២ កូរិនថូស 7:2-10

២ កូរិនថូស 7:2-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​អ្នក​រាល់​គ្នា​ទទួល​យើង​ចុះ យើង​មិន​បាន​ធ្វើ​ខុស​នឹង​អ្នក​ណា មិន​បាន​បង្ខូច​អ្នក​ណា ឬ​បំបាត់​អ្នក​ណា​ម្នាក់​ឡើយ។ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ប្រកាន់​ទោស​អ្នក​រាល់​គ្នា​ទេ ដ្បិត​ខ្ញុំ​បាន​និយាយ​ពី​មុន​រួច​ហើយ​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ចិត្ត​របស់​យើង ហើយ​យើង​ស៊ូ​ស្លាប់​រស់​ជា​មួយ​គ្នា។ ខ្ញុំ​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​មាន​ចិត្ត​ពេញ​ដោយ​សេចក្តី​ក្សេម‌ក្សាន្ត ខ្ញុំ​មាន​អំណរ​លើស​លុប ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា​របស់​យើង។ ដ្បិត​កាល​យើង​បាន​ចូល​ទៅ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន រូប​កាយ​របស់​យើង​មិន​បាន​សម្រាក​សោះ យើង​បាន​រង​ទុក្ខ​វេទនា​គ្រប់​ជំពូក គឺ​ខាង​ក្រៅ​មាន​ការ​តតាំង ហើយ​ខាង​ក្នុង​មាន​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ ព្រះ​ដែល​កម្សាន្ត​ចិត្ត​អ្នក​ទន់​ទាប ទ្រង់​បាន​កម្សាន្ត​ចិត្ត​យើង ដោយការ​មក​ដល់​របស់​លោក​ទី‌តុស ហើយ​មិន​មែន​ត្រឹម​តែ​ការ​មក​ដល់​របស់​គាត់​ប៉ុណ្ណោះ គឺ​ដោយការ​ក្សេម‌ក្សាន្ត​ចិត្ត ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​បាន​កម្សាន្ត​ចិត្ត​គាត់ ពេល​គាត់​បាន​ប្រាប់​យើង​ពី​ការ​ទន្ទឹង​មើល​ផ្លូវ ពី​ទុក្ខ​ព្រួយ និង​ពី​សេចក្តី​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​ចំពោះ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ត្រេក​អរ​រឹត​តែ​ខ្លាំង​ឡើង។ ដ្បិត​ប្រសិន‌បើ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដោយ​សារ​សំបុត្រ​របស់​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​មិន​ស្តាយក្រោយ​ដែរ (ទោះ​ជា​ខ្ញុំ​បាន​ស្តាយក្រោយ​មែន​ក៏​ដោយ) ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា សំបុត្រ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដែល​សូម្បី​តែ​មួយ​គ្រា​មែន តែ​ឥឡូវ​នេះ ខ្ញុំ​ត្រេក​អរ មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​នោះ​ទេ តែ​ដោយ​ព្រោះ​ការ​ព្រួយ​ចិត្ត​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​នោះ​វិញ ដ្បិត​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខូច​ខាត​អ្វី​ដោយ​សារ​យើង​ឡើយ។ ដ្បិត​ទុក្ខ​ព្រួយ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ បង្កើត​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ដែល​នាំ​ទៅ​រក​ការ​សង្គ្រោះ ហើយ​មិន​ស្តាយ​ក្រោយ​ឡើយ តែ​ទុក្ខ​ព្រួយ​របស់​លោកីយ៍ នោះ​បង្កើត​ជា​សេចក្តី​ស្លាប់​វិញ។

ចែក​រំលែក
អាន ២ កូរិនថូស 7

២ កូរិនថូស 7:2-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​បងប្អូន​យល់​ចិត្ត​យើង​ផង! យើង​ពុំ​បាន​បោក​ប្រាស់​នរណា ពុំ​បាន​ធ្វើ​ឲ្យ​នរណា​ហិន‌ហោច ឬ​ក៏​កេង‌ប្រវ័ញ្ច​នរណា​ម្នាក់​ឡើយ។ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ចោទ​ប្រកាន់​បងប្អូន​ទេ ដ្បិត​ខ្ញុំ​បាន​ជម្រាប​បងប្អូន​រួច​ស្រេច​ហើយ​ថា យើង​ស្រឡាញ់​បងប្អូន និង​ស៊ូ​ស្លាប់​រស់​ជា​មួយ​បងប្អូន​ជានិច្ច។ ខ្ញុំ​ទុក​ចិត្ត​លើ​បងប្អូន​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ខ្ពស់​មុខ ព្រោះ​តែ​បងប្អូន​ដែរ។ ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​យ៉ាង​ច្រើន ព្រម​ទាំង​មាន​អំណរ​សប្បាយ​ពន់​ប្រមាណ ទោះ​បី​យើង​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នេះ​ក៏​ដោយ។ តាំង​ពី​យើង​បាន​ទៅ​ដល់​ស្រុក​ម៉ាសេ‌ដូន រូប​កាយ​យើង​ពុំ​ដែល​បាន​សម្រាក​សោះ​ឡើយ។ យើង​បាន​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង គឺ​ផ្នែក​ខាង​ក្រៅ គេ​ធ្វើ​បាប​យើង ហើយ​នៅ​ខាង​ក្នុង​ចិត្ត យើង​ចេះ​តែ​បារម្ភ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​តែងតែ​សម្រាល​ទុក្ខ​អ្នក​ទន់‌ទាប ព្រះអង្គ​បាន​សម្រាល​ទុក្ខ​យើង ដោយ​លោក​ទីតុស​ទៅ​ដល់។ យើង​ធូរ​ចិត្ត មិន​មែន​ត្រឹម​តែ​បាន​លោក​ទីតុស​ទៅ​ដល់​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​បងប្អូន​បាន​សម្រាល​ទុក្ខ​គាត់​ផង​ដែរ។ គាត់​បាន​នាំ​ដំណឹង​មក​ថា បងប្អូន​មាន​ចិត្ត​ចង់​ជួប​ខ្ញុំ​យ៉ាង​ខ្លាំង បងប្អូន​បង្ហូរ​ទឹក​ភ្នែក ព្រម​ទាំង​ឈឺ‌ឆ្អាល​នឹង​ខ្ញុំ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​រឹត​តែ​ខ្លាំង​ឡើង​ថែម​ទៀត។ ប្រសិន​បើ​សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ក្នុង​សំបុត្រ​នេះ ធ្វើ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត ក៏​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ដែរ។ ប្រសិន​បើ​ខ្ញុំ​ស្ដាយ​ក្រោយ (ដ្បិត​ខ្ញុំ​យល់​ថា សំបុត្រ​នេះ​នឹង​នាំ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត​មួយ​គ្រា​មែន) ក៏​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​នេះ ខ្ញុំ​សប្បាយ មិន​មែន​មក​ពី​បងប្អូន​ព្រួយ​ចិត្ត​នោះ​ទេ គឺ​មក​ពី​ដឹង​ថា ទុក្ខ​ព្រួយ​នឹង​នាំ​ឲ្យ​បងប្អូន​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​បងប្អូន​ព្រួយ​ចិត្ត​ដូច្នេះ ស្រប​តាម​ព្រះ‌ជាម្ចាស់។ ហេតុ​នេះ យើង​ពុំ​បាន​ធ្វើ​ឲ្យ​បងប្អូន​ខូច​ខាត​អ្វី​ឡើយ។ តាម​ពិត ទុក្ខ​ព្រួយ​ស្រប​តាម​ព្រះ‌ជាម្ចាស់​បែប​នេះ តែងតែ​នាំ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ ហើយ​យើង​មិន​ស្ដាយ​ក្រោយ​ឡើយ។ រីឯ​ទុក្ខ​ព្រួយ​តាម​បែប​លោកីយ៍ តែងតែ​នាំ​ឲ្យ​ស្លាប់​វិញ។

ចែក​រំលែក
អាន ២ កូរិនថូស 7

២ កូរិនថូស 7:2-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ទទួល​យើង​ខ្ញុំ យើង​ខ្ញុំ​មិន​បាន​ធ្វើ​ខុស​នឹង​អ្នក​ណា ក៏​មិន​បាន​បង្ខូច​អ្នក​ណា ឬ​បំបាត់​អ្នក​ណា​សោះ​ឡើយ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ប្រកាន់​ទោស​ដល់​អ្នក​ណា​ទេ ដ្បិត​ខ្ញុំ​បាន​និយាយ​អំពី​មុន​រួច​ហើយ​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​បាន​ស្លាប់​ឬ​រស់​ជា​មួយ​គ្នា ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង​ដែរ ខ្ញុំ​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ក្សេម‌ក្សាន្ត ខ្ញុំ​មាន​សេចក្ដី​អំណរ​លើស‌លប់ ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​យើង​ខ្ញុំ ដ្បិត​កាល​យើង​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ស្រុក​ម៉ាសេដូន នោះ​យើង​ខ្ញុំ​ឥត​មាន​សេចក្ដី​ស្រាក‌ស្រាន្ត ខាង​សាច់​ឈាម​សោះ មាន​សុទ្ធ​តែ​សេចក្ដី​លំបាក​វិញ គឺ​នៅ​ខាង​ក្រៅ​មាន​សេចក្ដី​តតាំង ហើយ​ខាង​ក្នុង​មាន​សេចក្ដី​ភ័យ​ខ្លាច តែ​ព្រះ‌អង្គ​ដែល​កំសាន្ត​ចិត្ត​ពួក​អ្នក​ដែល​ត្រូវ​បន្ទាប ទ្រង់​ក៏​បាន​កំសាន្ត​ចិត្ត​យើង​ខ្ញុំ ដោយ​អ្នក​ទីតុស​មក​ដល់ មិន​មែន​ដោយ​គាត់​មក​ដល់​តែ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​សេចក្ដី​ក្សេម‌ក្សាន្ត ដែល​បាន​កំសាន្ត​ចិត្ត​គាត់ ពី​ដំណើរ​អ្នក​រាល់​គ្នា​ដែរ គាត់​បាន​ប្រាប់​ពី​សេចក្ដី​សង្វាត សេចក្ដី​ទុក្ខ​ព្រួយ នឹង​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​រាល់​គ្នា​ដល់​ខ្ញុំ បាន​ជា​ខ្ញុំ​មាន​ចិត្ត​អរ​រឹត‌តែ​ខ្លាំង​ឡើង ដ្បិត​បើ​សិន​ជា​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដោយ​សំបុត្រ​នោះ ខ្ញុំ​ក៏​មិន​ស្តាយ​ដែរ ទោះ​បើ​បាន​ស្តាយ​ពី​មុន​ក៏​មែន ព្រោះ​ខ្ញុំ​ឃើញ​ថា សំបុត្រ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ សូម្បី​តែ​១​ភ្លែត​ក៏​មែន គង់​តែ​ខ្ញុំ​អរ​ក្នុង​ពេល​ឥឡូវ​នេះ​វិញ មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ​ទេ គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ព្រួយ រហូត​ដល់​បាន​ប្រែ​ចិត្ត​វិញ​ទេ​តើ ដ្បិត​អ្នក​រាល់​គ្នា​បាន​កើត​ទុក្ខ​ព្រួយ បែប​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខូច​ខាត​អ្វី ដោយ​ព្រោះ​យើង​ខ្ញុំ​ឡើយ ព្រោះ​សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ នោះ​រមែង​នាំ​ឲ្យ​ប្រែ​ចិត្ត​ឡើង ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ ជា​សេចក្ដី​ដែល​មិន​ត្រូវ​ស្តាយ​ឡើយ តែ​សេចក្ដី​ព្រួយ​របស់​លោកីយ នោះ​បង្កើត​សេចក្ដី​ស្លាប់​វិញ

ចែក​រំលែក
អាន ២ កូរិនថូស 7