២ កូរិនថូស 7:1-4
២ កូរិនថូស 7:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ដោយមានសេចក្តីសន្យាទាំងនេះ ចូរយើងសម្អាតខ្លួនពីគ្រប់ទាំងសេចក្តីស្មោកគ្រោកខាងសាច់ឈាម និងខាងវិញ្ញាណចេញ ទាំងខំឲ្យបានបរិសុទ្ធទាំងស្រុង ដោយកោតខ្លាចដល់ព្រះ។ ចូរអ្នករាល់គ្នាទទួលយើងចុះ យើងមិនបានធ្វើខុសនឹងអ្នកណា មិនបានបង្ខូចអ្នកណា ឬបំបាត់អ្នកណាម្នាក់ឡើយ។ ខ្ញុំនិយាយដូច្នេះ មិនមែនប្រកាន់ទោសអ្នករាល់គ្នាទេ ដ្បិតខ្ញុំបាននិយាយពីមុនរួចហើយថា អ្នករាល់គ្នានៅក្នុងចិត្តរបស់យើង ហើយយើងស៊ូស្លាប់រស់ជាមួយគ្នា។ ខ្ញុំទុកចិត្តអ្នករាល់គ្នាជាខ្លាំង ខ្ញុំអួតពីអ្នករាល់គ្នាជាខ្លាំង ខ្ញុំមានចិត្តពេញដោយសេចក្តីក្សេមក្សាន្ត ខ្ញុំមានអំណរលើសលុប ក្នុងគ្រប់ទាំងសេចក្តីវេទនារបស់យើង។
២ កូរិនថូស 7:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលព្រះបន្ទូលសន្យាដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជម្រះខ្លួនឲ្យបរិសុទ្ធ* ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីឲ្យបានវិសុទ្ធ*ទាំងស្រុង ដោយគោរពកោតខ្លាចព្រះជាម្ចាស់។ សូមបងប្អូនយល់ចិត្តយើងផង! យើងពុំបានបោកប្រាស់នរណា ពុំបានធ្វើឲ្យនរណាហិនហោច ឬក៏កេងប្រវ័ញ្ចនរណាម្នាក់ឡើយ។ ខ្ញុំនិយាយដូច្នេះ មិនមែនចង់ចោទប្រកាន់បងប្អូនទេ ដ្បិតខ្ញុំបានជម្រាបបងប្អូនរួចស្រេចហើយថា យើងស្រឡាញ់បងប្អូន និងស៊ូស្លាប់រស់ជាមួយបងប្អូនជានិច្ច។ ខ្ញុំទុកចិត្តលើបងប្អូនយ៉ាងខ្លាំង ហើយខ្ញុំបានខ្ពស់មុខ ព្រោះតែបងប្អូនដែរ។ ខ្ញុំក៏បានធូរស្បើយក្នុងចិត្តយ៉ាងច្រើន ព្រមទាំងមានអំណរសប្បាយពន់ប្រមាណ ទោះបីយើងកំពុងតែរងទុក្ខវេទនាខ្លាំងយ៉ាងនេះក៏ដោយ។
២ កូរិនថូស 7:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ពួកស្ងួនភ្ងាអើយ ដែលមានសេចក្ដីសន្យាទាំងនេះ នោះត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្ដីបរិសុទ្ធ ដោយនូវសេចក្ដីកោតខ្លាចដល់ព្រះ។ ចូរទទួលយើងខ្ញុំ យើងខ្ញុំមិនបានធ្វើខុសនឹងអ្នកណា ក៏មិនបានបង្ខូចអ្នកណា ឬបំបាត់អ្នកណាសោះឡើយ ខ្ញុំនិយាយដូច្នេះ មិនមែនចង់ប្រកាន់ទោសដល់អ្នកណាទេ ដ្បិតខ្ញុំបាននិយាយអំពីមុនរួចហើយថា អ្នករាល់គ្នានៅក្នុងចិត្តយើងខ្ញុំ ឲ្យបានស្លាប់ឬរស់ជាមួយគ្នា ខ្ញុំទុកចិត្តនឹងអ្នករាល់គ្នាជាខ្លាំង ខ្ញុំអួតពីអ្នករាល់គ្នាជាខ្លាំងដែរ ខ្ញុំមានចិត្តពេញដោយសេចក្ដីក្សេមក្សាន្ត ខ្ញុំមានសេចក្ដីអំណរលើសលប់ ពីគ្រប់ទាំងសេចក្ដីវេទនារបស់យើងខ្ញុំ