២ កូរិនថូស 9:1-9

២ កូរិនថូស 9:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​ដល់​ពួក​បរិសុទ្ធ នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ចិត្ត​សង្វាត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​អួត​ពី​អ្នក​រាល់​គ្នា​ប្រាប់​អ្នក​ស្រុក​ម៉ា‌សេ‌ដូន​ថា អ្នក​ស្រុក​អាខៃ​បាន​ប្រុង​ប្រៀប​ជា​ស្រេច តាំង​ពី​ឆ្នាំ​មុន​ម៉្លេះ ហើយចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​បាន​ជំរុញ​ចិត្ត​មនុស្ស​ជា​ច្រើន។ ខ្ញុំ​បាន​ចាត់​ពួក​បង‌ប្អូន​នោះ​មក ដើម្បី​កុំ​ឲ្យ​អំនួត​ដែល​យើង​អួត​ពី​អ្នក​រាល់​គ្នា ត្រង់​ចំណុច​នេះ ទៅ​ជា​ឥត​ប្រយោជន៍ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​រៀប​ចំ​ជា​ស្រេច ដូច​ជា​ខ្ញុំ​បាន​និយាយ​មែន តែ​ប្រសិន‌បើ​មាន​អ្នក​ស្រុក​ម៉ា‌សេ‌ដូន​ខ្លះ​មក​ជា​មួយ​ខ្ញុំ ហើយ​ឃើញ​ថា​អ្នក​រាល់​គ្នា​មិន​ទាន់​បាន​រៀប​ចំ នោះ​មិន​ត្រឹម​តែ​អ្នក​រាល់​គ្នា​ទេ សូម្បី​តែ​យើង​ក៏​នឹង​ត្រូវ​អា​ម៉ាស់​ដែរ ដ្បិត​យើង​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ជា​ខ្លាំង។ ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា គួរ​តែ​ជំរុញ​ឲ្យ​ពួក​បង‌ប្អូន​ធ្វើ​ដំណើរ​មក​ជួប​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​រៀប​ចំ​អំណោយ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​នេះ​ឲ្យ​បាន​រួច​រាល់ ហើយ​បង្ហាញ​ថា នោះ​ជា​អំណោយ​ស្ម័គ្រ​ពី​ចិត្ត​មែន មិន​មែន​ដោយ​បង្ខំ។ ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា អ្នក​ណា​ដែល​ព្រោះ​ដោយកំណាញ់ អ្នក​នោះ​នឹង​ច្រូត​បាន​ដោយកំណាញ់ ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ដោយ​សទ្ធា​ដែរ។ ត្រូវ​ឲ្យ​ម្នាក់ៗ​ថ្វាយ​តាម​ដែល​ខ្លួន​បាន​សម្រេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ស្រឡាញ់​អ្នក​ដែល​ថ្វាយ​ដោយ​ចិត្ត​រីក​រាយ។ ព្រះ​អាច​នឹង​ផ្គត់​ផ្គង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជា​បរិបូរ ដោយ​ព្រះ​ពរ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទាំង‌អស់​គ្រប់​គ្រាន់​ជា‌និច្ច ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​ក្នុង​ការ​ល្អ​គ្រប់​ជំពូក ដូច​សេចក្តី​ដែល​ចែង​ទុក​មក​ថា៖ «ព្រះ‌អង្គ​ចែក​សុស‌សាយ ព្រះ‌អង្គ​ប្រទាន​ដល់​អ្នក‌ក្រ សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​នៅ​ស្ថិត​ស្ថេរ រហូត​តរៀង​ទៅ» ។

ចែក​រំលែក
អាន ២ កូរិនថូស 9

២ កូរិនថូស 9:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​រឿង​ផ្ញើ​ជំនួយ​ទៅ​ជូន​ប្រជា‌ជន​ដ៏វិសុទ្ធនោះ មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ជម្រាប​បងប្អូន​ទេ ខ្ញុំ​ស្គាល់​ឆន្ទៈ​ល្អ​របស់​បងប្អូន​ស្រាប់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​សរសើរ​ពី​បងប្អូន​ប្រាប់​អ្នក​ស្រុក​ម៉ាសេ‌ដូន​ថា «បងប្អូន​នៅ​ស្រុក​អាខៃ​បាន​រៀបចំ​ខ្លួន​ជា​ស្រេច តាំង​ពី​ឆ្នាំ​ទៅ​ម៉្លេះ»។ ចិត្ត​ខ្នះ‌ខ្នែង​របស់​បងប្អូន​បាន​ជំរុញ​អ្នក​ឯ​ទៀត​ជា​ច្រើន ឲ្យ​មាន​ចិត្ត​ស្ទុះ‌ស្ទា​ឡើង។ ខ្ញុំ​បាន​ចាត់​ពួក​បងប្អូន​ខ្លះ​មក ដើម្បី​ឲ្យ​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​សរសើរ​ពី​បងប្អូន​ត្រង់​ចំណុច​នេះ មិន​មែន​ខុស​ទេ គឺ​បងប្អូន​ពិត​ជា​រៀបចំ​ខ្លួន​ជា​ស្រេច​ដូច​ខ្ញុំ​និយាយ​មែន។ ប្រសិន​បើ​បងប្អូន​នៅ​ស្រុក​ម៉ាសេ‌ដូន​មក​ជា​មួយ​ខ្ញុំ ហើយ​ឃើញ​ថា​បងប្អូន​មិន​ទាន់​រៀបចំ​ខ្លួន​ទេ​នោះ មិន​ត្រឹម​តែ​យើង​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អាម៉ាស់​មុខ បងប្អូន​ក៏​នឹង​ត្រូវ​អាម៉ាស់​មុខ​ដែរ មក​ពី​យើង​ទុក​ចិត្ត​លើ​បងប្អូន​ខ្លាំង​ពេក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​សុំ​ឲ្យ​បងប្អូន​នៅ​ទី​នោះ​ធ្វើ​ដំណើរ​មក​រក​បងប្អូន​មុន​ខ្ញុំ ដើម្បី​រៀបចំ​ប្រាក់​ជំនួយ​ដែល​បងប្អូន​សន្យា​នោះ​ឲ្យ​បាន​រួច​រាល់។ ការ​នេះ​ស​ឲ្យ​ឃើញ​ថា បងប្អូន​បាន​ចូល​ប្រាក់​ដោយ​ចិត្ត​ទូលាយ មិន​មែន​ដោយ​ចង្អៀត‌ចង្អល់​ទេ។ សូម​ចង​ចាំ​ថា អ្នក​ណា​ព្រោះ​តិច អ្នក​នោះ​ក៏​ច្រូត​បាន​ផល​តិច​ដែរ រីឯ​អ្នក​ដែល​ព្រោះ​ច្រើន​បរិបូណ៌ ក៏​ច្រូត​បាន​ផល​ច្រើន​បរិបូណ៌​ដែរ។ ហេតុ​នេះ ម្នាក់ៗ​ត្រូវ​តែ​ចូល​ប្រាក់​តាម​តែ​ខ្លួន​សម្រេច​ចិត្ត ដោយ​មិន​នឹក​ស្ដាយ ឬ​ទើស​ទ័ល​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ណា​ដែល​ធ្វើ​អំណោយ​ដោយ​ចិត្ត​រីក‌រាយ។ ព្រះអង្គ​អាច​នឹង​ប្រទាន​ពរ​ដ៏​ហូរ‌ហៀរ​គ្រប់​យ៉ាង​ដល់​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​មាន​អ្វីៗ​ទាំង​អស់​ដែល​បងប្អូន​ត្រូវ​ការ​ដ៏​ចាំបាច់​នោះ​ជានិច្ច ហើយ​ថែម​ទាំង​នៅ​សល់​បរិបូណ៌​សម្រាប់​ចែក​ទាន​ផង ដូច​មាន​ចែង​ទុក​មក​ថា: «ព្រះអង្គ​ចែក ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​ក្រ សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ រហូត​ត​រៀង​ទៅ» ។

ចែក​រំលែក
អាន ២ កូរិនថូស 9

២ កូរិនថូស 9:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ត្រង់​ការ​ជំនួយ​ជួយ​ដល់​ពួក​បរិសុទ្ធ នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​សេចក្ដី​ប្រុង​ប្រៀប​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​អួត​ដល់​ពួក​ស្រុក​ម៉ាសេដូន ពី​អ្នក​រាល់​គ្នា​ខាង​ឯ​ដំណើរ​នោះ​ដែរ​ថា ពួក​ស្រុក​អាខៃ​បាន​ប្រុង​ប្រៀប​ជា​ស្រេច តាំង​តែ​ពី​ឆ្នាំ​មុន​មក ហើយ​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​រាល់​គ្នា​បាន​បណ្តាល​ចិត្ត​មនុស្ស​ជា​ច្រើន ខ្ញុំ​ក៏​បាន​ចាត់​ពួក​បង​ប្អូន​នោះ​មក ក្រែង​សេចក្ដី​អំនួត ដែល​យើង​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នោះ បាន​ទៅ​ជា​ឥត​ប្រយោជន៍​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រៀបចំ​ជា​ស្រេច ដូច​ជា​ខ្ញុំ​បាន​និយាយ​មក​ហើយ ក្រែង​មាន​ពួក​ស្រុក​ម៉ាសេដូន​មក​ជា​មួយ​នឹង​ខ្ញុំ​វេលា​ណា មិន​ឃើញ​អ្នក​រាល់​គ្នា​បាន​រៀបចំ​ទេ នោះ​មិន​ចាំ​ថា​តែ​អ្នក​រាល់​គ្នា​នឹង​ខ្មាស​ប៉ុណ្ណោះ គឺ​យើង​ខ្ញុំ​ក៏​នឹង​ខ្មាស​ពី​សេចក្ដី​អំនួត ដែល​យើង​ខ្ញុំ​អួត ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង ដូច្នេះ ខ្ញុំ​បាន​រាប់​ថា គួរ​នឹង​ទូន្មាន​ពួក​បង​ប្អូន​នោះ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​នឹង​បំពេញ​គុណ​អ្នក​រាល់​គ្នា​នោះ ឲ្យ​បាន​ហើយ​ជា​មុន ដូច​ជា​បាន​ប្រាប់​តាំង​ពី​មុន​មក​ដែរ ប្រយោជន៍​ឲ្យ​បាន​រាប់​ជា​គុណ​នៃ​អ្នក​រាល់​គ្នា​ពិត មិន​មែន​ដូច​ជា​យើង​ខ្ញុំ​បោក​យក​ទេ។ ខ្ញុំ​ចង់​និយាយ​ដូច្នេះ គឺ​ថា អ្នក​ណា​ដែល​ព្រោះ​ដោយ​កំណាញ់ នោះ​នឹង​ច្រូត​បាន​តិច ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ ហើយ​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះ‌គុណ បាន​ចំរើន​ដល់​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​មាន​ទាំង​អស់​គ្រប់​គ្រាន់​ជានិច្ច ដើម្បី​ឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់​ជំពូក ដូច​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ទ្រង់​បាន​ចែក​សុស‌សាយ ទ្រង់​បាន​ប្រទាន​ទៅ​ពួក​ទ័ល‌ក្រ សេចក្ដី​សុចរិត​ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច»

ចែក​រំលែក
អាន ២ កូរិនថូស 9