាញ់​អស់​គំរប់​៣​ដង រួច​ឈប់ នោះ​អ្នក​សំណប់​របស់​ព្រះ​ក៏​ខឹង​នឹង​ស្តេច ហើយ​ទូល​ថា គួរ​តែ​ទ្រង់​បាន​បាញ់​ដល់​ទៅ​៥ ឬ​៦​ដង​ចុះ នោះ​ទ្រង់​នឹង​បាន​វាយ​ពួក​ស៊ីរី ទាល់​តែ​បាន​បំផ្លាញ​គេ ឲ្យ​សូន្យ​បាត់​ទៅ តែ​ឥឡូវ​នេះទ្រង់​នឹង​វាយ​គេ បាន​ត្រឹម​តែ​៣​ដង​ប៉ុណ្ណោះ។