២ ពង្សាវតារក្សត្រ 10:10-17
២ ពង្សាវតារក្សត្រ 10:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរដឹងថា ក្នុងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានថ្លែងទំនាយទាស់នឹងជំនួរវង្សព្រះបាទអ័ហាប់ នោះនឹងគ្មានណាមួយធ្លាក់ដល់ដីឡើយ ដ្បិតព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូល ដោយសារលោកអេលីយ៉ាជាអ្នកបម្រើរបស់ព្រះអង្គហើយ»។ ដូច្នេះ ព្រះបាទយេហ៊ូវបានប្រហារជីវិតអស់អ្នកដែលនៅសល់ ក្នុងជំនួរវង្សរបស់ព្រះបាទអ័ហាប់នៅត្រង់យេសរាល ព្រមទាំងពួកអ្នកធំ និងពួកមិត្តសម្លាញ់ស្និទ្ធស្នាល ហើយពួកសង្ឃរបស់ទ្រង់ផង ឥតទុកឲ្យមានអ្នកណាមួយសល់នៅខាងទ្រង់ឡើយ។ ក្រោយមក ព្រះបាទយេហ៊ូវក៏ចេញទៅឯក្រុងសាម៉ារី។ កាលបានទៅដល់សាលា ដែលនៅតាមផ្លូវនោះ ជាទីដែលពួកគង្វាលចៀមធ្លាប់ប្រជុំគ្នា ក៏ជួបនឹងពួកបងប្អូនរបស់ព្រះបាទអ័ហាស៊ីយ៉ា ជាស្ដេចយូដា ហើយព្រះបាទយេហ៊ូវសួរថា៖ «តើអ្នករាល់គ្នាជាអ្នកណា?» គេឆ្លើយតបថា៖ «យើងខ្ញុំរាល់គ្នាជាបងប្អូននៃព្រះបាទអ័ហាស៊ីយ៉ា យើងចុះទៅជម្រាបសួរដល់ពួកបុត្រនៃក្សត្រាក្សត្រី»។ ព្រះបាទយេហ៊ូវក៏បង្គាប់ថា៖ «ចូរចាប់គេទាំងរស់ទៅ!» ពួកគេក៏ចាប់អ្នកទាំងនោះទាំងរស់ នាំទៅសម្លាប់ទាំងសែសិបពីរនាក់ នៅត្រង់អណ្ដូងរបស់សាលានោះ ឥតទុកឲ្យរស់ម្នាក់ឡើយ។ ពេលព្រះបាទយេហ៊ូវចេញពីទីនោះទៅ ក៏ជួបនឹងយ៉ូណាដាប ជាកូនរេកាប ដែលដើរមកពីខាងមុខ ទ្រង់ក៏គំនាប់គាត់សួរថា៖ «តើចិត្តរបស់អ្នកស្មោះត្រង់ចំពោះខ្ញុំ ដូចចិត្តរបស់ខ្ញុំស្មោះត្រង់ចំពោះអ្នកឬទេ?» យ៉ូណាដាបឆ្លើយតបថា៖ «ខ្ញុំមានចិត្តស្មោះត្រង់មែន»។ ព្រះបាទយេហ៊ូវឆ្លើយថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ ណាដាបក៏ហុចដៃទៅ ហើយលោកចាប់ទទួលឲ្យឡើងជិះលើរទេះជាមួយគ្នា។ រួចព្រះបាទយេហ៊ូវប្រាប់ថា៖ «សូមអ្នកទៅជាមួយខ្ញុំ ដើម្បីមើលសេចក្ដីឧស្សាហ៍របស់ខ្ញុំចំពោះព្រះយេហូវ៉ា»។ ដូច្នេះ លោក ក៏ឲ្យគាត់ឡើងជិះក្នុងរទេះជាមួយលោក។ កាលបានទៅដល់ក្រុងសាម៉ារីហើយ លោកក៏វាយសម្លាប់អស់អ្នកដែលសល់នៅក្នុងជំនួរវង្សព្រះបាទអ័ហាប់ ក្នុងក្រុងសាម៉ារី ដរាបដល់បានបំផ្លាញជំនួរវង្សរបស់ទ្រង់អស់រលីង តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងលោកអេលីយ៉ា។
