២ ពង្សាវតារក្សត្រ 1:1-18

២ ពង្សាវតារក្សត្រ 1:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ពី​ព្រះបាទ​អ័ហាប់​សុគត​ទៅ សាសន៍​ម៉ូអាប់​បាន​បះ‌បោរ​នឹង​ពួក​អ៊ីស្រា‌អែល។ ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​ធ្លាក់​ចុះ​ពី​រាន​ហាល​នៃ​ដំណាក់​ជាន់​លើ នៅ​ក្រុង​សាម៉ារី ហើយ​ទ្រង់​ក៏​ប្រឈួន ទ្រង់​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ ដោយ​បង្គាប់​ថា៖ «ចូរ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​របស់​ពួក​អេក្រុន តើ​យើង​នឹង​ជា​ពី​ជំងឺ​នេះ​ឬ​ទេ?» ប៉ុន្តែ ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ប្រាប់​លោក​អេលីយ៉ា ជា​អ្នក​ស្រុក​ធេស‌ប៊ី​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ជួប​ពួក​អ្នក​នាំ​សារ​របស់​ស្តេច​ក្រុង​សាម៉ារី ហើយ​សួរ​គេ​ថា "តើ​ដោយ​ព្រោះ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ បាន​ជា​អ្នក​រាល់​គ្នា​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​របស់​ពួក​អេក្រុន​ដូច្នេះ?" ហេតុ​នេះ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ទ្រង់​នឹង​មិន​ក្រោក​ពី​ដំណេក ដែល​ទ្រង់​បាន​ផ្ទំ​នោះ​ឡើយ គឺ​ពិត​ជា​ត្រូវ​សុគត"»។ រួច​លោក​អេលីយ៉ា​ក៏​ចេញ​បាត់​ទៅ។ ពួក​អ្នក​នាំ​សារ​បាន​វិល​ត្រឡប់​មក​គាល​ស្ដេច​វិញ ហើយ​ទ្រង់​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ?» ពួក​គេ​ទូល​ឆ្លើយ​ថា៖ «មាន​បុរស​ម្នាក់​បាន​មក​ជួប​យើង​ខ្ញុំ ហើយ​ប្រាប់​ថា "ចូរ​វិល​ទៅ​ទូល​ស្តេច​ដែល​ចាត់​អ្នក​រាល់​គ្នា​មក​នោះ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដោយ​ព្រោះ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ បាន​ជា​ព្រះ‌ករុណា​ចាត់​គេ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​របស់​ពួក​អេក្រុន? ហេតុ​នេះ ព្រះ‌ករុណា​នឹង​មិន​ក្រោក​ពី​ដំណេក​ដែល​បាន​ផ្ទំ​ឡើយ គឺ​ត្រូវ​សុគត"»។ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​គេ​ថា៖ «តើ​បុរស​ដែល​មក​ជួប​នឹង​អ្នក​រាល់​គ្នា ហើយ​ពោល​ពាក្យ​ទាំង​នេះ មាន​រូប​រាង​យ៉ាង​ដូច​ម្ដេច?» គេ​ទូល​តប​ថា៖ «បុរស​នោះ​ពាក់​អាវ​ធ្វើ​ពី​រោម ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ » ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «នោះ​ពិត​ជា​អេលីយ៉ា អ្នក​ស្រុក​ធេស‌ប៊ី»។ បន្ទាប់​មក ស្ដេច​បាន​ចាត់​មេ‌ទ័ព​ម្នាក់ និង​ពួក​ទាហាន​ហាសិប​នាក់ ឲ្យ​ទៅ​រក​លោក​អេលីយ៉ា គេ​បាន​ឡើង​ទៅ​រក​លោក​ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ មេ‌ទ័ព​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ ស្តេច​បាន​បង្គាប់​ឲ្យ​អ្នក​ចុះ​មក»។ លោក​អេលីយ៉ា​ឆ្លើយ​ទៅ​មេ‌ទ័ព​នោះ​ថា៖ «ប្រសិន‌បើ​ខ្ញុំ​ជា​អ្នក​សំណព្វ​របស់​ព្រះ​ពិត​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​អ្នក និង​ពួក​ហាសិប​នាក់​នេះ​ទៅ!» ពេល​នោះ ក៏​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​មេទ័ព និង​ពួក​ហាសិប​នាក់​នោះ​មែន។ ស្ដេច​បាន​ចាត់​មេ‌ទ័ព​ម្នាក់​ទៀត និង​ពួក​ហាសិប​នាក់​របស់​គាត់​ឲ្យ​ទៅ​រក​លោក​អេលីយ៉ា ។ មេ‌ទ័ព​នោះ​ក៏​ឡើង​ទៅ ហើយ​និយាយ​ទៅ​កាន់​លោក​ថា៖ «ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ ស្តេច​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា "ចូរ​ប្រញាប់​ចុះ​មក!"»