២ កូរិនថូស 7:8-11
២ កូរិនថូស 7:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតប្រសិនបើខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ដោយសារសំបុត្ររបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនស្តាយក្រោយដែរ (ទោះជាខ្ញុំបានស្តាយក្រោយមែនក៏ដោយ) ព្រោះខ្ញុំយល់ឃើញថា សំបុត្រនោះបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ដែលសូម្បីតែមួយគ្រាមែន តែឥឡូវនេះ ខ្ញុំត្រេកអរ មិនមែនដោយព្រោះអ្នករាល់គ្នាព្រួយចិត្តនោះទេ តែដោយព្រោះការព្រួយចិត្តដែលនាំឲ្យអ្នករាល់គ្នាប្រែចិត្តនោះវិញ ដ្បិតអ្នករាល់គ្នាព្រួយចិត្តដែលគាប់ព្រះហឫទ័យព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាខូចខាតអ្វីដោយសារយើងឡើយ។ ដ្បិតទុក្ខព្រួយដែលគាប់ព្រះហឫទ័យព្រះ បង្កើតឲ្យមានការប្រែចិត្តដែលនាំទៅរកការសង្គ្រោះ ហើយមិនស្តាយក្រោយឡើយ តែទុក្ខព្រួយរបស់លោកីយ៍ នោះបង្កើតជាសេចក្តីស្លាប់វិញ។ ដ្បិតមើល៍ អ្នករាល់គ្នាមានទុក្ខព្រួយដែលគាប់ព្រះហឫទ័យព្រះដូច្នេះ មានប្រយោជន៍ដល់អ្នករាល់គ្នាយ៉ាងណា! អ្នករាល់គ្នាមានចិត្តខ្នះខ្នែងដើម្បីការពារខ្លួន មានចិត្តឈឺឆ្អាល មានចិត្តកោតខ្លាច មានការទន្ទឹងមើលផ្លូវ មានសេចក្ដីឧស្សាហ៍ ហើយក៏ដាក់ទោសមនុស្សអាក្រក់ដែរ! រាល់ការទាំងនេះ អ្នករាល់គ្នាបានបង្ហាញឲ្យឃើញថា ខ្លួនគ្មានសៅហ្មងអ្វីសោះក្នុងរឿងនេះ។
២ កូរិនថូស 7:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើសេចក្ដីដែលខ្ញុំសរសេរក្នុងសំបុត្រនេះ ធ្វើឲ្យបងប្អូនព្រួយចិត្ត ក៏ខ្ញុំមិនស្ដាយក្រោយដែរ។ ប្រសិនបើខ្ញុំស្ដាយក្រោយ (ដ្បិតខ្ញុំយល់ថា សំបុត្រនេះនឹងនាំឲ្យបងប្អូនព្រួយចិត្តមួយគ្រាមែន) ក៏ខ្ញុំសប្បាយចិត្តនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្តនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំឲ្យបងប្អូនកែប្រែចិត្តគំនិត ដ្បិតបងប្អូនព្រួយចិត្តដូច្នេះ ស្របតាមព្រះជាម្ចាស់។ ហេតុនេះ យើងពុំបានធ្វើឲ្យបងប្អូនខូចខាតអ្វីឡើយ។ តាមពិត ទុក្ខព្រួយស្របតាមព្រះជាម្ចាស់បែបនេះ តែងតែនាំឲ្យកែប្រែចិត្តគំនិត ដើម្បីទទួលការសង្គ្រោះ ហើយយើងមិនស្ដាយក្រោយឡើយ។ រីឯទុក្ខព្រួយតាមបែបលោកីយ៍ តែងតែនាំឲ្យស្លាប់វិញ។ សូមគិតមើល៍ ទុក្ខព្រួយដែលស្របតាមព្រះជាម្ចាស់ដូច្នេះ មានផលប្រយោជន៍ចំពោះបងប្អូនយ៉ាងណា គឺបងប្អូនមានចិត្តខ្នះខ្នែង ហើយលើសពីនេះទៅទៀត បងប្អូនចេះសុំទោស ទាស់ចិត្តនឹងអំពើអាក្រក់ មានចិត្តគោរពកោតខ្លាច មានចិត្តប៉ងប្រាថ្នាយ៉ាងខ្លាំង មានចិត្តឈឺឆ្អាល ហើយបងប្អូនក៏ចេះដាក់ទោសអ្នកប្រព្រឹត្តអំពើអាក្រក់ដែរ។ ការទាំងនេះបង្ហាញឲ្យឃើញថា បងប្អូនគ្មានសៅហ្មងអ្វីទាំងអស់នៅក្នុងរឿងនេះ។
២ កូរិនថូស 7:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតបើសិនជាខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ដោយសំបុត្រនោះ ខ្ញុំក៏មិនស្តាយដែរ ទោះបើបានស្តាយពីមុនក៏មែន ព្រោះខ្ញុំឃើញថា សំបុត្រនោះបានធ្វើឲ្យអ្នករាល់គ្នាព្រួយ សូម្បីតែ១ភ្លែតក៏មែន គង់តែខ្ញុំអរក្នុងពេលឥឡូវនេះវិញ មិនមែនដោយព្រោះអ្នករាល់គ្នាកើតទុក្ខព្រួយទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយ រហូតដល់បានប្រែចិត្តវិញទេតើ ដ្បិតអ្នករាល់គ្នាបានកើតទុក្ខព្រួយ បែបដែលគាប់ព្រះហឫទ័យដល់ព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាខូចខាតអ្វី ដោយព្រោះយើងខ្ញុំឡើយ ព្រោះសេចក្ដីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ នោះរមែងនាំឲ្យប្រែចិត្តឡើង ប្រយោជន៍ឲ្យបានសង្គ្រោះ ជាសេចក្ដីដែលមិនត្រូវស្តាយឡើយ តែសេចក្ដីព្រួយរបស់លោកីយ នោះបង្កើតសេចក្ដីស្លាប់វិញ ដ្បិតមើល សេចក្ដីនេះឯង គឺដែលអ្នករាល់គ្នាមានសេចក្ដីព្រួយដ៏គាប់ដល់ព្រះហឫទ័យនៃព្រះ នោះបានបង្កើតឲ្យអ្នករាល់គ្នាមានសេចក្ដីសង្វាត សេចក្ដីដោះសា សេចក្ដីគ្នាន់ក្នាញ់ សេចក្ដីភ័យខ្លាច សេចក្ដីនឹករឭក សេចក្ដីឧស្សាហ៍ នឹងសេចក្ដីសងសឹកជាខ្លាំងទាំងម៉្លេះ អ្នករាល់គ្នាបានសំដែងយ៉ាងច្បាស់ថា ខ្លួនបរិសុទ្ធក្នុងដំណើរនេះគ្រប់ជំពូក។