២ ពង្សាវតារក្សត្រ 10:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ សូមអ្នករាល់គ្នាជ្រាបថា ព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់ថ្លែងប្រឆាំងនឹងរាជវង្សរបស់ស្ដេចអហាប់ សុទ្ធតែបានសម្រេចឥតខ្វះត្រង់ណាឡើយ! ព្រះអម្ចាស់បានសម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គមានព្រះបន្ទូលតាមរយៈលោកអេលីយ៉ា ជាអ្នកបម្រើរបស់ព្រះអង្គ»។ លោកយេហ៊ូវប្រហារជីវិតញាតិវង្សរបស់ព្រះបាទអហាប់ ដែលនៅសេសសល់ក្នុងក្រុងយេសរាល ព្រមទាំងពួកនាម៉ឺនធំៗ អស់អ្នកដែលជិតស្និទ្ធនឹងស្ដេច ពួកបូជាចារ្យរបស់ស្ដេច ដោយពុំទុកនរណាម្នាក់ឲ្យរួចជីវិតឡើយ។ បន្ទាប់មក លោកយេហ៊ូវក្រោកឡើង ធ្វើដំណើរទៅកាន់ក្រុងសាម៉ារី។ ពេលធ្វើដំណើរទៅដល់សាលាសំណាក់របស់ពួកគង្វាល លោកបានជួបនឹងបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា។ លោកសួរពួកគេថា៖ «តើអស់លោកជានរណាដែរ?»។ ពួកគេឆ្លើយថា៖ «ពួកយើងជាបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា ពួកយើងនាំគ្នាចុះមកធ្វើគារវកិច្ចចំពោះបុត្ររបស់ព្រះមហាក្សត្រ និងបុត្ររបស់ព្រះមហាក្សត្រិយានី»។ លោកយេហ៊ូវបញ្ជាថា៖ «ចូរចាប់ពួកគេទាំងរស់!»។ គេក៏ចាប់អ្នកទាំងនោះទាំងរស់ នាំយកទៅសម្លាប់ ហើយបោះសាកសពទៅក្នុងអណ្ដូងទឹកនៃសាលាសំណាក់នោះ។ អ្នកទាំងនោះមានគ្នាចំនួនសែសិបពីរនាក់ លោកយេហ៊ូវឥតទុកនរណាម្នាក់ឲ្យរត់រួចឡើយ។ កាលលោកយេហ៊ូវចេញដំណើរពីទីនោះទៅ លោកបានជួបនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ដែលដើរតម្រង់មករកលោក។ លោកយេហ៊ូវជម្រាបសួរគាត់ ហើយសួរថា៖ «តើលោកមានចិត្តស្មោះចំពោះខ្ញុំ ដូចខ្ញុំមានចិត្តស្មោះចំពោះលោកដែរឬទេ?»។ លោកយ៉ូណាដាប់ឆ្លើយថា៖ «ខ្ញុំមានចិត្តស្មោះមែន»។ លោកយេហ៊ូវមានប្រសាសន៍ទៀតថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ លោកយ៉ូណាដាប់ក៏ហុចដៃ ហើយលោកយេហ៊ូវចាប់ដៃគាត់ ទាញឡើងជិះរទេះជាមួយលោក។ លោកយេហ៊ូវមានប្រសាសន៍ថា៖ «សូមមកជាមួយខ្ញុំ នោះលោកនឹងឃើញចិត្តស្រឡាញ់មោះមុតរបស់ខ្ញុំចំពោះព្រះអម្ចាស់!»។ លោកយេហ៊ូវក៏នាំលោកយ៉ូណាដាប់ឡើងជិះរទេះទៅជាមួយលោក។ លុះទៅដល់ក្រុងសាម៉ារី លោកយេហ៊ូវបានសម្លាប់ញាតិវង្សរបស់ព្រះបាទអហាប់ ដែលនៅសេសសល់ក្នុងក្រុងនោះ។ លោកសម្លាប់ពួកគេឲ្យផុតពូជ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈលោកអេលីយ៉ា។
២ ពង្សាវតារក្សត្រ 10:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ សូមឲ្យដឹងថា ក្នុងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានទាយទាស់នឹងជំនួរវង្សអ័ហាប់ នោះនឹងគ្មានណា១ធ្លាក់ដល់ដីឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានធ្វើតាមសេចក្ដី ដែលទ្រង់បានមានបន្ទូល ដោយសារអេលីយ៉ា ជាអ្នកបំរើទ្រង់ហើយ ដូច្នេះ យេហ៊ូវបានប្រហារជីវិតនៃអស់អ្នកណាដែលសល់នៅ ក្នុងជំនួរវង្សរបស់អ័ហាប់ នៅត្រង់យេសរាល ព្រមទាំងពួកអ្នកធំ នឹងពួកមិត្រសំឡាញ់ស្និទ្ធស្នាល ហើយពួកសង្ឃរបស់ទ្រង់ផង ឥតទុកឲ្យមានអ្នកណាមួយសល់នៅខាងទ្រង់ឡើយ។ ក្រោយមក យេហ៊ូវក៏ក្រោកឡើងចេញទៅឯក្រុងសាម៉ារី កាលបានទៅដល់សាលា ដែលនៅតាមផ្លូវនោះ ជាទីដែលពួកគង្វាលចៀមធ្លាប់ប្រជុំគ្នា នោះក៏ប្រទះនឹងពួកបងប្អូនរបស់អ័ហាស៊ីយ៉ា ជាស្តេចយូដា ហើយលោកសួរថា អ្នករាល់គ្នាតើជាអ្នកណា គេឆ្លើយតបថាយើងរាល់គ្នាជាបងប្អូននៃអ័ហាស៊ីយ៉ា យើងចុះទៅជំរាបសួរដល់ពួកបុត្រនៃក្សត្រាក្សត្រី។ នោះលោកបង្គាប់ថា ចូរចាប់គេទាំងរស់ទៅ ពួកលោកក៏ចាប់អ្នកទាំងនោះទាំងរស់ នាំទៅសំឡាប់ទាំង៤២នាក់ នៅត្រង់អណ្តូងរបស់សាលានោះ ឥតទុកឲ្យសល់ដល់ម្នាក់ឡើយ។ កាលយេហ៊ូវបានចេញពីទីនោះទៅ នោះក៏ប្រទះនឹងយ៉ូណាដាប ជាកូនរេកាប ដែលដើរមកពីខាងមុខ លោកក៏គំនាប់គាត់សួរថា តើចិត្តអ្នកស្មោះត្រង់ ដូចជាខ្ញុំដែលស្មោះត្រង់ចំពោះអ្នកឬទេ យ៉ូណាដាបឆ្លើយតបថាស្មោះត្រង់ពិត លោកក៏ថា បើដូច្នេះ ចូរហុចដៃមក អ្នកនោះក៏ហុចដៃទៅ ហើយលោកចាប់ទទួលឲ្យឡើងជិះលើរថជាមួយគ្នា រួចលោកប្រាប់ថា សូមអ្នកទៅជាមួយនឹងខ្ញុំចុះ ដើម្បីមើលសេចក្ដីឧស្សាហ៍របស់ខ្ញុំចំពោះព្រះយេហូវ៉ា ដូច្នេះ គេក៏ឲ្យគាត់ឡើងជិះក្នុងរថរបស់យេហ៊ូវ កាលបានដល់ក្រុងសាម៉ារីហើយ នោះលោកក៏វាយសំឡាប់អស់អ្នក ដែលសល់នៅក្នុងជំនួរវង្សអ័ហាប់ ក្នុងក្រុងសាម៉ារី ដរាបដល់បានបំផ្លាញជំនួរវង្សនៃទ្រង់អស់រលីងទៅ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងអេលីយ៉ា។