២ ពង្សាវតារក្សត្រ 12:1-21
២ ពង្សាវតារក្សត្រ 12:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺនៅឆ្នាំទីប្រាំពីរក្នុងរាជ្យយេហ៊ូវ ដែលយ៉ូអាសបានសោយរាជ្យ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានសែសិបឆ្នាំ មាតាព្រះនាមថាស៊ីបយ៉ា ជាអ្នកស្រុកបៀរ-សេបា។ រីឯព្រះបាទយ៉ូអាសប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា រហូតដល់អស់វេលាដែលសង្ឃយេហូយ៉ាដាបានបង្ហាត់បង្រៀនទ្រង់។ ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ហើយពួកបណ្ដាជន គេនៅតែថ្វាយយញ្ញបូជា ព្រមទាំងដុតកំញាន នៅលើទីខ្ពស់ទាំងនោះនៅឡើយ។ ព្រះបាទយ៉ូអាសមានព្រះបន្ទូលទៅពួកសង្ឃថា ឯអស់ទាំងប្រាក់ជាតម្លៃនៃតង្វាយទាំងប៉ុន្មាន ដែលគេយកមកថ្វាយក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា និងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជី គឺជាតង្វាយនៃគ្រប់គ្នាតាមច្បាប់ ហើយអស់ទាំងប្រាក់ ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នោះពួកសង្ឃត្រូវទទួលប្រាក់នោះ គឺគ្រប់គ្នាត្រូវទទួលយកពីពួកអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលត្រង់កន្លែងបាក់បែកក្នុងព្រះវិហារ ទោះបើឃើញមានបាក់បែកនៅត្រង់ណាក៏ដោយ ប៉ុន្តែ ដល់ឆ្នាំទី២៣ ក្នុងរាជ្យព្រះបាទយ៉ូអាស នោះពួកសង្ឃមិនទាន់បានជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារនៅឡើយ ដូច្នេះ ព្រះបាទយ៉ូអាសបានហៅសង្ឃយេហូយ៉ាដា និងពួកសង្ឃឯទៀតមកសួរថា៖ «ហេតុអ្វីបានជាលោកមិនបានជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដូច្នេះ ឥឡូវនេះ មិនត្រូវយកប្រាក់ពីពួកអ្នកដែលស្គាល់ទៀតឡើយ គឺត្រូវប្រគល់ប្រាក់នោះសម្រាប់ជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារវិញ»។ ពួកសង្ឃក៏យល់ព្រមថា មិនត្រូវទទួលប្រាក់ពីពួកបណ្ដាជនទៀត ក៏មិនត្រូវជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដែរ។ ឯសង្ឃយេហូយ៉ាដា លោកយកហិបមួយមកចោះប្រហោងត្រង់គ្រប រួចដាក់ហិបនៅខាងស្ដាំអាសនា តាមផ្លូវចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នោះពួកសង្ឃដែលរក្សាត្រង់មាត់ទ្វារ ក៏យកអស់ទាំងប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ទៅដាក់ក្នុងហិបនោះ រួចមកកាលឃើញថា មានប្រាក់ច្រើននៅក្នុងហិបហើយ នោះស្មៀនហ្លួង និងសម្ដេចសង្ឃ ក៏ឡើងទៅរាប់ប្រាក់ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយច្រកក្នុងបាវទុក ឯប្រាក់ដែលបានថ្លឹងប្រគល់មកក្នុងអំណាចសម្ដេចសង្ឃ នោះលោកក៏ចំណាយដល់ពួកជាងដែលធ្វើការ គឺជាពួកអ្នកដែលត្រួតត្រាការ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយអ្នកទាំងនោះក៏ចេញឲ្យដល់ពួកជាងឈើ និងពួកជាងផ្សេងៗ ដែលជួសជុលព្រះវិហាររបស់ព្រះយេហូវ៉ា ហើយដល់ពួកជាងរៀបថ្ម និងពួកជាងដាប់ថ្ម ហើយសម្រាប់ទិញឈើ និងថ្មដាប់ស្រាប់ សម្រាប់នឹងជួសជុលត្រង់កន្លែងបាក់បែក ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ក៏សម្រាប់អស់ទាំងការចំណាយ ដែលត្រូវចាយ ដើម្បីជួសជុលព្រះវិហារឡើង ប៉ុន្តែ មិនបានយកប្រាក់ដែលគេយកមកថ្វាយក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ទៅធ្វើជាគ្រឿងមាស គ្រឿងប្រាក់ ដូចជាពែង គ្របប្រឆេះ ចានក្លាំ ឬត្រែឡើយ ដ្បិតគេបានឲ្យដល់ពួកជាងដែលធ្វើការវិញ សម្រាប់នឹងប្រើការជួសជុលព្រះវិហារព្រះយេហូវ៉ា មួយទៀត គេមិនបានគិតនឹងពួកអ្នក