។ លោក​អេលីយ៉ា​បាន​ឆ្លើយ​ទៅ​គេ​ថា៖ «ប្រសិន‌បើ​ខ្ញុំ​ជា​អ្នក​សំណព្វ​របស់​ព្រះ​ពិត​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​អ្នក និង​ពួក​ហាសិប​នាក់​នេះ​ទៅ!» ពេល​នោះ ក៏​មាន​ភ្លើង​របស់​ព្រះ​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​មេ‌ទ័ព​នោះ និង​ពួក​ហាសិប​នាក់​នោះ​មែន។ ស្ដេច​បាន​ចាត់​មេ‌ទ័ព​ទី​បី និង​ពួក​ហាសិប​នាក់ ឲ្យ​ទៅ​ថែម​ទៀត មេ‌ទ័ព​ទី​បី​នោះ​បាន​ឡើង​ទៅ​លុត​ជង្គង់​ក្រាប​នៅ​មុខ​លោក​អេលីយ៉ា អង្វរ​ថា៖ «ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ សូម​អាណិត​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ប្របាទ និង​ជីវិត​របស់​ហាសិប​នាក់​នេះ​ផង​ចុះ។ មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​បញ្ឆេះ​មេ‌ទ័ព​ទាំង​ពីរ​នាក់ និង​ពួក​ហាសិប​នាក់​របស់​គេ ដែល​មក​មុន​នោះ​ទៅ​ហើយ តែ​ឥឡូវ​នេះ សូម​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ប្របាទ​ផង!»។ ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​ប្រាប់​លោក​អេលីយ៉ា​ថា៖ «ចូរ​ចុះ​ទៅ​ជា‌មួយ​គេ​ចុះ កុំ​ខ្លាច​ឡើយ» ដូច្នេះ លោក​ក៏​ក្រោក​ឡើង ហើយ​ចុះ​ទៅ​ជា‌មួយ​គេ ចូល​ទៅ​គាល់​ស្តេច លោក​ទូល​ស្តេច​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ដែល​អ្នក​បាន​ចាត់​អ្នក​នាំសារ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​របស់​ពួក​អេក្រុន​នោះ តើ​ដោយ​ព្រោះ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល ដែល​អាច​សួរ​ទ្រង់​បាន​ឬ? ហេតុ​នេះ ទ្រង់​នឹង​មិន​អាច​ក្រោក​ពី​ដំណេក ដែល​ទ្រង់​ផ្ទំ​នេះ​ឡើយ គឺ​ពិត​ជា​ត្រូវ​សុគត"»។ ដូច្នេះ ទ្រង់​ក៏​សុគត ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ដែល​លោក​អេលីយ៉ា​បាន​ថ្លែង។ ស្ដេច​យេ‌ហូរ៉ាមជា​អនុជ បាន​ស្នង​រាជ្យ​ជំនួស​ទ្រង់ គឺ​ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រាជ្យ​ស្ដេច​យេ‌ហូរ៉ាម ជា​បុត្រ​របស់​យេ‌ហូសា‌ផាត ស្តេច​យូដា ដ្បិត​អ័ហា‌ស៊ីយ៉ា​គ្មាន​បុត្រា​ទេ។ រីឯ​កិច្ច‌ការ​ផ្សេងៗ​ទៀត ដែល​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

២ ពង្សាវតារក្សត្រ 1:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពី​ព្រះ‌បាទ​អហាប់​សោយ​ទិវង្គត ជន‌ជាតិ​ម៉ូអាប់​បាន​បះ‌បោរ​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ថ្ងៃ​មួយ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​បាន​ធ្លាក់​ពី​រាន‌ហាល​បន្ទប់​ជាន់​លើ​បំផុត​នៃ​ព្រះ‌ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​មាន​របួស​ជា​ទម្ងន់។ ស្ដេច​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ដើម្បី​ចង់​ដឹង​ថា តើ​ទ្រង់​អាច​ជា​សះ‌ស្បើយ​ពី​របួស​នេះ​ឬ​ទេ? ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់ ថ្លែង​ទៅ​កាន់​លោក​អេលីយ៉ា ជា​អ្នក​ស្រុក​ធេស‌ប៊ី​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ជួប​អ្នក​នាំ​សារ​របស់​ស្ដេច​ក្រុង​សា‌ម៉ារី ហើយ​សួរ​ថា “តើ​នៅ​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​នាំ​គ្នា​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ?” ហេតុ​នេះ​ហើយ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ លោក​អេលីយ៉ា​ក៏​ចាក​ចេញ​ទៅ។ ពួក​អ្នក​នាំ​សារ​វិល​មក​គាល់​ស្ដេច​វិញ ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ?»។ ពួក​គេ​ទូល​ថា៖ «មាន​បុរស​ម្នាក់​មក​ជួប​យើង​ខ្ញុំ ព្រម​ទាំង​ប្រាប់​យើង​ខ្ញុំ​ដូច​ត​ទៅ: “ចូរ​វិល​ទៅ​ទូល​ស្ដេច ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​នោះ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: តើ​នៅ​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ? ហេតុ​នេះ អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ ស្ដេច​សួរ​អ្នក​នាំ​សារ​ថា៖ «តើ​បុរស​ដែល​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ពោល​ពាក្យ​ទាំង​នេះ មាន​រូប​រាង​ដូច​ម្ដេច?»។ ពួក​គេ​ទូល​ស្ដេច​ថា៖ «បុរស​នោះ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​សត្វ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក​នៅ​ចង្កេះ​ផង»។ ពេល​នោះ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «គឺ​ពិត​ជា​អេលីយ៉ា អ្នក​ស្រុក​ធេស‌ប៊ី!» ស្ដេច​ក៏​ចាត់​មេ​កង​ម្នាក់​ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់ ទៅ​រក​ចាប់​លោក​អេលីយ៉ា។ គេ​នាំ​គ្នា​ឡើង​ទៅ​រក​ចាប់​លោក​អេលីយ៉ា ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ​កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះ‌រាជា»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​មេ​កង​នោះ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​ឆេះ​លោក និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។ ស្ដេច​ចាត់​មេ‌ទ័ព​ម្នាក់​ទៀត​ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់​ទៅ​រក​ចាប់​លោក​អេលីយ៉ា។ មេ​កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​ប្រញាប់​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះ‌រាជា!»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​មក​ពួក​គេ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​ឆេះ​លោក និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។ ស្ដេច​ចាត់​មេ​កង​ទី​បី​ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់​ទៅ​សា​ជា​ថ្មី។ ពេល​មេ​កង​ទី​បី​នេះ​ឡើង​ទៅ​ដល់​លើ​កំពូល​ភ្នំ គាត់​លុត​ជង្គង់​នៅ​មុខ​លោក​អេលីយ៉ា រួច​អង្វរ​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ! សូម​អាណិត​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ប្របាទ និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នេះ​ផង។ មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ឆេះ​មេ​កង​ទាំង​ពីរ និង​ពល​ទាហាន​របស់​ពួក​គេ​ដែល​មក​មុនៗ​នោះ​អស់​ហើយ ឥឡូវ​នេះ សូម​អាណិត​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ប្របាទ​ផង!»។ ទេវតា*​របស់​ព្រះ‌អម្ចាស់​ប្រាប់​លោក​អេលីយ៉ា​ថា៖ «ចូរ​ទៅ​ជា​មួយ​គេ​ចុះ កុំ​ភ័យ​ខ្លាច​ឡើយ!»