២ កូរិនថូស 8:10-15
២ កូរិនថូស 8:10-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងរឿងនេះ ខ្ញុំសូមជូនយោបល់ថា គួរគប្បីឲ្យអ្នករាល់គ្នា បង្ហើយកិច្ចការដែលបានចាប់ផ្តើមធ្វើតាំងពីឆ្នាំមុនមកនោះ មិនគ្រាន់តែធ្វើប៉ុណ្ណោះ គឺថែមទាំងបានផ្ដើមគំនិតទៀតផង ដូច្នេះ ចូរបង្ហើយការនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានបំពេញតាមបំណង ដែលអ្នករាល់គ្នាប្រុងប្រៀបធ្វើមកហើយនោះដែរ។ ដ្បិតបើមានចិត្តខ្នះខ្នែងមែន នោះព្រះសព្វព្រះហឫទ័យទទួល តាមអ្វីៗដែលអ្នកនោះមាន មិនមែនតាមអ្វីៗដែលគ្មាននោះទេ។ នេះមិនមែនជួយឲ្យអ្នកដទៃធូរស្បើយ ហើយឲ្យអ្នករាល់គ្នាវេទនានោះទេ គឺឲ្យបានស្មើគ្នាវិញ ឲ្យសេចក្តីបរិបូររបស់អ្នករាល់គ្នាសព្វថ្ងៃ បានបំពេញសេចក្ដីខ្វះខាតរបស់គេ ហើយកាលណាគេមានបរិបូរ នោះគេអាចនឹងបំពេញសេចក្ដីខ្វះខាតរបស់អ្នករាល់គ្នាវិញ។ ធ្វើដូច្នោះទើបស្មើគ្នា ដូចមានសេចក្តីចែងទុកមកថា៖ «អ្នកណាដែលប្រមូលបានច្រើន ក៏មិនមានច្រើនណាស់ណា ឯអ្នកដែលប្រមូលបានតិច ក៏មិនបានខ្វះខាតអ្វីដែរ» ។
២ កូរិនថូស 8:10-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ត្រង់នេះ ខ្ញុំគ្រាន់តែជូនយោបល់បងប្អូនប៉ុណ្ណោះ។ គួរគប្បីបង្ហើយកិច្ចការដែលបងប្អូនបានចាប់ផ្ដើមធ្វើតាំងពីឆ្នាំទៅ។ បងប្អូនមិនត្រឹមតែបានចាប់ផ្ដើមធ្វើមុនគេប៉ុណ្ណោះទេ គឺថែមទាំងបានផ្ដើមគំនិតទៀតផង។ ដូច្នេះ សូមបងប្អូនបង្ហើយការនេះឥឡូវចុះ។ បងប្អូនមានឆន្ទៈផ្ដើមគំនិតនេះយ៉ាងណា ត្រូវធ្វើឲ្យបានសម្រេចជាស្ថាពរតាមសមត្ថភាព ដែលបងប្អូនមានយ៉ាងនោះដែរ។ កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។ ប៉ុន្តែ មិនត្រូវឲ្យបងប្អូនជួយអ្នកដទៃរហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើឲ្យមានស្មើៗគ្នាប៉ុណ្ណោះ។ ក្នុងកាលៈទេសៈសព្វថ្ងៃ អ្វីៗដែលបងប្អូនមានលើសពីសេចក្ដីត្រូវការ បងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត លុះដល់ថ្ងៃមួយ ពេលបងប្អូនខ្វះខាត គេនឹងយកអ្វីៗដែលគេមានលើសពីសេចក្ដីត្រូវការ មកផ្គត់ផ្គង់បងប្អូនវិញ។ ធ្វើដូច្នេះ ទើបមានស្មើៗគ្នា ដូចមានសេចក្ដីចែងទុកមកថា: «អ្នកប្រមូលបានច្រើន ក៏មិនមានច្រើនជ្រុល រីឯអ្នកដែលប្រមូលបានបន្តិចបន្តួច ក៏មិនខ្វះខាតអ្វីដែរ» ។
២ កូរិនថូស 8:10-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំសំដែងគំនិតខ្ញុំក្នុងការនេះដែរ ដ្បិតនោះមានប្រយោជន៍ដល់អ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនគ្រាន់តែចាប់ផ្តើមធ្វើតែប៉ុណ្ណោះ គឺមានទាំងចិត្តប្រាថ្នាចង់ធ្វើ តាំងតែពីឆ្នាំមុនមកហើយផង ឥឡូវនេះ ចូរបំពេញការនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានបំពេញតាមដែលមាន ដូចជាបំណង ដែលអ្នករាល់គ្នាប្រុងប្រៀបនឹងធ្វើមកហើយនោះដែរ ដ្បិតបើសិនជាប្រុងប្រៀបនឹងធ្វើហើយ នោះព្រះទ្រង់ទទួលអ្នកតាមដែលមាន មិនមែនតាមដែលគ្មាននោះទេ ការនោះមិនមែនដើម្បីឲ្យអ្នកឯទៀតបានទំនេរ ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីលំបាកនោះទេ គឺឲ្យបានស្មើគ្នាវិញ ឲ្យសេចក្ដីបរិបូររបស់អ្នករាល់គ្នាក្នុងជាន់នេះ បានបំពេញការដែលគេខ្វះខាត ដើម្បីកាលណាគេមានបរិបូរ នោះនឹងបានបំពេញការ ដែលអ្នករាល់គ្នាខ្វះខាតវិញ ប្រយោជន៍ឲ្យបានស្មើគ្នាឡើង ដូចជាសេចក្ដីដែលចែងទុកមកថា «អ្នកណាដែលរើសបានច្រើន នោះគ្មានសល់ឡើយ ឯអ្នកដែលរើសបានតិច នោះមិនបានខ្វះទេ»។