២ កូរិនថូស 6:3-13
២ កូរិនថូស 6:3-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងមិនបង្អាក់បង្អន់ចិត្តអ្នកណាម្នាក់ក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាចាប់កំហុសមុខងារបម្រើរបស់យើង ផ្ទុយទៅវិញ ក្នុងគ្រប់ការទាំងអស់ យើងបង្ហាញខ្លួនជាអ្នកបម្រើរបស់ព្រះ ដោយការទ្រាំទ្រជាច្រើន ក្នុងសេចក្ដីទុក្ខលំបាក ការខ្វះខាត ការចង្អៀតចង្អល់ ការវាយដំ ដាក់គុក កើតវឹកវរ ធ្វើការធ្ងន់ អត់ងងុយ អត់អាហារ ដោយចិត្តស្អាត ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយសេចក្តីស្រឡាញ់ឥតពុតមាយា ដោយព្រះបន្ទូលនៃសេចក្ដីពិត និងព្រះចេស្តារបស់ព្រះ ព្រមទាំងកាន់អាវុធនៃសេចក្ដីសុចរិតជាប់នឹងដៃ ទាំងស្តាំទាំងឆ្វេង ទាំងមានគេគោរព មានគេបន្ទាបបន្ថោក ទាំងមានគេនិយាយអាក្រក់ មានគេនិយាយល្អ។ គេចាត់ទុកយើងដូចជាមនុស្សបោកប្រាស់ តែយើងទៀងត្រង់។ ដូចជាគ្មានអ្នកណាស្គាល់ តែមនុស្សទាំងអស់បានស្គាល់យ៉ាងច្បាស់ ដូចជាហៀបនឹងស្លាប់ តែមើល៍ យើងមានជីវិត ដូចជាត្រូវគេធ្វើទោស តែមិនដល់ស្លាប់ទេ។ ដូចជាមានទុក្ខព្រួយ តែសប្បាយជានិច្ច ដូចជាទ័លក្រ តែកំពុងធ្វើឲ្យមនុស្សជាច្រើនទៅជាមាន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ។ បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងបាននិយាយមកកាន់អ្នករាល់គ្នា ដោយស្មោះអស់ពីចិត្ត ឥតលាក់លៀមអ្វីឡើយ។ យើងមិនចង្អៀតចង្អល់នឹងអ្នករាល់គ្នាទេ គឺអ្នករាល់គ្នាវិញទេតើដែលចង្អៀតចង្អល់។ ឥឡូវនេះ ខ្ញុំនិយាយមកអ្នករាល់គ្នា ដូចជានិយាយទៅកាន់កូន ដូច្នេះ ជាការតបស្នង ចូរអ្នករាល់គ្នាមានចិត្តទូលាយឡើង។
២ កូរិនថូស 6:3-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងមិនចង់ឲ្យកើតមានរឿងអ្វីមួយ ដែលបណ្ដាលឲ្យនរណាម្នាក់ជំពប់ចិត្ត បាត់ជំនឿឡើយ ដើម្បីកុំឲ្យគេបន្ទោសមុខងាររបស់យើង។ ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ដោយស៊ូទ្រាំយ៉ាងខ្លាំង ដោយជួបនឹងទុក្ខលំបាកខ្វះខាត ភ័យបារម្ភ គេវាយដំយើង គេឃុំឃាំងយើង គេលើកគ្នាមកប្រឆាំងនឹងយើង។ យើងធ្វើការធ្ងន់ អត់ងងុយ អត់អាហារ។ យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដោយមានចិត្តបរិសុទ្ធ* ដោយស្គាល់ព្រះជាម្ចាស់ ដោយមានចិត្តអត់ធ្មត់ ចិត្តសប្បុរស ដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ដោយមានចិត្តស្រឡាញ់ឥតពុតត្បុត ដោយប្រកាសសេចក្ដីពិត ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ យើងយកសេចក្ដីសុចរិត*ធ្វើជាអាវុធវាយប្រយុទ្ធ និងការពារ ទាំងទ្រាំទ្រ នៅពេលគេគោរពយើងក្ដី បន្ទាបបន្ថោកយើងក្ដី នៅពេលគេនិយាយអាក្រក់ ឬនិយាយល្អពីយើងក្ដី។ គេចាត់ទុកយើងថាជាជនបោកប្រាស់ តែយើងជាមនុស្សទៀងត្រង់។ គេចាត់ទុកយើងដូចជាអ្នកដែលគ្មាននរណាស្គាល់ តែមនុស្សទាំងអស់ស្គាល់យើងយ៉ាងច្បាស់។ គេចាត់ទុកយើងដូចជាមនុស្សហៀបនឹងស្លាប់ តែយើងពិតជានៅមានជីវិត។ គេធ្វើទារុណកម្មយើង តែយើងគ្មានទោសដល់ស្លាប់ទេ។ គេធ្វើឲ្យយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្តជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះ តែយើងមានសព្វគ្រប់ទាំងអស់វិញ។ បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងនិយាយមកបងប្អូនដោយស្មោះអស់ពីចិត្ត ឥតលាក់លៀមអ្វីឡើយ យើងមិនចង្អៀតចង្អល់ចំពោះបងប្អូនទេ គឺបងប្អូនទេតើ ដែលមានចិត្តចង្អៀតចង្អល់។ ខ្ញុំនិយាយមកបងប្អូនដូចនិយាយទៅកាន់កូនចៅរបស់ខ្ញុំ ដូច្នេះ សូមបងប្អូនមានចិត្តទូលាយជាមួយយើង ដូចជាយើងមានចិត្តទូលាយចំពោះបងប្អូនដែរ។
២ កូរិនថូស 6:3-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងខ្ញុំក៏មិនបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាថ្កោលទោសចំពោះការងារនេះ ក្នុងគ្រប់ការទាំងអស់ នោះយើងខ្ញុំខំផ្ទុកផ្តាក់ខ្លួន ទុកដូចជាអ្នកបំរើព្រះ គឺក្នុងការទ្រាំទ្រជាច្រើន ក្នុងការទុក្ខលំបាក ការខ្វះខាត ការចង្អៀតចង្អល់ កាលគេវាយ ដាក់គុក កើតវឹកវរ ក្នុងការនឿយហត់ ចាំយាម តមអត់ ដោយចិត្តស្អាត ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយសេចក្ដីស្រឡាញ់ស្មោះត្រង់ ដោយសារព្រះបន្ទូលដ៏ពិត ដោយព្រះចេស្តានៃព្រះ ដោយកាន់គ្រឿងសស្ត្រាវុធសុចរិត ទាំងស្តាំទាំងឆ្វេង ដោយមានកេរ្តិ៍ឈ្មោះ ហើយត្រូវអាប់ឱន ដោយគេនិយាយអាក្រក់ ឬល្អក្តី ទុកដូចជាមនុស្សកំភូត តែពិតត្រង់ទេ ដូចជាគ្មានអ្នកណាស្គាល់យើងខ្ញុំ តែមនុស្សទាំងអស់បានស្គាល់វិញ ដូចជាហៀបនឹងស្លាប់ តែមើល យើងខ្ញុំរស់ទេ ដូចជាត្រូវវាយផ្ចាល តែមិនបានដល់ស្លាប់ទេ ដូចជាមានសេចក្ដីព្រួយ តែចេះតែបានសប្បាយវិញ ដូចជាទ័លក្រ តែកំពុងតែចំរើនដល់មនុស្សជាច្រើន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ។ ឱពួកកូរិនថូសអើយ មាត់យើងខ្ញុំបើកចំពោះអ្នករាល់គ្នាហើយ ចិត្តយើងខ្ញុំបានទូលាយឡើង អ្នករាល់គ្នាមិនចង្អៀតក្នុងយើងខ្ញុំទេ គឺចង្អៀតតែក្នុងចិត្តរបស់អ្នករាល់គ្នាវិញ ខ្ញុំនិយាយនឹងអ្នករាល់គ្នា ទុកដូចជាដល់កូនថា ចូរសងដូចគ្នាវិញ ដោយបើកចិត្តឲ្យទូលាយឡើងដូច្នោះដែរ។