ដែលគេប្រគល់ប្រាក់នោះទៅឲ្យសម្រាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេ ព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់ ឯប្រាក់ជាតម្លៃនៃតង្វាយដោយព្រោះការរំលង និងប្រាក់ជាតម្លៃនៃតង្វាយលោះបាប នោះមិនបានយកទៅទុកក្នុងវិហារព្រះយេហូវ៉ាទេ ប្រាក់នោះទុកជាចំណែកដល់ពួកសង្ឃវិញ។ នៅគ្រានោះ ហាសែលជាស្ដេចស្រុកស៊ីរី ក៏ឡើងទៅច្បាំងនឹងក្រុងកាថ ហើយចាប់យកបាន រួចហាសែលតម្រង់ព្រះភក្ត្រឆ្ពោះទៅក្រុងយេរូសាឡិមទៀត។ នោះព្រះបាទយ៉ូអាសជាស្ដេចយូដា ទ្រង់យកអស់ទាំងរបស់បរិសុទ្ធ ដែលពួកស្ដេចយូដា គឺយេហូសាផាត យេហូរ៉ាម និងអ័ហាស៊ីយ៉ាជាបុព្វបុរសរបស់ទ្រង់បានថ្វាយ និងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយ ព្រមទាំងមាសទាំងអស់ដែលនៅក្នុងឃ្លាំងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្ដេចផង ផ្ញើទៅថ្វាយហាសែលជាស្ដេចស៊ីរី ដូច្នេះ ហាសែលក៏ថយចេញពីក្រុងយេរូសាឡិមទៅ។ ឯកិច្ចការផ្សេងទៀត ដែលព្រះបាទយ៉ូអាសបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចយូដាហើយ។ ពួកអ្នកបម្រើរបស់ព្រះបាទយ៉ូអាសក៏លើកគ្នាក្បត់ទ្រង់ ហើយប្រហារសម្លាប់នៅត្រង់ប៉មមីឡូរ តាមផ្លូវដែលចុះទៅឯតំបន់ស៊ីឡា គឺយ៉ូសាការ ជាកូនស៊ីមាត និងយ៉ូសាបាឌ ជាកូនសូមើរ ជាអ្នកបម្រើដែលវាយទ្រង់ ហើយទ្រង់ក៏សុគតទៅ។ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ ជាមួយបុព្វបុរសរបស់ទ្រង់ ហើយអ័ម៉ាស៊ីយ៉ា ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
២ ពង្សាវតារក្សត្រ 12:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទយ៉ូអាសឡើងសោយរាជ្យក្នុងជន្មាយុប្រាំពីរវស្សា គឺនៅឆ្នាំទីប្រាំពីរក្នុងរជ្ជកាលព្រះបាទយេហ៊ូវ ជាស្ដេចស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានសែសិបឆ្នាំ នៅក្រុងយេរូសាឡឹម។ រីឯមាតារបស់ស្ដេចមាននាមថា ស៊ីបយ៉ា ជាអ្នកស្រុកបៀរសេបា។ ព្រះបាទយ៉ូអាសប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ អស់មួយជីវិត ដូចលោកបូជាចារ្យយេហូយ៉ាដាបានបង្ហាត់បង្រៀន។ ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូប តាមទួលខ្ពស់ៗដដែល។ ព្រះបាទយ៉ូអាសមានរាជឱង្ការទៅកាន់ពួកបូជាចារ្យថា៖ «ចំពោះប្រាក់ទាំងប៉ុន្មានដែលគេយកមកថ្វាយជាតង្វាយ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺប្រាក់ដែលប្រជាជនយកមកបង់ពន្ធសម្រាប់ព្រះដំណាក់ ប្រាក់បានមកពីតង្វាយលោះមនុស្ស ស្របតាមការវាយតម្លៃ និងតង្វាយស្ម័គ្រចិត្ត ដែលគេយកមកថ្វាយព្រះដំណាក់របស់ព្រះអម្ចាស់ នោះឲ្យក្រុមបូជាចារ្យទទួលយក គឺម្នាក់ៗត្រូវទទួលយកចំណែករបស់ខ្លួនពីអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលកន្លែងបាក់បែកទាំងប៉ុន្មាននៅក្នុងព្រះដំណាក់ ដែលគេយល់ថាចាំបាច់គួរតែជួសជុល»។ ប៉ុន្តែ រហូតមកដល់ឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះបាទយ៉ូអាស ក្រុមបូជាចារ្យពុំទាន់បានជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់នៅឡើយទេ។ ព្រះបាទយ៉ូអាសកោះហៅលោកបូជាចារ្យយេហូយ៉ាដា ព្រមទាំងបូជាចារ្យឯទៀតៗមក រួចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអស់លោកមិនជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់? ចាប់ពីពេលនេះតទៅ អស់លោកមិនត្រូវទទួលប្រាក់ពីអ្នកស្គាល់ទៀតឡើយ តែត្រូវបង្វិលប្រាក់នេះសម្រាប់ការជួសជុលព្រះដំណាក់វិញ»។ ដូច្នេះ ពួកបូជាចារ្យក៏ឈប់ទទួលប្រាក់ពីប្រជាជន និងលែងទទួលបន្ទុកលើការជួសជុលព្រះដំណាក់ទៀត។ លោកបូជាចារ្យយេហូយ៉ាដាយកហិបមួយចោះរន្ធលើគម្រប រួចដាក់នៅខាងស្ដាំអាសនៈ ត្រង់មាត់ទ្វារចូលព្រះដំណាក់។ ពួកបូជាចារ្យជាអ្នកយាមនៅមាត់ទ្វារ ដាក់ប្រាក់ទាំងអស់ដែលគេយកមកថ្វាយព្រះដំណាក់ ក្នុងហិបនោះ។ កាលណាគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនហ្លួង និងមហាបូជាចារ្យក៏មកទទួលប្រាក់នៅក្នុងព្រះដំណាក់យកទៅរាប់ រួចទុកក្នុងថង់មួយ។ បន្ទាប់មក លោកប្រគល់ប្រាក់នោះឲ្យពួកមេជាងដែលទទួលបន្ទុកលើការងារជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ គេប្រើប្រាក់នោះសម្រាប់ជួលជាងឈើ និងជាងសំណង់ដែលត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ព្រមទាំងជួលជាងកំបោរ ជាងដាប់ថ្ម ហើយទិញឈើ និងថ្មដាប់ សម្រាប់ជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ប្រាក់នេះក៏ប្រើសម្រាប់ការចំណាយគ្រប់ប្រភេទ ក្នុងការជួសជុលព្រះដំណាក់ឡើងវិញ។ ប៉ុន្តែ គេពុំបានប្រើប្រាក់ដែលប្រជាជនយកមកថ្វាយក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទៅធ្វើពានប្រាក់ កាំបិត ថូ ត្រែ ឬប្រដាប់ប្រដាអ្វីផ្សេងទៀតអំពីមាស ប្រាក់ សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ។ គេប្រគល់ប្រាក់នេះឲ្យអស់អ្នកដែលទទួលបន្ទុកលើការងារ សម្រាប់ប្រើប្រាស់ជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ គេពុំបានត្រួតពិនិត្យអស់អ្នកដែលយកប្រាក់នោះទៅបើកឲ្យពួកជាងទេ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះស្ម័គ្របំផុត។ រីឯប្រាក់តង្វាយដែលប្រជាជនយកមកថ្វាយជាយញ្ញបូជាសុំលើកលែងទោស និងយញ្ញបូជារំដោះបាប គេពុំបានទុកសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ទេ គឺប្រាក់នោះត្រូវបានជាចំណែករបស់ពួកបូជាចារ្យវិញ។ នៅគ្រានោះ ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី ឡើងមកវាយ និងដណ្ដើមយកបានក្រុងកាថ។ បន្ទាប់មក ព្រះបាទហាសែលលើកទ័ពតម្រង់ឆ្ពោះទៅក្រុងយេរូសាឡឹមទៀត។ ព្រះបាទយ៉ូអាសស្ដេចស្រុកយូដា ប្រមូលវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងវាំង ជាវត្ថុដែលស្ដេចស្រុកយូដា ជាអយ្យកោ គឺព្រះបាទយ៉ូសាផាត ព្រះបាទយ៉ូរ៉ាម និងព្រះបាទអហាស៊ីយ៉ា បានថ្វាយជាតង្វាយ ព្រមទាំងវត្ថុដែលស្ដេចផ្ទាល់បានថ្វាយជាតង្វាយ ហើយចាត់គេឲ្យនាំយកទៅថ្វាយព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។ ហេតុនេះ ស្ដេចក្រុងស៊ីរីក៏ដកទ័ពថយ ឈប់វាយក្រុងយេរូសាឡឹម។ រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូអាស និងអ្វីៗទាំងអស់ដែលស្ដេចបានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ មេទ័ពរបស់ស្ដេចបានក្រោកឡើងរួមគំនិតគ្នាក្បត់នឹងព្រះបាទយ៉ូអាស។ ពួកគេធ្វើគុតស្ដេច នៅប៉មមីឡូ តាមផ្លូវចុះទៅស៊ីឡា។
២ ពង្សាវតារក្សត្រ 12:21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលយ៉ូអាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៧ឆ្នាំហើយ គឺយ៉ូសាការ ជាកូនស៊ីមាត នឹងយ៉ូសាបាឌ ជាកូនសូមើរជាអ្នកបំរើ ដែលវាយទ្រង់ ហើយទ្រង់ក៏សុគតទៅ រួចគេបញ្ចុះទ្រង់នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកឰយុកោទ្រង់ នោះអ័ម៉ាស៊ីយ៉ា ជាព្រះរាជបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួសបិតា។