២ កូរិនថូស 8:6-9

២ កូរិនថូស 8:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទូន្មាន​លោក​ទីតុស ឲ្យ​បង្ហើយ​ការ​ប្រមូល​ជំនួយ​នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច​ដែល​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​រួច​មក​ហើយ។ ដូច្នេះ អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​ក្នុង​គ្រប់​វិស័យ​ទាំង‌អស់ គឺ​ទាំង​ក្នុង​ជំនឿ ពាក្យ​សម្ដី ចំណេះ​ដឹង សេចក្តី​ខ្នះខ្នែង​គ្រប់​យ៉ាង និង​ក្នុង​សេចក្តី​ស្រឡាញ់​របស់​យើង​ដល់​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា នោះ​យើង​ក៏​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចម្រើន​ឡើង ក្នុង​ការ​ប្រមូល​ជំនួយ​នេះ​ដូច្នោះ​ដែរ។ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ជា​ពាក្យ​បញ្ជា​ទេ គឺ​ខ្ញុំ​ចង់​ពិសោធ​មើល​សេចក្ដី​ពិត​ត្រង់​អំពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ដោយ​និយាយ​ពី​ការ​ខ្នះខ្នែង​របស់​អ្នក​ឯទៀតៗ​ប៉ុណ្ណោះ។ ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​ហើយ​ថា ទោះ​ជា​ព្រះ‌អង្គ​មាន​សម្បត្តិ​ស្ដុក​ស្តមក៏​ដោយ តែ​ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ជា​មាន ដោយ​សារ​ភាព​ក្រីក្រ​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ២ កូរិនថូស 8

២ កូរិនថូស 8:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ​ហើយ​បាន​ជា​យើង​អង្វរ​លោក​ទីតុស ឲ្យ​មក​បង្ហើយ​ការ​ប្រមូល​តង្វាយ​នេះ​ពី​បងប្អូន ដូច​គាត់​បាន​ចាប់​ផ្ដើម​រួច​មក​ហើយ។ បងប្អូន​បាន​ចម្រើន​ឡើង​យ៉ាង​បរិបូណ៌​គ្រប់​វិស័យ​ទាំង​អស់ គឺ​មាន​ជំនឿ មាន​សំនួន‌វោហារ មាន​ចំណេះ មាន​ចិត្ត​ខ្នះ‌ខ្នែង​គ្រប់​យ៉ាង ព្រម​ទាំង​មាន​ចិត្ត​ស្រឡាញ់​យើង​ផង។ ហេតុ​នេះ ចំពោះ​ការ​ប្រមូល​តង្វាយ ចូរ​ចម្រើន​ឡើង​យ៉ាង​បរិបូណ៌​ដូច្នោះ​ដែរ។ ខ្ញុំ​និយាយ​បែប​នេះ មិន​មែន​បញ្ជា​បងប្អូន​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​ស្ទង់​មើល​ចិត្ត​ស្រឡាញ់​ដ៏​ស្មោះ​របស់​បងប្អូន ដោយ​និយាយ​អំពី​ការ​ខ្នះ‌ខ្នែង​របស់​អ្នក​ឯ​ទៀតៗ​ប៉ុណ្ណោះ ដ្បិត​បងប្អូន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត*​ស្រាប់​ហើយ គឺ​ព្រះអង្គ​មាន​សម្បត្តិ​ដ៏​ច្រើន ព្រះអង្គ​បាន​ដាក់​ខ្លួន​មក​ជា​អ្នក​ក្រ ព្រោះ​តែ​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​បាន​ទៅ​ជា​អ្នក​មាន​ដោយ​ភាព​ក្រីក្រ​របស់​ព្រះអង្គ។

ចែក​រំលែក
អាន ២ កូរិនថូស 8

២ កូរិនថូស 8:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បាន​ជា​យើង​ខ្ញុំ​ទូន្មាន​ទីតុស តាម​ការ​ដែល​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​ហើយ ឲ្យ​គុណ​នេះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​គុណ​នេះ​រឹត‌តែ​ច្រើន​ឡើង ដូច​ជា​បាន​ចំរើន​ក្នុង​គ្រប់​សេចក្ដី​ឯ​ទៀត គឺ​ក្នុង​សេចក្ដី​ជំនឿ ពាក្យ​សំដី ចំណេះ សេចក្ដី​ឧស្សាហ៍​គ្រប់​ជំពូក ហើយ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ដល់​យើង​ខ្ញុំ​ដែរ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ជា​ពាក្យ​បង្គាប់​ទេ គឺ​ចង់​តែ​យក​សេចក្ដី​ឧស្សាហ៍​របស់​គេ មក​ល្បង​ល​មើល​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា តើ​ពិត​ត្រង់​ឬ​ទេ​ប៉ុណ្ណោះ ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយ‌សារ​សេចក្ដី​កម្រ​របស់​ទ្រង់

ចែក​រំលែក
អាន ២ កូរិនថូស 8