។ លោក​អេលីយ៉ា​ក្រោក​ឡើង ហើយ​ទៅ​ជា​មួយ​គេ ចូល​គាល់​ស្ដេច ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ដោយ​អ្នក​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ធ្វើ​ហាក់​ដូច​ជា​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ដែល​គេ​អាច​សួរ​បាន។ ហេតុ​នេះ អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​សោយ​ទិវង្គត​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​លោក​អេលីយ៉ា​បាន​ថ្លែង។ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​គ្មាន​បុត្រ​ទេ ដូច្នេះ ព្រះ‌បាទ​យ៉ូរ៉ាម ជា​អនុជ ឡើង​ស្នង​រាជ្យ​នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ស្ដេច​ស្រុក​យូដា។ រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា និង​អ្វីៗ​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

២ ពង្សាវតារក្សត្រ 1:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​ដែល​អ័ហាប់​សុគត​ហើយ នោះ​សាសន៍​ម៉ូអាប់ គេ​បះ‌បោរ​នឹង​ពួក​អ៊ីស្រាអែល នៅ​ខណ​នោះ អ័ហា‌ស៊ីយ៉ា​ទ្រង់​ធ្លាក់ ពី​ភ្នាក់​ដៃ​រាន​ជាន់​លើ នៃ​ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​ក៏​ទ្រង់​ប្រឈួន នោះ​ទ្រង់​ប្រើ​គេ​ឲ្យ​ទៅ ដោយ​បង្គាប់​ថា ចូរ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន តើ​អញ​នឹង​បាន​ជា​ពី​ការ​ឈឺ​នេះ​ឬ​ទេ តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ប្រាប់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា ចូរ​ក្រោក​ឡើង​ទៅ​ជួប​នឹង​ពួក​អ្នក ដែល​ស្តេច​ក្រុង​សាម៉ារី​ចាត់​ប្រើ​ទៅ​នោះ សួរ​គេ​ថា តើ​ដោយ​ហេតុ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រាអែល​ឬ​អី បាន​ជា​ឯង​រាល់​គ្នា​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន​វិញ ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ឯង​នឹង​មិន​ចុះ​ពី​ដំណេក ដែល​ឯង​បាន​ឡើង​ទៅ​នោះ​បាន​ឡើយ គឺ​នឹង​ត្រូវ​ស្លាប់​ជា​ពិត រួច​អេលីយ៉ា​ក៏​ចេញ​បាត់​ទៅ។ ឯ​ពួក​អ្នក​ដែល​ស្តេច​ចាត់​ប្រើ​នោះ គេ​ក៏​វិល​ត្រឡប់​មក​ឯ​ទ្រង់​វិញ ហើយ​ទ្រង់​មាន​បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ គេ​ក៏​ទូល​ឆ្លើយ​ថា មាន​មនុស្ស​ម្នាក់​ឡើង​មក​ជួប​នឹង​យើង​ខ្ញុំ​ប្រាប់​ថា ចូរ​វិល​ទៅ​ឯ​ស្តេច ដែល​ចាត់​ប្រើ​ឯង​រាល់​គ្នា​មក ហើយ​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ តើ​ដោយ​ហេតុ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រាអែល​ឬ​អី បាន​ជា​ព្រះ‌ករុណា​ចាត់​គេ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន​វិញ ហេតុ​នេះទ្រង់​នឹង​មិន​ចុះ​ពី​ដំណេក ដែល​បាន​ឡើង​ទៅ​នោះ​បាន​ឡើយ គឺ​ត្រូវ​សុគត​ជា​ពិត​វិញ ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា មនុស្ស​ដែល​ឡើង​មក​ជួប​នឹង​ឯង​រាល់​គ្នា ពោល​សេចក្ដី​ទាំង​នេះ តើ​បែប​យ៉ាង​ណា គេ​ទូល​តប​ថា មនុស្ស​នោះ​ពាក់​អាវ​ធ្វើ​ពី​រោម ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ទ្រង់​មាន​បន្ទូល​ថា នោះ​គឺ​ជា​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ហើយ។ នោះ​ទ្រង់​ចាត់​មេ‌ទ័ព​ម្នាក់ នឹង​ពួក​ទាហាន​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​រក​អេលីយ៉ា គេ​ក៏​ឡើង​ទៅ​ឯ​លោក​ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ មេ‌ទ័ព​នោះ​និយាយ​នឹង​លោក​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ ស្តេច​ទ្រង់​បង្គាប់​ឲ្យ​អ្នក​ចុះ​មក អេលីយ៉ា​ឆ្លើយ​ទៅ​មេ‌ទ័ព​នោះ​ថា បើ​ខ្ញុំ​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត នោះ​សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ឯង នឹង​ពួក​៥០​នាក់​របស់​ឯង​ទៅ នោះ​ក៏​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះមេ​ទ័ព​នោះ នឹង​ពួក​៥០​នាក់​របស់​គាត់​មែន ទ្រង់​ក៏​ចាត់​មេ‌ទ័ព​ម្នាក់ នឹង​ពួក​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​រក​លោក​ទៀត មេ‌ទ័ព​នោះ​និយាយ​នឹង​លោក​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ ស្តេច​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ចុះ​មក​ជា​ឆាប់ អេលីយ៉ា​ក៏​ឆ្លើយ​ទៅ​គេ​ថា បើ​ខ្ញុំ​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត នោះ​សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ឯង នឹង​ពួក​៥០​នាក់​របស់​ឯង​ទៅ នោះ​ក៏​មាន​ភ្លើង​នៃ​ព្រះ​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​មេ‌ទ័ព​នោះ នឹង​ពួក​៥០​នាក់​របស់​គាត់​ដែរ រួច​ទ្រង់​ក៏​ចាត់​មេ‌ទ័ព​ទី​៣ នឹង​ពួក​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​ថែម​ទៀត មេ‌ទ័ព​ទី​៣​នោះ​ក៏​ឡើង​ទៅ​លុត​ជង្គង់​ក្រាប​នៅ​មុខ​អេលីយ៉ា​អង្វរ​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ សូម​អាណិត​មេត្តា​ឲ្យ​ជីវិត​របស់​ខ្ញុំ​ប្របាទ នឹង​ជីវិត​របស់​៥០​នាក់​នេះ បាន​មាន​ដំឡៃ​នៅ​ភ្នែក​លោក​ចុះ មើល មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​បញ្ឆេះ​មេ‌ទ័ព​ទាំង​២​នាក់ នឹង​ពួក​៥០​នាក់​របស់​គេ ដែល​មក​មុន​នោះ​ទៅ​ហើយ តែ​ឥឡូវ​នេះ សូម​ឲ្យ​ជីវិត​ខ្ញុំ​ប្របាទ មាន​ដំឡៃ​នៅ​ភ្នែក​លោក​វិញ នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​ប្រាប់​អេលីយ៉ា​ថា ចូរ​ចុះ​ទៅ​ជា​មួយ​នឹង​គេ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ចុះ​ទៅ​ជា​មួយ​នឹង​គេ ចូល​ទៅ​គាល់​ស្តេច លោក​ទូល​ស្តេច​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯង​ចាត់​ប្រើ​គេ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន នោះ​តើ​មិន​មែន​ដោយ​ព្រោះ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រាអែល ដែល​ល្មម​សួរ​ព្រះ‌បន្ទូល​ទ្រង់​បាន​ឬ​អី ហេតុ​នេះឯង​នឹង​មិន​បាន​ចុះ​ពី​ដំណេក ដែល​បាន​ឡើង​ទៅ​នោះ​ឡើយ គឺ​នឹង​ត្រូវ​ស្លាប់​វិញ​ជា​ពិត។ ទ្រង់​ក៏​សុគត​ទៅ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​អេលីយ៉ា​បាន​ពោល​ហើយ រួច​យ៉ូរ៉ាមក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ គឺ​ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​នៃ​យ៉ូសា‌ផាត ស្តេច​យូដា ដ្បិត​អ័ហា‌ស៊ីយ៉ា​គ្មាន​ព្រះ‌រាជ​បុត្រា​ទេ រីឯ​ដំណើរ​ឯ​ទៀត ពី​អ័ហា‌ស៊ីយ៉ា ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ។