២ ពង្សាវតារក្សត្រ 13:1-24
២ ពង្សាវតារក្សត្រ 13:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីម្ភៃបី ក្នុងរាជ្យព្រះបាទយ៉ូអាស ជាបុត្រអ័ហាស៊ីយ៉ា ស្ដេចយូដា នោះយ៉ូអាហាស ជាបុត្រព្រះបាទយេហ៊ូវក៏សោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយបានសោយរាជ្យអស់ដប់ប្រាំពីរឆ្នាំ។ ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ ទ្រង់មិនបានងាកចេញឡើយ។ នោះសេចក្ដីក្រោធនៃព្រះយេហូវ៉ាទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់ប្រគល់គេទៅក្នុងកណ្ដាប់ដៃហាសែល ជាស្ដេចស៊ីរី និងក្នុងកណ្ដាប់ដៃបេន-ហាដាដ ជាបុត្រហាសែលតទៅ។ ប៉ុន្តែ យ៉ូអាហាសបានអំពាវនាវដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាក៏ស្ដាប់តាម ដ្បិតទ្រង់បានទតឃើញការដែលស្ដេចស៊ីរីសង្កត់សង្កិនដល់ពួកអ៊ីស្រាអែល។ (ដ្បិតព្រះយេហូវ៉ាប្រោសប្រទានឲ្យពួកអ៊ីស្រាអែលមានអ្នកជួយសង្គ្រោះម្នាក់ ឲ្យគេបានរួចពីអំណាចសាសន៍ស៊ីរី។ រួចពួកកូនចៅអ៊ីស្រាអែលក៏នៅក្នុងផ្ទះរបស់ខ្លួនដូចដើមវិញ។ ប៉ុន្តែ គេមិនលែងធ្វើតាមអំពើបាបរបស់ជំនួរវង្សយេរ៉ូបោម ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះទេ គឺគេចេះតែប្រព្រឹត្ត តាមអំពើទាំងនោះ ហើយនៅក្នុងក្រុងសាម៉ារីក៏មានអស់ទាំងបង្គោលសក្ការៈ នៅឡើយដែរ។) ដូច្នេះ ស្ដេចយ៉ូអាហាសនៅសល់ពលទ័ពសេះតែហាសិបនាក់ រទេះចម្បាំងដប់ និងពលថ្មើរជើងមួយម៉ឺននាក់ ព្រោះស្ដេចស៊ីរីបានរំលាងបំផ្លាញគេអស់ទៅហើយ ទាំងធ្វើឲ្យគេដូចជាលម្អងធូលី ដែលនៅទីលានបញ្ជាន់ស្រូវ។ ឯកិច្ចការឯទៀតដែលព្រះបាទយ៉ូអាហាសបានធ្វើ និងអំណាចរបស់ទ្រង់ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចអ៊ីស្រាអែលហើយ។ ចំណែកយ៉ូអាហាសក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ព្រះអង្គ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងសាម៉ារី រួចព្រះបាទយ៉ូអាសជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។ នៅឆ្នាំទីសាមសិបប្រាំពីរ ក្នុងរាជ្យព្រះបាទយ៉ូអាសជាស្ដេចយូដា នោះព្រះបាទយ៉ូអាសជាបុត្រយ៉ូអាហាស ក៏ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបានដប់ប្រាំមួយឆ្នាំ ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានបោះបង់អស់ទាំងអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺទ្រង់នៅតែប្រព្រឹត្តតាមអំពើទាំងនោះ។ ឯកិច្ចការផ្សេងទៀតដែលព្រះបាទយ៉ូអាសបានធ្វើ និងអំណាចទ្រង់ដែលបានប្រើ ដើម្បីច្បាំងនឹងព្រះបាទអ័ម៉ាស៊ីយ៉ា ស្ដេចយូដា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចអ៊ីស្រាអែល។ ព្រះបាទយ៉ូអាសក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ រួចយេរ៉ូបោមបានឡើងសោយរាជ្យជំនួសទ្រង់ ហើយគេបញ្ចុះសពព្រះបាទយ៉ូអាសនៅក្រុងសាម៉ារីជាមួយពួកស្ដេចអ៊ីស្រាអែល។ នៅគ្រានោះ លោកអេលីសេមានជំងឺដែលនាំឲ្យលោកស្លាប់ ហើយព្រះបាទយ៉ូអាសជាស្ដេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏យំសោកនឹងលោក ដោយមានរាជឱង្ការថា៖ «ឱលោកឪពុក លោកឪពុកខ្ញុំអើយ លោកគឺជាព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ»។ អេលីសេទូលតបថា៖ «សូមយកធ្នូ និងព្រួញមក» ទ្រង់ក៏យកធ្នូ និងព្រួញមកឲ្យលោក រួចទូលថា៖ «សូមទ្រង់ដំឡើងធ្នូទៅ» ទ្រង់ក៏ដំឡើង ហើយអេលីសេដាក់ដៃលើព្រះហស្តស្ដេច រួចលោកទូលថា៖ «សូមបើកបង្អួចខាងកើតទៅ» ទ្រង់ក៏បើក អេលីសេទូលថា៖ «សូមបាញ់ទៅ» ហើយទ្រង់ក៏បាញ់ លោកទូលថា៖ «នេះហើយជាព្រួញជ័យរបស់ព្រះយេហូវ៉ា គឺជាព្រួញជ័យជម្នះដែលឈ្នះពួកសាសន៍ស៊ីរី ដ្បិតទ្រង់នឹងប្រហារពួកស៊ីរីនៅត្រង់អាផែក ទាល់តែគេវិនាសសាបសូន្យទៅ»។ រួចលោកទូលទៀតថា៖ «សូមចាប់យកព្រួញទាំងនោះទៅ» ទ្រង់ក៏ចាប់យក លោកក៏ទូលទៀតថា៖ «សូមបាញ់ទៅដីទៅ» ទ្រង់ក៏បាញ់បីដងទើបឈប់។ ពេលនោះ អ្នកសំណព្វរបស់ព្រះក៏ខឹងនឹងស្ដេច ហើយទូលថា៖ «គួរតែទ្រង់បាញ់ដល់ទៅប្រាំ ឬប្រាំមួយដង ទ្រង់នឹងបានវាយពួកស៊ីរី ទាល់តែបានបំផ្លាញគេឲ្យសូន្យបាត់ទៅ តែឥឡូវនេះ ទ្រង់នឹងវាយគេបានត្រឹមតែបីដងប៉ុណ្ណោះ»។ លោកអេលីសេក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោក រួចដល់ចូលឆ្នាំថ្មី ពួកកងនៃសាសន៍ម៉ូអាប់ក៏ទន្រ្ទានចូលមកក្នុងស្រុក ហើយកាលមនុស្សកំពុងតែបញ្ចុះសពរបស់មនុស្សម្នាក់ នោះក៏ឃើញពួកកងមួយ រួចគេបោះខ្មោចនោះទៅក្នុងផ្នូររបស់អេលីសេ កាលខ្មោចនោះបានប៉ះនឹងឆ្អឹងអេលីសេ ស្រាប់តែរស់ឡើងវិញ រួចក្រោកឈរឡើង។ ឯហាសែលជាស្តេចស្រុកស៊ីរី ចេះតែសង្កត់សង្កិនពួកអ៊ីស្រាអែល ដរាបដល់អស់ព្រះជន្មយ៉ូអាហាស។ ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះហឫទ័យសប្បុរសដល់គេ ក៏មានសេចក្ដីមេត្តាករុណា ហើយយល់ដល់គេ ដោយព្រោះសេចក្ដីសញ្ញា ដែលទ្រង់តាំងនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ទ្រង់មិនសព្វព្រះហឫទ័យបំផ្លាញគេទេ។ លុះដល់វេលានោះ ទ្រង់ក៏មិនទាន់បោះបង់ចោលគេចេញពីចំពោះទ្រង់នៅឡើយដែរ រួចមកហាសែលជាស្តេចស៊ីរីក៏សុគតទៅ នោះបេន-ហាដាដ ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
២ ពង្សាវតារក្សត្រ 13:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទអហាស៊ីយ៉ា ស្ដេចស្រុកយូដា ព្រះបាទយ៉ូអាហាស ជាបុត្ររបស់ព្រះបាទយេហ៊ូវ បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ប្រាំពីរឆ្នាំ។ ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ប្រព្រឹត្តអំពើបាបដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ដែលនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ ស្ដេចមិនងាកចេញពីផ្លូវនោះទេ។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងជនជាតិអ៊ីស្រាអែល ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី និងព្រះបាទបេនហាដាដ ជាបុត្ររបស់ព្រះបាទហាសែល ក្នុងអំឡុងពេលដ៏យូរ។ ប៉ុន្តែ ព្រះបាទយ៉ូអាហាសទូលអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរនេះ ដ្បិតព្រះអង្គទតឃើញស្ដេចស្រុកស៊ីរីជិះជាន់សង្កត់សង្កិនប្រជាជនអ៊ីស្រាអែល ព្រះអម្ចាស់ប្រោសប្រទានឲ្យមានអ្នកដឹកនាំមួយរូបមកសង្គ្រោះជនជាតិអ៊ីស្រាអែល ពីកណ្ដាប់ដៃរបស់ជនជាតិស៊ីរី និងឲ្យពួកគេរស់នៅដោយសុខសាន្តក្នុងស្រុករបស់ខ្លួនដូចកាលពីមុន។ ប៉ុន្តែ ពួកគេពុំបានងាកចេញពីអំពើបាប ដែលរាជវង្សរបស់ព្រះបាទយេរ៉ូបោមនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។ ពួកគេនៅតែប្រព្រឹត្តអំពើបាបនោះតទៅទៀត គឺសូម្បីតែបង្គោលរបស់ព្រះអាសេរ៉ាក៏មាននៅក្នុងក្រុងសាម៉ារីដែរ។ កងទ័ពរបស់ព្រះបាទយ៉ូអាហាសមាននៅសល់ត្រឹមតែទ័ពសេះហាសិបនាក់ រទេះចម្បាំងដប់ និងកងពលថ្មើរជើងមួយម៉ឺននាក់ប៉ុណ្ណោះ ដ្បិតស្ដេចស្រុកស៊ីរីបានបំផ្លាញស្ទើរតែទាំងអស់ ទុកទ័ពឲ្យនៅសេសសល់បន្តិចបន្តួច ប្រៀបដូចជាធូលីដែលគេដើរជាន់។ រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូអាហាស និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្ដេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ កាលស្ដេចសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងសាម៉ារី ហើយព្រះបាទយ៉ូអាស ជាបុត្រ ឡើងស្នងរាជ្យ។ នៅឆ្នាំទីសាមសិបប្រាំពីរនៃរជ្ជកាលព្រះបាទយ៉ូអាស ជាស្ដេចស្រុកយូដា ព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំ។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយពុំបានងាកចេញពីអំពើបាបដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះទេ គឺស្ដេចប្រព្រឹត្តតាមផ្លូវអាក្រក់ដូចគេដែរ។ រីឯរាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្ដេច និងសង្គ្រាមជាមួយព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ កាលព្រះបាទយ៉ូអាសសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សរបស់ស្ដេចស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ហើយព្រះបាទយេរ៉ូបោមឡើងស្នងរាជ្យ។ នៅគ្រានោះ លោកអេលីសេមានជំងឺជាទម្ងន់ ហៀបនឹងស្លាប់។ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល យាងមកសួរសុខទុក្ខលោក ស្ដេចយំសម្រក់ទឹកភ្នែកលើមុខលោក ហើយមានរាជឱង្ការថា៖ «លោកឪពុក! លោកឪពុកអើយ លោកប្រៀបដូចជារទេះចម្បាំង និងទ័ពសេះរបស់អ៊ីស្រាអែល!»។ លោកអេលីសេទូលព្រះរាជាថា៖ «សូមព្រះករុណាយកធ្នូ និងព្រួញមក!»។ ស្ដេចក៏យកធ្នូ និងព្រួញមកកាន់។ ព្យាការីទូលព្រះរាជាថា៖ «សូមព្រះករុណាលើកធ្នូឡើងយឹតទៅ!»។ ព្រះរាជាក៏លើកធ្នូឡើង ហើយយឹត។ លោកអេលីសេដាក់ដៃលើព្រះហស្ដស្ដេច រួចទូលថា៖ «សូមព្រះករុណាបើកបង្អួចដែលបែរទៅទិសខាងកើត!»។ ព្រះបាទយ៉ូអាសក៏បើកបង្អួចនោះ។ លោកអេលីសេទូលថា៖ «សូមបាញ់ទៅ!» ស្ដេចក៏បាញ់។ លោកអេលីសេទូលថា៖ «នេះជាព្រួញជ័យជម្នះមកពីព្រះអម្ចាស់ គឺព្រួញជ័យជម្នះលើជនជាតិស៊ីរី។ ព្រះករុណានឹងប្រហារកងទ័ពស៊ីរីនៅក្រុងអាផែក រហូតដល់ពួកគេវិនាសសូន្យ»។ លោកអេលីសេទូលព្រះរាជាទៀតថា៖ «សូមយកព្រួញទាំងនោះមក!»។ ស្ដេចក៏យកព្រួញទាំងនោះមកកាន់។ ព្យាការីទូលថា៖ «សូមវាយលើដី!» ស្ដេចវាយលើដីបីដង ហើយឈប់។ អ្នកជំនិតរបស់ព្រះជាម្ចាស់ក្រេវក្រោធនឹងព្រះរាជា ហើយទូលថា៖ «គួរតែវាយឲ្យបានប្រាំ ឬប្រាំមួយដង នោះព្រះករុណាពិតជាច្បាំងឈ្នះជនជាតិស៊ីរី រហូតដល់បំផ្លាញពួកគេឲ្យវិនាសសូន្យ។ ប៉ុន្តែ ឥឡូវនេះ ព្រះករុណាវាយពួកគេឈ្នះបានត្រឹមតែបីដងប៉ុណ្ណោះ»។ បន្ទាប់មក លោកអេលីសេទទួលមរណភាព ហើយគេក៏យកសពលោកទៅបញ្ចុះ។ ជារៀងរាល់ឆ្នាំ ទាហានជនជាតិម៉ូអាប់តែងតែចូលមកទន្ទ្រានក្នុងស្រុក។ ថ្ងៃមួយ អ្នកស្រុកបានយកសពមនុស្សម្នាក់ទៅបញ្ចុះ ស្រាប់តែជួបប្រទះនឹងទាហានជនជាតិម៉ូអាប់ ពួកគេក៏បោះសពនោះក្នុងផ្នូររបស់ព្យាការី។ ពេលសពនោះធ្លាក់ទៅប៉ះលើធាតុរបស់លោកអេលីសេ គេក៏រស់ឡើងវិញ ហើយក្រោកឈរ។ ក្នុងរជ្ជកាលព្រះបាទយ៉ូអាហាស ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី តែងតែជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែលជានិច្ច។ ប៉ុន្តែ ព្រះអម្ចាស់ប្រណីសន្ដោសដល់កូនចៅអ៊ីស្រាអែល ព្រះអង្គអាណិតអាសូរ និងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះពួកគេ ដោយយល់ដល់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ ព្រះអង្គមិនសព្វព្រះហឫទ័យបំផ្លាញពួកគេទេ ហើយរហូតដល់ពេលនេះ ព្រះអង្គក៏មិនបោះបង់ចោលពួកគេឲ្យទៅឆ្ងាយពីព្រះអង្គដែរ។ ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី សោយទិវង្គត ហើយព្រះបាទបេនហាដាដ ជាបុត្រ ឡើងស្នងរាជ្យ។
២ ពង្សាវតារក្សត្រ 13:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅឆ្នាំទី២៣ ក្នុងរាជ្យនៃយ៉ូអាស ជាបុត្រអ័ហាស៊ីយ៉ា ស្តេចយូដា នោះយ៉ូអាហាស ជាបុត្រយេហ៊ូវក៏ចាប់តាំងសោយរាជ្យ លើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយបានសោយរាជ្យអស់១៧ឆ្នាំ ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ ទ្រង់មិនវៀរបង់លែងធ្វើឡើយ នោះសេចក្ដីក្រោធនៃព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃហាសែល ជាស្តេចស៊ីរី នឹងក្នុងកណ្តាប់ដៃនៃបេន-ហាដាឌ់ ជាបុត្រហាសែលតទៅ តែយ៉ូអាហាសទ្រង់អំពាវនាវដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាម ដ្បិតទ្រង់បានទតឃើញការ ដែលស្តេចស៊ីរីសង្កត់សង្កិនដល់ពួកអ៊ីស្រាអែល (រីឯព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន ឲ្យពួកអ៊ីស្រាអែលមានអ្នកជួយសង្គ្រោះម្នាក់ ឲ្យគេបានរួចពីអំណាចសាសន៍ស៊ីរី រួចពួកកូនចៅអ៊ីស្រាអែល គេក៏នៅក្នុងផ្ទះរបស់ខ្លួនដូចដើមវិញ ប៉ុន្តែគេមិនលែងធ្វើតាមអំពើបាបរបស់ជំនួរវង្សយេរ៉ូបោម ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះទេ គឺគេចេះតែប្រព្រឹត្តតាមអំពើទាំងនោះវិញ ហើយនៅក្នុងក្រុងសាម៉ារីក៏នៅមានអស់ទាំងរូបព្រះនៅឡើយដែរ) ដ្បិតស្តេចស៊ីរីបានទុកឲ្យយ៉ូអាហាស មានពលទ័ពតែប៉ុណ្ណេះ គឺឲ្យមានពលសេះ៥០នាក់ រទេះចំបាំង១០ នឹងពលថ្មើរជើង១ម៉ឺននាក់ ពីព្រោះស្តេចស៊ីរី បានរំលាងបំផ្លាញគេអស់ទៅហើយ ទាំងធ្វើឲ្យគេដូចជាលំអងធូលី ដែលនៅទីលានបញ្ជាន់ស្រូវ រីឯដំណើរឯទៀត ពីយ៉ូអាហាស ហើយការទាំងប៉ុន្មានដែលទ្រង់ធ្វើ នឹងអំណាចរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ ចំណែកយ៉ូអាហាស ក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ គេបញ្ចុះទ្រង់នៅក្នុងក្រុងសាម៉ារី រួចយ៉ូអាស ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ នៅឆ្នាំទី៣៧ក្នុងរាជ្យយ៉ូអាសជាស្តេចយូដា នោះយ៉ូអាស ជាបុត្រយ៉ូអាហាស ក៏ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបាន១៦ឆ្នាំ ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានវៀរបង់លែងប្រព្រឹត្ត តាមអស់ទាំងអំពើបាប របស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺទ្រង់បានប្រព្រឹត្តតាមអំពើទាំងនោះវិញ រីឯដំណើរឯទៀតពីយ៉ូអាស នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នឹងអំណាចទ្រង់ដែលបានប្រើ ដើម្បីច្បាំងនឹងអ័ម៉ាស៊ីយ៉ា ស្តេចយូដា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ យ៉ូអាសក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ រួចយេរ៉ូបោមបានសោយរាជ្យឡើងជំនួសទ្រង់ ហើយគេបញ្ចុះសពយ៉ូអាសនៅក្រុងសាម៉ារី ជាមួយនឹងពួកស្តេចអ៊ីស្រាអែល។ នៅគ្រានោះ អេលីសេលោកចាប់ឈឺ ដោយជំងឺដែលនាំឲ្យលោកស្លាប់ ហើយយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏ឈ្ងោកយំនឹងលោក ដោយបន្ទូលថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នេះគឺជាព្រះរាជរថ នឹងទ័ពសេះ របស់ពួកអ៊ីស្រាអែលហើយ អេលីសេទូលតបថា សូមយកធ្នូ នឹងព្រួញមក ទ្រង់ក៏យកធ្នូនឹងព្រួញមកឯលោក រួចទូលថា សូមទ្រង់ដំឡើងធ្នូទៅ នោះទ្រង់ក៏ដំឡើង ហើយអេលីសេដាក់ដៃលើព្រះហស្តស្តេច រួចលោកទូលថា សូមបើកបង្អួចខាងកើតទៅ ទ្រង់ក៏បើក អេលីសេទូលថា សូមបាញ់ទៅ ហើយទ្រង់ក៏បាញ់ លោកទូលថា នេះហើយជាព្រួញជ័យនៃព្រះយេហូវ៉ា គឺជាព្រួញជ័យជំនះដែលឈ្នះពួកសាសន៍ស៊ីរី ដ្បិតទ្រង់នឹងប្រហារពួកស៊ីរីនៅត្រង់អាផែក ទាល់តែគេវិនាសសាបសូន្យទៅ រួចលោកទូលថា សូមចាប់យកព្រួញទាំងនោះទៅ ទ្រង់ក៏ចាប់យក លោកក៏ទូលទៀតថា សូមបាញ់ទៅដីទៅ ទ្រង់ក៏បាញ់អស់គំរប់៣ដង រួចឈប់ នោះអ្នកសំណប់របស់ព្រះក៏ខឹងនឹងស្តេច ហើយទូលថា គួរតែទ្រង់បានបាញ់ដល់ទៅ៥ ឬ៦ដងចុះ នោះទ្រង់នឹងបានវាយពួកស៊ីរី ទាល់តែបានបំផ្លាញគេ ឲ្យសូន្យបាត់ទៅ តែឥឡូវនេះទ្រង់នឹងវាយគេ បានត្រឹមតែ៣ដងប៉ុណ្ណោះ។ ឯអេលីសេ លោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោក រួចដល់ចូលឆ្នាំថ្មី នោះពួកកងនៃសាសន៍ម៉ូអាប់ ក៏ទន្រ្ទានចូលមកក្នុងស្រុក ហើយកាលមនុស្សកំពុងតែកប់ខ្មោចរបស់មនុស្សម្នាក់ នោះក៏ឃើញពួកកង១ រួចគេបោះខ្មោចនោះ ទៅក្នុងផ្នូររបស់អេលីសេ កាលខ្មោចនោះបានប៉ះនឹងឆ្អឹងអេលីសេហើយ ស្រាប់តែរស់ឡើងវិញ រួចក្រោកឈរឡើង។ ឯហាសែល ជាស្តេចស្រុកស៊ីរី ទ្រង់ចេះតែសង្កត់សង្កិនពួកអ៊ីស្រាអែល ដរាបដល់អស់ព្រះជន្មយ៉ូអាហាស ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មានព្រះហឫទ័យសប្បុរសដល់គេ ក៏មានសេចក្ដីមេត្តាករុណា ហើយយល់ដល់គេ ដោយព្រោះសេចក្ដីសញ្ញា ដែលទ្រង់តាំងនឹងអ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប ទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញគេទេ ហើយលុះដល់វេលានោះ ទ្រង់ក៏មិនទាន់បោះបង់ចោលគេចេញពីចំពោះទ្រង់នៅឡើយដែរ រួចមកហាសែលជាស្តេចស៊ីរីក៏សុគតទៅ នោះបេន-ហាដាឌ់ ជាព្រះរាជបុត្រាក៏សោយរាជ្យឡើងជំនួសបិតា