២ ពង្សាវតារក្សត្រ 11:1-20
២ ពង្សាវតារក្សត្រ 11:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះនាងអ័ថាលាជាមាតារបស់ព្រះបាទអ័ហាស៊ីយ៉ាបានជ្រាបថា បុត្រាសុគតហើយ ព្រះនាងក៏ចាត់ចែងបំផ្លាញជំនួរវង្សរបស់ស្ដេចទាំងប៉ុន្មាន។ ប៉ុន្តែ ព្រះនាងយ៉ូសេបា ជាបុត្រីព្រះបាទយ៉ូរ៉ាម និងជាកនិដ្ឋារបស់ព្រះបាទអ័ហាស៊ីយ៉ាបានលួចយកយ៉ូអាស ជាបុត្រារបស់ព្រះបាទអ័ហាស៊ីយ៉ា ចេញពីពួកបុត្រារបស់ស្ដេចដែលត្រូវគេសម្លាប់។ ព្រះនាងយ៉ូសេបា បានដាក់ យ៉ូអាស និងមេដោះនៅក្នុងបន្ទប់ដេក។ គេបានលាក់រាជកុមារពីព្រះនាងអ័ថាលាបែបដូច្នេះឯង ដើម្បីឲ្យបានរួចពីស្លាប់។ បុត្រនោះក៏នៅជាមួយនាង លាក់ទុកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាអស់ប្រាំមួយឆ្នាំ កំឡុងពេលព្រះនាងអ័ថាលាសោយរាជ្យលើនគរ។ លុះដល់ឆ្នាំទីប្រាំពីរ យេហូយ៉ាដាក៏ចាត់គេឲ្យទៅនាំពួកមេទ័ព ពួកនាយ និងពួកថ្មើរជើង មកឯលោកនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា លោកក៏តាំងសញ្ញានឹងគេ ហើយឲ្យគេស្បថនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា រួចបង្ហាញឲ្យគេឃើញបុត្រារបស់ស្ដេចនោះ។ លោកបង្គាប់គេថា៖ «អ្នករាល់គ្នាត្រូវធ្វើយ៉ាងនេះ គឺពួកអ្នករាល់គ្នាមួយភាគបី ដែលចូលវេននៅថ្ងៃឈប់សម្រាក ត្រូវត្រួតលើការចាំយាម រក្សានៅមន្ទីររបស់ស្ដេច ត្រូវឲ្យមួយភាគបីទៀតនៅត្រង់មាត់ទ្វារស៊ើរ និងមួយភាគបីទៀតនៅត្រង់ទ្វារខាងក្រោយពួកចាំយាម អ្នករាល់គ្នាត្រូវចាំយាមរក្សាព្រះវិហារយ៉ាងនោះ កុំឲ្យអ្នកណាចូលឡើយ។ អ្នករាល់គ្នាទាំងពីរកង ដែលត្រូវវេននៅថ្ងៃឈប់សម្រាក ត្រូវចាំយាមរក្សាព្រះដំណាក់របស់ព្រះយេហូវ៉ា ហើយការពារព្រះមហាក្សត្រ អ្នករាល់គ្នាត្រូវកាន់គ្រឿងសស្រ្តាវុធនៅដៃរៀងខ្លួន នៅជុំវិញព្រះមហាក្សត្រ។ បើមានអ្នកណាចូលមកជិតជួរទ័ពរបស់អ្នករាល់គ្នា ត្រូវសម្លាប់ចោល ហើយត្រូវនៅជាមួយព្រះមហាក្សត្រ នៅពេលដែលទ្រង់យាងចេញ និងចូលមកផង»។ ពួកមេទ័ព គេធ្វើតាមបង្គាប់សង្ឃយេហូយ៉ាដាគ្រប់ជំពូក គេនាំយកពួកកងគេរៀងខ្លួន ជាពួកដែលចូលវេននៅថ្ងៃសប្ប័ទ និងពួកដែលចេញវេននៅថ្ងៃសប្ប័ទដែរ មកឯសង្ឃយេហូយ៉ាដា។ លោកក៏ចែកលំពែង និងខែលរបស់ព្រះបាទដាវីឌ ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដល់ពួកមេទ័ព។ ដូច្នេះ ពួកចាំយាមគេក៏កាន់គ្រឿងសស្រ្តាវុធនៅដៃរៀងខ្លួន ឈរនៅព័ទ្ធជុំវិញស្ដេច ចាប់តាំងពីខាងស្ដាំព្រះវិហារ រហូតដល់ខាងឆ្វេងតាមក្បែរអាសនាព្រះវិហារ។ លោកនាំបុត្រារបស់ស្ដេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយ ព្រមទាំងប្រគល់សេចក្ដីបន្ទាល់ ដល់ទ្រង់ តាំងឡើងជាស្ដេច ហើយចាក់ប្រេង រួចគេនាំគ្នាទះដៃស្រែកជយឃោសថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។ ពេលព្រះនាងអ័ថាលាឮសូរអឺងកងរបស់ពួកចាំយាម និងបណ្ដាជនទាំងប៉ុន្មាន នោះព្រះនាងយាងចូលទៅឯគេ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ក៏ទតមើលទៅឃើញស្ដេចទ្រង់ប្រថាប់នៅលើវេទិកា តាមទំនៀមមានទាំងពួកមេទ័ព និងពួកផ្លុំត្រែ ឈរនៅជិតពួកបណ្ដាជន ជាអ្នកស្រុកនោះទាំងអស់ ក៏រីករាយសប្បាយឡើង ទាំងផ្លុំត្រែផង។ ដូច្នេះ ព្រះនាងអ័ថាលាក៏ហែកព្រះពស្រ្តស្រែកឡើងថា៖ «នេះជាការក្បត់ ជាការក្បត់ហើយ»។ ប៉ុន្តែ សង្ឃយេហូយ៉ាដាបានបង្គាប់ពួកមេទ័ពដែលត្រួតលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសម្លាប់គេដោយដាវទៅ»។ ដ្បិតសង្ឃបានប្រាប់ថា៖ «កុំសម្លាប់ព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ាឡើយ»។ ដូច្នេះ គេក៏ចៀសបើកផ្លូវឲ្យព្រះនាងយាងចេញ ហើយព្រះនាងយាងចេញទៅតាមផ្លូវសេះ ដែលចូលទៅឯដំណាក់ស្ដេច រួចគេធ្វើគុតនៅទីនោះទៅ។ រួចមកយេហូយ៉ាដា លោកឲ្យស្ដេច និងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ហើយឲ្យស្ដេច និងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ។ បន្ទាប់មក បណ្ដាជនទាំងឡាយដែលនៅក្នុងស្រុក ក៏ចូលទៅបំផ្លាញវិហារព្រះបាល បំបាក់បំបែកអស់ទាំងអាសនា ព្រមទាំងរូបព្រះអស់រលីង ក៏សម្លាប់ម៉ាត់ថាន ជាសង្ឃរបស់ព្រះបាល នៅត្រង់មុខអាសនា រួចសង្ឃយេហូយ៉ាដាតាំងឲ្យមានពួកត្រួតត្រាក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ លោកក៏នាំយកពួកមេទ័ព ពួកនាយ និងពួកថ្មើរជើង ព្រមទាំងពួកបណ្ដាជនទាំងប៉ុន្មាននៅក្នុងស្រុក ទៅដង្ហែស្ដេចចុះពីព្រះវិហាររបស់ព្រះយេហូវ៉ា ចូលទៅក្នុងដំណាក់ហ្លួង តាមផ្លូវទ្វារកំផែង ជាទីរបស់ពួកចាំយាម ហើយទ្រង់ក៏ឡើងគង់លើបល្ល័ង្ករាជ្យ។ ដូច្នេះ ប្រជាជនទាំងឡាយនៅក្នុងស្រុកមានចិត្តសប្បាយរីករាយទាំងអស់គ្នា ហើយទីក្រុងក៏មានសេចក្ដីសុខសាន្ដ ក្រោយពីបានធ្វើគុតព្រះនាងអ័ថាលាដោយដាវ នៅក្នុងដំណាក់ស្ដេចមក។
២ ពង្សាវតារក្សត្រ 11:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ា ជ្រាបថា ព្រះរាជបុត្រសោយទិវង្គតហើយ ព្រះនាងចេញបញ្ជាឲ្យគេសម្លាប់រាជវង្សានុវង្សទាំងអស់។ ពេលនោះ ព្រះនាងយ៉ូសេបា ជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម និងជាអនុជរបស់ព្រះបាទអហាស៊ីយ៉ា បានយកព្រះអង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្ដេចដែលត្រូវគេសម្លាប់នោះទៅលាក់ទុក។ ព្រះនាងនាំបុត្រនោះទៅលាក់នៅបន្ទប់ដេកមួយក្នុងព្រះវិហារ ព្រមទាំងឲ្យមេដោះនៅជាមួយផង។ គេបានលាក់រាជកុមារមិនឲ្យព្រះនាងអថាលាឃើញ ដូច្នេះ រាជកុមារក៏រួចពីស្លាប់។ ក្នុងពេលព្រះនាងអថាលាគ្រងរាជ្យ រាជកុមារបានលាក់ខ្លួនជាមួយមេដោះក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ អស់រយៈពេលប្រាំមួយឆ្នាំ។ លុះដល់ឆ្នាំទីប្រាំពីរ លោកបូជាចារ្យយេហូយ៉ាដាចាត់គេទៅអញ្ជើញពួកនាយទាហានហ្លួង ដែលជាជនជាតិការី និងពលទាហានមកជួបនឹងលោកនៅព្រះដំណាក់របស់ព្រះអម្ចាស់។ លោកបានចុះកិច្ចសន្យាជាមួយពួកគេ ព្រមទាំងសុំឲ្យពួកគេស្បថក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ រួចលោកនាំបុត្រារបស់ស្ដេចមកបង្ហាញឲ្យពួកគេឃើញ។ បន្ទាប់មក លោកបញ្ជាពួកគេថា៖ «អ្នករាល់គ្នាត្រូវធ្វើដូចតទៅ: ក្នុងចំណោមអ្នករាល់គ្នាដែលត្រូវវេនយាមនៅថ្ងៃសប្ប័ទ* មួយភាគបីត្រូវយាមដំណាក់ស្ដេច មួយភាគបីត្រូវយាមនៅត្រង់មាត់ទ្វារស៊ើរ និងមួយភាគបីទៀតត្រូវយាមនៅទ្វារខាងក្រោយកន្លែងប្រចាំការ។ ក្រុមទាំងបីនេះត្រូវប្ដូរវេនគ្នាយាមព្រះដំណាក់។ រីឯអ្នករាល់គ្នាពីរក្រុមទៀត ដែលមិនត្រូវវេនយាមនៅថ្ងៃសប្ប័ទ ត្រូវយាមព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីការពារព្រះមហាក្សត្រ។ អ្នករាល់គ្នាត្រូវប្រដាប់អាវុធគ្រប់ដៃ នៅការពារជុំវិញមហាក្សត្រ។ បើនរណាម្នាក់ហ៊ានចូលមកជិតជួរទ័ពរបស់អ្នករាល់គ្នា ត្រូវសម្លាប់ចោល។ ចូរនៅជាប់ជាមួយព្រះមហាក្សត្រជានិច្ច ទោះបីទ្រង់យាងចេញ ឬចូលក៏ដោយ»។ ពួកមេទ័ពនាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់លោកបូជាចារ្យយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃសប្ប័ទ ទាំងអ្នកមិនត្រូវវេនយាម ហើយទៅជួបលោកបូជាចារ្យយេហូយ៉ាដា។ លោកបូជាចារ្យចែកលំពែង ព្រមទាំងខែលរបស់ព្រះបាទដាវីឌ ដែលតម្កល់ទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជូនពួកមេទ័ពទាំងនោះ។ ពលទាហានប្រដាប់អាវុធគ្រប់ៗដៃ ឈរយាមនៅមុខព្រះដំណាក់ និងនៅជិតអាសនៈ ចាប់ពីប៉ែកខាងស្ដាំរហូតដល់ប៉ែកខាងឆ្វេងព្រះដំណាក់ ដើម្បីការពារព្រះមហាក្សត្រ។ ពេលនោះ លោកបូជាចារ្យយាងព្រះរាជបុត្ររបស់ស្ដេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង រួចគេចាក់ប្រេងអភិសេករាជកុមារតែងតាំងជាស្ដេច។ គេនាំគ្នាទះដៃស្រែកជយឃោសថា៖ «ជយោ! ព្រះមហាក្សត្រ!»។ កាលព្រះនាងអថាលាឮសម្រែកពលទាហាន និងប្រជាជន ព្រះនាងក៏យាងទៅមើលពួកគេនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះនាងទតឃើញព្រះមហាក្សត្រថ្មី ឈរនៅលើវេទិកា តាមទំនៀមទម្លាប់ ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ ព្រះនាងអថាលាហែកព្រះភូសា ស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។ លោកបូជាចារ្យយេហូយ៉ាដាបញ្ជាពួកមេទ័ពដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅ! បើនរណាគាំទ្រព្រះនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជាចារ្យមានប្រសាសន៍ទៀតថា៖ «មិនត្រូវប្រហារជីវិតព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ!»។ គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់ខ្លោងទ្វារសេះ គេប្រហារជីវិតព្រះនាងនៅទីនោះ។ លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងព្រះអម្ចាស់ ព្រះមហាក្សត្រ និងប្រជារាស្ត្រ ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់ព្រះអម្ចាស់។ លោកក៏បានចងសម្ពន្ធមេត្រីរវាងព្រះមហាក្សត្រ និងប្រជារាស្ត្រដែរ។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាចូលទៅបំផ្លាញវិហាររបស់ព្រះបាល ហើយវាយកម្ទេចអាសនៈ និងរូបសំណាក ព្រមទាំងសម្លាប់លោកម៉ាត់ថាន ជាបូជាចារ្យរបស់ព្រះបាលនៅមុខអាសនៈទៀតផង។ លោកយេហូយ៉ាដាបានចាត់ចែងឲ្យមានអ្នកមើលខុសត្រូវលើព្រះដំណាក់របស់ព្រះអម្ចាស់។ បន្ទាប់មក លោកនាំពួកមេទ័ព ពួកនាយទាហានហ្លួងដែលជាជនជាតិការី និងពលទាហាន ព្រមទាំងប្រជាជនទាំងមូលនៅក្នុងស្រុក ដង្ហែព្រះមហាក្សត្រពីព្រះដំណាក់របស់ព្រះអម្ចាស់ ចូលវាំង តាមខ្លោងទ្វារនៃពួកអ្នកយាម រួចហើយព្រះបាទយ៉ូអាសឡើងគង់លើបល្ល័ង្ករាជ្យ។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយទីក្រុងក៏បានសុខសាន្ត។ គេបានប្រហារជីវិតព្រះនាងអថាលានៅក្នុងវាំង។
២ ពង្សាវតារក្សត្រ 11:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯអ័ថាលា ព្រះមាតានៃអ័ហាស៊ីយ៉ា កាលបានឃើញថា ព្រះរាជបុត្រាសុគតហើយដូច្នោះ នោះព្រះនាងក៏ចាត់ចែងបំផ្លាញជំនួរវង្ស នៃស្តេចទាំងប៉ុន្មានទៅ តែយ៉ូសេបា ជាបុត្រីស្តេចយ៉ូរ៉ាម ហើយជាកនិដ្ឋារបស់អ័ហាស៊ីយ៉ា នាងបានលួចយកយ៉ូអាស ជាបុត្រារបស់អ័ហាស៊ីយ៉ា ចេញពីពួកបុត្រារបស់ស្តេច ដែលត្រូវស្លាប់នោះ ព្រមទាំងមេនំផង ទៅលាក់ទុកក្នុងបន្ទប់ដេក ឲ្យរួចពីអ័ថាលា មិនឲ្យត្រូវស្លាប់ បុត្រនោះក៏នៅជាមួយនឹងនាង លាក់ទុកក្នុងព្រះវិហារនៃព្រះយេហូវ៉ាអស់៦ឆ្នាំ ឯព្រះនាងអ័ថាលា បានសោយរាជ្យលើនគរ។ លុះដល់ឆ្នាំទី៧ នោះយេហូយ៉ាដាក៏ចាត់គេ ឲ្យទៅនាំពួកមេទ័ពពួកនាយ នឹងពួកថ្មើរជើង មកឯលោកនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា លោកក៏តាំងសញ្ញានឹងគេ ហើយឲ្យគេស្បថ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចបង្ហាញឲ្យគេឃើញបុត្រា នៃស្តេចនោះ លោកបង្គាប់គេថា ត្រូវឲ្យអ្នករាល់គ្នាធ្វើយ៉ាងនេះ គឺពួកអ្នករាល់គ្នា១ភាគក្នុង៣ ដែលចូលវេននៅថ្ងៃឈប់សំរាក នោះត្រូវត្រួតលើការចាំយាម រក្សានៅមន្ទីររបស់ស្តេច ត្រូវឲ្យ១ភាគក្នុង៣ទៀត នៅត្រង់មាត់ទ្វារស៊ើរ ហើយ១ភាគក្នុង៣ទៀត នៅត្រង់ទ្វារខាងក្រោយទីនៃពួកចាំយាម អ្នករាល់គ្នាត្រូវចាំយាមរក្សាព្រះវិហារយ៉ាងនោះ កុំឲ្យអ្នកណាចូលឡើយ ឯអ្នករាល់គ្នាទាំង២កង ដែលចេញវេននៅថ្ងៃឈប់សំរាក នោះត្រូវចាំយាមរក្សាព្រះវិហារនៃព្រះយេហូវ៉ា នៅព័ទ្ធជុំវិញស្តេច ត្រូវឲ្យអ្នករាល់គ្នាកាន់គ្រឿងសស្រ្តាវុធ នៅដៃរៀងខ្លួនចោមព័ទ្ធស្តេច បើមានអ្នកណាចូលហួសថែវអ្នករាល់គ្នាមក នោះត្រូវសំឡាប់ចេញ ហើយត្រូវឲ្យអ្នករាល់គ្នានៅជាមួយនឹងស្តេច ក្នុងកាលដែលទ្រង់យាងចេញទៅ នឹងចូលមកផង។ ពួកមេទ័ព គេធ្វើតាមបង្គាប់យេហូយ៉ាដាដ៏ជាសង្ឃគ្រប់ជំពូក គេនាំយកពួកកងគេរៀងខ្លួន ជាពួកដែលចូលវេននៅថ្ងៃឈប់សំរាក នឹងពួកដែលចេញវេននៅថ្ងៃឈប់សំរាកដែរ មកឯយេហូយ៉ាដាដ៏ជាសង្ឃ លោកក៏ចែកលំពែង នឹងខែលរបស់ស្តេចដាវីឌ ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដល់ពួកមេទ័ព ដូច្នេះ ពួកចាំយាមគេក៏កាន់គ្រឿងសស្រ្តាវុធនៅដៃរៀងខ្លួន ឈរនៅព័ទ្ធជុំវិញស្តេច ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតដល់ខាងឆ្វេងតាមក្បែរអាសនាព្រះវិហារ នោះលោកនាំព្រះរាជបុត្រានៃស្តេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយទ្រង់ ព្រមទាំងប្រគល់សេចក្ដីបន្ទាល់ដល់ទ្រង់ តាំងឡើងជាស្តេច ហើយចាក់ប្រេងថ្វាយ នោះគេក៏ទះដៃបន្លឺឡើងថា សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចំរើន។ កាលព្រះនាងអ័ថាលា បានឮសូរអឺងកងនៃពួកចាំយាម នឹងបណ្តាជនទាំងប៉ុន្មាន នោះព្រះនាងយាងចូលទៅឯគេ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏ទតមើលទៅឃើញស្តេចទ្រង់ប្រថាប់ នៅលើទីថ្កល់ តាមទំនៀម មានទាំងពួកមេទ័ព នឹងពួកផ្លុំត្រែ ឈរនៅជិតផង ពួកបណ្តាជន ជាអ្នកស្រុកនោះទាំងអស់ ក៏រីករាយសប្បាយឡើង ទាំងផ្លុំត្រែផង ដូច្នេះព្រះនាងអ័ថាលាទ្រង់ហែកព្រះពស្រ្តស្រែកឡើងថា នេះជាការក្បត់ ជាការក្បត់ហើយ តែយេហូយ៉ាដាដ៏ជាសង្ឃ លោកបង្គាប់ដល់ពួកមេទ័ពដែលត្រួតលើពលទ័ពថា ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសំឡាប់គេដោយដាវ នោះគឺពីព្រោះសង្ឃបានប្រាប់ថា កុំឲ្យសំឡាប់ព្រះនាងនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ ដូច្នេះ គេក៏ចៀសបើកផ្លូវឲ្យព្រះនាងយាងចេញ ហើយព្រះនាងយាងចេញទៅតាមផ្លូវសេះ ដែលចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះទៅ។ រួចមកយេហូយ៉ាដា លោកឲ្យស្តេច នឹងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជារាស្ត្ររបស់ផងព្រះយេហូវ៉ា ហើយឲ្យស្តេច នឹងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ ក្រោយនោះពួកបណ្តាជនទាំងឡាយដែលនៅក្នុងស្រុក គេចូលទៅបំផ្លាញវិហារព្រះបាល បំបាក់បំបែកអស់ទាំងអាសនា ព្រមទាំងរូបព្រះអស់រលីង ក៏សំឡាប់ម៉ាត់ថាន ជាសង្ឃនៃព្រះបាល នៅត្រង់មុខអាសនា រួចយេហូយ៉ាដាដ៏ជាសង្ឃ លោកតាំងឲ្យមានពួកត្រួតត្រា ក្នុងព្រះវិហារនៃព្រះយេហូវ៉ា លោកក៏នាំយកពួកមេទ័ព ពួកនាយ នឹងពួកថ្មើរជើង ព្រមទាំងពួកបណ្តាជនទាំងប៉ុន្មាននៅក្នុងស្រុក ទៅដង្ហែស្តេចចុះពីព្រះវិហារនៃព្រះយេហូវ៉ា ចូលទៅក្នុងដំណាក់ហ្លួង តាមផ្លូវទ្វារកំផែង ជាទីរបស់ពួកចាំយាម ហើយទ្រង់ក៏ឡើងគង់លើបល្ល័ង្ករាជ្យ ដូច្នេះ ពួកបណ្តាជនទាំងឡាយនៅក្នុងស្រុក គេរីករាយសប្បាយឡើងទាំងអស់គ្នា ហើយទីក្រុងក៏មានសេចក្ដីសុខសាន្តត្រាណ ឯអ័ថាលា គេបានធ្វើគុតព្រះនាងដោយដាវ នៅត្រង់ដំណាក់ស្តេចទៅ។