២ ពង្សាវតារក្សត្រ 13:14-21
២ ពង្សាវតារក្សត្រ 13:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ លោកអេលីសេមានជំងឺដែលនាំឲ្យលោកស្លាប់ ហើយព្រះបាទយ៉ូអាសជាស្ដេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏យំសោកនឹងលោក ដោយមានរាជឱង្ការថា៖ «ឱលោកឪពុក លោកឪពុកខ្ញុំអើយ លោកគឺជាព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ»។ អេលីសេទូលតបថា៖ «សូមយកធ្នូ និងព្រួញមក» ទ្រង់ក៏យកធ្នូ និងព្រួញមកឲ្យលោក រួចទូលថា៖ «សូមទ្រង់ដំឡើងធ្នូទៅ» ទ្រង់ក៏ដំឡើង ហើយអេលីសេដាក់ដៃលើព្រះហស្តស្ដេច រួចលោកទូលថា៖ «សូមបើកបង្អួចខាងកើតទៅ» ទ្រង់ក៏បើក អេលីសេទូលថា៖ «សូមបាញ់ទៅ» ហើយទ្រង់ក៏បាញ់ លោកទូលថា៖ «នេះហើយជាព្រួញជ័យរបស់ព្រះយេហូវ៉ា គឺជាព្រួញជ័យជម្នះដែលឈ្នះពួកសាសន៍ស៊ីរី ដ្បិតទ្រង់នឹងប្រហារពួកស៊ីរីនៅត្រង់អាផែក ទាល់តែគេវិនាសសាបសូន្យទៅ»។ រួចលោកទូលទៀតថា៖ «សូមចាប់យកព្រួញទាំងនោះទៅ» ទ្រង់ក៏ចាប់យក លោកក៏ទូលទៀតថា៖ «សូមបាញ់ទៅដីទៅ» ទ្រង់ក៏បាញ់បីដងទើបឈប់។ ពេលនោះ អ្នកសំណព្វរបស់ព្រះក៏ខឹងនឹងស្ដេច ហើយទូលថា៖ «គួរតែទ្រង់បាញ់ដល់ទៅប្រាំ ឬប្រាំមួយដង ទ្រង់នឹងបានវាយពួកស៊ីរី ទាល់តែបានបំផ្លាញគេឲ្យសូន្យបាត់ទៅ តែឥឡូវនេះ ទ្រង់នឹងវាយគេបានត្រឹមតែបីដងប៉ុណ្ណោះ»។ លោកអេលីសេក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោក រួចដល់ចូលឆ្នាំថ្មី ពួកកងនៃសាសន៍ម៉ូអាប់ក៏ទន្រ្ទានចូលមកក្នុងស្រុក ហើយកាលមនុស្សកំពុងតែបញ្ចុះសពរបស់មនុស្សម្នាក់ នោះក៏ឃើញពួកកងមួយ រួចគេបោះខ្មោចនោះទៅក្នុងផ្នូររបស់អេលីសេ កាលខ្មោចនោះបានប៉ះនឹងឆ្អឹងអេលីសេ ស្រាប់តែរស់ឡើងវិញ រួចក្រោកឈរឡើង។
២ ពង្សាវតារក្សត្រ 13:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ លោកអេលីសេមានជំងឺជាទម្ងន់ ហៀបនឹងស្លាប់។ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល យាងមកសួរសុខទុក្ខលោក ស្ដេចយំសម្រក់ទឹកភ្នែកលើមុខលោក ហើយមានរាជឱង្ការថា៖ «លោកឪពុក! លោកឪពុកអើយ លោកប្រៀបដូចជារទេះចម្បាំង និងទ័ពសេះរបស់អ៊ីស្រាអែល!»។ លោកអេលីសេទូលព្រះរាជាថា៖ «សូមព្រះករុណាយកធ្នូ និងព្រួញមក!»។ ស្ដេចក៏យកធ្នូ និងព្រួញមកកាន់។ ព្យាការីទូលព្រះរាជាថា៖ «សូមព្រះករុណាលើកធ្នូឡើងយឹតទៅ!»។ ព្រះរាជាក៏លើកធ្នូឡើង ហើយយឹត។ លោកអេលីសេដាក់ដៃលើព្រះហស្ដស្ដេច រួចទូលថា៖ «សូមព្រះករុណាបើកបង្អួចដែលបែរទៅទិសខាងកើត!»។ ព្រះបាទយ៉ូអាសក៏បើកបង្អួចនោះ។ លោកអេលីសេទូលថា៖ «សូមបាញ់ទៅ!» ស្ដេចក៏បាញ់។ លោកអេលីសេទូលថា៖ «នេះជាព្រួញជ័យជម្នះមកពីព្រះអម្ចាស់ គឺព្រួញជ័យជម្នះលើជនជាតិស៊ីរី។ ព្រះករុណានឹងប្រហារកងទ័ពស៊ីរីនៅក្រុងអាផែក រហូតដល់ពួកគេវិនាសសូន្យ»។ លោកអេលីសេទូលព្រះរាជាទៀតថា៖ «សូមយកព្រួញទាំងនោះមក!»។ ស្ដេចក៏យកព្រួញទាំងនោះមកកាន់។ ព្យាការីទូលថា៖ «សូមវាយលើដី!» ស្ដេចវាយលើដីបីដង ហើយឈប់។ អ្នកជំនិតរបស់ព្រះជាម្ចាស់ក្រេវក្រោធនឹងព្រះរាជា ហើយទូលថា៖ «គួរតែវាយឲ្យបានប្រាំ ឬប្រាំមួយដង នោះព្រះករុណាពិតជាច្បាំងឈ្នះជនជាតិស៊ីរី រហូតដល់បំផ្លាញពួកគេឲ្យវិនាសសូន្យ។ ប៉ុន្តែ ឥឡូវនេះ ព្រះករុណាវាយពួកគេឈ្នះបានត្រឹមតែបីដងប៉ុណ្ណោះ»។ បន្ទាប់មក លោកអេលីសេទទួលមរណភាព ហើយគេក៏យកសពលោកទៅបញ្ចុះ។ ជារៀងរាល់ឆ្នាំ ទាហានជនជាតិម៉ូអាប់តែងតែចូលមកទន្ទ្រានក្នុងស្រុក។ ថ្ងៃមួយ អ្នកស្រុកបានយកសពមនុស្សម្នាក់ទៅបញ្ចុះ ស្រាប់តែជួបប្រទះនឹងទាហានជនជាតិម៉ូអាប់ ពួកគេក៏បោះសពនោះក្នុងផ្នូររបស់ព្យាការី។ ពេលសពនោះធ្លាក់ទៅប៉ះលើធាតុរបស់លោកអេលីសេ គេក៏រស់ឡើងវិញ ហើយក្រោកឈរ។
២ ពង្សាវតារក្សត្រ 13:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ អេលីសេលោកចាប់ឈឺ ដោយជំងឺដែលនាំឲ្យលោកស្លាប់ ហើយយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏ឈ្ងោកយំនឹងលោក ដោយបន្ទូលថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នេះគឺជាព្រះរាជរថ នឹងទ័ពសេះ របស់ពួកអ៊ីស្រាអែលហើយ អេលីសេទូលតបថា សូមយកធ្នូ នឹងព្រួញមក ទ្រង់ក៏យកធ្នូនឹងព្រួញមកឯលោក រួចទូលថា សូមទ្រង់ដំឡើងធ្នូទៅ នោះទ្រង់ក៏ដំឡើង ហើយអេលីសេដាក់ដៃលើព្រះហស្តស្តេច រួចលោកទូលថា សូមបើកបង្អួចខាងកើតទៅ ទ្រង់ក៏បើក អេលីសេទូលថា សូមបាញ់ទៅ ហើយទ្រង់ក៏បាញ់ លោកទូលថា នេះហើយជាព្រួញជ័យនៃព្រះយេហូវ៉ា គឺជាព្រួញជ័យជំនះដែលឈ្នះពួកសាសន៍ស៊ីរី ដ្បិតទ្រង់នឹងប្រហារពួកស៊ីរីនៅត្រង់អាផែក ទាល់តែគេវិនាសសាបសូន្យទៅ រួចលោកទូលថា សូមចាប់យកព្រួញទាំងនោះទៅ ទ្រង់ក៏ចាប់យក លោកក៏ទូលទៀតថា សូមបាញ់ទៅដីទៅ ទ្រង់ក៏បាញ់អស់គំរប់៣ដង រួចឈប់ នោះអ្នកសំណប់របស់ព្រះក៏ខឹងនឹងស្តេច ហើយទូលថា គួរតែទ្រង់បានបាញ់ដល់ទៅ៥ ឬ៦ដងចុះ នោះទ្រង់នឹងបានវាយពួកស៊ីរី ទាល់តែបានបំផ្លាញគេ ឲ្យសូន្យបាត់ទៅ តែឥឡូវនេះទ្រង់នឹងវាយគេ បានត្រឹមតែ៣ដងប៉ុណ្ណោះ។ ឯអេលីសេ លោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោក រួចដល់ចូលឆ្នាំថ្មី នោះពួកកងនៃសាសន៍ម៉ូអាប់ ក៏ទន្រ្ទានចូលមកក្នុងស្រុក ហើយកាលមនុស្សកំពុងតែកប់ខ្មោចរបស់មនុស្សម្នាក់ នោះក៏ឃើញពួកកង១ រួចគេបោះខ្មោចនោះ ទៅក្នុងផ្នូររបស់អេលីសេ កាលខ្មោចនោះបានប៉ះនឹងឆ្អឹងអេលីសេហើយ ស្រាប់តែរស់ឡើងវិញ រួចក្រោកឈរឡើង។